ដោយ ម៉ៅ សុធានី
2021-08-07 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោក។
Photo Courtesy
សហគមន៍ខ្មែរនៅអូស្ត្រាលីលើកឡើង ថា ក្រុមមេដឹកនាំកម្ពុជាដែលរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ អាចនឹងបានភ្លក់រសជាតិនៃការដាក់ទណ្ឌកម្មពីប្រទេសអូស្ត្រាលី។ ពួកគាត់យល់ឃើញបែបនេះ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំកែប្រែច្បាប់ ដើម្បីដាក់ទណ្ឌកម្មជនទាំងឡាយណាដែលពាក់ព័ន្ធនឹងអំពើទុច្ចរិត និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ តំណាងបក្សកាន់អំណាច យល់ថា ការសម្រេចយ៉ាងណានោះ ជាសិទ្ធិរបស់អូស្ត្រាលី ហើយបើមន្ត្រីកម្ពុជារូបណា ឆោតល្ងង់យកលុយទៅទុកនៅអូស្ត្រាលី ឲ្យអូស្ត្រាលីរឹបអូសចុះ។
សហគមន៍ខ្មែរនៅអូស្ត្រាលីគាំទ្ររដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យមួយនេះ ដែលមានជំហរប្រឆាំងលើក្រុមមេដឹកនាំ រំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ពិភពលោក។ ជាងនេះទៅទៀត ពួកគេរំពឹងថា នៅពេលចូលជាធរមាន ច្បាប់ដាក់ទណ្ឌកម្មថ្មីនេះរបស់អូស្ត្រាលី នឹងអាចទប់ស្កាត់ទង្វើរំលោភសិទ្ធិមនុស្សរបស់ក្រុម មេដឹកនាំផ្ដាច់ការដូចជា លោក ហ៊ុន សែន បានខ្លះ ហើយច្បាប់នេះក៏នឹងជួយការពារជនស្លូតត្រង់ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក អ៊ិន ហេមរា យល់ថា ពេលច្បាប់នេះចូលជាធរមាន នោះក្រុមមេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន ដែលមានបាតដៃប្រឡាក់ឈាម នឹងទទួលរងទណ្ឌកម្ម។ លោកថា ច្បាប់ថ្មីនេះមានវិសាលភាពធំទូលាយអាចដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងហាមឃាត់ជនប្រព្រឹត្តអាក្រក់ និងឧក្រិដ្ឋជន មិនឲ្យចូលទឹកដីអូស្ត្រាលីទៀតផង៖ «បាទមែនទែនទៅច្បាប់នេះគឺជាច្បាប់មួយរួមចំណែកជាមួយសមាគមអន្តរជាតិដែលស្រលាញ់សិទ្ធិមនុស្សអីហ្នឹង មិនមែនតែខ្មែរទេ គឺទូទាំងពិភពលោកដែលកាន់អំណាចរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយពុករលួយអីហ្នឹងនឹងត្រូវបានយកប្រើច្បាប់នេះនឹងយកមកប្រើអ៊ីចឹងបានន័យថា នៅស្រុកខ្មែរយើងក៏នឹងមានយកច្បាប់នេះប្រើ»។
សកម្មជនបក្សប្រឆាំងលើកឡើងបែបនេះ ស្របពេលរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី កំពុងរៀបចំកែប្រែច្បាប់ដាក់ទណ្ឌកម្មរបស់ខ្លួន ឱ្យកាន់តែមានទម្ងន់លើឆាកអន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៥ ខែសីហា ថា រដ្ឋាភិបាលអូស្ត្រាលី នឹងធ្វើវិសោធនកម្មលើច្បាប់ចាស់ ដែលអាចហៅជាខ្មែរបានថា ច្បាប់ដាក់ទណ្ឌកម្មស្វយ័តឆ្នាំ២០១១ (Autonomous Sanctions Act 2011) ដើម្បីពង្រីកបែបបទ និងប្រភេទនៃអំពើដែលឈានដល់ការដាក់ទណ្ឌកម្ម ដូចជា ការរីកសាយភាយអាវុធមហាប្រល័យ ការរំលោភសិទ្ធិមនុស្សទាំងកម្រោល ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងអំពើពុករលួយធ្ងន់ធ្ងរ ជាដើម។ ច្បាប់ថ្មីនេះធ្វើឲ្យអូស្ត្រាលីមានសមត្ថភាពដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងហាមឃាត់បុគ្គល និងអង្គភាពទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋ និងទុច្ចរិតទាំងនោះ មិនឲ្យជាន់ទឹកដីអូស្ត្រាលី ទោះជននោះប្រព្រឹត្តបទល្មើសទៅទីណាក៏ដោយ។ អ្នកស្រីបញ្ជាក់ថា គម្រោងកែប្រែច្បាប់ដាក់ទណ្ឌកម្មនេះ ជាការចូលរួមនៅក្នុងចលនា សាកល គ្លូបល មែគនីតស្គី (Global Magitsky) ដើម្បីប្រឆាំងនឹងក្រុមមេដឹកនាំ និងឧក្រិដ្ឋជនដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការបង្កើតច្បាប់ដាក់ទណ្ឌកម្មពួកគេ។ អ្នកស្រី ម៉ារីស ផេន ឱ្យដឹងទៀតថា រដ្ឋាភិបាលអូស្ត្រាលីគ្រោងលើកយកវិសោធនកម្មច្បាប់នេះទៅពិនិត្យ និងសម្រេចនៅចុងឆ្នាំ ២០២១ នេះ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម ប្រាប់ថា ច្បាប់នេះមានគោលដៅធំសំដៅទៅដាក់ទណ្ឌកម្មមេដឹកនាំចិន។ ទោះយ៉ាងណាលោកថា មេដឹកនាំកម្ពុជា ដែលរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ក៏មិនរួចផុតពីសំណាញ់ច្បាប់នេះដែរ។ លោកយល់ថា ច្បាប់នេះនឹងដាក់ទណ្ឌលើមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ដែលកំពុងធ្វើឲ្យខ្មែរនៅអូស្ត្រាលីបែកបាក់គ្នា និងអ្នកដែលកំពុងយកលុយលក់ជាតិ ឬលុយកខ្វក់ យកមកលាក់ទុកនៅប្រទេសអូស្ត្រាលី៖ «ចេញមកចំមានលទ្ធភាពអាចធ្វើអ៊ីចឹងបានយូរណាស់ម៉េចមិនយកមកធ្វើខ្ញុំស៊ើបអង្កេតឲ្យច្បាស់ថាគេ (រដ្ឋាភិបាលអូស្ត្រាលី) ក្នុងគោលបំណងណា?»។
ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅតែថ្លែងការពារថា មេដឹកនាំរដ្ឋាភិបាលគ្មានអ្នកណាម្នាក់ដែលរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយនោះឡើយ។ ទោះយ៉ាងណា លោកថា បើមន្ត្រីកម្ពុជារូបណា ឆោតល្ងង់យកលុយទៅទុកនៅអូស្ត្រាលី ឲ្យអូស្ត្រាលីរឹបអូសលុយនោះចុះ៖ «គ្រាន់តែជាការចោទប្រកាន់ ប៉ុន្តែជាក់ស្ដែងអត់មានកើតឡើងនៅកម្ពុជាទេ មិនចំណុះលើខ្ញុំថាទេ ចំណុះលើអ្នកចេតនាតែជាក់ស្ដែងអត់មានកើតឡើងលើកម្ពុជាទេ គេចង់ធ្វើហើយ បើអត់មានហើយក៏គេធ្វើថាមានដែរ បាទជារឿងរបស់គេ ប៉ុន្តែ អ្នកណាភ្លើយកលុយទៅដាក់អូស្ត្រាលីឲ្យគេរឹបអូសទៅល្អហើយ ឲ្យគេរឹបអូសទៅ»។
កន្លងទៅសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន បានប្រព្រឹត្តអំពើពុករលួយ យកលុយរាប់លានដុល្លារទៅទិញដីទិញផ្ទះ និងបើកក្រុមហ៊ុននៅប្រទេសអូស្ត្រាលី។
ក្នុងនោះរួមមាន៖ កូនប្រសាលោក ហ៊ុន សែន គឺលោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ ដែលមានផ្ទះតម្លៃប្រហែល ១.៥ លានដុល្លារ និងមានក្រុមហ៊ុន តម្លៃរាប់លានដុល្លារថែមទៀត។
រីឯក្មួយលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ក៏ទិញផ្ទះតម្លៃប្រហែល ១.៣ លានដុល្លារ នៅអូស្ត្រាលីដែរ។ ប្រពន្ធរបស់លោក ហ៊ុន តូ មានទ្រព្យមួយកន្លែងទៀតតម្លៃជាង ៦សែនដុល្លារ (៦៥០.០០០) ដែលទើបផ្ទេរកម្មសិទ្ធិ ឲ្យបងប្អូនបង្កើតរបស់គាត់គ្រប់គ្រងវិញ។
ចំណែកឯ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ គឺលោក គង់ វិបុល វិញ លោកមានភាគហ៊ុន ក្នុងដីមួយកន្លែង ហើយលោកបានលក់កាលពីខែមីនា ឆ្នាំ២០០៧ ក្នុងទឹកប្រាក់ ជាង ២១លានដុល្លារ (២១.៤ លានដុល្លារ)។ សារព័ត៌មានអូស្ត្រាលី ABC រកឃើញថា លោក គង់ វិបុល មានទ្រព្យជាច្រើនកន្លែងទៀតនៅអូស្ត្រាលី រួមទាំងផ្ទះតម្លៃ ៦សែនដុល្លារផង។ ក្រៅពីនេះកូនប្រុសស្រីរបស់មន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន មួយចំនួន ទៀត ក៏មានលុយ និងទ្រព្យសម្បត្តិវាល់លានដុល្លារនៅប្រទេសអូស្ត្រាលីដែរ៕
1 comment:
The law can only punish human being.
These crooks in the picture are not human beings. They are crazy animals.
These crooks need a 2x4 wood on their heads.
Post a Comment