ដោយ ទីន ហ្សាការីយ៉ា
2021-10-30
រូបភាពពីផ្កាយរណប (AMTI) បង្ហាញពីការសាងសង់អាគារថ្មីសន្លាងចំនួន ៣ខ្នង និងការស្ថាបនាផ្លូវថ្មីមួយខ្សែក្នុងមូលដ្ឋានទ័ពជើងទឹករាម។ ក្នុងចំណោមអគារទាំង៣នោះ មានអគារ ២ខ្នងត្រូវបានសាងសង់ចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី២២ ខែសីហា ខិតទៅភាគខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាម។
រូប៖ AMTI
មន្ទិលសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធាចិននៅសមុទ្ររាមកម្ពុជានៅតែជាប្រធានបទចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសពេលមានរបាយការណ៍ចេញផ្សាយ ជាបន្តបន្ទាប់អំពីលទ្ធភាពដែលមហាអំណាចចិនអាចបង្កើតឱ្យមានមូលដ្ឋានកងទ័ពខ្លួននៅលើទឹកដីកម្ពុជា។
តើការដែលអាមេរិកបារម្ភពីវត្តមានមូលដ្ឋានយោធាចិននៅសមុទ្ររាមកម្ពុជា ជារឿងសមហេតុផលដែរឬទេ?
រឿងរ៉ាវអំពីមូលដ្ឋានកងទ័ពចិននៅសមុទ្ររាមកម្ពុជា ត្រូវបានគេលើកឡើងនិយាយជាថ្មីទៀត ក្រោយពេលមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) បានចុះផ្សាយកាលពីខែពាក់កណ្តាលខែតុលា ឆ្នាំ២០២១។ ការចេញផ្សាយចុងក្រោយនេះ បានធ្វើបច្ចុប្បន្នភាពអំពីការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម។
CSISអះអាងដោយបង្ហាញរូបភាពជាច្រើនសន្លឹកទទួលបានពីផ្កាយរណប ថា ចិនកំពុងបន្តប្តូរប្រែរូបភាពមូលដ្ឋានកងទ័ពជើងទឹករាមយ៉ាងឆាប់រហ័ស ដោយបានសាងសង់អគារថ្មីៗចំនួន ៣ និងធ្វើផ្លូវថ្មីមួយខ្សែឆ្ពោះទៅកាន់ឆ្នេរសមុទ្រ តែក្នុងរយៈពេលចន្លោះពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២១។
អគារថ្មីចំនួន ៣ នេះ ត្រូវបានសាងសង់បន្ថែមទៅលើអគារថ្មីចំនួន ២ ដែលត្រូវបានសាងសង់រួចរាល់ ហើយក៏ត្រូវបាន CSIS ដាក់បញ្ចូលទៅក្នុងរបាយការណ៍របស់ខ្លួនកាលពីចុងខែឧសភា ឆ្នាំ២០២១។
ចាប់តាំងពីចុងឆ្នាំ២០២០ មក CSIS បានបង្ហាញរបាយការណ៍ជាបន្តបន្ទាប់អមដោយរូបភាពថតបានពីផ្កាយរណបអំពីការប្រែប្រួលនៅមូលដ្ឋានកងទ័ពជើងទឹករាម។ នៅក្នុងខែតុលា និងវិច្ឆិកា ឆ្នាំ២០២០ CSIS បានរកឃើញថា រដ្ឋាភិបាលកម្ពុជាបានវាយកម្ទេចអគារសាងសង់ដោយអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម។ ជាការរកឃើញដែលត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាស្នើឱ្យរដ្ឋាភិបាលកម្ពុជាបកស្រាយ ហើយដែលក្រោយមកកម្ពុជាក៏បានទទួលស្គាល់អំពីការវាយកម្ទេចអគារទាំងនោះ ក្រោមហេតុផលថា ដើម្បីរើទៅដាក់នៅទីតាំងសមរម្យនៅក្នុងក្រុងព្រះសីហនុដែលមានចំងាយប្រមាណ ២០ គីឡូម៉ែត្រពីមូលដ្ឋានកងទ័ពជើងទឹករាម។
ការបញ្ចេញរបាយការណ៍ជាហូរហែរបស់ CSIS គឺក្រោយពីសារព័ត៌មានរបស់អាមេរិក The Wall Street Journal ចេញផ្សាយពីខែកក្កដា ឆ្នាំ២០១៩ ស្រង់សម្ដីប្រភពពីមន្ត្រីអាមេរិកមួយចំនួន ដែលអះអាងថា រដ្ឋាភិបាលកម្ពុជានិងចិន បានចុះកិច្ចព្រមព្រៀងសំងាត់មួយអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ និងអាចបន្តរយៈពេល ១០ ឆ្នាំម្តងបន្ទាប់ពីនោះ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនអាចដាក់កងទ័ព សព្វាវុធ និងនាវាយោធារបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
មែនទែនទៅ ការបារម្ភរបស់រដ្ឋាភិបាលអាមេរិកអំពីមូលដ្ឋាននៃកងទ័ពចិននៅកម្ពុជា គឺនៅមុនពេលដែលមានការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ទៅទៀត។
គេនៅចាំបានថា កាលពីវិច្ឆិកា ឆ្នាំ២០១៨ អតីតអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផិន (Mike Pence) បានផ្ញើលិខិតមកកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីការបារម្ភរបស់អាមេរិកអំពីលទ្ធភាពនៃវត្តមានមូលដ្ឋានកងទ័ពចិននៅលើទឹកដីកម្ពុជា។ លោក ហ៊ុន សែន បានឆ្លើយតបដោយបដិសេធអំពីការលើកឡើងនេះ។ រដ្ឋាភិបាលនៃរបបលោក ហ៊ុន សែន ក៏បានច្រានចោលអំពីព័ត៌មានដែលថាកម្ពុជាបានចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា ដោយសំអាងថា កម្ពុជាជារដ្ឋអព្យាក្រឹត្យ ហើយរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកហាក់នៅមិនទាន់អស់ចិត្តឡើយ។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីដើមខែមិថុនា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានលើកឡើងករណីនេះជាថ្មីទៀតជាមួយរដ្ឋាភិបាលកម្ពុជា និងសម្ដែងនូវចម្ងល់អំពីការវាយកម្ទេចអគារជាជំនួយរបស់អាមេរិកនៅក្នុងមូលដ្ឋានកងទ័ពរាមដោយមិនអនុញ្ញាតឱ្យអាមេរិកបានដឹងជាមុន។ អ្នកស្រីក៏បានស្នើ លោក ហ៊ុន សែន អនុញ្ញាតឱ្យអនុព័ន្ធយោធាស្ថានទូតអាមេរិកប្រចាំកម្ពុជាចុះពិនិត្យផ្ទាល់ទិដ្ឋភាពមូលដ្ឋានទ័ពនៅទីនោះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាមេរិកនៅតែមិនទាន់អស់ចិត្តដដែល ដោយអាមេរិកលើកហេតុផលថា ពេលចុះពិនិត្យនោះ ខាងកម្ពុជាមិនអនុញ្ញាតឱ្យក្រុមការងារអាមេរិកចូលមើលពេញលេញឡើយ។
ស្ថានទូតអាមេរិកធ្លាប់បានស្នើរដ្ឋាភិបាលកម្ពុជាដើម្បីចុះពិនិត្យមើលទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមជាថ្មីទៀត ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់បានឆ្លើយតបនៅឡើយទេ។
ចំពោះរបាយការណ៍ចេញផ្សាយចុងក្រោយបង្អស់របស់ CSIS ដែលថា ចិនកំពុងប្តូរប្រែមូលដ្ឋានទ័ពជើងទឹករាមដោយសាងសង់អគារថ្មីបន្ថែមយ៉ាងលឿនរហ័ស ហាក់មិនត្រូវបានមន្ត្រីនៃក្រសួងការពារជាតិកម្ពុជាគិតថា ជារឿងប្លែកឡើយចំពោះការចោទប្រកាន់នេះ និងអះអាងថា អគារសាងសង់ថ្មីទាំងអស់នោះគ្មានអ្វីក្រៅពីជាអគារស្នាក់នៅនោះទេ។
យ៉ាងណាក៏ដោយចុះ បញ្ហានេះ ប្រសិនបើមិនបង្ហាញឱ្យមានតម្លាភាពនោះទេ ភាពចម្រូងចម្រាស និងមន្ទិលសង្ស័យនៅតែបន្តកើតមាន។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្លាប់បានទទួលស្គាល់ថា ប្រទេសចិនពិតជាបានផ្តល់ថវិកាសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានទ័ពរាមប្រាកដមែន ប៉ុន្តែលោកថា នេះមិនមែនជាលក្ខខណ្ឌដែលកម្ពុជា ត្រូវអនុញ្ញាតឱ្យចិនដាក់កងទ័ពលើទឹកដីកម្ពុជានោះទេ។
ថ្វីបើដូច្នេះក្តី សកម្មភាពមិនប្រក្រតីនិងមន្ទិលសង្ស័យមួយចំនួនធ្លាប់ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើឱ្យអាមេរិកនៅតែបន្តបារម្ភអំពីបញ្ហានេះ។
ជាការពិតណាស់ រដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើថវិកាពីសហរដ្ឋអាមេរិកដើម្បីជួសជុលឡើងវិញ នូវអគារដែលជាជំនួយសាងសង់របស់អាមេរិកនៅមូលដ្ឋានទ័ពរាម ប៉ុន្តែក្រោយមកកម្ពុជាបានបដិសេធមិនទទួលយកជំនួយរបស់អាមេរិកវិញ។ មិនត្រឹមតែបដិសេធជំនួយរបស់អាមេរិកប៉ុណ្ណោះទេ រដ្ឋាភិបាលកម្ពុជាថែមទាំងបានវាយកម្ទេចអគារដែលជាជំនួយរបស់អាមេរិកចោលដោយមិនប្រាប់ឱ្យអាមេរិកដឹងមុនមួយម៉ាត់ទៀតផង។ លើសពីនេះ នៅពេល ក្រុមការងារនៃអនុព័ន្ធយោធាស្ថានទូតអាមេរិកចុះពិនិត្យផ្ទាល់ដល់ទីតាំងមូលដ្ឋានទ័ពរាម ភាគីកម្ពុជាមិនបានអនុញ្ញាតឱ្យក្រុមការងារអាមេរិកចូលមើលគ្រប់កន្លែងឡើយ ហើយនៅពេលអាមេរិកស្នើសុំចុះពិនិត្យមើលជាថ្មី រដ្ឋាភិបាលកម្ពុជាក៏មិនទាន់អនុញ្ញាតទៀត។ លើសពីនេះ ការបង្កើនល្បឿនសាងសង់អគារ និងផ្លូវថ្មីៗនៅក្នុងទីតាំងមូលដ្ឋានដែលបានប្តូរប្រែរូបភាពមូលដ្ឋានយ៉ាងឆាប់រហ័សក៏កំពុងបង្កើតនូវមន្ទិលសង្ស័យថ្មីបន្ថែមទៀតដែរ។
ក្រៅពីនោះ អាចនៅមានហេតុផលមួយចំនួនទៀតដែលអាមេរិកគួរបារម្ភអំពីលទ្ធភាពនៃវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជាទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។
មជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) បានចុះផ្សាយកាលពីខែ តុលា ឆ្នាំ២០២០ ថា រដ្ឋាភិបាលកម្ពុជាបានជួលផ្ទៃដីដែលមានទំហំធំនៅជុំវិញមូលដ្ឋានទ័ពរាមទៅឱ្យក្រុមហ៊ុនចិន ដែលក្រុមហ៊ុនខ្លះមានទំនាក់ទំនងជាមួយរដ្ឋចិន។ ក្នុងចំណោមក្រុមហ៊ុនទាំងអស់នេះ មានក្រុមហ៊ុនមួយឈ្មោះថា Canopy Sands Development Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Real Estate Group។ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍមួយផ្នែកនៃឆ្នេរសមុទ្រនៅទិសខាងជើងនៃមូលដ្ឋានកងទ័ពជើងទឹករាម។ រូបភាពពីផ្កាយរណប បង្ហាញថា ក្រុមហ៊ុននេះបានចាប់ផ្តើមយកដីជិត ៥គីឡូម៉ែត្រប៉ែកខាងជើងនៃមូលដ្ឋានទ័ពរាមកាលពីខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះបានចាក់ដីលុបចូលឆ្នេរសមុទ្រទំហំប្រហែល ១០០អារ ដោយមិនដឹងថាយកទៅធ្វើអ្វីឡើយ។
បើតាមការចុះផ្សាយរបស់គេហទំព័រ Construction Property កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនចិន Canopy Sands Development Group មានផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ១៦ ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍឆ្នេរសមុទ្ររាមឱ្យក្លាយជាតំបន់រមណីយដ្ឋានលើផ្ទៃដីទំហំ ជិត ៨៥០ (៨៣៤) ហិកតារ ក្នុងនោះក៏នឹងមានការអភិវឌ្ឍឆ្នេរខ្សាច់ថ្មីចំនួន ២ផងដែរ។
គេហទំព័រដដែលឱ្យដឹងថា គម្រោងទីក្រុងរាម គឺជាផ្នែកមួយនៃគម្រោងទីក្រុងណាហ្កា (Naga City) របស់ក្រសួងទេសចរណ៍ដែលគ្របដណ្តប់លើផ្ទៃដីជាង ៣ (៣.០៨១) ពាន់ហិកតារ។ គម្រោងនេះនឹងភ្ជាប់ឆ្នេររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងព្រលានយន្តហោះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍និងសេដ្ឋកិច្ចដ៏សំខាន់មួយ។
ក្នុងករណីនេះ ប្រសិនបើទីក្រុងព្រះសីហនុអាចក្លាយទៅជាទីក្រុងឧស្សាហកម្ម ស្សែនហ្សែន (Shenzhen) របស់ចិននៅកម្ពុជាដូចការចង់បានរបស់រដ្ឋាភិបាល និងប្រសិនបើចិនអាចមានមូលដ្ឋានទ័ពនៅរាមដូចការចោទប្រកាន់មែននោះ ចិនប្រហែលជាអាចគ្រប់គ្រងតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាលាតសន្ធឹងពីមូលដ្ឋានទ័ពជើងទឹករាមរហូតដល់តំបន់អភិវឌ្ឍន៍តារាសាគរនៃខេត្តកោះកុង ដែលកំពុងទទួលរងនូវការចោទប្រកាន់ថា អាចត្រូវបានប្រើប្រាស់សម្រាប់វិស័យយោធារបស់ចិនមួយទៀតដែរនោះ។
គម្រោងអភិវឌ្ឍន៍តារាសាគរនៅខេត្តកោះកុង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ទៅឱ្យក្រុមហ៊ុនរដ្ឋចិន Union Development Group ធ្វើការអភិវឌ្ឍក្នុងរយៈពេល ៩៩ឆ្នាំ ក្នុងទឹកប្រាក់ ៣.៨០០ លានដុល្លារអាមេរិក។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍នេះដែលមានទាំងការសាងសង់ព្រលានយន្តហោះ និងកំពង់ផែសមុទ្រទឹកជ្រៅកំពុងរងការចោទប្រកាន់ថា អាចត្រូវបង្កើតឡើងសម្រាប់បំរើដល់វិស័យយោធារបស់ចិន។
ជាការពិតណាស់ ការកាន់កាប់កំពង់ផែ និងមូលដ្ឋានទ័ពជើងទឹកនៅបរទេសដោយប្រទេសចិនបានកើតមានឡើងរួចហើយនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។ ប្រទេសទាំងអស់នេះ ភាគច្រើនត្រូវបានគេរកឃើញថា បានខ្ចីលុយចិនជាប់ក្នុងអន្ទាក់បំណុល វ័ណ្ឌកមិនអាចដោះរួច ហើយនៅទីបំផុតក៏ត្រូវប្រគល់គម្រោងនៅក្នុងប្រទេសរបស់ខ្លួនទៅឱ្យចិនគ្រប់គ្រង។ ជាក់ស្តែងប្រទេសប៉ាគីស្ថាន (Pakistan) ដែលស្ថិតនៅអាស៊ីខាងត្បូង បានជួលកំពង់ផែ ក្វាដា (Gwadar) ទៅឱ្យចិនក្នុងរយៈពេល ៤០ឆ្នាំ។ ប្រទេសជីប៊ូទី (Djibouti) នៅទ្វីបអាហ្រិ្វក បានជួលមូលដ្ឋានទ័ព អូបក់ (Obock) ទៅឱ្យចិនក្នុងរយៈពេល ១០ឆ្នាំ និងប្រទេសស្រីលង្កា (Sri Lanka) បានជួលកំពង់ផែ ហាំបានតូតា (Hambantota) ទៅឱ្យចិនក្នុងរយៈពេល ៩៩ឆ្នាំ។
បើតាមបណ្តាញសារព័ត៌មានឥណ្ឌា World Is One News (WION) បច្ចុប្បន្នប្រទេសចិនកំពុងសាងសង់កំពង់ផែយុទ្ធសាស្ត្រនៅឯបរទេសចំនួន ៩ ហើយដែលអាចប្រើប្រាស់សម្រាប់ធ្វើជាមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន។ ប្រទេសកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេស និងដែនដីទាំង ៩ ដែលចិនកំពុងសាងសង់កំពង់ផែយុទ្ធសាស្ត្រនេះដែរ។ ផ្អែកតាមផែនទីចង្អុលបង្ហាញ ដោយសារព័ត៌មាន WION នេះដដែល កំពង់ផែយុទ្ធសាស្ត្រដែលចិនកំពុងសាងសង់មាន ចំណុចចាប់ផ្តើមចេញពីទីក្រុងហុងកុង (Hong Kong) ឆ្ពោះមកកាន់ប្រទេសកម្ពុជា រួចបន្តទៅប្រទេសមីយ៉ាន់ម៉ា (Myanmar) បង់ក្លាដេស (Bangladesh) ស្រីលង្កា (Sri Lanka) កោះម៉ាល់ឌីវ (Maldives) ប៉ាគីស្ថាន (Pakistan) ព្រមទាំងប្រទេសជីប៊ូទី (Djibouti) និងស៊ូដង់ (Sudan) នៅទ្វីបអាហ្វ្រិក។
កំពង់ផែយុទ្ធសាស្ត្រទាំង ៩ ដែលចិនកំពុងសាងសង់នេះ ត្រូវបានអ្នកជំនាញហៅថាជា ខ្សែយុទ្ធសាស្ត្រគុជ (The String of Pearls Strategy) របស់ចិន ហើយមូលដ្ឋានទាំងអស់នេះនឹង អនុញ្ញាតឱ្យចិនពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់ និងពិភពលោកដោយវានឹងត្រូវចិនប្រើប្រាស់សម្រាប់ជាទីសំចតនៃនាវាចំបាំង គ្រប់គ្រងចរាចរណ៍ដឹកទំនិញតាមផ្លូវសមុទ្រ និងកំណត់ច្បាប់ពាណិជ្ជកម្មជាប្រយោជន៍សម្រាប់ចិន។ អ្នកជំនាញថា គម្រោងរបស់ចិននេះ មិនមែនត្រឹមតែសម្រាប់បំរើដល់ការរីកចំរើនផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាជាគម្រោងដើម្បីឈានទៅគ្រប់គ្រងពិភពលោកតែម្តង។
ប្រទេសចិនកំណត់កាលបរិច្ឆេទសម្រាប់បញ្ចប់ការសាងសង់គម្រោងទាំងអស់នេះនៅត្រឹមឆ្នាំ ២០៤៩ ហើយមូលហេតុដែលចិនកំណត់យកឆ្នាំ ២០៤៩ ដោយសារវាត្រូវចំខួប ១០០ ឆ្នាំនៃ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩។
ងាកមកនិយាយពីបរិបទកម្ពុជាវិញ បើទោះបីជារហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅមិនទាន់បានបង្ហាញភស្តុតាងរឹងមាំ ១០០ ភាគ ១០០ ពីវត្តមាននៃកងទ័ពចិននៅលើទឹកដីកម្ពុជាក្តី ប៉ុន្តែអាមេរិកក៏ហាក់មានហេតុផលសមរម្យនៅក្នុងការបារម្ភអំពីរឿងនេះ។ ចំពោះភាគីកម្ពុជាវិញ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏នៅមិនទាន់បង្ហាញនូវតម្លាភាពពេញលេញដែលអាចធ្វើឱ្យភាគីពាក់ព័ន្ធអស់ចិត្ត ឬទទួលយកបានចំពោះការចោទប្រកាន់នេះនៅឡើយដែរ។
ជាការពិតណាស់ រដ្ឋាភិបាលកម្ពុជា តែងបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ដោយសំអាងហេតុផលថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។ ប៉ុន្តែក៏មានការលើកឡើងដែរថា របបលោក ហ៊ុន សែន ក៏អាចធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញបានដែរ នៅពេលលោក ហ៊ុន សែន ត្រូវការចិនខ្លាំងដើម្បីការពារអំណាចរបស់លោក។ ការលើកឡើងដូចនេះក៏ហាក់សមហេតុផលម្យ៉ាងដែរ ព្រោះថា ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ វាមិនមែនជារឿងពិបាកសម្រាប់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានោះទេ ជាពិសេសនៅក្នុងបរិបទដែលកម្ពុជានៅតែបន្តគ្រប់គ្រងដោយរដ្ឋសភាឯកបក្សដូចក្នុងពេលបច្ចុប្បន្ន។
ដូច្នេះ ដើម្បីការពារជំហររបស់កម្ពុជាជារដ្ឋអព្យាក្រឹត្យពិតប្រាកដ ដើម្បីការពាររដ្ឋធម្មនុញ្ញកម្ពុជាដែលមិនអនុញ្ញាតឱ្យមានវត្តមាន ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជាពិតប្រាកដ និងដើម្បីការពារផលប្រយោជន៍ជាតិរបស់កម្ពុជា នៅចំពោះមុខនៃការប្រជែងឥទ្ធិពលរបស់មហាអំណាចនៅក្នុងតំបន់ និងជាពិសេសដើម្បីឱ្យសហគមន៍អន្តរជាតិអស់មន្ទិលសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធាចិននៅកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវឆ្លើយតបប្រកបដោយតម្លាភាពពេញលេញដើម្បីឱ្យគ្រប់ភាគីទទួលយកបាន។ បើមិនដូច្នោះទេ ភាពចម្រូងចម្រាស និងមន្ទិលសង្ស័យនៅតែបន្តកើតមានជារៀងរហូត៕
No comments:
Post a Comment