ដោយ ម៉ៅ សុធានី
2021-11-18
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតថ្មី និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
រូប៖ ហ្វេសប៊ុកលោកទាំងពីរ
ក្រុមអ្នកសារព័ត៌មានប្រតិកម្មនឹងអភិបាលខេត្តកំពតលោក ម៉ៅ ធនិន ដែលបញ្ជាឱ្យប្រធានមន្ទីរព័ត៌មាន តម្រូវឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន ទើបអាចចុះយកព័ត៌មានក្នុងភូមិសាស្ត្រខេត្តនេះបាន។ ក្រុមអ្នកសារព័ត៌មានចាត់ទុក ទង្វើរបស់អភិបាលខេត្តកំពតរូបនេះថា ជាការកាត់តម្រឹមសេរីភាពអ្នកសារព័ត៌មានដែលផ្ទុយពីច្បាប់។
ក្រុមអ្នកសារព័ត៌មានដែលកំពុងធ្វើការនៅស្ថាប័នជាតិ អន្តរជាតិ និង សារព័តមានសេរី ជំរុញឱ្យក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ គួរបើកវគ្គបណ្តុះបណ្តាល និងណែនាំអភិបាលខេត្តកំពត លោក ម៉ៅ ធនិន និងមន្ត្រីរាជការដទៃទៀត ពីតួនាទីរបស់អ្នកសារព័ត៌មាន ដែលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ពួកគេបារម្ភថា ទង្វើរបស់អភិបាលខេត្តកំពតលោក ម៉ៅ ធនិន មិនត្រឹមតែចងសិទ្ធិសេរីភាពអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែជាការខាតប្រយោជន៍របស់ពលរដ្ឋ និងរដ្ឋាភិបាល។
អ្នកយកព័ត៌មានឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) លោក សុត បាន យល់ថា ទង្វើរបស់អភិបាលខេត្តរូបនេះ នឹងបង្អាក់ដំណើរដល់ការស៊ើបអង្កេត និងលាតត្រដាង ពីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន។ លោកថា រឿងខ្លះអាជ្ញាធរបានព្យាយាមបិទបាំងដូចជា អំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ និង ជម្លោះដីធ្លីជាដើម ដែលជាទិសដៅសំខាន់ សម្រាប់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយ ដើម្បីឱ្យមានដំណោះស្រាយ។ លោកស្នើឱ្យអភិបាលខេត្តរូបនេះគិតឡើងវិញ ព្រោះការលើកឡើងនេះជាគំរូមិនល្អដល់អាជ្ញាធរខេត្តផ្សេងទៀត៖ «ខ្ញុំគិតថា សេរីភាពសារព័ត៌មានទូលំទូលាយ ហើយវាជាអំណាចទី៤ នៅក្នុងរដ្ឋ ព្រោះយើងជាអ្នកសារពត៌មាន ក្នុងរដ្ឋត្រូវនិយាយការពិត ទាក់ទងបញ្ហាសង្គម ដើម្បីបង្ហាញការពិតក្នុងសង្គមហ្នឹងឱ្យមហាជន ក៏ដូចជា ពលរដ្ឋទូទៅ តើអ្វីដែលកំពុងកើតឡើងនៅកម្ពុជា»។
ស្រដៀងគ្នានេះ អ្នកយកព័ត៌មានវិទ្យុសំឡេង សហរដ្ឋអាមេរិក (VOA) លោក ស៊ុន ណារិន ចាត់ទុកការលើកឡើងរបស់លោក ម៉ៅ ធនិន ថា ជាការខុសឆ្គងមួយ និងចងអ្នកសារព័ត៌មាន ក្នុងការបំពេញតួនាទី និងភារកិច្ចឱ្យបានទូលំទូលាយ។ លោកបារម្ភថា ការតម្រូវឱ្យជូនដំណឹង និងសុំការអនុញ្ញាតពីអាជ្ញាធរ អាចជាការរើសអើង និងតាមដានអ្នកសារព័ត៌មាន ក្នុងការបំពេញតួនាទីនៅមូលដ្ឋាន៖ «រឿងខ្លះជាការងាររបស់អ្នកកាសែត យើងមិនចេះលាតត្រដាង ប្រាប់គេទេ។ ខ្ញុំគិតថា នេះជាការយល់ខុស ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានលើកខ្លះហើយ ខ្ញុំគិតថា គួរតែមានការបកស្រាយបន្ថែមទៀត ទៅខេត្តផ្សេងថា នេះជាសេរីភាព គាត់ធ្វើអីធ្វើទៅ ឬក៏គាត់ធ្វើអ្វីមិនល្អ បានជាគាត់ខ្លាចអ្នកសារព័ត៌មាន»។
