Tuesday, 10 August 2021

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​​​ខេត្ត​កណ្ដាល ​និង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន OCIC ​ប៉ះទង្គិច​គ្នាដោយ​អំពើ​ហិង្សា​​មួយ​ប្រាវ


ដោយ ជី វិតា
2021-08-09 rfa
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​​​ខេត្ត​កណ្ដាល ​និង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន OCIC ​ប៉ះទង្គិច​គ្នាដោយ​អំពើ​ហិង្សា​​មួយ​ប្រាវ

រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

វិវាទ​ដីធ្លី​នៅ​ព្រះលាន​យន្តហោះ​ថ្មី នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​មួយ​ប្រាវ រវាង​ក្រុម​សន្តិសុខ​ក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋ នៅ​ទីតាំង​ដី​មាន​ជម្លោះ ដោយ​បង្ក​ឲ្យ​ភាគី​ទាំង​សង​ខាង​រង​របួស​ស្រាល​រៀង​ៗ ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍន៍​ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ា​រ៉ៃ​មួយ​នេះ។

អំពើ​ហិង្សា​នេះ គឺ​ផ្ដើម​ចេញ​ពី​ខាង​ក្រុមហ៊ុន​ប្រើ​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ព្រែក​ និង​ដីស្រែ​អ្នក​ភូមិ នៅ​ត្រង់​ចំណុច​លូ​មុខ​៤ ក្នុង​ភូមិ​​កំពង់​តាឡុង ឃុំ​បឹងខ្យាង ខណៈ​ដែល​បញ្ហា​នេះ​ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ។


ពលរដ្ឋ​ម្នាក់​ដែល​បាត់​បង់​ដីស្រែ​ក្នុង​វិវាទ​នេះ លោក ឃៀង សុខមាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​៩ សីហា​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ហាម​ឃាត់​ក្រុម​សន្តិសុខ​មាន​គ្នា​ជាង ៣០នាក់ កុំ​ឲ្យ​ប្រើ​​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ស្រែ​ពួក​គាត់ តែ​ពួក​គេ​មិន​ព្រម​បញ្ឈប់​សកម្មភាព រហូត​ដល់​ប៉ះ​ពាក្យ​សំដី និង​បង្ក​ជា​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​គិត​គូរ​ផ្ដល់​សំណង​ដីធ្លី​សមរម្យ​ឲ្យ​ពលរដ្ឋ​ជា​មុន​សិន មុន​នឹង​បន្ត​ការ​សាងសង់​ ឬ​ឈូស​ឆាយ​ដីស្រែ​របស់​ពួក​គាត់៖ «ប្រជាពលរដ្ឋ​គាត់​អត់​បាន​អ្វី​ទេ ចង់​បាន​តែ​តម្លៃ​ទីផ្សារ​មួយ​ឲ្យ​គាត់​សមរម្យ​មក។ ហើយ​ទី​២​ សុំ​ពន្លឿន​ការ​ដោះស្រាយ​ និង​ទី​៣​ បើ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ សុំ​ឲ្យ​មាន​ការ​ឈូស​ឆាយ​ទៅ​លើ​ដី​របស់​ពួកគាត់។ មាន​៣​ចំណុច​ហ្នឹង​ ដែល​ចង់​ឲ្យ​អាជ្ញាធរ​ ក៏​ដូច​ជា​ថ្នាក់​លើ​ហ្នឹង ជួយ​គិត​គូរ​ត្រង់​ចំណុច​ហ្នឹង។ អ្វី​ដែល​ជា​ការ​សំណូមពរ​​របស់​ប្រជាពលរដ្ឋ » ។

វិទ្យុ​អាស៊ី​សេរី​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​ អូ.ស៊ី​.អាយ.ស៊ី (OCIC) លោក ជូ កុក​សាយ ប៉ុន្តែ​លោក​ប្រាប់​ថា​ ជាប់​រវល់​ប្រជុំ មិន​អាច​និយាយ​បាន​ទេ។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អធិការ​នគរបាល​ស្រុក កណ្ដាល​ស្ទឹង លោក ឡេង សុខរុន និង​អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សៅវឿន បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល។

ចំណែក​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ មិន​អាច​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ បាន​ទេ ដោយ​លោក​អះអាង​ថា មិន​ទាន់​ក្ដាប់​រឿង​នេះ ច្បាស់​នៅ​ឡើយ។

ទាក់ទង​នឹង​រឿង​នេះ​ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង​ច្រើន​ឆ្នាំ​មក​នេះ នៅ​ទ្រឹង ហើយ​បង្ក​ទៅ​អំពើ​ហិង្សា​បែប​នេះ​ឡើយ។លោក​ យល់​ថា​ ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​ គួរ​ពន្លឿន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នូវ​តម្លៃ​ដីធ្លី​ណាមួយ​ដែល​ភាគី​ទាំង​សង​ខាង​ព្រមព្រៀង​គ្នា ដើម្បី​បញ្ចប់​ជម្លោះ ដោយ​ផ្អែក​តាម​ច្បាប់​រដ្ឋ​ដែល​មាន​ស្រាប់​។

លោក​ស្នើ​សុំ​កុំ​ឲ្យ​មាន​ប្រើ​ប្រព័ន្ធ​តុលាការ​ដាក់​គំនាប​បំបាក់​ស្មារតី​មក​លើ​ពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​មិន​អាច​បញ្ចប់​បាន​ទេ៖ «មេរៀន​ដែល​យើង​ធ្លាប់​ជួប​កន្លង​មក នៅ​ពេល​ណា​ដែល​មិន​មាន​ដោះស្រាយ គឺ​តែង​តែ​ជួប​អំពើ​ហិង្សា​អ៊ីចឹង​ហើយ។ សួរ​ថា​បន្ទោស​ប្រជាពលរដ្ឋ​ បន្ទោស​មិន​បាន​ទេ។ គាត់​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ ព្រោះ​ហ្នឹង​ជា​ទ្រព្យ​សម្បត្តិ​របស់​គាត់ ជា​ទ្រព្យ​ឯកជន​របស់​គាត់ ព្រោះ​កាល​ដែល​រដ្ឋ​ដោះស្រាយ​មិន​បាន​សម​ស្រប​ទៅ​ហ្នឹង​សំណង​សមរម្យ​ ឬ​ក៏​ដោះដូរ​ដី​សមរម្យ​ដែល​គាត់​មិន​អាច​ទទួល​យក​បាន ធ្វើ​ម៉េច​គាត់​នឹង​ព្រម។ វា​តែង​តែ​មាន​ការ​ប៉ះទង្គិច​ហើយ។ ប៉ុន្តែ​យើង​បារម្ភ​ថា នឹង​មាន​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ទៀត ចំពោះ​ប្រជាពលរដ្ឋ ក្នុង​ការ​ប៉ះទង្គិច​គ្នា​នេះ»។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​សរុប ៣៣០រយ​គ្រួសារ នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ​អូស​បន្លាយ​ជាង ៣ឆ្នាំ​មក​ហើយ​ ដោយ​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​ផ្ដល់ឲ្យ​ចន្លោះ​ពី ៣ដុល្លារ​ទៅ ៨ដុល្លារ ក្នុង​ដី ១ម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែល​ជា​អ្នកជំនួញ​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រះលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នៅ​ទី​នោះ​។ តាម​គម្រោង ក្រុមហ៊ុន​នឹង​សាងសង់​រួចរាល់​នៅ ឆ្នាំ២០២៣។ ព្រះលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១.៥០០លាន​ដុល្លារ លើ​ផ្ទៃដី ២.៦០០ហិកតារ។

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​ចេញ​តវ៉ា​ជាថ្មី​ទៀត​រហូត​ដល់​មាន​ដំណោះស្រាយ​សម​រម្យ​ដែល​អាច​ទទួល​យក​បាន៕

No comments: