ដោយ អាស៊ីសេរី
2021-11-12
លោក រ៉ុង ឈុន (ស្ដាំលើកដៃ) អ្នកឃ្លាំមើលព្រំដែន និងជាមេដឹកនាំសហជីព ពេលត្រូវតុលាការនាំមកជំនុំជម្រះនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបភាព៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក យន់ ណារ៉ុង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា សម្រេចតម្កល់ការផ្ដន្ទាទោសលោក រ៉ុង ឈុន ប៉ុន្តែបានបន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល ១៥ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប ២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
ចំណែក កញ្ញា កណិការ វិញ សាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៥ ខែ និង ៥ថ្ងៃ នៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។ ចំពោះលោក តុន និមល ត្រូវបានសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារចំនួន ១៤ខែ និង ២៤ ថ្ងៃនៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។
លោក រ៉ុង ឈុន និងកញ្ញា ស កណិការ បានជាប់ពន្ធនាគារអស់រយៈពេលជាង ១៥ខែ មកហើយ រីឯលោក តុន និមល បានជាប់ពន្ធនាគារអស់រយៈពេលជាង ១២ខែ។ បើគិតពីថ្ងៃចាប់ខ្លួន គឺលោក រ៉ុង ឈុន និងកញ្ញា ស កណិការ នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃនេះ ខណៈលោក និមល នឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណា សាលាឧទ្ធរណ៍ ក៏បានសម្រេចព្យួរទោសសាកល្បងអ្នកទាំង៣នាក់ចំនួន ៣ឆ្នាំ ផងដែរ ក្រោយពេលដោះលែង ដោយតម្រូវឱ្យអ្នកទាំងបីគោរពនូវវិធានការដ៏តឹងរ៉ឹងជាច្រើន ដូចជាមិនអាចទាក់ទងជាមួយគ្នា ហើយត្រូវរាយការណ៍ជូនព្រះរាជអាជ្ញានៅពេលអ្នកទាំងបីផ្លាស់ប្តូរទីលំនៅ ឬការងារជាដើម។ មេធាវីការពារក្តី លោក សំ សុគង់ ថ្លែងថា កូនក្តីរបស់លោកទាំង៣រូប នៅតែចាត់ទុកថា ការសម្រេចក្តីនេះ ជារឿងអយុត្តិធម៌ ហើយពួកគេនឹងបន្តប្តឹងសាទុក្ខទៅតុលាការកំពូលទៀត។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារតែការបញ្ចេញមតិរឿងព្រំដែន និងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគាត់។
ជាមួយគ្នានេះ អាជ្ញាធរបានដោះលែងសកម្មជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ និងសកម្មជនគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ចេញពីពន្ធនាគារហើយនៅព្រឹកថ្ងៃទី១២ វិច្ឆិកា នេះ ខណៈសកម្មជនខ្មែរថាវរៈមួយរូបទៀត គឺលោកស្រី ឈឿន ដារ៉ាវី ក៏នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃនេះដែរ។
No comments:
Post a Comment