Sunday, 21 November 2021

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មេឃុំ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ឱ្យ​អាជ្ញាធរ​កម្ពុជា


ដោយ អាស៊ីសេរី
2021-11-20
អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មេឃុំ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ឱ្យ​អាជ្ញាធរ​កម្ពុជា 

អ្នកស្រី ឡាញ់ ថាវរី មេឃុំ​ជាប់ឆ្នោត​គណបក្សប្រឆាំង​នៅ​ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។
Photo Courtesy

 

អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ដែល​ជា​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ ទៅ​អាជ្ញាធរ​កម្ពុជា​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ការចាប់​បញ្ជូន​ខ្លួន​សកម្មជន​បក្សប្រឆាំង​ជា​បន្តបន្ទាប់​នេះ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

ជនភៀសខ្លួន​នយោបាយ​ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនទៅឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នោះ គឺ​អ្នកស្រី ឡាញ់ ថាវរី មេឃុំ​ជាប់ឆ្នោត​គណបក្សប្រឆាំង​នៅ​ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​។ អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​អ្នកស្រី​កាល​ពី​ថ្ងៃទី១៩ វិច្ឆិកា និង​បញ្ជូនទៅ​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃទី២០ វិច្ឆិកា។


ប្តី​របស់​អ្នកស្រី ឡាញ់ ថាវរី គឺ​លោក ភិន រ៉ាដង់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប៉ូលិស​ថៃ​ជិត ១០​នាក់ បាន​ចាប់​ខ្លូន​ប្រពន្ធ​របស់លោក​ដល់​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ លោក​បន្ត​ថា មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ខិតខំ​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថៃ​នៅ​តែ​បញ្ជូន​ប្រពន្ធ​របស់​លោក​ទៅ​ខ្មែរ​វិញ​ដោយ​ប្រញាប់ប្រញាល់ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​វិច្ឆិកា តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។ បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បន្ថែម​ថា លោក​បារម្ភ​អំពី​សុខទុក្ខ​ប្រពន្ធ​ជាខ្លាំង ព្រោះ​គាត់​កំពុងមាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដែល​ត្រូវ​លេបថ្នាំ​និង​ព្យាបាល​ជាប្រចាំ៖ «អន្តោប្រវេសន៍​គេ​ប្រាប់ថា​គេ​ប្តឹង ថាវរី ទាក់ទង​រឿង​នយោបាយ​ត្រូវ​ការ​ចាប់ខ្លួន គេ​ដើរ​មើល​ពីរ​បី​ថ្ងៃ​ហើយ​តែ​យើង​អត់​ចាប់​អារម្មណ៍ អាជ្ញាធរ​ថៃ​គេ​ធ្វើតាម​បញ្ជា​គេ ប្រើ​ពី​ខ្មែរ​មក ព្រោះ​អី​ឃើញ​ថា ស្ថានភាព​ព្រឹក​មិញ​គេ​ប្រញាប់​មែនទែន យក​ខ្លួន​ឱ្យ​អ្នក​នៅ​នោះគេ​អង្គុយ​ចាំ​ខ្លាំងណាស់ អានេះ​ឡាន​ប៉ុណ្ណា​ណី​គេ​ដឹង​តែ​ពីរ​នាក់​ទេ គំរាមកំហែង​ណាស់ ខ្លាំង​ជាង​ប៉ុល ពត​ទៀត​ចាប់​តែ​ក្នុង​ប្រទេស អានេះ​ចាប់​ក្រៅប្រទេស​ទៀត»។

លោក ភិន រ៉ាដង់ ឱ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី២០ វិច្ឆិកា​ដដែល អាជ្ញាធរ​ខ្មែរ​បាន​បញ្ជូន​ប្រពន្ធ​លោក​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ហើយ ដូច្នេះ​លោក​ស្នើ​ដល់​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ជួយ​តាមដាន​ករណីនេះ​ផង។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ មក​ទល់​ការ​ផ្សាយ​នេះ​។ ចំណែក​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​ចាប់​សកម្មជន​បក្សប្រឆាំង​ពី​ប្រទេស​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​នេះ​ទេ។

អ្នកស្រី ឡាញ់ ថាវរី បានរស់នៅ​ភៀសខ្លួន​ក្នុងប្រទេស​ថៃ​ជាង ៤​ឆ្នាំ​មក និង​ត្រូវ​បាន​ទទួលស្គាល់​ឋានៈ​ជា​ជនភៀសខ្លួន​ដោយ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​នៅ​ប្រទេស​ថៃ។ អំឡុង​ពេល​ភៀសខ្លួន អ្នកស្រី​ធ្លាប់​ចូលរួម​សកម្មភាព​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ជាពិសេស​គាំទ្រ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ឆ្នាំ​២០១៩​។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អ្នកស្រី​ក្នុង​សំណុំរឿង រួមគំនិត​ក្បត់ ជាមួយ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​ជាង​១​រយ​នាក់​ផ្សេង​ទៀត។

ជុំវិញ​រឿងនេះ ប្រធាន​គណៈកម្មការ​រដ្ឋបាល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក ឃ្លាំង ប៊ុនឡាយ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ខកចិត្ត ចំពោះ​អាជ្ញាធរ​ថៃ​ដែល​បន្ត​ចាប់បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​មិន​ការពារ​សិទ្ធិ​ជនភៀសខ្លួន។ លោក​បញ្ជាក់​ថា​ជន​ភៀស​នយោបាយ​នៅ​ប្រទេស​ថៃ​កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​ខ្លាំង ក្រោមរូបភាព​នៃ​ការចាប់​បញ្ជូន​ជនភៀសខ្លួន៖ «បច្ចុប្បន្ន​ជនភៀសខ្លួន​នយោបាយ ជាពិសេស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​ស្នាក់នៅ​ប្រទេស​ថៃ​កំពុង​ប្រឈម​ការបញ្ជូន​ការ​សហការ​គ្នា​រវាង​អាជ្ញាធរ​ថៃ​និង​អាជ្ញាធរ​ខ្មែរ ទោះបី​មានការ​អន្តរាគមន៍​មាន​ការ​ស្វិតស្វាញ​ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ថៃ ក៏​មិន​អាច​អន្តរាគមន៍​ករណីនេះ​បាន​បាទ»។

មន្ត្រី​សិទ្ធិមនុស្ស​ក៏​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​នេះដែរ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា សោកស្តាយ​ចំពោះ​អាជ្ញាធរ​ថៃ​មិន​បាន​ការពារ​សិទ្ធិ​ជនភៀសខ្លួន​ទាំងនោះ។ លោក​សង្កេតឃើញ​ថា ការចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ និង​សិទ្ធិមនុស្ស ដែល​ជ្រកកោន​នៅ​ប្រទេស​ថៃ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ជា​បន្តបន្ទាប់​បែប​នេះ គឺ​បញ្ជាក់​ថា​ប្រទេស​ថៃ​លែង​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​តទៅ​ទៀត​ហើយ៖ «នៅ​ពេល UNHCR បានផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន ហើយ​ប្រទេស​ទាំងអស់​ក្នុង​កាយវិការ​មនុស្សធម៌​គួរណា​តែ​យើង​ជួយ​ទៅដល់​ជនភៀសខ្លួន ប៉ុន្តែ​ថ្មីៗ​នេះ​យើង​ឃើញថា មាន​ការ​សោកស្តាយ​ណាស់​ចំពោះ​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ចាប់ខ្លួន​មនុស្ស​រត់​ភៀសខ្លួន​ដោយសារ​រឿង​នយោបាយ ហើយ​បញ្ជូន​មក​ប្រទេស​ដើម​វិញ គឺជា​រឿង​មិន​បាន​គោរព​គោលការណ៍​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនភៀសខ្លួន​បាទ»។

កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ថៃ​ទើប​តែ​បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ដែលមាន​ឋានៈ​ជា​ជនភៀសខ្លួន គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា ហៅ​គ្រញូង​ព្រៃ​ឡង់ បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​ទៅ​ដាក់​ពន្ធនាគារ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​ថៃ​ដែល​បាន​ចាប់បញ្ជូន​ជនភៀសខ្លួន​ខ្មែរ​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នេះ។

នាយករង​អង្គការ Human Rights Watch ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) នៅ​ថ្ងៃទី២០ វិច្ឆិកា​ថា រដ្ឋាភិបាល​ថៃ​បាន​រំលោភ​កិច្ចការពារ និង​សិទ្ធិ​របស់​ជនភៀសខ្លួន​ជា​ចំហ​ម្ដង​ហើយ​ម្ដងទៀត​។ លោក​សង្កត់ធ្ងន់​ថា ការ​ចាប់​បញ្ជូន​អ្នកស្រី ឡាញ់ ថាវរី ដែលជា​ជនភៀសខ្លួន​ទទួល​ស្គាល់​ដោយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នា​ពេល​នេះ គឺជា​រឿង​អាក្រក់​ហួស​ថ្លែង និង​ពិតជា​មិនអាច​ទទួលយក​បាន​ឡើយ​។ លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ត្រូវតែ​លើក​កម្ពស់​កិច្ចការពារ​ជនភៀសខ្លួន៕

2 comments:

Anonymous said...

Thailand has like 30 billion chinese in Thailand. Thai history is to let all chinese and westerners in. Thais are so proud to NOT be thais.

Anonymous said...

Your courage will be set as a stepping stone for Khmer people to follow.
Thank you for your bravery.