ដោយ មួង ណារ៉េត
2021-11-17
កម្មករលើកបន្លែនៅផ្សារនាគមាស (ក្បែរផ្សារដើមគរ) រាជធានីភ្នំពេញបាត់បង់ចំណូលនៅក្នុងអំឡុងពេលការបិទខ្ទប់ដោយសារជំងឺកូវីដ១៩-១៩ កាលពីអំឡុងខែមេសា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រសួងផែនការបានកំណត់យកខ្សែបន្ទាត់ភាពក្រីក្រថ្មីនិងអត្រាភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៩-២០២០។ តួលេខថ្មីរបស់ក្រសួងផែនការបង្ហាញថា អ្នកក្រមានជិត ៣ លាននាក់។ បើតាមការកំណត់ថ្មីនេះ ចំនួនអ្នកក្របានកើនឡើង បើធៀបទៅនឹងតួលេខអ្នកក្រកាលពី ៦ ឆ្នាំមុន។
ខ្សែបន្ទាត់ភាពក្រីក្រថ្មីនិងអត្រាភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៩-២០២០ ដែលក្រសួងផែនការបានកំណត់ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា បង្ហាញថា ប្រជាជនជិត១៨% (១៧,៨%) ឬជិត ៣ លាននាក់នៃប្រជាជនសរុបនៅទូទាំងប្រទេស កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រនេះ។
ក្រសួងផែនការកំណត់ថា ដែលហៅថា «អ្នកក្រ» ជាទូទៅបាន គឺទាល់តែអ្នកនោះរកប្រាក់ចំណូលបានត្រឹមតែ ១០.៩៥១ រៀល ឬប្រមាណ ២,៥ ដុល្លារក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្ដី ក្រសួងនេះ បែងចែកខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ ទៅតាមតំបន់ចំនួនបី គឺភ្នំពេញ តំបន់ប្រជុំជនផ្សេងទៀត និងតំបន់ជនបទ។ អ្នកនៅភ្នំពេញបើគាត់រកចំណូលបានត្រឹម ១០.៩៥១ រៀល ឬប្រមាណ ២,៥ ដុល្លារក្នុងមួយថ្ងៃនោះ គឺត្រូវចាត់ទុកថា «ក្រ»។ នៅតាមតំបន់ទីប្រជុំជនផ្សេងទៀត បើគាត់រកប្រាក់បានក្រោម ១ម៉ឺនរៀល ឬ ៩.៥៧១ រៀល ឬ ២,៣ ដុល្លារក្នុងមួយថ្ងៃ ត្រូវចាត់ទុកថា ក្រដែរ។ រីឯអ្នកនៅទីជនបទវិញ បើគាត់រកប្រាក់បានក្រោម ៩ពាន់រៀល ឬ ៨.៩០៨ រៀល ឬ ២,១ ដុល្លារ ត្រូវចាត់ទុកថាក្រដែរ។
តួលេខថ្មីទាំងនេះ ក្រសួងផែនការ ថាបានកំណត់ដោយប្រើប្រាស់ទិន្នន័យពីការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ដែលកម្ពុជាធ្លាប់យកមកប្រើប្រាស់ដែរ ដើម្បីវាស់វែងកម្រិតនៃភាពក្រីក្រនៅកម្ពុជានាពេលកន្លងមក។ កន្លងមកជាផ្លូវការ រដ្ឋាភិបាលកម្ពុជាយកតួលេខ ១៣,៥% មកប្រើ ដើម្បីបង្ហាញចំនួនអ្នកក្រនៅកម្ពុជា គិតត្រឹមឆ្នាំ ២០១៤ ដែលស្របតាមតួលេខរបស់ធនាគារពិភពលោក (World Bank)។ ពេលនោះ គឺអ្នករកបានប្រាក់ក្រោម ៨ពាន់រៀល ឬក្រោម ១,៩០ ដុល្លារក្នុងមួយថ្ងៃ ត្រូវចាត់ទុកថា «ក្រ»។ ក្នុងន័យនេះ បានន័យថា បើមនុស្សម្នាក់រកប្រាក់បានលើស ៨ពាន់រៀលក្នុងមួយថ្ងៃ គឺចាត់ទុកថា ផុតក្រ ឬមានន័យថា ប៊ិះក្រ។ អ្នកដែលប៊ិះក្រនេះ មានចំនួនច្រើនលាននាក់។
ប៉ុន្តែ នៅឆ្នាំ២០១៨ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) រកឃើញថា ពលរដ្ឋខ្មែររហូតដល់ទៅ ៣៥% ឬ ៥,៦ លាននាក់ កំពុងរស់នៅក្នុងស្ថានភាពក្រីក្រ។ បន្ថែមលើនេះ មានពលរដ្ឋខ្មែរ ២១,១% ឬជិត ៣,៤ លាននាក់ នៅប៉ឹមៗក្បែរក្រ និងបើមានវិបត្តិសង្គម ឬសេដ្ឋកិច្ចតែបន្តិច ពួកគាត់នឹងធ្លាក់ខ្លួនក្រវិញមួយរំពេច។ កាលណោះ អង្គការអន្តរជាតិនេះ បានពិនិត្យមើលពីភាពក្រីក្ររបស់ពលរដ្ឋកម្ពុជាតាមបែបស៊ីជម្រៅ លើសពីកម្រិតប្រាក់ចំណូលតិចជាង ១,៩ ដុល្លារក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងបញ្ហាប្រឈមផ្សេងៗទៀត ដូចជា ពលរដ្ឋដែលត្រូវគេបោះបង់ចោលក្នុងវិស័យសុខាភិបាល អប់រំ និងស្តង់ដារនៃការរស់នៅ ជាពិសេស គឺកង្វះទឹកស្អាត អនាម័យ កង្វះអាហារូបត្ថម្ភ និងការអប់រំកម្រិតមូលដ្ឋានជាដើម។ របាយការណ៍នេះ ធ្វើឲ្យរដ្ឋមន្រ្តីក្រសួងផែនការលោក ឆាយ ថន ខកចិត្តយ៉ាងខ្លាំង និងស្តីបន្ទោសអង្គការនេះ ថាផ្សព្វផ្សាយព័ត៌មាន ធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណជនខ្មែរ ដែលមិនសូវចេះអក្សរ។
បន្ទាប់មកស្រាប់ តែក្រសួងផែនការ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ថាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោកស្រី ផល្លីន តាម៉េស៊ីស (Pauline Tamesis) បានចេញមកសុំទោសរដ្ឋាភិបាល រឿងចេញផ្សាយរបាយការណ៍នោះ។
ទោះជាយ៉ាងនេះក្ដី នៅខែតុលា ឆ្នាំ២០២០ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) បានចេញរបាយការណ៍មួយទៀត ដោយព្យាករណ៍ថា វិបត្តិជំងឺកូវីដ-១៩ នឹងធ្វើឲ្យអត្រាភាពក្រីក្រនៅកម្ពុជា កើនដល់ ១៧,៥៨%។
ការព្យាករណ៍នេះ មានភាពប្រហាក់ប្រហែលគ្នាខ្លាំងទៅនឹងតួលេខរបស់ក្រសួងផែនការ ដែលប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៧ ខែវិច្ឆិកានោះ ដោយខុសគ្នាមិនដល់កន្លះភាគរយ (០,២២%)ទេ។
ក្រសួងផែនការបញ្ជាក់ថា កម្ពុជាគួរមានខ្សែបន្ទាត់ភាពក្រីក្រថ្មីសម្រាប់ប្រើប្រាស់ជាចំណុចចាប់ផ្តើម ដើម្បីតាមដានត្រួតពិនិត្យលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ និងលទ្ធផលនៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។ ក្នុងន័យនេះ បើតាមក្រសួងផែនការ ខ្សែបន្ទាត់ភាពក្រីក្រថ្មីនោះ គឺអ្វីដែលក្រសួងនេះ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នោះឯង។
ប៉ុន្តែតួលេខអ្នកក្រនេះ នៅមិនទាន់បញ្ចូលអ្នកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ដែលជាឆ្នាំអាក្រក់បំផុត នៃវិបត្តិសេដ្ឋកិច្ចកម្ពុជា និងពិភពលោកនៅឡើយទេ។
រដ្ឋាភិបាលតែងអះអាងពីមោទនភាពថា ក្នុងរយៈពេលជាង ២ទសវត្សមកនេះ ខ្លួនបានកាត់បន្ថយអត្រាភាពក្រីក្រ ពីជិត ៤៨% ក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥ ភាគរយកាលពីឆ្នាំ២០១៤ ហើយមានមហិច្ឆតាចង់ក្លាយខ្លួនពីប្រទេសអភិវឌ្ឍន៍តិចតួច ឬ LDC មកជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែ រូបភាពនៃពលករចំណាកស្រុកខ្មែររាប់លាននាក់អត់ការងារធ្វើនៅក្នុងស្រុក រួចរត់ទៅធ្វើការស្របច្បាប់ និងខុសច្បាប់ និងធ្វើជាអ្នកសុំទានគេនៅតាមប្រទេសជិតខាង ហើយត្រូវអាជ្ញាធរបរទេសចាប់បញ្ជូនមកកម្ពុជាវិញស្ទើររាល់ថ្ងៃ កំពុងធ្វើឲ្យរដ្ឋាភិបាលរងនូវក្តីអាម៉ាស់ នៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះទៀត ពលរដ្ឋកម្ពុជាជាង ២លាន៤សែនគ្រួសារកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុស្ទើរវណ្ឌកក្នុងម្នាក់ៗមិនតិចជាង ៤ពាន់ដុល្លារ ខណៈរដ្ឋវិញ គិតត្រឹមដំណាច់ឆ្នាំ២០២០ ជំពាក់បំណុលបរទេសសរុបប្រមាណជាង ៩ពាន់៦រយលានដុល្លារ (៩.៦០១,៩៣ លានដុល្លារ)។ ក្នុងនោះ បំណុលស្ទើរតែជិតពាក់កណ្តាល ឬប្រមាណជាង ៤៦% (៤៦,៦៧%) ជាបំណុលដែលរដ្ឋជំពាក់ចិន៕
1 comment:
To bring the CNRP back, Khmer people must display their aspiration of loving Cambodia by mounting a nationwide people protest firmly demanding Ah Kwack Yuon's slave Hun Sen for the CNRP's reinstatement.
The CNRP will never come back by itself. Khmer people must pay some price if they want to get the CNRP back.
Nothing is free in this world. The Sex maniac Kem Sokha's quietness has not and will never help the CNRP's cause for revival.
Post a Comment