Monday, 21 February 2022

ជនជាតិ​​អាមេរិក​​មិន​​ភ្ញាក់​ផ្អើល​បើ​​លោក​ ​ហ៊ុន​ ​ម៉ាណែត ​បាន​ចូលរៀន​សាលា​យោធា​អាមេរិក​តាម​ខ្សែ


ដោយ មួង ណារ៉េត
2022-02-20
ជនជាតិ​​អាមេរិក​​មិន​​ភ្ញាក់​ផ្អើល​បើ​​លោក​ ​ហ៊ុន​ ​ម៉ាណែត ​បាន​ចូលរៀន​សាលា​យោធា​អាមេរិក​តាម​ខ្សែ 

(ឆ្វេង) លោក ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
រូប៖ AFP


ជនជាតិ​អាមេរិក​ ​ដែល​ធ្លាប់​បង្រៀន​នៅ​មហាវិទ្យាល័យ​ល្បី​មួយ​របស់​អាមេរិក​ ​មិន​ភ្ញាក់ផ្អើល​នោះ​ឡើយ​ ​ប្រសិនបើ​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចូលរៀន​នៅ​សាលា​បណ្ឌិត​យោធា​អាមេរិក​ ​តាមរយៈ​ខ្សែ​ ​ឬ​បាន​ចូលរៀន​ដោយសារ​មាន​មន្រ្តី​អាមេរិក​ចេញមុខ​ធានា​។​

អតីត​គ្រូបង្រៀន​នៅ​មហាវិទ្យាល័យ​ ហា​វើដ ខិនណឺឌី​ សម្រាប់​រដ្ឋាភិបាល​ (​Harvard Kennedy School of Government​) ​ថា​ជា​ទម្លាប់​ទៅ​ហើយ​ ​បើ​ទោះបីជា​ទម្លាប់​នេះ​មិនសូវ​ល្អ​ក៏ដោយ​ ​ដែល​សាលា​ល្បី​ៗ​នៅ​សហរដ្ឋអាមេរិក​ ​តម្រូវ​ឲ្យ​សិស្ស​មាន​ខ្សែ​ ​ឬ​អ្នកមានអំណាច​ ​ជា​អ្នកធានា​មុននឹង​អាច​ចូលរៀន​បាន​ ​ជាពិសេស​សិស្ស​បរទេស​ ​ដែល​ជា​កូន​អ្នកធំ​ ​ដូច​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ជាដើម​នោះ​។

លោកស្រី​ ​ល័រ ដឺ-វីពីយែរ ​ឬ​ហៅ​វូប​ (​Laure​ ​de​ ​Vulpillieres, ​Voop​) ​អតីត​គ្រូបង្រៀន​នៅ​សាលា ​ហា​វើដ​ ផ្នែក​រដ្ឋាភិបាល​​ (​Harvard​ ​Kennedy​ ​School​ of​ ​Government​)​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ថា​លោកស្រី​មិន​ដឹង​ថា​ លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​រៀន​ពូកែ​ឬ​មិន​ពូកែ​នៅ​ស្រុកខ្មែរ​យ៉ាងណា​នោះ​ទេ​ ​ប៉ុន្តែ​កាលណា​កូន​អ្នកធំ​ពី​បរទេស​ ​បាន​ចូលរៀន​នៅ​សាលា​យោធា​ល្បី​របស់​អាមេរិក​បែប​នេះ​ ​គឺ​បង្កើត​ឲ្យ​មាន​ការសង្ស័យ​ជាទូទៅ​មួយ​ ​អំពី​ការ​សម្របសម្រួល​ណាមួយ​ ​ដើម្បីឲ្យ​គាត់​អាច​ចូលរៀន​នៅ​ទីនោះ​បាន​។



ការយល់​ឃើញ​របស់​លោកស្រី​​បែប​នេះ​ ​ធ្វើឡើង​ស្រប​ទៅ​នឹង​ខ្លឹមសារ​ក្នុង​លិខិត​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​កាលពី​ឆ្នាំ​១៩៩៣​ (​ពោល​គឺជា​ង​ ​២៨​ ​ឆ្នាំមុន​) ​លោក​បាន​សរសេរ​ទៅ​ឳពុក​របស់​លោក​ ​គឺ​លោក​ ​ហ៊ុន​ ​សែន​ ​អំពី​លក្ខខណ្ឌ​បាន​ចូលរៀន​នៅ​សាលា​យោធា​អាមេរិក​នេះ​។​

នៅ​ក្នុង​លិខិត​សម្ងាត់​ជិត​ ​៣០​ឆ្នាំ​ ​ដែល​ទើប​ត្រូវ​លោក​ ​ហ៊ុន​ ​សែន​ ​ទម្លាយ​ជា​សាធារណៈ​ ​កាលពី​ចុង​ឆ្នាំ​ ​២០២១​ ​នោះ​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​សរសេរ​ថា​ ​ចំពោះ​សាលា​ទាហាន​នៅ​អាមេរិក​ ​ពិបាក​សុំ​ចូល​រៀនណាស់​ ​ព្រោះ​ភាគច្រើន​ ​អ្នក​ដែល​អាច​ចូលរៀន​បាន​ គឺ​ជនជាតិ​អាមេរិកាំង​ ​និង​បើ​អន្តរជាតិ​វិញ​ ​នោះ​គឺ​ទាល់តែ​អ្នកនោះ​ដាក់​ដឺម៉ង់​ពិសេស​។​ ​លោក​បន្ត​ថា​ ​បើ​តាម​សម្តី​អ៊ំប្រុស​របស់​លោក​ ​អ៊ំ​នោះ​និយាយ​ថា​ ​ទាល់តែ​អ្នកជួយ​នោះ​ ​គឺ​ចាប់ពី​ថ្នាក់ឧត្តម​សេនីយ៍​នៅ​ប្រទេសក្រៅ​ ​ឬ​ទូត​ក៏​បាន​​ ​ទើប​អាចឲ្យ​ចូល​បាន​ ​ឬ​ម្យ៉ាងទៀត​សិស្ស​ក្រៅប្រទេស​ដូច​រូបលោក​ ​ត្រូវ​ដាក់​ដឺម៉ង់ជាឌីប៉្លូម៉ាទិក​(​ក្នុង​ក្របខណ្ឌ​ទូត​) ​ក៏បាន​។​

លោកស្រី​ ​វូប​ ​យល់ថា ​អ្វី​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និយាយ​ក្នុង​លិខិត​ ​ដែល​ថា​ ដើម្បី​ចូលរៀន​នៅ​សាលា​យោធា​អាមេរិក​បាន​ ​គឺ​ទាល់តែ​មាន​អ្នកមានអំណាច​ ​មាន​ឥទ្ធិពល​ដែល​ជា​ជនជាតិ​អាមេរិក​ ​សរសេរ​លិខិត​ធានា​នោះ​ ​គឺ​ឆ្លុះបញ្ចាំង​ពី​ទម្លាប់​ពិត​នៅ​អាមេរិក​៖ «​អ្នក​ដែល​មាន​ឥទ្ធិពល​ទាំងនោះ​ ​អាច​មាន​ទាំង​ស​មាជិក​សភា​​ឬ​​សមាជិកព្រឹទ្ធសភា​ថែមទៀត​ផង​ ​ព្រោះ​អ្នក​ទាំងនោះ​ដឹងខ្លួន​ ​ថា​ពួកគាត់​ត្រូវ​ចេញ​លិខិត​ធានា​ ​សម្រាប់​សិស្ស​ដែល​ពួកគាត់​មិន​ស្គាល់​ ​ឬ​ធ្លាប់​បាន​ជួប​ម្តង​ ​ឬ​ស្គាល់​តាមរយៈ​ឳពុក​ជាដើម​។​ ​ខ្ញុំ​យល់ថា​ ​ប្រព័ន្ធ​បែប​នេះ​មិន​ល្អ​ទេ​ ​ព្រោះ​វា​ធ្វើឲ្យ​មនុស្ស​ដែល​មានអំណាច​ ​និង​ឥទ្ធិពល​ ​ឬ​ដែល​មាន​ខ្សែ​ ​ឬ​អ្នកធានា​ ​បាន​ចូលរៀន​នៅ​សាលា​ល្បី​យ៉ាង​ងាយស្រួល​។​ ​ដូច្នេះ​អ្វី​ដែល​គាត់​និយាយ​ក្នុង​លិខិត​នោះ​ ​គឺជា​ការពិត​ទាំងស្រុង​ ​ដែល​គាត់​ត្រូវតែ​មាន​ខ្សែ​ ​ឬ​អ្នកធានា​ដែល​មាន​ឥទ្ធិពល​ ​ឬ​អំណាច​​នៅ​អាមេរិក​ ​ដើម្បី​ជួយ​ឲ្យ​គាត់​អាច​ចូលរៀន​នៅ​សាលា​នោះ​បាន»​។

