Saturday, 26 February 2022

ពលរដ្ឋ​ខេត្តកោះកុង និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​កោងកាង ដូច​នៅ​តំបន់​បឹង​ទន្លេសាប

Khmer Circle:

Hun Sen and his authorities - including the ‘Ministry of Environment’ - are just too preoccupied with reining in on civil and political dissidents to care about what's happening elsewhere all over the small kingdom. 

The authorities should take the lead in repopulating coastal areas with mangrove as a means of defence against potentially disastrous coastal mainland corrosions as a consequence of years of commercial sand-dredging activities off-shore in addition to restoring the ecological health and what it could bring to local people's livelihoods instead of persecuting people for trying to protect those areas from being further harmed by corrupt and powerful officials.

🔺🔺🔺  

ដោយ ខែ សុណង
2022-02-25
ពលរដ្ឋ​ខេត្តកោះកុង និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​កោងកាង ដូច​នៅ​តំបន់​បឹង​ទន្លេសាប  
ពលរដ្ឋតវ៉ាការកាប់ព្រៃកោងកាង នៅឆ្នេរជ្រោយស្វាយ ក្នុងភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
 រូបភាពពីពលរដ្ឋ
 

មន្ត្រី​សង្គម​ស៊ីវិល ​និង​ប្រជា​សហគមន៍​ខេត្ត​កោះកុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​បទល្មើស​ព្រៃ​កោងកាង​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ ដូចគ្នា​ទៅ​ការ​បង្ក្រាប​ដី​ព្រៃលិចទឹក​ នៅ​តំបន់​បឹង​ទន្លេសាប​ដូច្នេះ​ដែរ​។ ​ការ​លើក​ឡើង​ធ្វើ​ឡើង ក្រោយពី​ដី​ព្រៃ​កោង​កាង​ជា​ច្រើន​តំបន់​ នៅតែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ ​ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។

ប្រជា​សហគមន៍​ខេត្ត​កោះកុង ​និង ​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ ពី​ជោគ​វាសនា​ព្រៃ​កោងកាង​ដែល​ជា​ប្រភព​សេដ្ឋកិច្ច​សំបូរ​បែប​របស់​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ កំពុង​ទទួល​រង​ការ​កាប់​ផ្ដួល ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់ ​ដោយ​គ្មាន​ការ​ទប់ស្កាត់ ​និង​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​នៅ​ឡើយ​ទេ។

ប្រជា​សហគមន៍​អន់ចិត្ត ​ពី​ភាព​ព្រងើយ​កន្តើយ ​មិន​បង្ក្រាប​បទល្មើស​ព្រៃ​កោងកាង​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ​បើ​ទោះបី​ជា​ពួកគាត់ ​បង្ហាញ​ភស្តុតាង​បទល្មើស​រាប់​មិន​អស់​ក្ដី។

 

តំណាង​ពលរដ្ឋ រស់នៅឃុំជ្រោយ​ស្វាយ​ ស្រុក​ស្រែអំបិល លោកស្រី ហៀប ឪ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ​ថា ព្រៃ​កោងកាង​ទំហំ​ជិត ១០០ហិកតារ ឋិត​នៅ​ភូមិ​ជ្រោយ​ស្វាយ​ខាង​លិច ត្រូវ​បាន​គេ​លប​កាប់​បំផ្លាញ​ឱ្យ​ក្លាយ​ជា​វាល នៅ​រយៈ​ពេល ៨ខែចុងក្រោយនេះ ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ ដោយ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។

លោកស្រី​ថា កន្លង​ទៅ​អ្នកភូមិ​រក​ឃើញ​ភស្តុតាង និង​កំណត់​អត្តសញ្ញាណ​ជនល្មើស ៧នាក់ បញ្ជូន​ឈ្មោះ​ពួកគេ ទៅ​មន្ត្រី​ជំនាញ​តែ​រហូត​មក​ទល់​ពេល​នេះ នៅតែ​គ្មាន​ចំណាត់​ការ។ រីឯ​សកម្មភាព​កាប់​ផ្ដួល​ព្រៃ​កោងកាង នៅតែ​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត។ លោកស្រី​គ្មាន​ភាព​កក់ក្ដៅ ចំពោះ​អាជ្ញាធរ​ខេត្ត​នេះ​ថា នឹង​អាច​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​គង់វង្ស​ទាល់​តែ​សោះ ដោយសារ​មន្ត្រី​ពាក់ព័ន្ធ​គ្មាន​ភាព​ច្បាស់​លាស់​អនុវត្ត​ច្បាប់៖ «ទទួល​ផល​ប្រយោជន៍​ច្រើន​ណាស់ ​ណា​មួយ​ងាវ ក៏​បាន​ក្រាម​ថ្ម​ពង​ទាំង​អស់​ ដល់​ពេល​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ហ្នឹង​ទៅ ​ហិន​ហោច​ទាំង​អស់ បង្ការ​ក្ដាម​អី ​បំផ្លាញ​គ្រប់​មុខ​និយាយ​រួម។ បើ​ថា យើង​អត់ រក​ងាវ​អាច​យក​លក់​បាន​ មួយ​ម៉ឺន ២ម៉ឺន គ្រាន់​ដោះ​ទាល់​។ ​ពិសេស​ក្ដាម​ថ្ម ​ដូច​គ្នា»

ប្រជា​សហគមន៍​ម្នាក់​ទៀត​រស់​នៅ​ស្រុកស្រែ​អំបិល លោក អុយ សារុន រៀបរាប់​ថា ក្រុម​ជន​ល្មើស​ដែល​ធ្វើ​សកម្មភាព​ស៊ីឈ្នួល​កាប់​ព្រៃ​កោងកាង​ឱ្យ​អ្នក​មាន​លុយ មាន​អំណាច​មិន​ខ្លាច​ក្រែង​ច្បាប់​នោះ​ទេ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សកម្មភាព​កាប់​ទន្ទ្រាន​កាន់តែ​រីក​ធំ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ រីឯ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ដែល​ពឹង​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ព្រៃ​កោងកាង​ ពុំ​ឃើញ​មាន​ការ​ដោះស្រាយ​នៅ​ឡើយ​ទេ ជា​ច្រើន​ខែ​មក​ហើយ៖ «ពិបាក​ដែល​មិន​ដឹង​ថា ​និយាយ​ម៉េចៗ ពលរដ្ឋ​សង្ឃឹម​លើ​អាជ្ញាធរ​មូលដ្ឋាន​ ដល់​ពេល​អាជ្ញាធរ​ស្រុក​/ខែត្រ​គាត់​មិន​អើពើ ​ដល់​ពេល​នេះ​គាត់​អស់​សង្ឃឹម​ អត់​មាន​ដំណោះ​ស្រាយ​ជូន​គាត់។​ ពលរដ្ឋ​បាន​ផល ​រក​បាន​ត្រី​សាច់​មួយ​គីឡូ​ពី​គីឡូ ​ដោះដូរ​នៅ​ទីផ្សារ ​គាត់​សង្ឃឹម​ដី​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលរង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលាខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក​។

ប៉ុន្តែ​អភិបាលរង​ខេត្ត​រូប​នេះ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​កាល​ពី​ចុង​ឆ្នាំ២០២១ ថា ពលរដ្ឋ​ដណ្ដើម​ផល​ប្រយោជន៍​គ្នា​មិន​ស្មើ ទើប​កើត​មាន​រឿង​រ៉ាវ​ទាំង​នេះ។ លោក​បញ្ជាក់​ថា ដី​ព្រៃ​កោងកាង ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​នៅ​តែ​ជា​ដី​រដ្ឋ​ដដែល បើ​ទោះ​បី​មាន​ការ​កាប់​រាន​ក្ដី។

វិទ្យុ​អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ហ៊ុន ម៉ារ៉ាឌី និង​អភិបាលខេត្ត កោះកុង អ្នកស្រី មិថុនា ភូថង បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​អាស៊ី​សេរី​សួរ​ទៅ​អាជ្ញាធរ​ខេត្ត​កោះកុង​វិញ។ តែ​យ៉ាង​ណា​លោក​ផ្កាំ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​អាច​សរសេរ​ញត្តិ បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន​ផ្ញើ​ចូល​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិន​បើ​មន្ត្រី​មូលដ្ឋាន​មិន​ដោះស្រាយ៖ «សរសេរ​សំបុត្រ​ចូល​ផេក របស់​សម្ដេច តេជោ​ទៅ អាច​ឆ្លើយ​ លោក​នឹង​ចាត់ចែង​ក្រុម​អ្នក​ឆ្លើយ»

ប្រជា​សហគមន៍​រក​ឃើញ​ថា ដី​ព្រៃ​កោងកាង ​ឋិត​នៅ​ចំណុច ​ភ្នំ​ពយ​អគ្គីនេត្រ ទល់​នឹង​ចំណុច​ព្រែក​រូង​ក្នុង​ឃុំព្រែកខ្សាច់ ស្រុក​គិរីសាគរ ត្រូវ​ក្រុម​ឈ្មួញ​ និង​អាជ្ញាធរ​ខ្លះ​ឃុបឃិត​គ្នា​ឈូស​ឆាយ ចាក់​ដី​លុប និង​កាប់​ទន្ទ្រាន​ធ្វើ​អាជីវកម្ម​អស់​ជាង ២រយ​ហិកតារ នៅ​រយៈ​ពេល​ជាង ២ឆ្នាំ​ចុង​ក្រោយ​នេះ។ រីឯ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជ្រោយ​ស្វាយ ក៏​កំពុង​ប្រឈម​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង អស់ ១០០ហិកតារ ដែល​នៅ​រយៈ​ពេល​ជាង ៥ខែ​ចុង​ក្រោយ​នេះ។

ជុំ​វិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្តកោះកុង​លោក ថោង ច័ន្ទតារា គិត​ថា បើ​គ្មាន​បទ​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ លោក​គ្មាន​សង្ឃឹម​ថា នឹង​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​កោង​កាង​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។ លោក​អំពាវនាវ​ឱ្យ​លោក ​ហ៊ុន សែន គួរតែ​ចេញ​បញ្ជា​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ជំនាញ​អាជ្ញាធរ​ធ្វើការ​ភ្នែក​ចាំ​ងាក​មើល​តែ​លើ​ទេ ​បើ​អា​លើ​មិន​មាត់​ទេ ​អា​ក្រោម​ហ្នឹង ក៏​ចេះតែ ​បើ​ពលរដ្ឋ​ធម្មតា ​មាន​ចំណាត់​ការ បើ​មើល​ឃើញ ​ខ្នង​ធំ​ខ្សែ​ធំ​ចេះ​តែ​ស្ងៀមៗ ឬ​មួយ​គេ​ដោះស្រាយ​ស្ងាត់ៗ របៀប​សម្រប​សម្រួល​ផ្អាក បើ​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ជាមួយ​អ្នក​មាន​ខ្សែ ​មាន​ខ្នង​ ដូច​មិន​ដែល​ធ្វើ​ចេះ​ជា​ដុំ​កំភួន​ទេ»

ពលរដ្ឋ​ខេត្ត​កោះកុង​រាប់​ពាន់​គ្រួសារ​ចាត់​ទុក​ព្រៃ​កោងកាង​គឺ​ជា​ឆ្នាំងបាយ និង​ជា​ប្រភព​ម្ហូប​អាហារ​ត្រីសាច់ និង​ក្ដាម​ខ្យង​សំបូរ​បែប​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធារ មិន​ធ្វើ​ចំណាក​ស្រុក។ អ្នកភូមិ​ថា សម្រស់​ព្រៃ​កោងកាង បង្កើត​សោភ័ណ​ភាព​ស្រស់​បំព្រង​គួរតែ​អាជ្ញាធរ​ថែទាំ​ឱ្យ​បាន​ល្អ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព​មក​បម្រើ​វិស័យ​ទេសចរណ៍ រក្សា​ការពារ​តម្លៃ​នៃ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​សហគមន៍​​តាម​រយៈ​ភ្ញៀវ​ទេសចរ៕

No comments: