ដោយ យន់ សាមៀន
2021-08-25
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អ្នកការពារសិទ្ធិមនុស្ស និងជាសកម្មជនព្រំដែនលោក រ៉ុង ឈុន អំពាវនាវពីក្នុងពន្ធនាគារឱ្យប្រជាពលរដ្ឋ កុំបោះបង់ចោលការតស៊ូដើម្បីសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។ ក្រុមសង្គមស៊ីវិលគាំទ្រសារអំពាវនាវនេះ ប៉ុន្តែតំណាងបក្សកាន់អំណាចចោទថា នេះជាការញុះញង់ទៅវិញ។
ការចាប់ដាក់ពន្ធនាគារ និងការផ្ដន្ទាទោស មិនអាចបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្សលោក រ៉ុង ឈុន បាននោះឡើយ។ លោកនៅតែមានទឹកចិត្តអង់អាច និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យប្រឹងប្រែងតស៊ូ ដើម្បីបុព្វហេតុសិទ្ធិសេរីភាព និងយុត្តិធម៌សង្គម។ នេះបើតាមការអះអាងរបស់មន្ត្រីសង្គមស៊ីវិល ដែលជិតស្និទ្ធនឹងលោក រ៉ុង ឈុន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ សីហាថា លោក រ៉ុង ឈុន បានហៅទូរស័ព្ទពីក្នុងពន្ធនាគារ ដើម្បីជជែកជាមួយអ្នកស្រី កាលពីថ្ងៃទី២៣ សីហា។ អ្នកស្រីឱ្យដឹងថា ក្នុងការសន្ទនាគ្នានោះ លោក រ៉ុង ឈុន មានសារសំខាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរ។ លោកស្នើឱ្យសកម្មជន និងប្រជាពលរដ្ឋកុំបាក់ស្បាត នៅពេលឃើញរូបលោក និងអ្នកស្នេហាជាតិដទៃទៀត ត្រូវជាប់ឃុំក្នុងពន្ធនាគារ ប៉ុន្តែត្រូវពង្រឹងជំហរឡើងវិញ ដើម្បីបន្តបេសកកម្មទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌សង្គមតទៅមុខទៀត៖ «គាត់អត់ចង់ឱ្យពួកយើងហ្នឹង ឱបដៃឈរមើលឃើញការអាក្រក់ហ្នឹងហើយ នាំគ្នាដេកលែងតវ៉ា លែងទាមទារ អ្នកខ្លះយកតម្រិះវិជ្ជាដែលខ្លួនឯងមានទៅធ្វើឆ្កួតលីលាតាមអ្វីដែលជាការភ័យខ្លាច ការគំរាមកំហែងហ្នឹងទេ។ គាត់ថា គាត់ចង់ឱ្យពួកយើងរឹងប៉ឹងឡើង»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងទៀតថា លោក រ៉ុង ឈុន បានប្រាប់អ្នកស្រីដោយក្ដីម៉ឺងម៉ាត់ថា នៅសល់តែប្រមាណ ១១ខែទៀតទេ លោកនឹងរួចផុតពីការឃុំឃាំង ហើយពេលនោះលោកនឹងត្រឡប់មកធ្វើការងារសង្គម និងសិទ្ធិមនុស្ស ឱ្យសកម្មដូចពីមុនទៀត។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារតែការបញ្ចេញមតិរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម។ ជាមួយគ្នានេះ តុលាការបានបង្គាប់ឱ្យលោកបង់សំណងរួមគ្នាជាមួយសកម្មជនពីរនាក់ទៀតរហូតដល់ ១សែនដុល្លារអាមេរិកទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាភាគីដើមបណ្ដឹង។ លោក រ៉ុង ឈុន បានបដិសេធសាលក្រមនេះ និងស្ដីបន្ទោសតុលាការថា «កាត់ក្ដីក្រោមសម្ពាធរបស់អ្នកនយោបាយ»។
ឆ្លើយតបនឹងសាររបស់លោក រ៉ុង ឈុន ពីក្នុងពន្ធនាគារនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងថា ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញរួចទៅហើយ ដូច្នេះលោកថា គ្មានអ្វីត្រូវទាមទារទៀតនោះទេ។ លោកចោទថា សារអំពាវនាវរបស់លោក រ៉ុង ឈុន មានចរិតជាការញុះញង់៖ «របស់អត់មាន ចាំយើងទាមទារ តែឥឡូវវាមានទូលំទូលាយហើយ គេអនុវត្តត្រឹមត្រូវហើយ នៅតែយើងមួយក្ដាប់តូចហ្នឹងដែលមិនពេញចិត្ត យើងទៅអំពាវនាវឱ្យទៅទាមទារស្អីទៀត? ការទាមទារហ្នឹងហើយ ដែលញុះញង់នោះ»។
ការលើកឡើងបែបនេះរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ជាសម្ដីគ្មានន័យ និងដើម្បីតែការពាររដ្ឋាភិបាលប៉ុណ្ណោះ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក ថ្លែងថា ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ត្រូវបានគេដឹងលឺជាទូទៅ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ លោកថា សិទ្ធិសេរីភាពមានតែសម្រាប់ក្រុមគណបក្សកាន់អំណាច ប៉ុន្តែពលរដ្ឋដែលមានទស្សនៈផ្ទុយ ក្រុមសង្គមស៊ីវិលដែលធ្វើការដោយឯករាជ្យ និងសកម្មជនដែលធ្វើការដើម្បីប្រយោជន៍សង្គម រងភាពអយុត្តិធម៌ និងការរំលោភបំពានសិទ្ធិដោយឥតស្រាកស្រាន្ត។
លោក គៀន ពន្លក ថ្លែងទៀតថា លោកគាំទ្រសារអំពាវនាវរបស់លោក រ៉ុង ឈុន ព្រោះសារនេះឆ្លុះបញ្ចាំងថា គាត់នៅតែគិតប្រយោជន៍ពលរដ្ឋជាធំ ទោះក្នុងស្ថានភាពលំបាកខ្លួនបែបណាក៏ដោយ៖ «គាត់ជាអ្នកស្នេហាជាតិពិតប្រាកដ ដែលបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន អំណាច បុណ្យស័ក្ដិ តួនាទី ធ្វើការដើម្បីប្រយោជន៍ជាតិ។ អ៊ីចឹង ការអំពាវនាវកុំឱ្យយុវជន និងអ្នកផ្សេងទៀតភ័យខ្លាចចំពោះការតវ៉ា ការតស៊ូពីភាពអយុត្តិធម៌ក្នុងសង្គមនេះ ខ្ញុំគិតថា គឺជារឿងល្អមួយ ដែលលោកគ្រូគិតពីប្រយោជន៍ប្រទេសជាតិជាធំ គឺប្រយោជន៍រួម មិនបានគិតពីប្រយោជន៍ផ្ទាល់ខ្លួនទេ»។
គិតត្រឹមចុងខែសីហានេះ លោក រ៉ុង ឈុន បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំមកហើយ។ លោកត្រូវជាប់ឃុំបន្តទៀតតាមអំណាចសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលផ្ដន្ទាទោសលោករហូតដល់កម្រិតខ្ពស់បំផុតនៃទោស គឺរយៈពេល ២ឆ្នាំ នៅក្នុងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ព្រមទាំងអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបលោក ហ៊ុន សែន ជាបន្តបន្ទាប់ជុំវិញការផ្ដន្ទាទោស និងការបន្តឃុំខ្លួនលោក រ៉ុង ឈុន។ ពួកគេវាយតម្លៃថា ករណីលោក រ៉ុង ឈុន នេះ គឺជាការដាក់ទោសលើសិទ្ធិសេរីភាពបញ្ចេញមតិ និងបង្ហាញពីកង្វះឯករាជ្យរបស់តុលាការកម្ពុជា។ ពួកគេបានទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក រ៉ុង ឈុន ព្រមទាំងសកម្មជនដទៃទៀតដែលជាប់ចោទក្នុងសំណុំរឿងនយោបាយ។ ជាពិសេស ក្រុមប្រទេសប្រជាធិបតេយ្យ និងសង្គមស៊ីវិលជាតិ-អន្តរជាតិ បន្តទទូចដល់របបក្រុងភ្នំពេញ ឱ្យគោរពសិទ្ធិមនុស្សស្របតាមច្បាប់កម្ពុជា និងការប្ដេជ្ញាចិត្តរបស់ខ្លួនជាអន្តរជាតិ៕
1 comment:
Khmer people need to march peacefully, assertively, and bravely demanding for the release of Rong Chhun and the reinstatement of the CNRP.
These 2 issues are absolute just causes for our struggle to free Cambodia from the evil Yuon and Ah Kwack Hun Sen.
To make the signatories of the 1991 Paris Peace Accord reconvene, we have to sacrifice about 3 thousands people during this peaceful demonstration to free Rong Chhun and the restoration of the CNRP. Without this noble sacrifice, the international community has no reason to intervene in Cambodia. We must help ourselves first before others help us.
This is the right way to fight Ah Kwack and Yuon. The fight that will produce a lasting peace for Cambodia. Getting the CNRP into the upcoming electoral process is the first step we must do.
Post a Comment