ចំណែក អ្នកសារព័ត៌មានសេរី (Freelance) អ្នកស្រី កាន់ វិច្ឆិកា វិញ អ្នកស្រីយល់ថា ការលើកឡើងរបស់អភិបាលខេត្តកំពតរូបនេះ ឆ្លុះបញ្ចាំងថា គាត់នៅពុំទាន់យល់ពីតួនាទី និងសេរីភាពរបស់អ្នកសារព័ត៌មាននៅឡើយទេ។ អ្នកស្រីបារម្ភថា នៅពេលដែលអាជ្ញាធររដ្ឋាភិបាលមិនយល់ពីតួនាទីអ្នកសារព័ត៌មាន នោះអ្នករងគ្រោះតែងតែជាអ្នកសារព័ត៌មាន ហើយអ្នកដែលខាតប្រយោជន៍ គឺពលរដ្ឋ និងរដ្ឋាភិបាល៖ «បើសិនជាមានការបង្កើតវគ្គបណ្តុះបណ្តាល មន្ត្រីអាជ្ញាធរដែលគាត់មានតួនាទីអនុវត្តការងារ ឬឆ្លើយតបអ្នកសារពត៌មាន ឱ្យពួកគាត់បានយល់ពីតួនាទីអ្នកសារព័ត៌មានរបស់គាត់ ក្នុងការផ្តល់ព័ត៌មាន។ ខ្ញុំគិតថា នោះជារឿងដែលប្រសើរមែនទែន ឱ្យមានភាពប្រសើរទាំងអស់គ្នា ក្នុងការផ្តល់ពត៌មាន ឬទទួលបានពត៌មានរបស់អ្នកសារព័ត៌មាន»។
ប្រតិកម្មរបស់ក្រុមអ្នកសារព័ត៌មាននេះ កើតមានក្រោយពីអភិបាលខេត្តកំពតលោក ម៉ៅ ធនិន កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបញ្ជាឱ្យប្រធានមន្ទីរព័ត៌មានត្រូវគ្រប់គ្រងអ្នកសារព័ត៌មានឱ្យច្បាស់លាស់ ហើយអ្នកដែលមានសិទ្ធិយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តនេះត្រូវឆ្លងកាត់មន្ទីរព័ត៌មានជាមុនសិន៖ «អ្នកដែលមានសិទ្ធិយកព័ត៌មានក្នុងខេត្តត្រូវឆ្លងកាត់មន្ទីរព័ត៌មាន គ្រប់គ្រងឱ្យបានមុខសញ្ញានេះ។ ត្រូវមានការទំនាក់ទំនងផ្ទាល់ទៅអាជ្ញាធរដែនដីរបស់យើងថា ថ្ងៃនេះពត៌មាន មានប៉ុន្មានស្ថាប័នចុះទៅស្រុកនេះ។ បើគ្មានឆ្លងកាត់មន្ទីរពត៌មានទេ ខ្ញុំសូមបញ្ជាឱ្យគណៈបញ្ជាការឯកភាពស្រុកចាត់វិធានការ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ម៉ៅ ធនិន ដើម្បីសាកសួរបន្ថែមរឿងនេះបានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួលនៅថ្ងៃទី១៨ ខែវិច្ឆិកា។
ជុំរិញរឿងនេះ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) លោក ណុប វី មានប្រសាសន៍ថា ការលើកឡើងរបស់លោក ម៉ៅ ធនិន ពុំស្របនឹងច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ។ លោកស្នើឱ្យអភិបាលខេត្តរូបនេះគួរតែកែតម្រូវឡើងវិញ ព្រោះទង្វើនេះ ជាការកាត់តម្រឹមសេរីភាពពលរដ្ឋ ដោយបំពានរដ្ឋធម្មនុញ្ញា និងច្បាប់អន្តរជាតិ៖ «ការលើកឡើងរបស់អភិបាលខេត្តមួយផ្នែកអាចប៉ះពាល់ដល់ខ្លួនលោកទៅវិញទេ យើងដឹងហើយ គ្រប់ខេត្តគ្មានអភិបាលខេត្តណា លើកឡើងដូច្នោះទេ។ ខ្ញុំគិតថា គួរមានការកែលម្អ ហើយសម្រាប់ខ្លួនលោក ក៏មានការកែលម្អដែរ»។
ក្រៅពីក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏បញ្ចេញប្រតិកម្មចំពោះការលើកឡើងបែបមិនត្រឹមត្រូវរបស់អភិបាលខេត្តកំពតលោក ម៉ៅ ធនិន នោះដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ មានប្រសាសន៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា ការលើកឡើងរបស់លោក ម៉ៅ ធនិន្ទ ជារឿងមិនត្រឹមត្រូវនោះទេ។
លោកថា អ្នកសារព័ត៌មានមានសិទ្ធិពេញលេញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរឡើយ៖ «អភិបាលខេត្តមួយ (លោកម៉ៅ ធនិន )អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ។ មាត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ»។
រដ្ឋធម្មនុញ្ញចែងថា សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅស្របច្បាប់របស់ពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិសេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពជួបប្រជុំ ជាដើម៕
No comments:
Post a Comment