Friday, 19 November 2021

ពលករ​ខ្មែរ​មួយ​ចំនួន​រៀបរាប់​ពី​ការ​លំបាក​ពេល​ជាប់គុក​ដោយសារ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ


ដោយ សុជីវី
2021-11-19
ពលករ​ខ្មែរ​មួយ​ចំនួន​រៀបរាប់​ពី​ការ​លំបាក​ពេល​ជាប់គុក​ដោយសារ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ 

សកម្មភាព​ពលករ​ខ្មែរ​នៅ​ក្នុង​​គុក​ប៉ូលិស​ថៃ ​នៅ​ស្រុក​គោកស៊ូង​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ កាល​ពី​ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០២១។
Photo Provided

 

ពលករ​ខ្មែរ​មួយចំនួន​រៀបរាប់​ពី​ការ​លំបាក​វេទនា​ក្នុង​ពេលដែល​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ហើយ​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ដាក់គុក​រយៈពេល​៣​ថ្ងៃ នៅ​តំបន់​ព្រំដែន​ជាប់​ខេត្តបន្ទាយមានជ័យ​។ ពួកគេ​ត្រូវ​បាន​ប៉ូលិស​បង្ខំ​ឱ្យ​បង់ប្រាក់​ម្នាក់​​ប្រមាណ​ ២០០​ដុល្លារ​ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​ពួកគេ​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល សង្កេត​ឃើញ​ថា ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេលនេះ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាច្រើន ដែល​រដ្ឋាភិបាល​ខ្មែរ​គួរតែ​ទប់ស្កាត់ និង​ជួយ​រក​ការងារ​ឱ្យ​ពួកគេ​នៅក្នុង​ស្រុក។

ប៉ូលិស​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១៥​នាក់​យក​ទៅ​ទម្លាក់​ចោល​នៅ​ច្រក​រៀង​ព្រំដែន​ជាប់​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា ក្រោយ​ពេល​ពី​បាន​ចាប់​ពួកគេ​ដាក់គុក​អស់​រយៈពេល​៣​ថ្ងៃ នៅ​ស្រុក​គោកស៊ូង (Khok Soung) ខេត្ត​ស្រះកែវ (Sra Kao)​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលករ​ខ្លះ​រាងចាល​លែង​ចង់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ និង​ខ្លះទៀត​បាន​ខ្ចី​ប្រាក់​ពី​អ្នក​ភូមិ​ជាមួយគ្នា ដើម្បី​ផ្សងព្រេង​រក​ការងារ​នៅ​ប្រទេស​ថៃ​ជាថ្មី រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ និង​សង​បំណុល​ធនាគារ​ដែល​បាន​ខ្ចី​គេ​ដាំ​ដុះ​ខាត​អស់​ដើម​ទុន​កាល​ពី​ឆ្នាំ​កន្លង​ទៅ។


ពលករ​រស់​នៅ​ឃុំ​និមិត្ត ស្រុក​អូរជ្រៅ លោក ស៊ូ ពិសិទ្ធ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្រោយ​ពី​លោក​ត្រឡប់​ទៅ​ដល់​កម្ពុជា​ថា ការ​ឆ្លង​ដែន​អំឡុង​ពេល​នេះ​លំបាក​វេទនា​ជាង​ពេល​​មុនៗ​ទ្វេដង ដូចជា​បង់ប្រាក់​ឱ្យ​មេខ្យល់​ប្រមាណ​ពី​៧​ពាន់​ទៅ​១​ម៉ឺន​បាត​(១០.០០០)​ឬ​ប្រមាណ​ពី​២២០​ទៅ​៣០០​ដុល្លារ​ក្នុង​ម្នាក់​។ លោក​បន្ត​ថា ពួក​លោក​មាន​គ្នា​ចំនួន​១៩​នាក់​ត្រូវ​បាន​មេខ្យល់​ជនជាតិ​ថៃ​នាំ​ដើរកាត់​ព្រៃ កាត់​ភក់ កាត់​ចំការ​ដំឡូង​មី និង​ដេក​ក្នុង​ព្រៃ​អស់​រយៈពេល​៣​យប់ ដើម្បី​គេច​ពី​សមត្ថកិច្ច​ថៃ។ លោក​ប្រាប់​ថា ពលករ​ខ្មែរ​ចំនួន​១៥​នាក់​រួម​ទាំង​លោក​ផង​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ដាក់គុក​នៅ​ស្រុក​គោកស៊ូង រយៈពេល​ថ្ងៃ​៣​ថ្ងៃ។ ចំណែក​ពលករ​៤​នាក់​ផ្សេងទៀត​បាន​ត្រូវ​បាន​មេខ្យល់​ដឹក​តាម​រថយន្ត​ទៅ​ដល់​កន្លែង​ធ្វើការ​ងារ​នៅ​ទីក្រុង​បាងកក​ដោយ​សុវត្ថិភាព​។ ពលករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ បញ្ជាក់​ទៀត​ថា អំឡុង​ពេល​ជាប់គុក​រយៈពេល​៣​ថ្ងៃ​នោះ ដោយ​២​ថ្ងៃ​ប៉ូលិស​ថៃ​មិន​បាន​ចែក​បាយ និង​ទឹក​ដល់​ពួក​លោក​ហូប​នោះ​ទេ គឺ​ពលករ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​បាយ​ហូប​ដោយ​ខ្លួនឯង​៖ «គ្រាន់តែ​ជាប់គុក​៣​ថ្ងៃ​ប្រហែល​មួយឆ្នាំ​ហើយ វេទនា​ជាង​អី​ទៀត បើ​មូស​ខាំ​ដេក​ក៏​ពិបាក​ចង្អៀត​គ្នា ប្រហែល​យើង​អ្នកទោស​សម្លាប់​មនុស្ស អ្នក​ទោស​គ្រឿងញៀន អ្នក​វាយ​គេ​វាយ​ឯង​ហើយ។ ខ្ញុំ​ទៅ​ខ្ញុំ​ដឹង​ហើយ​ដើរ​កាត់ទឹក​កាត់​ភក់​កាត់​ព្រៃ​កាត់​ស្រែ ហើយ​ក្រាប​លូន​សុទ្ធតែ​ភក់​ដល់​ក្បាល មាន​អ្នក​ខ្លះ​ដួល​កប់​ភក់​ក៏​មាន។ ខ្ញុំ​ហើយ​ទៅ​ជួយ​ស្រីៗ ជួយ​ស្ពាយ​គេ​ជួយ​អី​មើល មើល​ទៅ​ស្រណោះ​អាណិត ខ្លះ​ចាស់​ហើយ​ពរ​កូន​ពរ​ចៅ​ដើរ​ដួល យូរៗ​មើល​ទៅ​ចង់​លើស​សម័យ​ ប៉ុល ពត ទៅទៀត»។

លោក​បន្ថែម​ថា ប៉ូលិស​ថៃ​បង្ខំ​ពួក​លោក​ឱ្យ​ប្រាក់​បង់ប្រាក់​ម្នាក់ ៦​ពាន់ ៥០០​បាត ឬ​ស្មើ​ប្រមាណ​១៦០​ដុល្លារ ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង បើ​មិន​ដូច្នេះ​ទេ ប៉ូលិស​ថៃ​នឹង​បញ្ជូន​ពួក​លោក​ទៅ​តុលាការ​។ លោក​និយាយ​ថា ប៉ូលិស​ថៃ​បាន​គំរាម​ថា ប្រសិនបើ​ពួកគាត់​មិន​បង់​ប្រាក់​ទេ​នោះ នឹង​បញ្ជូន​ពួក​លោក​ទៅ​តុលាការ ហើយ​អាច​នឹង​ដាក់គុក​រយៈពេល​៣​ខែ។ ពួកលោក​ព្រួយបារម្ភ​ខ្លាច​ជាប់គុក​យូរ​កាន់តែ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ក៏​សម្រេចចិត្ត​បង់ប្រាក់​ឱ្យ​ប៉ូលិស​ថៃ។ ក្រោយមក​ប៉ូលិស​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំង​១៥​នាក់​ត្រឡប់​ទៅ​ទម្លាក់​ចោល​នៅ​ព្រំដែន​ច្រក​របៀង​អូរបីជាន់ ស្រុក​អូរជ្រៅ​។ លោក ស៊ូ ពិសិទ្ធ ឱ្យ​ដឹង​ទៀត​ថា ពួក​លោក​ឈឺចាប់​ម្ដង​នៅ​ប៉ូលិស​ថៃ​យក​ប្រាក់​ហើយ នៅ​ពេល​មក​កម្ពុជា​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​អូរបីជាន់ យក​ប្រាក់​ពី​ពលករ​ថ្លៃ​ដឹកជញ្ជូន​ទៅ​ដល់​ផ្ទះ​ម្នាក់​ពី​៤០០​ទៅ ១​ពាន់​បាត ឬ​ស្មើ​ប្រមាណ​ពី​ជាង ១០ទៅ​៣០​ដុល្លារ​ទៀត ទៅ​តាម​អ្នក​នៅ​ជិត​ឬ​ឆ្ងាយ៖ «ដូច​អត់​គិត​ពី​យើង​សោះ​គិតតែ​ពី​លុយ ដល់​ផ្ទះ​ហើយ​ម្នាក់ៗ ខ្លះ​រាង​ហើយ ខ្លះ​សួរ​ប្រវត្តិ​ទៅ​ថា ជាប់​៣​ដង​ហើយ ម្នាក់ៗ​ខ្ចី​លុយ​គេ​ទៅ​ជាប់គុក​ទាំង ៣​ដង អស់​ម្នាក់​សុទ្ធតែ​២​ពាន់​ដុល្លារ។ខ្លះ​ទៅ​អស់​ជំនឿ​ទៅ ខ្លះ​ទៅ​មិនដឹង​ទៅ​ធ្វើ​អី​អង្គុយ​គិត​ច្រើន មិនដឹង​ថា​ខ្ចី​លុយ​អ្នកណា​បាន​ទៅ​ទៀត»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ទៀត លោកស្រី ឡេន លីសៀង ថ្លែង​ថា ទាហាន​ខ្មែរ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ឃុំ​អូរបីជាន់​បាន​យក​រថយន្ត​ដឹកជញ្ជូន​ពួក​លោក​ស្រី ៤​នាក់​ដល់​ឃុំ​អូរប្រាសាទ ស្រុក​មង្គលបូរី គឺ​យក​ប្រាក់ ២​ពាន់ ៥០០​បាត ឬ​ប្រមាណ​៨០​ដុល្លារ ។​ភ្លាមៗ​ក្រោយ​ពេល​ទៅ​ដល់​ផ្ទះ ស្ត្រី​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ទុក​កូន​អាយុ​ក្រោម​៤​ឆ្នាំ ២​នាក់​ឱ្យ​ម្ដាយ​មើល ហើយ​ទៅ​ខ្ចីប្រាក់​ពី​អ្នកភូមិ​ក្បែរ​ខាង​គ្នា​យក​ទៅ​បង់​ឱ្យ​មេ​ខ្យល់ ដើម្បី​នាំ​លោកស្រី និង​ប្ដី​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ។ លោកស្រី​បន្ត​ថា មូលហេតុ​ដែល​ប្រញាប់​ទៅ​ប្រទេស​ថៃ​ដោយសារ​គ្រួសារ​គាត់​ជីវភាព​ក្រីក្រ ហើយ​អត់​ការងារ​នៅក្នុង​ស្រុក ស្រប​ពេល​ដែល​លោកស្រី​ជំពាក់​ប្រាក់​ធនាគារ​ប្រមាណ ៥​ពាន់​ដុល្លារ (៥.០០០) ដែល​បាន​ខ្ចី​គេ​ធ្វើស្រែ និង​ដាំ​ដំណាំ​ខាត​ដើមទុន​កាល​ពី​ឆ្នាំ​២០២០​។ បច្ចុប្បន្ន​គ្រួសារ​លោកស្រី​បាន​ទៅ​ដល់​ទីក្រុង​បាងកក​ហើយ ដោយ​បង់ប្រាក់​ឱ្យ​មេខ្យល់​ម្នាក់​ជាង​៦​ពាន់​បាត ឬ​ស្មើ​ប្រមាណ​២០០​ដុល្លារ ប៉ុន្តែ​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ៖ «ពេល​ថ្ងៃ​គេ​យក​ទៅ​ដាក់​ក្នុង​ដុប​យប់​ឡើង​ឆ្លង​ទៅ​គេ​ឱ្យ​ដេក​ផ្ទះ​មេខ្យល់​ខាង​ថៃ។ ចងការ​អ្នកស្រុក បើ​មិន​អីចឹង​ទេ​មិន​មាន​អី​សង​ធនាគារ​មិន​មាន​អី​ឱ្យ​កូន​បៅ កូន​ខ្ញុំ​ទើបតែ​៦​ខែ​ឱ្យ​ម៉ែ​មើល​ឱ្យ។ ខ្ញុំ​អាណិតកូន​ដែរ តែ​មិនដឹង​ធ្វើ​ម៉េច បើ​មិន​មក​មិន​មាន​លុយ​ណា សង​ធនាគារ មាន​លុយ​ណា​ឱ្យ​កូន​បៅដោះ។ ខ្ញុំ​ទាល់តែ​សង​គេ​អស់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បើ​មិន​អីចឹង​ទៅ​ផ្ទះ​មិនកើត​ទេ បើ​ឆ្លងដែន​មក​ថៃ​លំបាក​បែប​នេះ»។

ក្រុម​ពលករ​ទាំងនេះ​ឱ្យដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​រាប់​រាយ​នាក់​បាន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុង​ឃុំ​អូរបីជាន់ ហើយ​ភាគច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ការពារ​ព្រំដែន លោក អ៊ុំ សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​តំបន់​ព្រំដែន​ខេត្តបន្ទាយមានជ័យ​មិន​សូវ​មាន​ពលករ​ឆ្លង​ដែន​ច្រើន​នោះ​ទេ​។ លោក​បន្ត​ថា ពលករ​ដែល​ថៃ​ចាប់បាន​នៅ​តំបន់​ព្រំដែន ភាគច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​មាន​ការ​ដាក់​គុក​ឡើយ៖ «វា​អត់​មាន​បង​អត់​មាន​ឆ្លងដែន​ទេ ។​កុងស៊ុល​គាត់​នៅ​ហ្នឹងឯង​កុងស៊ុល​នៅ​ប្រចាំ​ស្រះ​កែវ​មាន​តើ​បង ចាំ​អន្តរាគមន៍​។​មក​ខាង​ខ្ញុំ​ក៏បាន ទៅ​ខាង​កុងស៊ុល​ក៏បាន តាមតែ​គាត់​ទាក់ទង​មក​បង ។​បាទ គេ​ចាប់​ភ្លាម​គេ​រុញ​មក​ខាងយើង​ភ្លាម​គេ​អត់​ទុក​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទក់​ទង​មន្ត្រី​អង្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ពី​បញ្ហា​ប៉ូលិស​ថៃ​ចាប់​ពលករ​ខ្មែរ​ដាក់គុក​ហើយ​បង្ខំ​បង់ប្រាក់​នេះ​បានទេ​នៅ​ថ្ងៃទី​១៨ វិច្ឆិកា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សង្កេត​ឃើញ​ថា សព្វថ្ងៃ​មាន​ពលករ​ជាច្រើន​នាក់​នាំគ្នា​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ លោក​បន្ត​ថា ការ​ឆ្លង​ដែន​អំឡុង​ពេលនេះ​គឺ​ពលករ​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន ដូចជា ប្រឈម​នឹង​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក ទាហាន​ថៃ​បាញ់​ស្លាប់ ពស់​ចឹក និង​ជាន់​មីន​ជាដើម​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពលករ​ឆ្លងដែន​នៅ​ពេល​នេះ ដោយសារ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ ហើយ​អត់​ការងារ​ធ្វើ​នៅក្នុង​ស្រុក និង​ជំពាក់​បំណុល​ធនាគារ​៖ «បើជា​ប្រទេស​ខ្លាំង​ជា​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង ប្រទេសជិតខាង​គេ​អត់​ហាន​បំពារបំពាន​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ។ ប៉ុន្តែ​បើសិនជា​ប្រទេស​យើង​ទន់ខ្សោយ​អីចឹង​ប្រទេសជិតខាង​តែងតែ​ធ្វើ​អ្វី​បំពារបំពាន​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន។ អ៊ីចឹង​រដ្ឋាភិបាល​ដែល​មាន​ទូត​មាន​អង្គ​កុងស៊ុល​មានអី​ហ្នឹង​ដែល​នៅ​ជាប់​ព្រំដែន​ហ្នឹង​គួរតែ​ម្នីម្នា​ដោះស្រាយ​អំពី​បញ្ហា​ហ្នឹង»។

របាយការណ៍​អាជ្ញាធរ​ថៃ​ឱ្យ​ដឹង​ថា រយៈពេល ១​សប្ដាហ៍​នៅ​ដើម​ខែ​វិច្ឆិកា មាន​ពលករ​ខ្មែរ​ជិត ១​ពាន់​នាក់ (៩៩៦) ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ក្នុង​ពេល​ពួកគេ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​។ ក្នុង​នោះ​ពលករ​ភាគច្រើន​ឆ្លងដែន​តាម​ច្រករបៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។

សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​ទៅ​ភាគី​ថៃ បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ នៅ​ចំណុច​ណាមួយ ដើម្បី​សម្រួល​ដល់​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​គ្រាអាសន្ន​នេះ ដោយ​មិន​មាន​ការ​ចាប់ខ្លួន និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ។ លោក​ជឿជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​នោះ ពលករ​ខ្មែរ​ជាច្រើន​នាក់​ប្រឈម​នឹង​ចាញ់បោក​មេខ្យល់​នាំ​ឆ្លងដែន​ទាំង​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​បន្ត​ទៀត​ជាមិនខាន៕

No comments: