Khmer Circle: Will Hun Sen also retrieve all the logs that are still in Vietnam?
🔺🔺🔺
ដោយ ជី វិតា
2021-11-08
កំណាត់ឈើប្រភេទជិតផុតពូជនាំចេញពីកម្ពុជាចំនួន ៧កុងតឺនើរ ស្មើនឹង ២១១តោន ដែលអាជ្ញាធរគយ ក្រុងហុងកុង រឹបអូសបាន ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានគយ ហុង កុង
សកម្មជនការពារព្រៃឈើ និងពលរដ្ឋប្រតិកម្ម នឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទម្លាក់កំហុសលើពលរដ្ឋថា នាំគ្នាទៅកាប់ឈើដើម្បីសង់ផ្ទះ បណ្ដាលឱ្យបាត់បង់ព្រៃឈើ។ លោក ហ៊ុន សែន ព្រមានថា នឹងរុះរើផ្ទះរបស់ពលរដ្ឋទាំងអស់ ដែលសង់ក្រោយឆ្នាំ១៩៧៩ ដើម្បីប្រមូលឈើដែលបាត់បង់មកវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដីបន្ទោសពលរដ្ឋ និងអ្នកដែលរិះគន់លោករឿងបាត់បង់ព្រៃឈើថា នាំគ្នាទៅទិញឈើ ដើម្បីសង់ផ្ទះ លើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃឈើ ហើយបែរជានាំគ្នាមកទម្លាក់កំហុសមកលើលោកទៅវិញ។ លោកគំរាមអ្នករិះគន់រុះរើផ្ទះរបស់ពលរដ្ឋទាំងអស់ ដែលសង់ពីឈើ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងរៀបចំដែនដី ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ វិច្ឆិកា៖ «កាប់អស់ឈើហើយ ខ្ញុំថា បានអូខេ! ឥឡូវដើម្បីប្រមូលឈើមកវិញ វាយកម្ទេចផ្ទះចោលទាំងអស់ អាណាកសាងក្រោយឆ្នាំ៧៩ វាយយកទាំងអស់ ព្រោះឈើវានៅក្នុងផ្ទះអ្នកទាំងនោះ។ ម្នាក់ៗ នាំគ្នាជេរតែ ហ៊ុន សែន បណ្ដោយឱ្យគេកាប់ឈើ គ្មានពីណាគេបណ្ដោយទេ តែឈើវាត្រីកាប់ ខ្លះកាប់រកឧសដុតផង ធ្យូងផង រឿងរ៉ាវវាច្រើនណាស់»។
សកម្មជនការពារព្រៃឈើ និងពលរដ្ឋចាត់ទុកការលើកឡើងបែបនេះ ជាការមិនទទួលស្គាល់ការពិត និងខ្វះទំនួលខុសត្រូវ។
ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី លោកស្រី តេះ ស្រីនិច មិនយល់ស្របចំពោះការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ លោកស្រីថា ការនាំឈើទៅលក់នៅប្រទេសវៀតណាម គឺជាប្រភពចម្បងមួយ នាំឱ្យបាត់បង់ព្រៃឈើ ព្រោះប្រទេសនេះ បានជះលុយជាច្រើន ដើម្បីប្រមូលទិញឈើពីកម្ពុជាជាច្រើនឆ្នាំមកហើយ។ លោកស្រីថា នៅពេលដែលប្រទេសជិតខាងទទួលទិញឈើពីកម្ពុជា ធ្វើឱ្យទីផ្សារឈើហក់ឡើងថ្លៃខ្ពស់ បង្កើតឱ្យមានចលនាកាប់ឈើ និងជួញដូរឈើ ក្នុងទីផ្សារងងឹត ដែលមានការឃុបឃិតគ្នាជាប្រព័ន្ធ៖ «វាមិនសមស្របតែម្តង ការលើកឡើងរបស់គាត់ ពង្រឹងសមត្ថភាព និងពង្រឹងសហគមន៍តាមភូមិ ឱ្យយល់ដឹងច្បាប់ ឬក៏ឱ្យគាត់ការពារទាំងអស់គ្នាទៅ។ អ្នកភូមិគាត់មិនសូវហ៊ានប៉ុន្មានទេ ណាស់តែអ្នកដឹងច្បាប់ហើយបំពាន បានខ្លាំងជាងសហគមន៍ទៀត។
ឡានដឹកឈើនេះ ពលរដ្ឋអះអាងថា ក្នុងចំណោមឡានដឹកឈើជាច្រើនគ្រឿងទៀត ដែលឈ្មួញដឹកទៅប្រទេសវៀតណាម កាត់តាមស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
ពលរដ្ឋម្នាក់ទៀត រស់នៅខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន ចាត់ទុកការលើកឡើងរបស់ថ្នាក់ដឹកនាំរដ្ឋបែបនេះ គឺជាភាពទាល់ច្រកមួយ មិនអាចទប់ស្កាត់បទល្មើសព្រៃឈើបាន ទើបប្រើលេសឆ្លើយដោះសាគេចពីការទទួលខុសត្រូវ។ លោកបន្ថែមថា មានបញ្ហាមួយចំនួន ជាផ្នែកមួយនាំឱ្យព្រៃឈើបាត់បង់ គឺមន្ត្រីបម្រើបក្ស ជាងបម្រើជាតិ ហើយឈ្មួញជួញដូរឈើខុសច្បាប់ បានចំណាយធនធានជាច្រើន ដែលចំណេញពីព្រៃឈើ ទៅទ្រទ្រង់បក្សកាន់អំណាច ហើយគ្មានមន្ត្រីរដ្ឋាភិបាលណាហ៊ានអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនោះទេ៖ «បើសិនជាពលរដ្ឋកាប់ឈើធ្វើផ្ទះ វាមិនចេះអស់ព្រៃបានទេ បើវាចេះអស់ តាំងពីសង្គមរាស្ត្រនិយមមក។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដូចចម្រៀងគេថា ល្មមហើយណាស្រី នេះដូចគ្នាល្មមហើយរឿងព្រៃឈើ ឱ្យក្មេងយើងជំនាន់ក្រោយ ស្គាល់ធ្នង់ ស្គាល់នាងនួន ផង ព្រោះស្រុកខ្មែរមានសព្វគ្រប់ណាស់។ បើលោកបំផ្លាញអស់ តើកូនខ្មែរកើតក្រោយ តើកូនចៅយើងម៉េចស្គាល់ព្រៃឈើ»។
ចំណែកសមាជិកសហគមន៍បណ្ដាញព្រៃឡង់ ខេត្តកំពង់ធំ គឺលោក ស្រី ថី មើលឃើញថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន ជាច្រើននៅជុំវិញតំបន់ព្រៃឡង់ និង តំបន់ផ្សេងទៀត ធ្វើអាជីវកម្មឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ។ លោកថា វត្តមានក្រុមហ៊ុនទាំងនោះ នាំឱ្យព្រៃឈើក្នុងដែនការពារ និងក្រៅដែនអភិរក្ស វិនាសហិនហោច ដោយសារក្រុមឈ្មួញ បានបើកដេប៉ូអារឈើ និងស្តុកឈើ ក្នុងទីតាំងរបស់ក្រុមហ៊ុន ដើម្បីកាប់ឈើខុសច្បាប់ ធ្វើអាជីវកម្ម៖ «មន្ត្រីត្រូវរ៉ូវគ្នាជាមួយបទល្មើសដែរ បានអស់ព្រៃឈើច្រើន បើឱ្យពលរដ្ឋទៅកាប់ឈើធ្វើផ្ទះ អត់អ៊ីចឹងវាមិនមែនដូចគាត់និយាយទេ។ គាត់ធ្វើបានតាមក្បាលស្រែចម្ការ បើឈើក្នុងព្រៃឡង់ តើមានពលរដ្ឋណាចូលបាន? ឈើក្នុងព្រៃឡង់បាត់បង់ដោយសារនរណា មន្ត្រីបរិស្ថានការពារមិនបាន វាយ៉ាងម៉េច?»។
ឯសកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ សង្កេតឃើញថា ឈើភាគច្រើន ដែលពលរដ្ឋយកមកធ្វើផ្ទះ គឺពួកគាត់ទៅទិញពីឃ្លាំងឈើនៅទីផ្សារ ដែលមានការបង់ពន្ធត្រឹមត្រូវ ហើយក៏មានពលរដ្ឋក្រីក្រតិចតួចប៉ុណ្ណោះ ដែលរស់នៅជាប់តំបន់ព្រៃ ចូលព្រៃកាប់ឈើ ដើម្បីសង់ផ្ទះលក្ខណៈគ្រួសារ ដោយមានការស្នើសុំពីអាជ្ញាធរភូមិ/ឃុំ។ លោកថា អ្នករកស៊ីកាប់បំផ្លាញព្រៃឈើភាគច្រើន ជាក្រុមអ្នកមានអំណាច ជាឧកញ៉ា មន្ត្រីយោធា នគរបាលជាន់ខ្ពស់ និងមន្ត្រីកំពូលៗ របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ពួកគេទាំងនោះ កម្រឃើញ សមត្ថកិច្ចអនុវត្តច្បាប់ណាស់ បើទោះបីមានជាប់ពាក់ព័ន្ធជំនួញឈើខុសច្បាប់ក្ដី ហើយប្រសិនបើមានការអនុវត្តច្បាប់ លុះត្រាតែមានបទបញ្ជាពីថ្នាក់លើម្ដងម្កាល៖ «អ្នកដែលមានងារជាឧកញ៉ា និងអ្នកមានលុយហ្នឹងហើយ បំផ្លាញព្រៃឈើនៅកម្ពុជា មិនមែនជាពលរដ្ឋតូចតាចទេ។ បើសិនជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ចង់ស្ដារមុខមាត់ គួរតែចាត់វិធានការលុបបំបាត់បង់អំពើពុករលួយ លើមន្ត្រីទាំងអស់ហ្នឹង ហើយទៅចាប់មន្ត្រីទាំងអស់នោះ ដាក់ពន្ធនាគារ ទើបអាចរក្សានៅព្រៃឈើបាន»។
សកម្មជនព្រៃឈើរូបនេះបន្ថែមថា អំពើពុករលួយ និងការអនុវត្តច្បាប់ធូររលុង គឺជាដើមចមធ្វើឱ្យព្រៃឈើវិនាសហិនហោច ព្រោះមន្ត្រីមួយចំនួន បានឃុបឃិតជាមួយ ឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើ ទើបធ្វើឱ្យវិបត្តិព្រៃឈើគ្មានច្រកចេញ។
ក្រៅពីនិយាយដៀមដាមចំពោះអ្នករិះគន់ រឿងបាត់បង់ព្រៃឈើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីបញ្ហាទឹកលិច ក្នុងក្រុងភ្នំពេញពេលមានភ្លៀងធ្លាក់ម្ដងៗ។ លោកអះអាងថា ទឹកលិចទីក្រុង ពុំមែនមកពីការលុបបឹងធម្មជាតិ ដើម្បីអភិវឌ្ឍន៍នោះទេ គឺជាបាតុភូតធម្មជាតិ៕
1 comment:
Khmer natural resource Roleuy.
Why does Ah Roleuy Hun Sen not Roleuy ?
Post a Comment