Friday, 29 October 2021

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ​ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​យោធា​ផ្កាយ ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព​របស់​ពួក​គាត់


ដោយ ខែ សុណង
2021-10-28
ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ​ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​យោធា​ផ្កាយ ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព​របស់​ពួក​គាត់ 

អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យជម្លោះដីធ្លី ដែលពលរដ្ឋចោទមន្ត្រីយោធាផ្កាយពីរម្នាក់ថា ឈូសឆាយរំលោភយកដីសមូហភាពរបស់អ្នកភូមិ ថ្ងៃទី២៨ តុលា ២០២១។
រូប៖ សហគមន៍ឱ្យ

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ នៅ​ខេត្ត​មណ្ឌលគិរី​ចោទ មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​ថា ប្រើ​អំណាច​រំលោភ​យក​ដី​សមូហភាព​របស់​ពលរដ្ឋ​អស់​ជាច្រើន​ហិកតារ។ អ្នកភូមិ​អំពាវនាវ​ឱ្យ​អភិបាលខេត្ត​ថ្មី​ផ្តល់​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ដោយ​តម្លាភាព និង យុត្តិធម៌ ស្រប​តាម​ច្បាប់។

ពលរដ្ឋ​ជាង ១០០គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ពូហ្យាម និង​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង​នៅ​តែ​បន្ត​ស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​ប្ដឹង​មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​ឈ្មោះ អ៊ុំ ណាគ្រី ករណី​យក​គ្រឿង​ចក្រ​ឈូស​ឆាយ បំពាន​យក​ដី​សមូហភាព ​និង​ដីចម្ការ​ស្រល់​ទំហំ ១០០ហិកតារ​នៅ​រយៈ​ពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ។

តំណាង​ពលរដ្ឋ​លោក ព្យាន ច្រេន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ តុលា​ថា ដី​ព្រៃ​សមូហភាព នៅ​ចំណុច​ពូទ្រ​ក្នុង​ភូមិ​ពូឆប ដែល​អ្នកភូមិ​រាប់​រយ​គ្រួសារ អាស្រ័យផល និង​ធ្វើ​ចម្ការ​បែប​ប្រពៃណី​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ​កំពុង​ប្រឈម​ការ​រំលោភ​បំពាន​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​រូប​នេះ។ លោក​ថា ជំហរ​របស់​អ្នក​ភូមិ គឺ​ប្ដឹង​ទាមទារ​ដី​ទាំង​នោះ ប្រគល់​ជូន​សហគមន៍​អាស្រ័យ​ផល​វិញ ព្រោះ​តំបន់​នោះ​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់។ លោក​បញ្ជាក់​ថា ថ្មីៗ នេះ មន្ត្រី​យោធា​រូប​នេះ បាន​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​កាយ​ក្រវាត់​ព្រំ​ដី និង​ហ៊ុមព័ទ្ធ​យក​ដី​ទំហំ ១០០ហិកតារ នៅ​តំបន់​នោះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា៖ «ក្នុង​សហគមន៍​គេ​យល់​ថា ពី​ព្រោះ​សហគមន៍ បើ​គាត់​យក​តំបន់​គ្រប់គ្រង​នោះ នឹង​បាត់បង់​ដី​ព្រៃ ​និង​ ដី​ចម្ការ​វិល​ជុំ​របស់​បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច»។


ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក គ្រើង តុលា សង្កេត​ឃើញ​ថា អ្នកភូមិ​ភ្ញាក់ផ្អើល នៅ​ពេល​ទទួល​ដំណឹង​ថា ដី​សមូហភាព និង​ដី​ចម្ការ​ស្រល់ ទំហំ ១០០ហិកតារ ដែល​ពួក​គាត់​ឃ្វាល​គោ​ក្របី និង​ធ្វើចម្ការ​បែរ​កាន់​កាប់​ដោយ​មន្ត្រី​យោធា​រូប​នេះ​ទៅ​វិញ។ លោក​ថា អ្នកភូមិ​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ៖ «ឥឡូវ​ស្រាប់​តែ​ឃើញ​គាត់​ឈូស​ឆាយ​តែ​ម្ដង មិន​ដឹង​ថា គាត់​យក​ដី​ពី​ពេល​ណា ​ហើយ​សួរ​ឯកសារ​អត់​មាន​ដែរ​។ ​ខាង​ផ្កាយ​ពីរ​គាត់​ខ្លាំង​ដែរ​ ហើយ​ខាង​ពលរដ្ឋ​គាត់​សំអាង​មាន​ឯកសារ ​បែប​ប្រពៃណី​ធ្វើ​ចម្ការ​វិល​ជុំ​របស់​គាត់»។

អ្នក​ភូមិ​ឱ្យ​ដឹង​ថា លោក អ៊ុំ ណាគ្រី ជា​មន្ត្រី​យោធា​ផ្កាយ​ពីរ ដែល​បម្រើ​ការងារ នៅ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​ក្រសួង​ការពារ​ជាតិ។ លើស​ពី​នេះ ក្រោយ​ពី​ពលរដ្ឋ​លើក​គ្នា តវ៉ា​ទាមទារ ឱ្យ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​នោះ គេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​ជម្លោះ​ដីធ្លី​នេះ​ដែរ តែ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង លោក អ៊ុំ ណាគ្រី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ តុលា។ រីឯ​មេឃុំ​ដាក់ដាំ លោក ចាស់ ណា អភិបាលស្រុក​អូរ​រាំង លោក សៀក មុន្នី និង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក ស៊ុន សារុន វិទ្យុ​អាស៊ី​សេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​មេឃុំ​ដាក់ដាំ លោក ចាស់ ណា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​យ៉ាង​ខ្លី​ថា (VOD) ពុំ​មាន​ការ​លក់​ដី​រដ្ឋ និង​ដី​ព្រៃ​សហគមន៍​នោះ​ទេ ព្រោះ​ដី​ចម្ការ​ស្រល់​ក្នុង​ភូមិ​ពូឆប អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​បាន​លក់​ដូរ​ដែរ។

ទាក់ទង​រឿង​នេះ​ដែរ​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ដី​សមូហភាព​ទំហំ ១០០ហិកតារ​ទាំង​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គ្មាន​បុគ្គល​ណា​មួយ មាន​សិទ្ធិ​ទិញ​លក់​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ដក​ហូត​ដី​សមូហភាព​ទាំង​នោះ មក​ជា​សម្បត្តិ​រដ្ឋ​វិញ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ត្រូវ​ស៊ើបអង្កេត​រឿង​នេះ ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​អនុវត្ត​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធ ដែល​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ។ លោក​សង្កេត​ឃើញ​ថា បុគ្គល​មាន​លុយ​មាន​អំណាច ហាក់​លែង​ខ្លាច​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ហើយ ធ្វើ​ឱ្យ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​តែ​ប្រឈម​ការរំលោភ​បំពាន​ពី​បុគ្គល​ទាំងនោះ៖«វា​ជា​សង្គម​មួយ​ប្រពៃណី ដែល​យក​បទល្មើស​ធ្វើ​ជា​ផល​ប្រយោជន៍​ យក​បទល្មើស​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ អ្នក​ណា​ដែល​ខ្លាំង ខាង​ប្រព្រឹត្ត​បទល្មើស លួច​ទ្រព្យ​សម្បត្តិ​ជាតិ អ្នក​នោះ​ក្លាយ​ជា​សេដ្ឋី។ វា​ពុំ​មែន​សង្គម​នីតិរដ្ឋ​ពិត​ប្រាកដ អ្នក​ណា​ធ្វើ​ខុស​ច្បាប់ ត្រូវ​ផ្ដន្ទាទោស តែ​នេះ​អត់​ទេ អ្នក​ណា​ពូកែ​ខាង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ​ក្លាយ​ជា​សេដ្ឋី អ្នក​មាន»។

កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញ​ថា លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយសារ​តែ​មន្ត្រី​ធំៗ បាន​ប្រជែង​គ្នា ទៅ​ចាប់​ដី​នៅ​ទីនោះ ​និង​មាន​ជម្លោះ ដីធ្លី​ជា​ច្រើន​ទៀត មិន​ទាន់​ដោះ​ស្រាយ​រួច។ លោក​បន្ត​ថា ជម្លោះដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី​កំពុង​តែ​កើត​ឡើង​ច្រើន ដោយសារ​អ្នក​ធំៗ បាន​ដណ្ដើម​គ្នា​ទៅ​ចាប់​ដី​នៅ​ទី​នោះ៕

2 comments:

Anonymous said...

Dak Phkeak Klass Touv Chea Muoy Puok Ah Chker Chkuot Knhom Yupon.

Anonymous said...

The crooks will take everything unless something is done. All of Cambodia will be lost. The evil Yuon and the Chinese will steal everything while Hun Sen and his goons buy property and hide their money in the West.