Sunday, 14 November 2021

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ថា ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​ខុស​នីតិវិធី​ច្បាប់


ដោយ ម៉ៅ សុធានី
2021-11-13
ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ថា ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​ខុស​នីតិវិធី​ច្បាប់ 

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។
រូប​ពី​ហ្វេសប៊ុក​ស ខេង


ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​អះអាង​ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​សម្រេច​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​របស់​លោក ក្រោម​ហេតុផល​កំហុសឆ្គង​ស្នាម​មេដៃ​របស់​អ្នកគាំទ្រ​គឺជា​ការអនុវត្ត​ខុស​នីតិវិធី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អះអាង​ថា ក្រសួង​បាន​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់ ដោយ​គ្មាន​ការរើសអើង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ។

គណបក្ស​បេះដូង​ជាតិ​ចាត់ទុក​ទង្វើ​របស់​ក្រសួងមហាផ្ទៃ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ និង​បំភិតបំភ័យ​លើ​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី ១២​វិច្ឆិកា ថា របាយការណ៍​ដែល​ក្រសួងមហាផ្ទៃ​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បែកធ្លាយ​តាម​បណ្ដាញ​សង្គម​កន្លងមក មិនមែន​ជា​សេចក្តី​សម្រេច​របស់​ក្រសួងមហាផ្ទៃ​នោះ​ទេ ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ​លោក​មិនទាន់​ទទួល​សេចក្តី​សម្រេច​របស់​ក្រសួង​នៅឡើយ​ដែរ​។ យ៉ាង​ណាក្តី លោក​សោកស្តាយ​ចំពោះ​ក្រសួងមហាផ្ទៃ​ដែល​មិន​បាន​អនុវត្ត​តួនាទី​តាម​នីតិវិធី​ច្បាប់ ដែល​ធ្វើ​ការងារ​លើស​ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​យក​លេស​បដិសេធ​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​។ លោក សៀម ភ្លុក ថ្លែង​ថា ការ​ដែល​ក្រសួង​មិន​ព្រម​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ ហើយ​ថែមទាំង​ចង់​ប្ដឹង​លោក​ទៅ​តុលាការ​ទៀត​នោះ គឺ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​នយោបាយ និង​សកម្មជន​ណា​ដែល​មាន​និន្នាការ​ផ្ទុយ ឬ​មិន​ធ្វើតាម​ការណែនាំ​គណបក្សកាន់អំណាច៖ «យើង​មាន​ទឡ្ហីករណ៍​មាន​អំណះអំណាង​សម្រាប់​តទល់​បាន ដោយសារ​ស្នាម​មេដៃ​វា​ខូចខាត មិន​ប៉ះពាល់​ដល់​ប្រយោជន៍​សង្គម ឬ​បុគ្គល​ណា​ទេ អាហ្នឹង​គ្រាន់តែ​ដាក់​ពាក្យសុំ​ចុះបញ្ជី​ហើយ​បើ​កន្លែង​ណា​មិន​ច្បាស់​ក្រសួង​ត្រូវ​បដិសេធ​ឱ្យ​យើង​បំពេញ​ឡើងវិញ ហើយ​មក​បង្វែរ​សំណុំរឿង​ចុះបញ្ជី​ទៅជា​ទោស​ព្រហ្មទណ្ឌ​វិញ វា​អត់​មាន​ពិភពលោក​ហ្នឹង ច្បាប់​ស្រុក​ខ្មែរ​ហ្នឹង​ក៏​អត់​មាន​ដែរ»។


ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ផ្ញើ​របាយការណ៍​ពាក់ព័ន្ធ​ការចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ វិច្ឆិកា ដោយ​ចោទ​ថា ស្នាម​មេដៃ​បុគ្គល​២០​នាក់​ខុសពី​ស្នាម​មេដៃ​ក្នុង​អត្តសញ្ញាណប័ណ្ណ និង​២០​នាក់​ទៀត​ផ្ដិត​លើ​ឈ្មោះ​បុគ្គល​៥៤​នាក់ ហើយ​បុគ្គល​៧៤​នាក់​មាន​ភាព​មិន​ប្រក្រតី ឬ​ក្លែង​ស្នាម​មេដៃ​។ ក្រសួង​​មហាផ្ទៃ​ចោទប្រកាន់​ទៀត​ថា ស្នាម​មេដៃ​បុគ្គល​ជិត ៣​រយ (២៨៧) នាក់​ខូច​គុណភាព មិន​អាច​ធ្វើ​កោសល្យ​វិច័យ​បាន រួម​ទាំង​ស្នាម​មេដៃ​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ចំនួន​៥​នាក់​ផ្តិត​លើ​ឈ្មោះ​បុគ្គល​ចំនួន​២១​នាក់​ទៀត។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ីសេរី​បន្ថែម​ថា ក្រសួង​មហាផ្ទៃ​បាន​សម្រេច​មិន​ចុះបញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​នោះ​ទេ ដោយសារ​ស្ថាបនិក​គណបក្ស​នេះ​មិនបាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​។ លោក​ថ្លែង​ទៀត​ថា ក្រសួង​បាន​សម្រេច​យក​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​នោះ​ទៅ​ធ្វើ​កោសល្យ​វិច័យ ដោយ​រក​ឃើញ​ភាព​ប្រក្រតី​មួយចំនួន ដែល​លោក​យល់​ថា គណបក្ស​បេះដូង​ជាតិ​មាន​ចេតនា​ទុច្ចរិត​។ លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​នឹង​ប្តឹង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ទៅ​តុលាការ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ក្លែងបន្លំ​ស្នាម​មេដៃ​ផង​ដែរ៖ «មិន​រើសអើង​អី​ទេ​ធ្វើ​នយោបាយ​សូម​ឱ្យ​ស្មោះត្រង់ យុត្តិធម៌​សុំ​តែ​ប៉ុណ្ណឹង​ទេ កុំ​លេង​បន្លំ​ដល់​គេ​មិន​ចុះឈ្មោះ​ឱ្យ​តាំង​ទៅ​អែបអប​ប្រទេស​មួយ​ចំនួន​ទៅ​អង្វរ​ឱ្យ​អន្តរជាតិ​ជួយ ឥឡូវ​សុំ​ឱ្យ​អន្តរជាតិ​ទាំងអស់​កុំ​ជួយ​អី​ទុក​តតាំង​ផ្លូវច្បាប់»។

ទោះជា​យ៉ាងណា លោក សៀម ភ្លុក បញ្ជាក់​ថា តាម​ច្បាប់​ប្រសិនបើ​ក្រសួង​រក​ឃើញ​កំហុសឆ្គង​លើ​ស្នាម​មេដៃ ក្រសួង​មាន​សិទ្ធិ​ត្រឹម​បដិសេធ និង​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​បំពេញ​លក្ខខណ្ឌ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​នីតិវិធី​ណា​ប្តឹង​ទៅ​តុលាការ​នោះ​ទេ​។ លោក​បញ្ជាក់​ទៀត​ថា គណ​បក្ស​បេះដូង​ជាតិ​មិន​បារម្ភ​ចំពោះ​ការចោទប្រកាន់​របស់​ក្រសួង​មហាផ្ទៃ​ឡើយ ពីព្រោះ​លោក​មាន​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​តតាំង​ក្តី​នៅ​តុលាការ។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្រែ្វ​ល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ណា​ដែល​បក្ស​កាន់អំណាច​មើល​ឃើញ​ថា មាន​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ពីក្រោយ គណបក្ស​នោះ​ទំនង​ពិបាក​ក្នុង​ការ​ធ្វើ​ស្នើ​ចុះបញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​។ លោក​បញ្ជាក់​ថា ច្បាប់​ពុំ​មាន​ចែង​អំពី​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ដែល​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ករណី​ក្លែងបន្លំ​ស្នាម​មេដៃ ហើយ​អាជ្ញាធរ​ត្រូវ​ប្តឹង​ពួកគាត់​ទៅ​តុលាការ​នោះ​ទេ​។ លោក​បញ្ជាក់​ថា រូបភាព​បែបនេះ​ហាក់​បង្ហាញ​អំពី​ការរើសអើង​និន្នាការ ខណៈ​គណបក្ស​នយោបាយ​ផ្សេងទៀត​ក្រសួង​អនុញ្ញាត​ឱ្យ​ចុះបញ្ជី​បាន​ឆាប់រហ័ស​។ លោក​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​លំហ​សេរី ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា និង​ត្រូវ​ពិនិត្យ​ជុំវិញ​រឿង​នេះ​ឡើងវិញ៖ «តើ​អ្វី​បញ្ជាក់​យក​មក​ប្រាប់​គណបក្ស​នយោបាយ​ដែល​សុំ​ចុះបញ្ជី​ហ្នឹង​ឱ្យ​គាត់​កែតម្រូវ​ឬទេ មាន​ពេលវេលា​ទុក​ឱ្យ​ឬទេ អាហ្នឹង​គឺជា​ចំណុច​សំខាន់​ក្នុង​នីតិវិធី អ៊ីចឹង​នីតិវិធី​បែប​ហ្នឹង​បាទ ហើយ​មិន​មាន​ចែង​ច្បាស់​ថា តើ​មិន​គ្រប់​ជ្រុងជ្រោយ​ត្រូវ​ប្តឹង​ទៅ​តុលាការ​អី វា​អត់​មាន​បាន​លើក​ឡើង​រឿង​ហ្នឹង​ទេ គ្រាន់តែ​បដិសេធ​មិន​ចុះបញ្ជី ហើយ​មានការ​ប្តឹង​នីតិវិធី​ហ្នឹង​បន្ត»។

លោក សៀម ភ្លុក ឱ្យ​ដឹង​ថា​សប្តាហ៍​ក្រោយនេះ លោក​នឹង​ជួប​ជាមួយ​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ ដើម្បី​ការ​ស្វះ​ស្វែងរក​អន្តរាគមន៍​ជុំវិញ​ការ​រឹតត្បិត​របស់​ក្រសួងមហាផ្ទៃ​នេះ៕

No comments: