Monday, 2 August 2021

"ការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ចំណេញ​សម្រាប់ CPP”


ដោយ មាន ឫទ្ធិ
2021-08-01 rfa
"ការ​បង្កើត​បក្ស​ថ្មី​របស់​អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ចំណេញ​សម្រាប់ CPP” 

មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។
RFA/Tin Zakariya

 

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌ ប៉ុន្តែ​ទទួល​ស្គាល់​ថា គណបក្ស​នេះ​មិន​ចង់​ឱ្យ​បក្ស​ដទៃទៀត​រឹងមាំ​ឡើយ។

ការបង្កើត​គណបក្ស​ថ្មី​ជាច្រើន​ពី​សំណាក់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​នោះ ហាក់​កំពុងតែ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ឱ្យ​បន្ត​ក្តោប​ក្តាប់​អំណាច​ត​ទៅមុខ​ទៀត​។​

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍​ថា ចរន្ត​បើក​បក្ស​ថ្មី​នេះ​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង និង​អាច​បន្ថយឥទ្ធិពល​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្ត​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​បក្ស​ថ្មី​បែបនេះ ក៏​មានន័យថា អតីតមន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​ទទួលស្គាល់​សាលដីកា​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែរ​។ លោក​សង្កត់ធ្ងន់​ថា ការ​បែក​​​​​បាក់​គ្នា​របស់​បក្ស​ប្រឆាំង គឺជា​កត្តា​ជោគជ័យ​របស់​គណបក្ស​កាន់អំណាច៖ «​បើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រឈម​នឹង​ការ​បែកបាក់​គ្នា វា​ជួយ​កម្លាំង​ចលករ​ឱ្យ​គណបក្សកាន់អំណាច​លែង​មាន​ក្តី​បារម្ភ លែង​មាន​ការ​ភ័យ​ព្រួយ​អំពី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ដណ្តើម​យក​អំណាច​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត»។


ស្រដៀង​គ្នា​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មើលឃើញ​ថា ការ​បង្កើត​បក្ស​ថ្មី​ជាច្រើន​ពី​សំណាក់​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ការ​ដើរ​ចូល​ស៊ង​នយោបាយ​របស់​បក្ស​កាន់អំណាច​។ លោក​ជឿ​ថា គណបក្ស​កាន់អំណាច​នឹង​មាន​លេស​ប្រាប់​ទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​មាន​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​​​៖ «ការដែល​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ ខ្ញុំ​គិតថា គឺជា​រឿង​ផលប្រយោជន៍​ឯកជន​ច្រើនជាង​ផលប្រយោជន៍​រួម ហើយ​ជា​ការ​ដើរចូល​ក្នុង​អន្ទាក់​នយោបាយ​នៃ​ការ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។ មួយទៀត គឺជា​ការ​បំភ័ន្ត​ភ្នែក​ទៅដល់​អន្តរជាតិ​ថា ប្រទេស​កម្ពុជា​មាន​បក្ស​ច្រើន​ក្នុង​ការ​បោះឆ្នោត តែ​ធាតុ​ពិត​គឺជា​ការ​លម្អ​សួន​ប្រជាធិបតេយ្យ​ទេ»។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​វាយតម្លៃ​បែបនេះ បន្ទាប់​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ដើមខែ​សីហា​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៦​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​ពី​លោក ហ៊ុន សែន។

គណបក្ស​ទាំង ៦​នោះ រួមមាន «​គណបក្ស​ឆន្ទៈ​ខ្មែរ​»​របស់​ក្រុម​លោក គង់ គាំ «​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​»​របស់​ក្រុម​លោក ជីវ កត្តា «​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​របស់​ក្រុម​លោក រៀល ខេមរិន្ទ្រ «​គណបក្ស​កែទម្រង់​កម្ពុជា» របស់​ក្រុម​លោក ប៉ុល ហំ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន «​គណបក្ស​បេះដូង​ជាតិ​»​របស់​ក្រុម​លោក សៀម ភ្លុក និង​ចុងក្រោយ​គឺ​«​គណបក្ស​កម្ពុជា​និយម» របស់​ក្រុម​លោក យ៉ែម បុញ្ញឫទ្ធិ​។ គណបក្ស​ទាំង ៦​នេះ មាន​ខ្លះ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ និង​ខ្លះទៀត​កំពុង​ដំណើរការ​នីតិវិធី​ដើម្បី​ក្លាយជា​បក្សនយោបាយ​ពេញលេញ​។​

ស្ថាបនិក​គណបក្ស​កម្ពុ​ជា​និយម និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ដ៏​សំខាន់​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បកស្រាយ​ថា មូលហេតុ​ដែល​លោក​បង្កើត​បក្ស​ថ្មី​នេះ គឺ​ដើម្បី​រួមចំណែក​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​។ លោក​បញ្ជាក់​ថា ការ​បង្កើត​បក្ស​ថ្មី​ដើម្បី​ប្រជែង​ការ​បោះឆ្នោត គឺជា​ទស្សនវិស័យ​វែងឆ្ងាយ៖ «​អ្វីៗ​សុទ្ធ​តែ​មាន​ចំណុច​ចាប់ផ្តើម​។ ការរៀបចំ​ចងក្រង​សកម្មជន​ដែល​ចូលរួម​តស៊ូ​ជា​យូរលង់​មក​ហើយ ព្រោះ​លោក​ស្រឡាញ់​ប្រជាធិបតេយ្យ សេរីភាព ចង់​ឱ្យ​មាន​យុត្តិធម៌​សង្គម ចង់​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​តាម​មូលដ្ឋាន ត្រូវការ​ចងក្រង​កម្លាំង ហើយ​ចាប់ផ្តើម​បន្តដំណើរ​ទៅមុខ​ទៀត​។ យើង​មិន​ត្រូវ​ទុក​លំហ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចោល​ទទេ​អ៊ីចឹង​នោះ​ទេ»។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកសង្កេតការណ៍​ជឿជាក់​ថា គណបក្ស​ថ្មីៗ​ដែល​បាន​បង្កើត​ឡើង​ទាំងនេះ​នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ ប្រសិនបើ​គ្មាន​ការប្រកាស​គាំទ្រ​ពី​ប្រមុខ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា​។ ជាមួយ​គ្នា​នេះ ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន អាច​នឹង​ថ្កោលទោស​ការបង្កើត​បក្ស​ថ្មី​នេះ​ថា ជា​​​​​​​​​​​​​​​ការ​ជាន់ឈ្លី​ឆន្ទៈ និង​ការ​​លះបង់​របស់​ពួកគាត់​ថែមទៀត។

ប៉ុន្តែ​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​ដោយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​នេះ ទទួល​បានការ​សាទរ​ពី​គណបក្ស​កាន់អំណាច។

មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការបង្កើត​បក្ស​ថ្មី​កាន់តែ​ច្រើន​នេះ​បង្ហាញថា កម្ពុជា​មាន​លំហ​នយោបាយ​ពេញលេញ​។ ចំពោះ​មតិ​ដែល​ថា​ការ​បើក​បក្ស​ថ្មី​នេះ​ជា​ការ​ជួយ​ដល់​បក្ស​កាន់អំណាច​នោះ លោក សុខ ឥសាន ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌​។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់ឱ្យ​គណបក្ស​ដទៃទៀត​រឹងមាំ​នោះ​ទេ​៖ «​វា​ជា​រឿង​ធម្មតា​ដែល​គណបក្ស​ប្រកួតប្រជែង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី គ្មាន​គណបក្ស​ណាមួយ​ចង់ឱ្យ​ដៃគូ​របស់​ខ្លួន​ខ្លាំង​នោះ​ទេ»។

ទំនងជា​ដោយសារ​ហេតុផល​នេះ​ហើយ ទើប​របប​ក្រុងភ្នំពេញ​ចាប់ផ្តើម​រឹតត្បិត​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ របស់​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃទី១ សីហា​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​ណា​ដែល​ធ្វើឱ្យ​លោក​ទាស់ចិត្ត លោក​នឹង​មិន​ផ្តល់​សិទ្ធិ​នយោបាយ​ឱ្យ​ពួកគេ​វិញ​នោះ​ទេ ទោះបី​ជា​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏ដោយ៖ «​ទោះបី​រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​អាហ្នឹង​មិនដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​យើង​ព្យាករណ៍​ដឹង​ថា អាហ្នឹង​មុខតែ​មក​ដើម្បី​បំផ្លាញ​ហើយ មិន​ឱ្យ​សិទ្ធិ​ហ្អែង​ទេ​។ បើ​ខ្ញុំ​មិន​ចុះហត្ថលេខា​ស្នើ​ទៅ​ព្រះមហាក្សត្រ ព្រះមហាក្សត្រ​ក៏​ទ្រង់​មិន​ឡាយ​ព្រះហស្ថលេខា​ឱ្យ​សិទ្ធិ​អ្នកឯង​ដែរ»។

មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​លោក ហ៊ុន សែន មិន​យល់ព្រម​ផ្តល់​សិទ្ធិ​នយោបាយ​តាម​ការ​ស្នើសុំ​នោះ គឺ​លោក​មេធាវី ជូ​ង ជូ​ងី និង​លោក ញឹម គឹម​ញ៉ុ​ល​។ លោក​ទាំងពីរ​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កូតា​ខាង​លោក សម រង្ស៊ី។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការ​មិន​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​នេះ អាច​មក​ពី​មេ​បក្ស​កាន់អំណាច​ព្រួយបារម្ភ​ពី​ការ​ចង​សម្ពន្ធភាព​គ្នា​ឡើងវិញ​នៃ​ក្រុម​មន្ត្រី និង​គណបក្ស​នយោបាយ​ថ្មី​ដែល​បែក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍ថា នេះ​ជា​សិទ្ធិ​របស់​បុគ្គល​។ លោក​ថា បញ្ហា​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តស៊ូ​ត​ទៅមុខ​​ទៀត ទាំង​មធ្យោបាយ​ការទូត និង​សកម្មភាព​នៅក្នុង​ប្រទេស ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៖ «​បើ​យើង​(​បក្ស​ថ្មី​)​ថា យើង​ចង់​បន្ត យើង​ចង់​ពង្រឹង​ប្រជាធិបតេយ្យ យើង​ត្រូវ​មាន​សេចក្តី​ក្លាហាន ហ៊ាន​តស៊ូ​មតិ ហ៊ាន​តតាំង​ជាមួយនឹង​អំណាច​ផ្ដាច់ការ​ទៅ​។ អាហ្នឹង​ក្រែង​សង្ឃឹម​ថា ប្រជាពលរដ្ឋ​យល់​ខ្លះ ប៉ុន្តែ​បើ​យើង​ទៅ​ធ្វើ​អ្វី​ដោយ​ស្ងៀមស្ងាត់ គ្រាន់តែ​លម្អ​លោក ហ៊ុន សែន រង្វាន់​ពី​ប្រជាពលរដ្ឋ​គឺ​ការ​ថ្កោលទោស​ហ្នឹងឯង»។

លោក អេង ឆៃអ៊ាង គូសបញ្ជាក់​ទៀត​ថា គេ​មិនអាច​យក​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ប្រៀបធៀប​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដែល​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​បាន​ទេ ពីព្រោះ​តែ​ជំហរ​នយោបាយ​ខុសគ្នា​។ លោក​ពន្យល់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំហរ​នយោបាយ​រឹងមាំ និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ឆន្ទៈ​របស់​ពលរដ្ឋ ដូច្នេះ​ពលរដ្ឋ​នៅតែ​ជឿជាក់​លើ​គណបក្ស​នេះ ទោះ​ជា​មាន​មន្ត្រី​ខ្លះ​ចេញទៅ​បង្កើត​បក្សនយោបាយ​ថ្មី​ក៏ដោយ។

​ក្រុម​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក៏​ឯកភាព​នឹង​ចំណុច​នេះ​ដែរ ព្រោះ​តម្លៃ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បាត់បង់​ទៅណា​ឡើយ ជាពិសេស​ស្មារតី​សង្គ្រោះ​ជាតិ​នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​ពលរដ្ឋ​ភាគច្រើន ដែល​ចង់បាន​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ជឿជាក់​ថា ស្មារតី​គាំទ្រ​សង្គ្រោះ​ជាតិ​អាច​នឹង​លេច​ឡើង​គ្រប់​ពេល ប្រសិនបើ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​បែកបាក់​គ្នា ហើយ​មានឱកាស​ពេញលេញ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ពួកគេ​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប ក៏​ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​បក្ស និង​បង្កើន​សកម្មភាព​ឱ្យបាន​ខ្លាំងក្លា​ផងដែរ ជាពិសេស​ការ​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៕

1 comment:

Anonymous said...

The good thing is that Khmer people are not stupid to follow those assholes who just created the new party.
Ah Yem Torl Panha Rith, Ah Son Chhay, Ah Cannibal Ou Chan Roth, etc must be hanged for their act of treason.