ដោយ អាស៊ីសេរី
2021-11-10
ម្តាយរបស់ កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រុំ ចាន់ថា និងក្រុមស្ត្រីថ្ងៃសុក្របានទៅទទួលស្វាគមន៍ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ពេលចេញពីពន្ធនាគារព្រៃសរ (ម២) កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ គេផ្ដល់ឱ្យ
ដៃកាន់បាច់ផ្កានៅលើស្មាគ្រប់មានទង់ជាតិកម្ពុជា កុមារ កាក់ សុវណ្ណច្ឆ័យ ដើរចេញពីពន្ធនាគារព្រៃសដោយមានម្ដាយ និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀតអបអរសាទរ។
ក្រោយជាប់ពន្ធនាគារអស់រយៈពេល ៤ខែ ១៥ថ្ងៃ កាក់ សុវណ្ណច្ឆ័យ មានទឹកមុខស្លេកស្លាំង និងខ្លួនប្រាណពោរពេញដោយស្នាមកន្ទួលរមាស់។
ម្ដាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា និយាយថា ទោះពេលនេះលោកស្រីបានជួបមុខកូនប្រុសវិញក្ដី ប៉ុន្តែលោកស្រីខ្លោចចិត្តអាណិតកូនប្រុសដែលមានសភាពទ្រុឌទ្រោមខុសប្រក្រតីវិញ៖ «យើងជាម្ដាយពេលឃើញកូនរលេះរលួយអស់អញ្ចឹងមកធ្វើបាបកូនខ្ញុំអញ្ចឹងវាបាកណាស់ជាង ប៉ុល ពត ទី២ ទៀត»។
កុមារា កាក់ សុវណ្ណច្ឆ័យ អាយុ ១៧ឆ្នាំ និងមានជំងឺខ្សោយបញ្ញាស្មារតី (Autism) និយាយទាំងសំដីដោយរដាក់រដុបថា ការចាប់ខ្លួននិងការចោទប្រកាន់លើរូបលោកជារឿងអយុត្តិធម៌។ សុវណ្ណច្ឆ័យរំលឹកថា ការរស់នៅក្នុងពន្ធនាគារបណ្ដាលឲ្យក្មេងប្រុសរូបនេះកើតកន្ទួល រមាស់ ដែលបញ្ហាធ្វើឲ្យអ្នកទោសវ័យក្មេងរូបនេះពិបាកគេង៖ «និយាយទៅអយុត្តិធម៌ណាស់ខ្ញុំគេចាប់ខ្ញុំតាំងពីថ្ងៃ២៤ កាលពីខែប្រាំមួយហ្នឹង សំណូមពរឲ្យបងប្អូនជនជាតិខ្មែរទាំងអស់ ហើយខ្ញុំក៏សូមឲ្យបងប្អូនជួបសេចក្ដីសុខសេចក្ដីចម្រើន និងពុទ្ធពរទាំងបួនប្រការ»។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក អ៊ួង វុទ្ធា កាលពីថ្ងៃទី១ ខែវិច្ឆិកា បានប្រកាសសាលក្រម ដាក់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឲ្យជាប់ពន្ធនាគារ ៨ ខែពីបទញុះញង់ និងបទប្រមាថមន្ត្រីរាជការសាធារណៈ។ ប៉ុន្តែចៅក្រម បានសម្រេចឲ្យក្មេងប្រុសរូបនេះ អនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៤ខែកន្លះ ដោយទោសនៅសល់ផ្សេងទៀតត្រូវបានព្យួរ។
លោកស្រី ព្រុំ ចាន់ថា ឲ្យដឹងថា តុលាការថា ក្នុងរយៈពេលនៃព្យួរទោសនេះបើតុលាការកោះហៅពេលណាលោកស្រីត្រូវនាំកូនទៅបំភ្លឺពេលនោះ ហើយនិងត្រូវផ្ដល់ដំណឹងទៅតុលាការពីសកម្មភាពផ្ទាល់ខ្លួននានា ដូចជាត្រូវសុំការអនុញ្ញាតចំពោះការផ្លាស់ប្ដូរអាសយដ្ឋាន ការចង់ចាកចេញពីប្រទេសជាដើម ។ លោកស្រីឲ្យដឹងថា ចាប់តាំងកូនរបស់លោកស្រីចេញពីពន្ធនាគាររហូតមកផ្ទះក្រុមចារកម្មបានតាមដានលោកស្រីនិងកូនជាប់រហូត៖ «អញ្ចឹងហើយបានប្រជាពលរដ្ឋរាល់ថ្ងៃនេះមិនសន្តិភាពដោយសាររឿងតុលាការនិងរដ្ឋាភិបាលទាំងស្រុងហើយជាពិសេសគឺហើយពិសេសគ្រួសារអ្នកនយោបាយដូចជាខ្ញុំប្ដីក៏ជាប់គុកកូនក៏ជាប់គុក»។
ជុំវិញការលើកឡើងរបស់លោកស្រី ព្រំ ចាន់ថា បែបនេះ អ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញលោក សាន សុខសីហា ឲ្យវិទ្យុអាស៊ីសេរីដឹងថា សមត្ថកិច្ចមិនបានតាមដានឃ្លាំមើលគ្រួសារលោកស្រី ព្រំ ចាន់ថា នោះទេ។ លោកយល់ថា នេះជាការទម្លាក់កំហុសលើសមត្ថកិច្ច៖ «ការដែលគាត់ធ្វើអ្វីមួយខ្ញុំគិតគាត់គួរពិចារណាគ្រប់ជ្រុងជ្រោយលើការងារទាំងអស់ហ្នឹងដែរមិនមែនអីបន្តិចទម្លាក់កំហុសទៅលើអ្នកនេះអ្នកនោះធម្មតានៅលើដងផ្លូវមនុស្សគាត់មានសិទ្ធិសេរីក្នុងការជិះទៅវិញទៅមកដូចតែគ្នាហ្នឹង»។
រីឯអ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា លើកឡើងថា មតិជាតិនិងអន្តរជាតិតែងទទួចឲ្យមានការដោះលែងក្មេងប្រុសកាក់ សុវណ្ណច្ឆ័យ។ លោកបន្តថា ទោះមានការដោះលែង ប៉ុន្តែតុលាការមិនបានផ្ដល់សិទ្ធិសេរីពេញលេញដល់កុមាររូបនេះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញទៅតុលាការគួរទម្លាក់ចោលការចោទប្រកាន់លើកុមារ កាក់ សុវណ្ណច្ឆ័យ៖ «ទម្លាក់ចោលនូវបទចោទប្រកាន់ដែរដើម្បីផ្ដល់សេរីភាពនូវកុមាររូបហ្នឹងដើម្បីឲ្យគាត់អាចរស់នៅក្នុងសង្គមគ្រួសារដោយគ្មានការភ័យខ្លាច»។
ទាក់ទងការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺអ្នកប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ បានទេ។
នគរបាលរាជធានីភ្នំពេញ បានសម្រុកចូលចាប់យុវជន កាក់ សុវណ្ណច្ឆ័យ ទាំងអាធ្រាត្រ នៅយប់ថ្ងៃទី២៥ ខែមិថុនា ដោយចោទថា យុវជនរូបនេះ ជេរប្រមាថមេដឹកនាំរដ្ឋាភិបាលក្នុងក្រុម (Group) បណ្ដាញសង្គមតេឡេក្រាម (Telegram)។ ចំណែកឪពុករបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺជាកូនប្រុសរបស់សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញលោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំពីបទរួមគំនិតក្បត់ និងបទញុះញង់ ក្នុងពន្ធនាគារព្រៃស ឬ ម១។
នៅរយៈពេលចុងក្រោយនេះតុលាការបានដោះលែងសកម្មជនបរិស្ថាន និងសកម្មជនបក្សប្រឆាំងមួយចំនួនដោយអ្នកខ្លះបានអនុវត្តទោសនៅពន្ធនាគារគ្រប់ចំនួន និងអ្នកខ្លះត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមថា ជាទម្លាប់នៃរបបក្រុងភ្នំពេញតែងដោះលែងអ្នកទោសមនសិការពេលកៀករដូវបោះឆ្នោតម្ដងៗ៕
1 comment:
You should only remember that Ah Runteas Banh Bun Sen who released you. Don't bring up the story that he the one who imprisoned you in the first place.
Post a Comment