Saturday, 11 December 2021

ចិន​ថ្កោលទោស​អាមេរិក​រឿង​ដាក់​ទណ្ឌកម្ម​កម្ពុជា ខណៈ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ប្រមូល​អាវុធ​អាមេរិក​យក​ទៅ​កម្ទេច​ចោល


ដោយ ទីន ហ្សាការីយ៉ា
2021-12-10
ចិន​ថ្កោលទោស​អាមេរិក​រឿង​ដាក់​ទណ្ឌកម្ម​កម្ពុជា ខណៈ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ប្រមូល​អាវុធ​អាមេរិក​យក​ទៅ​កម្ទេច​ចោល  
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (Xi Jinping) (ស្ដាំ) ក្នុង​ជំនួប​នាទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៩។
AFP

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់ថា ការ​ឆ្លើយតប​របស់​ចិន​ចំពោះ​ទណ្ឌកម្ម​អាមេរិក​លើ​កម្ពុជា ជា​ការ​ការពារ​ប្រទេស​ដែល​កំពុង​ឋិត​ក្រោម​ឥទ្ធិពល​ចិន។ ពួកគេ​ថា កម្ពុជា​នឹង​កាន់តែ​គ្រោះថ្នាក់​ធំ​នៅក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​អាមេរិក និង​ចិន បើ​នៅតែ​បន្ត​យក​ចិន​ជា​ខ្នងបង្អែក​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឯណោះ​វិញ បាន​ផ្គើន​សហរដ្ឋអាមេរិក​កាន់តែ​ខ្លាំង​រឿង​ទណ្ឌកម្ម​ថ្មី​នេះ ដោយ​លោក​ចេញ​បញ្ជា​ឱ្យ​ប្រមូល​អាវុធ និង​សម្ភារៈ​យោធា​អាមេរិក ទៅ​រក្សាទុក ឬ​កម្ទេច​ចោល។

ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ព្រួយបារម្ភ​អំពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​តានតឹង​រវាង​ចិន​និង​អាមេរិក​លើទឹក​ដី​កម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បន្ថែម​ទណ្ឌកម្ម​លើ​កម្ពុជា ហើយ​ចិន​បាន​ចេញ​មុខការ​ពារ​កម្ពុជា។

 

អ្នកស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា យល់​ថា ការ​ឆ្លើយតប​របស់​ចិន​ចំពោះ​អាមេរិក​ជា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ដោយ​យក​កម្ពុជា​ធ្វើជា​ទីលាន​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​។ លោក​បន្ត​ថា ក្នុង​ស្ថានការណ៍​នេះ កម្ពុជា​ពិបាក​គេច​ផុត​ពី​ជម្លោះ​មហាអំណាច​ទាំងពីរ​នេះ​ណាស់ ដោយសារតែ​កម្ពុជា​ជា​ប្រទេស​ទន់ខ្សោយ ហើយ​បើ​កម្ពុជា​នៅតែ​យក​ចិន​ជា​ខ្នងបង្អែក នោះ​កម្ពុជា​នឹង​បន្ត​រង​សម្ពាធ​បន្ថែម​ទៀត​ពី​សហរដ្ឋអាមេរិក៖ «ដោយសារតែ​កម្ពុជា​ជា​ប្រទេស​ដែល​គាំទ្រ​គោល​នយោបាយ​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច ការទូត នយោបាយ​។ អ៊ីចឹង​ទេ ចិន​ដើម្បី​ជា​ផលប្រយោជន៍​របស់​ខ្លួន គឺ​ត្រូវ​ការពារ​កម្ពុជា​វិញ​ដែរ ទាក់ទង​ផ្នែក​ការទូត ការ​តតាំង​បែប​ការពារ​ហ្នឹង​ជាមួយ​សហរដ្ឋអាមេរិក»

ការ​លើកឡើង​របស់​អ្នក​តាមដាន​ស្ថានការណ៍​រូប​នេះ គឺ​ក្រោយ​ពី​ក្រសួងការបរទេស​ចិន​បាន​ចេញ​មុខ​ថ្កោលទោស​សហរដ្ឋអាមេរិក ដែល​បាន​ដាក់​ទណ្ឌកម្ម​រឹតត្បិត​ការ​លក់​អាវុធ​ឱ្យ​កម្ពុជា ដោយ​ភ្ជាប់​នឹង​ឥទ្ធិពល​ចិន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិនប៊ីន (Wang Wenbin) បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី៩ ធ្នូ នៅ​ទីក្រុង​ប៉េកាំង ដោយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​បង្ខូចឈ្មោះ​និង​លាប​ពណ៌​មក​លើ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​កម្ពុជា​។ លោក​ថា ការ​គំរាមកំហែង ការ​ដាក់​សម្ពាធ និង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​កម្ពុជា​នេះ ជា​ទង្វើ​ប្រើ​អំណាច​គាបសង្កត់ ដែល​ល្មើស​នឹង​ក្រម​ប្រតិបត្តិ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​ចិន​ត្រូវតែ​ប្រឆាំង​ជា​ដាច់ខាត​។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ចិន​រូប​នេះ​ថ្លែង​ទៀត​ថា ចិន​និង​កម្ពុជា​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជា​មិត្ត​ដែកថែប និង​ជា​សហគមន៍​វាសនា​រួម ហើយ​ចិន​គាំទ្រ​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព ព្រមទាំង​ឈរ​​ជាមួយ​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត។

ក្រោយពី​ចិន​បាន​ប្រកាស​បែបនេះ​ភ្លាម មេដឹកនាំ​រដ្ឋាភិបាល​ឯកបក្ស លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​ផ្គើន​សហរដ្ឋអាមេរិក​ជាថ្មី​ទៀត។ លោក​ប្រកាស​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី១០ ធ្នូ ដោយ​ដាក់​បញ្ជា​ដល់​អង្គភាព​ប្រដាប់​អាវុធ​ទាំងអស់ ឱ្យ​ត្រួត​ពិនិត្យ​ជា​បន្ទាន់​អំពី​អាវុធ និង​សម្ភារៈ​យោធា​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន​។ ក្នុង​ករណី​មាន​អាវុធ និង​សម្ភារៈ​យោធា​អាមេរិក លោក​បញ្ជា​ឱ្យ​ប្រមូល​អាវុធ​និង​សម្ភារៈ​យោធា​អាមេរិក​ទាំងនោះ​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យក​ទៅ​កម្ទេច​ចោល​តាម​ការ​ជាក់ស្ដែង​។ លោក​ថែមទាំង​ចំអក​ទៀត​ថា អ្នក​ប្រើ​ប្រព័ន្ធ​អាវុធ​ច្រើនតែ​ចាញ់​សង្គ្រាម ដូចជា ករណី​របប​សាធារណរដ្ឋ​ខ្មែរ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន (Afghanistan) ជាដើម។

កាលពី​ថ្ងៃទី៨ ខែ​ធ្នូ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​រឹតត្បិត​ការ​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា ដោយសារ​បញ្ហា​សិទ្ធិមនុស្ស អំពើពុករលួយ និង​ការ​កើនឡើង​នូវ​ឥទ្ធិពល​យោធា​ចិន​នៅ​ប្រទេស​កម្ពុជា​។ នេះ​ជា​ទណ្ឌកម្ម​ថ្មី​ចុងក្រោយ បន្ថែម​លើ​ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​មន្ត្រីជាន់ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពើពុករលួយ​ក្នុង​គម្រោង​ស្ថាបនា​កំពង់ផែ​ទ័ពជើងទឹក​រាម​ដែល​មាន​ការសង្ស័យ​អំពី​វត្តមាន​កងទ័ព​ចិន។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ឃើញ​ថា កម្ពុជា​បាន​ដើរ​តាម​ចិន​ដែល​ជា​ប្រទេស​កុម្មុយនីស្ត ហើយ​នេះ​ជាហេតុ​ផល​មួយ​ដែល​ចិន​ចេញ​មុខ​មក​ការពារ​កម្ពុជា​។ លោក​បន្ត​ថា ចិន​ជា​ប្រទេស​ដែល​តែងតែ​ជួយ​ប្រទេស​ផ្ដាច់ការ និង​ប្រទេស​ក្រីក្រ​នានា ដើម្បី​ឱ្យ​ធ្លាក់​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ដូច្នេះ​លោក​ថា បើ​កម្ពុជា​នៅតែ​យក​ចិន​ជា​ខ្នងបង្អែក ប្រាកដ​ជា​មាន​គ្រោះភ័យ​ធំ​ជាង​លាភ៖ «កម្ពុជា​គឺ​ដើរ​តាម​គន្លង​ដូច​ប្រទេស​ចិន​អ៊ីចឹង គឺ​ការគោរព​សិទ្ធិមនុស្ស ការគោរព​លើ​លទ្ធិប្រជាធិបតេយ្យ ការគោរព​ទៅលើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ត្រូវ​ដើរ​ថយក្រោយ​។ បាទ​! អ៊ីចឹង​ចង់​មិន​ចង់ អ្វី​ដែល​ប្រទេស​ចិន​លើកឡើង​នេះ គឺ​គ្រាន់តែ​ការពារ​ប្រទេស​ដែល​ឋិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ហើយ​ចំណែកឯ​សហរដ្ឋអាមេរិក ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ណាមួយ​គឺ​ផ្អែក​ទៅ​លើ​គោលការណ៍​នៃ​ការគោរព​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​នយោបាយ»

សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​កំពុង​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​មក​លើ​កម្ពុជា ដែល​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​នយោបាយ ការទូត និង​សេដ្ឋកិច្ច​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ និង​ពលរដ្ឋ​ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឡើងវិញ ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​ត្រូវ​រក្សា​ជំហរ​ឯករាជ្យ​អព្យាក្រឹត្យ​ក្នុង​ស្ថានភាព​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​នៅ​លើ​ទឹកដី​កម្ពុជា៕

 

2 comments:

Anonymous said...

Ah Chker Chkuot Hun Sen Euy those US weapons can protect Cambodia Ah Roleuy.

The ASEAN's leaders should boycott the 2022 gathering in Cambodia, teaching Ah Lngi Lngeu Hun Sen a lesson.

Anonymous said...

Khmers need those weapons. It would be smart for Khmers to go and get those weapons and form a militia. You can't fight tyrants without weapons. These weapons are the main reason the tyrants can oppress and kill people. You need those weapons to fight back. All tyrants fear a well armed uprising. Only when you can hit back is when tyrants fall.