Monday, 15 November 2021

ក្រុម​សង្គម​ស៊ីវិល​ជិត ៩០ ស្ថាប័ន ស្នើឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​សកម្មជន​សង្គម​ទាំង​អស់


ដោយ សុជីវី
2021-11-15
ក្រុម​សង្គម​ស៊ីវិល​ជិត ៩០ ស្ថាប័ន ស្នើឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​សកម្មជន​សង្គម​ទាំង​អស់ 

សកម្មភាព​របស់​ប្រជាសហគមន៍​លើក​បដា​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​ដីធ្លី បរិស្ថាន និង​ព្រៃឈើ​នា​ពេល​កន្លង​មក។
រូប៖ គេ​ផ្ដល់​ឱ្យ

ក្រុម​​អង្គការ​សង្គមស៊ីវិល​ សមាគម បណ្ដាញសម្ព័ន្ធ សហជីព សហគមន៍​មូលដ្ឋាន​ទាំង​ជនជាតិ​ដើម​ភាគតិច និងទាំងមិនមែន​ភាគតិចចំនួន ៨៥ ស្ថាប័ន នៅថ្ងៃទី១៥ ខែវិច្ឆិកា រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍ ទទូច​ស្នើសុំឱ្យ​ទម្លាក់​រាល់ការ​រាល់ចោទ​ប្រកាន់ទាំង​ឡាយ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការ​ពារ​​ព្រៃឈើ និងធនធាន​ធម្មជាតិទាំងអស់ ឱ្យ​មានសេរីភាព​វិញដោយ​ឥតលក្ខខ័ណ្ឌ។​

អង្គការ​ទាំងនេះ ដែល​រួមមាន​សមាគម​អាដហុក អង្គការ​លីកាដូ និង​មជ្ឈមណ្ឌសិទ្ធិមនុស្ស​កម្ពុជា​ផង ថា​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ការពារ​ធនធាន​ធម្មជាតិ ជាច្រើននាក់​ត្រូវបានរង​ការចោទ​ប្រកាន់ និងចាប់​ឃុំខ្លួន យ៉ាង​អយុត្តិធម៌ ដោយពួក​គាត់គ្រាន់​តែប្រើប្រាស់​សិទ្ធិសេរីភាព​ស្របច្បាប់​ក្នុងការការពារ​ដីធ្លី ​ព្រៃឈើ និងធនធាន​ធម្មជាតិ ដោយ​សន្តិវិធី។


ក្នុងចំណោម​អ្នក​ទាំង​នោះមានលោក លោក ឆន ផល្លា ជាសកម្មជន​ការពារ​ព្រៃឈើដ៏​ឆ្នើមម្នាក់​ប្រចាំខេត្ត​រតនគិរី និង​លោក ផុន ​សុផល តំណាង​សហគមន៍​កសិករ​ឃុំជាំ​ក្រវៀន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំ ដែលកំពុងជាប់ពន្ធនាគារ ពីបទ​ចោទកាប់គាស់ រុករានដីព្រៃ ឆ្កាដុត ឈូសឆាយ​ដីព្រៃ និង​ សម​គំនិតក្នុង​អំពើញុះញង់​ឲ្យប្រព្រឹត្ត​ អំពើបង្កឲ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម។ លោក ឆន​ ផល្លា ត្រូវតុលាការ កាត់ទោសឲ្យជាប់គុក ៥ ឆ្នាំ។ លោក ផុន សុផល ត្រូវតុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល។

សកម្មជន​បី​រូប​ទៀត គឺលោក ចាន់ ធឿន ជា​សមាជិក​សកម្មរបស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ខេត្ដកំពង់ធំ និង​លោក ខេម សុឃី និងលោក សូ ថាល់ ជា​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ដព្រះវិហារ។ នៅពេលនេះ ពួកគាត់​ស្ថិត​នៅក្រៅឃុំ ​ប៉ុន្តែ​សុទ្ធ​តែ​កំពុង​ជាប់​រឿង​ក្តី​ក្តាំ​នៅ​តុលាការ។

អង្គការទាំង​នេះ​បន្តថា សូម្បីតែ​ក្រុមយុវជន​សកម្ម​ក្នុងការចូល​រួមការពារ​បរិស្ថាន ដែល​ត្រូវបាន​ដោះលែង​នាពេលថ្មីៗ​កន្លងមក​ សុទ្ធតែស្ថិតក្រោម​ការត្រួត​ពិនិត្យ ដោយមិន​ទាន់មាន​ការទម្លាក់​ចោលរាល់​ការចោទ​ប្រកាន់នៅ​ឡើយ និងរួម​ទាំងសកម្មជន​សហគមន៍​ដីធ្លី ព្រៃឈើ ធនធាន​ធម្មជាតិដូចជា សមាជិក សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃឡង់ នៅតាម​បណ្តា​ខេត្តនានា​ជាច្រើន​នាក់ផ្សេងទៀត ក៏ត្រូវរង​ការចោទ​ប្រកាន់ និងឃុំខ្លួន​ជាបន្តបន្ទាប់ ក្រោយពួកគេចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្តន៍សិទ្ធិ​របស់ខ្លួន ដោយ​អហិង្សា។

ពួកគាត់​ស្នើសុំឱ្យរាជ​រដ្ឋាភិបាល ​ធានា​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន ផ្អែកតាម​រដ្ឋធម្មនុញ្ញ ​និងច្បាប់សិទ្ធិ​មនុស្ស​អន្តរ​ជាតិ និង​​ឱ្យពួក​គាត់មាន​សេរីភាពពេញលេញ ដើម្បី​ឱ្យពួក​គាត់បាន​ជួបជុំក្រុម​គ្រួសារ និង​បានបន្ត រួមចំណែក​បម្រើក្នុង​ការជួយ​កិច្ចការងារ​សង្គម​បច្ចុប្បន្ន និងទៅ​អនាគត។

វិទ្យុអាស៊ី​សេរី មិនទាន់​អាច​សុំការ​បំភ្លឺ​ជុំវិញ​រឿងនេះ​ពី​តុលាការ​ និង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ៕

1 comment:

Anonymous said...

The SUB PRIME court in Cambodia. This court is simply a tool for Ah Norouk Hun Se to use to suppress Khmer nationalists so that the evil Yuon could strengthen its ambitions to finish Cambodia from the world map.