ដោយ ទីន ហ្សាការីយ៉ា
2021-11-18
រូប៖ ហ្វេសប៊ុកអ្នកស្រី មូរ សុខហួរ
ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាមទារឲ្យរដ្ឋាភិបាល និងតុលាការបើកផ្លូវឲ្យពួកគាត់បានចូលតតាំងក្ដីក្នុងតុលាការដោយគ្មានការរារាំងដូចលើកមុនៗ ទៀត។ ការទាមទារបែបនេះ គឺបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកោះហៅក្រុមមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ៤២នាក់ដែលភាគច្រើនរស់នៅក្រៅប្រទេសឲ្យចូលរួមសវនាការសំណុំរឿង "រួមគំនិតក្បត់" និង "ញុះញង់" នៅដើមខែធ្នូខាងមុខ។ ប្រធានតុលាការក្រុងភ្នំពេញ ឆ្លើយតបថា រឿងមន្ត្រីគណបក្សសង្គ្រោះជាតិ ចង់វិលចូលកម្ពុជា ដើម្បីតតាំងក្ដីក្នុងតុលាការ គឺមិនពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់តុលាការនោះទេ។
ក្រុមថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស នៅតែមានឆន្ទៈចង់វិលចូលប្រទេសកម្ពុជាវិញ ដើម្បីតតាំងក្ដីក្នុងតុលាការដដែល។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ទាមទារឲ្យរដ្ឋាភិបាល និងតុលាការ ឈប់បង្កើតឧបសគ្គរារាំង និងត្រូវផ្តល់វីសា (Visa) ឬផ្តល់សុពលភាពលិខិតឆ្លងដែនជូនមន្ត្រីបក្សប្រឆាំងទាំងអស់ឡើងវិញ ដើម្បីឲ្យពួកគាត់បានចូលទៅតតាំងក្ដីនៅតុលាការ។ អ្នកស្រីបញ្ជាក់ថា ពួកគាត់ មានសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌ នៅចំពោះមុខតុលាការ ដោយគ្មានការរារាំងនោះទេ៖ «នៅពេលដែលខ្ញុំឃើញដីកានោះ ខ្ញុំនឹងដាក់សំណើជាថ្មីម្ដងទៀត ទៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវ៉ាស៊ីនតោន ឌីស៊ី (Washington DC) ដើម្បីត្រឡប់ទៅប្រទេសកម្ពុជាដែលជាមាតុភូមិរបស់ខ្ញុំនៅក្នុងការប្រឈមមុខ ឆ្លើយតបនឹងការចោទប្រកាន់នៃតុលាការរបស់លោក ហ៊ុន សែន»។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បន្ថែមទៀតថា បើរដ្ឋាភិបាលនៅតែបន្តបដិសេធក្នុងការផ្តល់ទិដ្ឋាការ ឬសុពលភាពលិខិតឆ្លងដែនទៀតនោះបង្ហាញថា រដ្ឋាភិបាល កំសាក គ្មានការទទួលខុសត្រូវ និងកំពុងរំលោភបំពានច្បាប់ធ្ងន់ធ្ងរ។ អ្នកស្រី សង្កត់ធ្ងន់ថា ក្នុងករណីបែបនេះ តុលាការគួរតែក្លាហានចាត់វិធានការច្បាប់ទៅលើមន្ត្រីរដ្ឋាភិបាល ដែលរារាំងពួកគាត់ ឬត្រូវទម្លាក់ចោលការចោទប្រកាន់លើ ពួកគាត់ទាំងស្រុងតែម្ដង។
សកម្មជនបក្សប្រឆាំងមួយរូបដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក រិន រដ្ឋ លើកឡើងថា លោក ក៏មានជំហរដូចថ្នាក់ដឹកនាំបក្សប្រឆាំងដែរក្នុងការវិលចូលទៅកម្ពុជា វិញ ដើម្បីចូលរួមសវនាការនៅពេលខាងមុខនេះ។ លោកជំរុញដល់តុលាការបង្គាប់ទៅរដ្ឋាភិបាល ឲ្យបញ្ឈប់ការរារាំងដូចលើកមុនៗ ទៀត៖ «យើងឃើញថា តុលាការ កោះ តែលោក ហ៊ុន សែន បិទដូច្នេះខ្ញុំសុំឲ្យលោក ហ៊ុន សែន មានសេចក្ដីក្លាហាន ដើម្បីបើកចំហឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលទៅតតាំងក្តីជាមួយតុលាការដោយស្មើមុខស្មើមាត់»។
ការលើកឡើងនេះ គឺក្រោយពេលព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាកោះហៅថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងចំនួន ៤២នាក់ឲ្យចូលរួមសវនាការនៅថ្ងៃទី៧ ខែធ្នូខាងមុខ ក្នុងសំណុំរឿង "រួមគំនិតក្បត់” និង "ញុះញង់” ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩។ ក្នុងចំណោមអ្នកដែលត្រូវបានកោះហៅនោះ រួមមានទាំងលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាដើម។ ក្នុងសំណុំរឿងនេះ មានជនជាប់ចោទសរុបទាំងអស់ជាង ១៣០នាក់ ប៉ុន្តែតុលាការ បានបំបែកជាពីរក្រុម ដូច្នេះនៅមានជនជាប់ចោទមួយក្រុមធំទៀត ដែលតុលាការមិនទាន់កោះហៅនៅឡើយ។
កាលពីដើមឆ្នាំ២០២១ អ្នកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានព្យាយាមវិលចូលប្រទេសកម្ពុជា ដើម្បីតតាំងក្ដីក្នុងតុលាការដែរ ប៉ុន្តែត្រូវបានបរាជ័យ ដោយសាររដ្ឋាភិបាល មិនផ្តល់ទិដ្ឋាការ ឬវីសា (Visa)។
ឆ្លើយតបរឿងនេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ លើកឡើងថា ខាងតុលាការ ដឹងត្រឹមតែចេញដីកាកោះហៅប៉ុណ្ណោះ ហើយមន្ត្រីបក្សប្រឆាំងចូលមកតាមរបៀបណា គឺរឿងរបស់ពួកគាត់។ លោកបញ្ជាក់ថា តុលាការមិនអាចធ្វើអ្វីលើសពីនេះបានទេ៖ «ការងារខាងខ្ញុំ គឺធ្វើការទៅតាមនីតិវិធីតុលាការទេ។ ក្រៅពីនេះ ខ្ញុំអត់ដឹងដែរ មិនដឹងថា ផ្សេងទៀត គឺអត់ដឹងទេ។ អ្វីដែលខ្ញុំបានដឹង គឺតាមដែលនីតិវិធីតុលាការ ហើយខាងព្រះរាជអាជ្ញាទេ គាត់អ្នកកោះអញ្ជើញនេះ ហើយ ការងារផ្សេងទៀត ខ្ញុំអត់ដឹងដែរ»។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនឆ្លើយតបរឿងនេះទេ។ អាស៊ីសេរី ក៏មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរទេសលោក កុយ គួង និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយទូរស័ព្ទចូលពុំ មានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី មន្ត្រីបក្សប្រឆាំង និងអ្នកជំនាញច្បាប់ យល់ថា ប្រសិនបើតុលាការឯករាជ្យ ស្ថាប័នរកយុត្តិធម៌មួយនេះ ត្រូវចេញលិខិតបង្គាប់ទៅរដ្ឋាភិបាលឲ្យបើកផ្លូវសម្រាប់មន្ត្រីបក្សប្រឆាំងចូលស្រុកវិញ។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើតុលាការបានចេញដីកាកោះហៅមន្ត្រីបក្សប្រឆាំងចូលរួមសវនាការរួចហើយ តុលាការ ក៏អាចបង្គាប់ទៅរដ្ឋាភិបាលឲ្យការជួយសម្របសម្រួលឲ្យជនជាប់ចោទ ឬសាក្សីទាំងអស់ ចូលតតាំងក្តីក្នុងតុលាការ ដោយគ្មានការរារាំងដែរ។ អ្នកជំនាញច្បាប់រូបនេះបន្តថា ប្រសិនបើមន្ត្រីគណបក្សសង្គ្រោះជាតិ មានឆន្ទៈចង់ចូលកម្ពុជា ដើម្បីតតាំងក្តី និងបំភ្លឺក្នុងតុលាការ ប៉ុន្តែមានការរារាំង គឺមិនអាចផ្តល់ភាពត្រឹមត្រូវ និងយុត្តិធម៌ពេញលេញបានទេ៖ «រឿងពីរដាច់ដោយឡែកពីគ្នា។ រឿងអំណាចក្នុងការបិទ មិនឲ្យចូលជារឿងរដ្ឋាភិបាល។ចំណែកការកោះហៅជារឿងរបស់តុលាការ។តែតាមពិតទៅ បើតុលាការស្រុកគេ បើតុលាការបង្គាប់អ៊ីចឹង ក៏បង្គាប់ទៅរដ្ឋាភិបាល បើកឲ្យ គេចូលដែរ។ អាហ្នឹងបានវាត្រឹមត្រូវអ៊ីចឹងណា តាមខ្ញុំយល់។ តែតុលាការស្រុកយើង ប្រហែលជាខ្ញុំមិនដឹងថា គាត់ អាចហ៊ានបង្គាប់រដ្ឋាភិបាល បើកឲ្យគេចូលដែរអត់ គឺយើងអត់ដឹង បើសិនអ្នកនោះជាជនត្រូវចោទដែលតុលាការកោះហៅ»។
តុលាការក្រុងភ្នំពេញ ធ្លាប់បានចាប់ផ្ដើមបើកសវនាការសំណុំរឿងនេះជាលក្ខណៈទ្រង់ទ្រាយធំដោយមានថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងជាង ១៣០នាក់ តាំងពីចុងឆ្នាំ២០២០។ ប៉ុន្តែតុលាការ បានផ្អាកសវនាការវិញជាបន្តបន្ទាប់ ចាប់តាំងខែកុម្ភៈ ឆ្នាំ២០២១ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានសកម្មជនច្រើនជាង ២៥នាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ៧ ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿង "រួមគំនិតក្បត់”។ ប៉ុន្តែសាលក្រមផ្ដន្ទាទោសទាំងនោះត្រូវបានសហគមន៍ជាតិ និងអន្តរជាតិរិះគន់ថា ជារឿងមិនត្រឹមត្រូវ និងធ្វើតាមការចង់បានរបស់គណបក្សកាន់អំណាច៕
No comments:
Post a Comment