Saturday, 20 November 2021

អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ជួប​មន្ត្រី​សភា​អឺរ៉ុប ដើម្បី​រម្លឹក​ពី​សេចក្ដី​សម្រេច ២៥ចំណុច​ស្ដីពី​បញ្ហា​កម្ពុជា


ដោយ សេក បណ្ឌិត
2021-11-19
អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ជួប​មន្ត្រី​សភា​អឺរ៉ុប ដើម្បី​រម្លឹក​ពី​សេចក្ដី​សម្រេច ២៥ចំណុច​ស្ដីពី​បញ្ហា​កម្ពុជា 

(ស្ដាំ) អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នកស្រី ស្វែនហា ហាន់ (Svenja Hahn) សមាជិក​សភា​សភាព​អឺរ៉ុប ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២១ នៅ​សភា​អឺរ៉ុប ស្ថិត​នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) នៃ​ប្រទេស​បែលហ្សិក (Belgium)។
រូប៖ ហ្វេសប៊ុកអ្នកស្រី Mu Sochua

 

គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ កំពុង​បំពេញ​ទស្សនកិច្ច និង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​សភា​អឺរ៉ុប​មួយ​ចំនួន ដើម្បី​តាមដាន​និង​រម្លឹក​ឡើងវិញ​នូវ​សេចក្ដី​សម្រេច ២៥ចំណុច​ស្ដីពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​សភា​អឺរ៉ុប បាន​អនុម័ត កាលពី​ដើម​ឆ្នាំ២០២១។ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល ​ចាត់ទុកថា ​ជំនួប​រវាង​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សភាអឺរ៉ុប គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ជឿ​ថា បេសកកម្ម​ការទូត​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ ​នឹង​អាច​​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ កំពុង​បំពេញ​បេសកកម្ម​ការទូត រយៈ​ពេល ៦ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២២ វិច្ឆិកា នៅ​សភា​អឺរ៉ុប ដែល​ស្ថិត​នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) នៃ​ប្រទេស​បែលហ្សិក (Belgium)។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី មូរ សុខហួរ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ប្រទេស​បារាំង (France) កញ្ញា លិម កណ្ណិកា ព្រមទាំង​តំណាង​នៅ​ប្រទេស​បែលហ្សិក លោក ហុក ឈៀងអាន បាន​ជួប​ប្រជុំ​ជាមួយ​សមាជិក​សភា​អឺរ៉ុប​ជា​ច្រើន​រូប ដូច​ជា អ្នកស្រី ស្វែនហា ហាន់ (Svenja Hahn) អនុប្រធាន​ចលនា​សេរីនិយម​អន្តរជាតិ លោក អ៊ីមៀល ឃើចាស (Emil Kirjas) ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ច្បាប់​របស់​សភា​អឺរ៉ុប លោក អាឌ្រីអាន វ៉ាហ្គាស ឡាហ្សារ៉ា (Adrián Vázquez Lázara) រួម​ទាំង សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ទៀត។


អ្នកស្រី មូរ សុខហួរ ថ្លែង​ថា ក្នុង​ជំនួប​ទាំង​នោះ អ្នកស្រី​បាន​ជជែក​អំពី​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ពិនិត្យ​មើល​ថា តើ​សេចក្ដី​សម្រេច ២៥ចំណុច​ដែល​សភា​អឺរ៉ុប បាន​អនុម័ត​ កាល​ពី​ខែ​មីនា ឆ្នាំ២០២១ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស​នោះ បាន​អនុវត្ត​និង​មាន​លទ្ធផល​កម្រិត​ណា​ដែរ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​ជម្រាប​ដល់​សមាជិក​សភា​អឺរ៉ុប​ថា ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ នៅតែ​អាក្រក់​ដដែល និង​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​បន្ថែម​ទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល កែ​លម្អ​ឡើងវិញ​ជា​បន្ទាន់ ខណៈ​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់៖ «ខ្ញុំ​បាន​និយាយ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការពិត​ គឺ​ការ​ចាប់​ចង សកម្មជន​យើង ការ​ចាប់ចង​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន ។ល។ ព្រមទាំង​ករណី របស់​លោក កឹម សុខា នៅ​ដដែល ហើយ​យើង​ខ្ញុំ​នៅតែ​ទទួល​រង​នូវ​ទណ្ឌកម្ម​តាម​ផ្លូវ តុលាការ​ដដែល។ ខាង​សមាជិក​សភា​អឺរ៉ុប គេ​ថា ស្ថានការណ៍​នេះ​ជា​ការ​ពិត​ព្រោះ​គេ ក៏បាន​តាម​ដាន​ដែរ។ស្ថានការណ៍​សិទ្ធិមនុស្ស​នេះ​ធ្ងន់ធ្ងរ​ណាស់ ​ហើយ​ជាពិសេស​គេ​ដឹង​អំពី​ការ​ជិត​បោះឆ្នោត​ឆ្នាំ២០២២​ផង ។ គេ (សមាជិក​សភា​អឺរ៉ុប) នឹង​សួរ​ទៅ​គណៈកម្មការ​នៃ​សហគមន៍​អឺរ៉ុប​អំពី​ការ​អនុវត្ត ដូច​ជា ការ​ដក EBA ២០ភាគ​រយ។ល។ តើ​មាន​ប្រសិទ្ធភាព​យ៉ាង​ម៉េច»។

កាល​ពី​ខែមីនា កន្លង​ទៅ សភា​អឺរ៉ុប​បាន​អនុម័ត សេចក្តី​សម្រេច ២៥ចំណុច ថ្កោល​ទោស​អំពើ​រំលោភ​​សិទ្ធិ​មនុស្ស និង​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ចំណុច​ទាំង​នោះ​មាន​ដូច​ជា ការ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​លុបចោល​សាលក្រម​សម្រេច​កាត់ទោស​​មន្ត្រី​​ជាន់ខ្ពស់​​បក្ស​ប្រឆាំង​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​​ឥត​លក្ខខណ្ឌ ព្រមទាំង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ជា​ដើម។ សភា​អឺរ៉ុប ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អឺរ៉ុប ​អនុម័ត​វិធានការ​រឹតត្បិត​នានា ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​​នយោបាយ ​និង​កង​កម្លាំង​ប្រដាប់​​អាវុធ​នៅ​កម្ពុជា ដែល​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ» ចំពោះ​ការ​រម្លាយ​​គណបក្ស​​​សង្គ្រោះ​ជាតិ និង​ចាត់វិធានការ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​របស់​មន្ត្រី​កម្ពុជា​ទាំងនោះ ដោយ​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាសាកល​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស។

ឆ្លើយតប​ចំពោះ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន លើក​ឡើង​ថា ដំណើរ​របស់​អ្នកស្រី​ មូរ សុខហួរ ​ទៅ​ជួប​មន្ត្រី​សភា​អឺរ៉ុប​គឺជា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ដូច្នេះ​លោក​គ្មាន​អ្វី​ឆ្លើយតប​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ​រដ្ឋាភិបាល ​ក៏​ខ្វាយខ្វល់​ខ្លះ​ដែរ​អំពី​កា​រដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ មិន​អាច​យក​អធិបតេយ្យ​ជាតិ ​ទៅ​ដោះដូរ​នឹង​ផល​ប្រយោជន៍​អ្វី​មួយ​ឡើយ៖ «ទី១ កម្ពុជា​ មាន​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​ មាន​រដ្ឋាភិបាល​មួយ ខ្លួនឯង​ យើង​មិន​ស្ថិត​ក្រោម​អាណានិគម​បរទេស​ណាមួយ​ទេ។ ទោះបី​លោកស្រី មូរ សុខហួរ អញ្ជើញ​ទៅ​ដល់​ឋានសួគ៌​ទៀត ក៏​ពិបាក​មក​ត្រួតត្រា​លើ​កម្ពុជា​ដែរ។ នេះ​ជា​ចម្លើយ​របស់​ខ្ញុំ។ រឿង​គេ​ទម្លាក់​បទ​ចោទ​ប្រកាន់​អី គឺ​ជា​រឿង​របស់​តុលាការ ដែល​រាជរដ្ឋាភិបាល​ មិន​អាច​លូកលាន់​បាន​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី មូរ សុខហួរ ថ្លែង​ថា ចំណាត់​ការ និង​ការ​ទាមទារ​របស់​សភា​សហភាព​អឺរ៉ុប​កន្លងមក គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «តើ​រដ្ឋាភិបាល​ លោក ហ៊ុន សែន អាច​រស់​ដោយ​ខ្លួន​ឯង​បាន​ទេ ឬ​មួយ​ក៏​នៅតែ​រំពឹង​តែ​លើ​ជំនួយ​របស់​ចិន។ អា​ហ្នឹង ត្រូវ​គិត​គ្នា​មែន​ទែន។ ចំពោះ​យើង ជា​អ្នក​ប្រជាធិបតេយ្យ ​យើង​ត្រូវការ​ជំនួយ​ពី​ប្រទេស​ប្រជាធិបតេយ្យ ​ហើយ​ជំនួយ​ទាំង អស់​នោះ​គឺ​លក្ខខណ្ឌ​គេ គឺ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ»។

កាល​ពី​ខែ​សីហា ឆ្នាំ​ ២០២០ សហភាព​អឺរ៉ុប ​បាន​ដកហូត​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ហៅ​កាត់​ថា EBA ចំនួន ២០% ពី​កម្ពុជា។ វិធានការ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់ឡូត ពិនិត្យ​ឃើញ​ថា ក្រោយ​ពេល​ធូរ​ស្រាយ​នៃ​ជំងឺ​កូវីដ ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ បាន​ចាប់​ផ្ដើម​សកម្មភាព​ការ​ទូត​ខ្លាំងក្លា​ឡើងវិញ ដូច​ជា ថ្មីៗ នេះ លោក សម រង្ស៊ី បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋ​អាមេរិក​ពីរ​លើក ខណៈ​អ្នកស្រី ​មូរ សុខហួរ ​បំពេញ​ទស្សនកិច្ច​នៅ​សភា​អឺរ៉ុប​ជា​ដើម។ ចំណែក​នៅ​ក្នុង​ស្រុក​វិញ តំណាង​ទូត​នានា នៅ​តែ​បន្ត​ជួប​ជាមួយ​លោក កឹម សុខា ជា​បន្ត​បន្ទាប់​ផង​ដែរ។ លោក​យល់​ថា ការណ៍​ដែល​រដ្ឋាភិបាល នៅ​មាន​ភាព​ក្រអឺតក្រទម​ ព្រោះ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​កន្លង​មក​នៅ​ធូរស្រាល​នៅ​ឡើយ។ ប៉ុន្តែ​លោក​ជឿ​ថា បេសកកម្ម​ការ​ទូត​របស់​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង និង​បញ្ហា​នៅ​ក្នុង​តំបន់​ផង នឹង​ធ្វើឲ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ បង្កើន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា៖ «បើ​កម្ពុជា (រដ្ឋាភិបាល) គិត​ថា​ចិន​នឹង​ជួយ​កម្ពុជា​ ជួយ​គណបក្ស​កាន់អំណាច ​អាច​គ្រប់គ្រង​អំណាច ​ឬ​ប្រឈម​នឹង​ប្រទេស​សេរី​ ខ្ញុំ​គិត​ថា​ជា​ការ​គិត​មួយ​ខុស ​ហើយ​ជា​ការ​នាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វិបត្តិ ​អាច​ជា​វិបត្តិ​នយោបាយ​ផង ​និង​វិបត្តិ​សេដ្ឋកិច្ច​ផង។យើង​ឃើញ​ថា​ សហរដ្ឋអាមេរិក ​ក៏ដូចជា​សហភាព​អឺរ៉ុប គេ​បាន​ត្រៀម​ដាក់​ទណ្ឌកម្ម​បន្តបន្ទាប់​ទៀត បើ​សិន​បើ​ការ​ចរចា ឬ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ វា​មិន​មាន​លទ្ធផល​ប្រសើរ​នោះ»។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ចរចា​បញ្ចប់​វិបត្តិ ​នយោបាយ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ដើម្បី​រក្សា​ផល​ប្រយោជន៍​ជូន​ប្រជា​រាស្ត្រ និង​ប្រទេស​ជាតិ។ ពួកគាត់ ​ជឿ​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន នៅ​តែ​មិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ នោះ​សហភាព​អឺរ៉ុប នឹង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ទៀត​លើ​មន្ត្រី​រដ្ឋាភិបាល និង​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត​ជា​ដើម៕

No comments: