ដោយ ទីន ហ្សាការីយ៉ា
2021-10-28
កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ក្រុមអង្គការសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពថវិកាជាតិទាំងប្រភពចំណូល និងចំណាយដល់សាធារណជនឲ្យបានលម្អិត និងច្បាស់លាស់ ដើម្បីលុបបំបាត់អំពើពុករលួយនៅតាមស្ថាប័នរដ្ឋ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិស្ដីពី ''ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាងថវិកា និងការតាមដានលើការចំណាយថវិកាសាធារណៈក្នុងបរិបទកូវីដ-១៩'' ដែលរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) នៅថ្ងៃទី២៨ តុលា។
ច្បាប់ថវិកាជាតិ គឺជាឧបករណ៍ដ៏មានសារៈសំខាន់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តផែនការអភិវឌ្ឍជាតិ និងតាមវិស័យនីមួយៗ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងពេលប្រទេសកម្ពុជា រងគ្រោះដោយវិបត្តិកូវីដ-១៩។ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិល ពិនិត្យឃើញថា ថវិកាជាតិដែលរដ្ឋាភិបាលប្រើប្រាស់កន្លងមក នៅមិនទាន់មានតម្លាភាព និងគណនេយ្យភាពត្រឹមត្រូវនោះទេ។ ពួកគាត់ទាមទារឲ្យរដ្ឋាភិបាលលាតត្រងដាងអំពីចំណូលប្រចាំឆ្នាំដែលរកបានមកពីគ្រប់វិស័យ និងការប្រើប្រាស់ខ្ទង់ចំណាយឲ្យបានលម្អិតជាសាធារណៈ ព្រោះការបិទបាំងរឿងថវិកាជាតិនេះ នាំឲ្យការប្រើប្រាស់ថវិកាជាតិ ពុំមានប្រសិទ្ធិភាព និងកើតមានអំពើពុករលួយ។
នាយកប្រតិបត្តិរងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាលោក អ៊ុក វណ្ណារ៉ា ថ្លែងថា តម្លាភាព ឬភាពបើកចំហនៃព័ត៌មានថវិកាជាតិ ជាប្រការដ៏សំខាន់បំផុតដែលញ៉ាំងឲ្យពលរដ្ឋទុកចិត្តរាជរដ្ឋាភិបាល។ លោកបន្តថា គិតមកដល់ពេលនេះ ព័ត៌មានថវិកាជាតិមិនទាន់ត្រូវបានផ្សព្វផ្សាយឲ្យទូលំទូលាយនោះឡើយ។ លោក អ៊ុក វណ្ណារ៉ា បញ្ជាក់លទ្ធផលនៃការអង្កេតថវិកាជាតិជាចំហរយៈពេល ២ឆ្នាំម្ដងកាលពីឆ្នាំ២០១៩ ទាក់ទងនឹងតម្លាភាព និងគណនេយ្យភាពថវិកាជាតិ ការចូលរួមរបស់ពលរដ្ឋ និងការព្រួតពិនិត្យការចាយវាយថវិកាជាតិពីសំណាក់ស្ថាប័ននីតិបញ្ញត្តិ និងអាជ្ញាធរសវនកម្មជាតិបង្ហាញថា ប្រទេសកម្ពុជានៅតែទទួលបានពិន្ទុទាបខ្លាំង បើប្រៀបធៀបជាមួយប្រទេសជិតខាង៖ «ដើម្បីបានពិន្ទុកើនឡើង រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរបញ្ចេញឯកសារគន្លឹះ ទាក់ទងនឹងថវិកា។ ខ្ញុំនិយាយឯកសារគន្លឹះនេះ គឺមាន ៨តាមស្តង់ដារអន្តរជាតិ ដែលយើងត្រូវបង្ហាញជូនទៅសាធារណជន។ ក្នុងនោះមានឯកសារជាសេចក្ដីព្រាងថវិកា ចាំបាច់ត្រូវតែផ្តល់ជូនសាធារណជនតាមកាលកំណត់ មុនបញ្ជូនទៅរដ្ឋសភា ដើម្បីឲ្យសាធារណជនបាន ដឹងនិងបានផ្តល់ជាធាតុចូល។ ទី២ សំណើថវិកាដែលចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី មុនចូលទៅរដ្ឋសភា ត្រូវបញ្ចេញឯកសារនេះតាមរយៈវ៉ឹបសៃថ៍របស់ក្រសួង។ ទី៣ បន្ទាប់ពីរដ្ឋសភា ព្រឹទ្ធសភាអនុម័តហើយឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនៃយើង ត្រូវផ្សព្វផ្សាយដើម្បីឲ្យបានឃើញពីថវិកាដែលបានអនុម័តនោះ និងសាធារណជន អាចចូលរួមតាមដានការអនុវត្តផែនការនោះ»។
គណៈរដ្ឋមន្ត្រីនៃរបបក្រុងភ្នំពេញ បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២២ រួចហើយ កាលពីព្រឹកថ្ងៃទី២២ តុលា ដែលគ្រោងចំណាយថវិកាជាតិសរុបប្រមាណ ៨ពាន់ ៥រយលានដុល្លារអាមេរិក (៨.៥ ប៊ីលលាន)។ គម្រោងចំណាយនេះកើនឡើង ៨,៤% ធៀបនឹងឆ្នាំ២០២១ ដែលមានប្រមាណ ៧ពាន់ ៥រយលានដុល្លារ (៧.៥ ប៊ីលលាន)។ ទាក់ទងនឹងចំណូលវិញ រដ្ឋាភិបាលគ្រោងប្រមូលចំណូលឱ្យបានជាង ៦ពាន់ ៣រយលានដុល្លារ (៦.៣ ប៊ីលលាន) កើនឡើងជិត ២០% ធៀបនឹងឆ្នាំ២០២១ ដែលមានជិត ៥ពាន់លានដុល្លារ (៤.៩ ប៊ីលលាន)។ សេចក្ដីព្រាងច្បាប់ថវិកានេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាអនុម័តទទួលយក និងប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា កាលពីថ្ងៃទី២៧ ខែតុលា ដើម្បីពិនិត្យ និងសិក្សា។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាពលោក ម៉ម សម្បត្តិ មានប្រសាសន៍ថា រដ្ឋសភា គួរតែបំពេញតួនាទីសំខាន់ៗ មួយចំនួនទៀតដើម្បីធ្វើឲ្យប្រសើរ ឡើងនូវតម្លាភាព និងគណនេយ្យភាពថវិកាជាតិ ដូចជា ជំរុញឲ្យរដ្ឋាភិបាល ត្រូវធានាឲ្យប្រជាពលរដ្ឋបានចូលរួមបញ្ចេញយោបល់ជុំវិញដំណើរការរៀបចំផែនការថវិកាជាតិ និងដឹងព័ត៌មានជាក់លាក់អំពីគម្រោងនៃការចំណាយថវិកាជាតិ។ ក្រៅពីនេះរដ្ឋសភា គួរតែជជែកដេញដោលឲ្យបានស៊ីជម្រៅទៅលើខ្ទង់ចំណាយសម្រាប់វិស័យអាទិភាពមួយចំនួននិងតាមដានទៅលើការចំណាយថវិកាជាតិ។ លោកបន្តថា ប្រសិនបើរកឃើញភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងក្រសួង ឬស្ថាប័នណាមួយ រដ្ឋសភា ត្រូវហៅក្រសួង ឬស្ថាប័ននោះមកបំភ្លឺជូនសាធារណជន ដើម្បីឲ្យអស់មន្ទិលសង្ស័យ៖ «គឺត្រូវបង្ហាញអំពីប្រភពចំណូល។ ប្រភពចំណូលយើងដឹងហើយថា មិនមែនមកពីសារពើពន្ធ មកពីសារពើពន្ធ មូលនិធិ ហើយនឹងបំណុលបរទេស។ ព័ត៌មាននេះ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ វិស័យឯកជន ឬក៏អ្នកពាក់ព័ន្ធដទៃទៀត ពីព្រោះពួកគាត់ជាប់កាតព្វកិច្ចបង់ពន្ធ។ ទោះបីជា បំណុលមកពីបរទេស ក៏ប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមការសងត្រឡប់ទៅវិញ ទៅប្រទេសអស់ទាំងនោះតាមរយៈការបង់ពន្ធគ្រប់សារពើផងដែរ។ ដូច្នេះកន្លែងនេះ គួរតែមានលម្អិតនៅក្នុងថវិកាជាតិ ដើម្បីឲ្យប្រជាពលរដ្ឋលោកយល់។ មួយវិញទៀត នៅពេលចំណាយ សភាមានតួនាទីសំខាន់ណាស់ ក្នុងការតាមដានត្រួតពិនិត្យរាល់ការចំណាយថវិកាជាតិទៅតាមមូលដ្ឋាន ទៅតាមក្រសួង»។
ទាក់ទងករណីនេះ ប្រធាននាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ អ្នកស្រី អ៊ូ ស៊ីថា លើកឡើងថា ស្ថាប័ននីតិបញ្ញត្តិ បានយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ តាមរយៈការបង្កើតគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ឬហៅថា គណៈកម្មការទី១០ នៃរដ្ឋសភា។ អ្នកស្រីអះអាងទៀតថា ស្ថាប័ននេះ ក៏បានចូលរួមពិនិត្យនិងរៀបចំសេចក្ដីស្នើច្បាប់ពាក់ព័ន្ធវិស័យប្រឆាំងអំពើពុករលួយ និងបានចូលរួមត្រួតពិនិត្យការអនុវត្តច្បាប់ ព្រមទាំងចុះបំពេញបេសកកម្មតាមក្រសួងស្ថាប័ន និងរាជធានី-ខេត្តជាដើម៖ «នៅក្នុងនោះ ក៏មានកិច្ចប្រតិបត្តិការផ្សេងៗ ឧទាហរណ៍ថា គាត់ចុះបេសកកម្មទៅខាងខេត្ត គឺយើងមានការសហការក្នុងការបង្ហាញពីលទ្ធផលការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការផ្សព្វផ្សាយច្បាប់បទបញ្ញត្តិពាក់ព័ន្ធ ហើយក៏មានការចែករំលែកនូវឯកសារ ឧបករណ៍ អប់រំផ្សព្វផ្សាយ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំ គឺតាមគណៈកម្មការទី១០ ក៏បានយកឧបករណ៍ទាំងនោះ ទៅផ្សព្វផ្សាយបន្តបន្ថែមផងដែរ។ នេះគឺជាទម្រង់មួយចំនួននៃកិច្ចប្រតិបត្តិការដែលយើងគិតថា អង្គនីតិបញ្ញត្តិពិតជាបានយកចិត្តទុកដាក់ខ្ពស់នៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ដូចជាកិច្ចសហការទៅវិញទៅមក រវាងអង្គនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិ»។
រាល់ចំណូលចំណាយរបស់ស្ថាប័នរដ្ឋទាំងអស់ ស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នមានសមត្ថកិច្ចមួយចំនួន រួមមាន ក្រុមការងារគណនេយ្យភាពខេត្ត នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងស្ថាប័ននីមួយៗ អាជ្ញាធរសវនកម្មជាតិ រដ្ឋសភា និងអង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីដែលសង្ស័យថា មានករណីពុករលួយ។ ក៏ប៉ុន្តែការប្រើប្រាស់ថវិកាជាតិនៅរយៈពេលជាច្រើនអាណត្តិមកនេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា មានតម្លាភាពតិចតួចបំផុត។ លើសពីនេះ ក្រុមអ្នកឃ្លាំមើលរឹតតែព្រួយបារម្ភថែមទៀត ដោយសារតែដំណើរការរៀបចំ និងការអនុម័តច្បាប់ថវិកាជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ មានការចូលរួមមតិយោបល់តិចតួចពីក្រុមអង្គការសង្គមស៊ីវិល ហើយធ្ងន់ធ្ងរជាងនេះទៀតនោះ គឺគ្មានវត្តមានតំណាងរាស្ត្រគណបក្សប្រឆាំង ដើម្បីជជែកដេញដោលសោះតែម្ដង៕
2 comments:
Just remember that Ah Kwack Hun Sen read the documents with his forehead.
The evil Vietnam Yuon is so smart by putting an ignorant 8th grader named Ah Runteas Banh Hun Sen to lead Cambodia to hell. Then the evil Vietnam just use its penis to push Cambodia into the so called Indochina Federation.
Ah Norouk Hun Sen has given in to all Yuon's demands such as executing the K5 project (killed hundreds of thousands of Young Khmer men), the signing of the 2005 supplemental treaty, put the triangle area under Yuon's control, ceding land and sea to Yuon, etc...in exchange for his stay in power to control Khmer people to facilitate the Yuonization of Cambodia.
Ah Hun Sen is the worst Khmer traitor in history.
Post a Comment