រឿង​សញ្ញាប័ត្រ​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​សាលា​បរទេស​នេះ​ ​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ ​នៅមុន​ដាច់ឆ្នាំ​ ​២​០​២​១​ ​ក្រោយពេល​ដែល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​២៥​ ​ខែ​​ធ្នូ​ ​ពោល​គឺ​តែមួយ​ថ្ងៃក្រោយ​គណបក្សប្រជាជន​កម្ពុជា​ ​បោះឆ្នោត​ក្នុង​គណៈកម្មាធិការមជ្ឈិម​បក្ស​ ​គាំទ្រ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជា​អ្នកស្នង​តំណែង​នាយក​រដ្ឋ​មរ្តី​ពី​ឳពុក​របស់​លោក​។​

លោក​ ​សម​ ​រង្ស៊ី ​ថា​សញ្ញាប័ត្រ​ ​ដែល​ផ្តល់​ដល់​កូន​ៗ​របស់​មេដឹកនាំ​បរទេស​ ​ដែល​ឳពុក​ជានា​យក​រដ្ឋ​មន្រ្តី​បែប​នេះ​ ​គឺ​គេ​ផ្តល់ឲ្យ​ដោយ​មិនបាច់​សិស្ស​នោះ​ ​ខំប្រឹង​រៀន​នោះ​ទេ​។​ ​លោក​បន្ត​ថា​ ​សញ្ញាប័ត្រ​ដែលគេ​ឲ្យ​កូន​អ្នកធំ​ពី​ប្រទេសក្រៅ​បែប​នេះ​ ​គឺ​ឲ្យ​គ្រាន់តែ​ដើម្បី​រក្សា​ទំនាក់ទំនង​ការទូត​ល្អ​ ​ឬក៏​ជាសញ្ញា​ប័ត្រ​យោគយល់​តែប៉ុណ្ណោះ​​៖ «​សញ្ញាប័ត្រ​យោគយល់​ហ្នឹង​ ​បើ​ថា​ឳពុក​ធ្វើជា​មន្រ្តី​ជាន់ខ្ពស់​ ​ធ្វើ​រហូតដល់​នាយក​រដ្ឋ​មន្រ្តី ​ទៅ​រៀន​នៅ​សាលា​គេ​ ​គេ​យោគយល់​ ​គេ​ឲ្យ​ជាប់​។​ ​ប៉ុន្តែ​ ​គេ​អត់ឲ្យ​ធ្វើការ​ស្រុក​គេ​ទេ»។

សារ​របស់​លោក​ ​សម​ ​រង្ស៊ី ​នេះ​រង​ប្រតិកម្ម​តប​វិញ​ពី​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​រហូត​លោក​បបួល​លោក​ ​សម​ ​រង្ស៊ី ​ភ្នាល់​គ្នា​ដាក់ជីវិត​នយោបាយ​ថែមទៀត​ផង​។​ ​ប៉ុន្តែ​លោក​ ​ហ៊ុន​ ​ម៉ាណែ​ត​ ​មិនបាន​លាតត្រដាង​ការពិត​ ​ថា​តើ​លោក​ពិតជា​បាន​ចូលរៀន​នៅ​សាលា​បណ្ឌិត​យោធា​អាមេរិក​នោះ​ ​ដោយសារ​មាន​ខ្សែ​ ​ឬ​មាន​អ្នក​មានអំណាច​​ធានា​ឲ្យ​ចូល​ ​ដូច​អ្វី​ដែល​លោក​បាន​សរសេរ​ក្នុង​លិខិត​របស់​លោក​ ​កាលពី​ឆ្នាំ​​១៩៩៣​ ​នោះ​ទេ​។​

វិទ្យុ​អាស៊ី​សេរី​ ​ព្យាយាម​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ ​ពី​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ដែរ​ ​ប៉ុន្តែ​​លោក​មិន​ឆ្លើយ​ប​ត​។​ ​វិទ្យុ​អាស៊ី​សេរី​ក៏​មិនទាន់​ទទួល​បានការ​ឆ្លើយតប​ពីសា​លា​បណ្ឌិត​​យោធា​អាមេរិក​ ​ជុំវិញ​រឿង​នេះ​នៅឡើយ​ដែរ​។​

ប៉ុន្តែ​ ​ប្រព័ន្ធឃោសនា​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ចុះផ្សាយ​កាលពីដើម​ខែ​​មករា​ ​នូវសម្តី​របស់​អ្នកជំនាញ​ផ្នែក​កិច្ច​ការសាធារណៈ​របស់​សាលា​បណ្ឌិត​យោធា​អាមេរិក​នេះ​ ​គឺ​លោក​ ហ្រ្វង់ស៊ីស​ ​ដឺម៉ារ៉ូ ជូនៀរ​​ (​Franc​i​s J ​DeMaro Jr.) ​​ថា​រាល់​សញ្ញាប័ត្រ​នៅ​សាលា​យោធា​អាមេរិក​ ​ដែល​សិស្ស​រាល់គ្នា​ទទួល​បាន​ ​គឺជា​បរិញ្ញា​ប័ត្រ​ផ្នែក​វិទ្យា​សា​ស្រ្ត​។​ ​មន្រ្តី​រូប​នេះ​ ​បន្ថែម​ទៀត​ថា ​គ្មាន​ទេ​ភាព​ខុសគ្នា​ ​ឬ​លក្ខខណ្ឌ​ខុសគ្នា​រវាង​សិស្ស​អាមេរិក​ ​ឬ​សិស្ស​បរទេស​នោះ​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​លោកស្រី​ ​វូប​ ​យល់ថា​ កុំថាឡើយ​នៅ​សាលា​បណ្ឌិត​សា​ភា​យោធា​អាមេរិក​ ​សូម្បីតែ​នៅ​សាលា​ល្បី​ហា​វើដ​ (​Harvard​) ​ក៏​គេ​មាន​ករណី​លើកលែង​ជាច្រើន​​ដែរ​ ​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ទទួល​ឲ្យ​ចូលរៀន​នៅ​សាលា​នេះ​ ​ជាពិសេស​ចំពោះ​កូន​អ្នកធំ​ពី​បរទេស​។​ ​លោកស្រី​បន្ថែម​ថា​ ​ជាឧទាហរណ៍​ ​មនុស្ស​សំខាន់​ៗ​ដែល​ចូល​​សាលា​ហា​វើដ​ (​Harvard​) ​ពួកគេ​មាន​ភាព​ងាយស្រួល​ចូល​ជាង​ពលរដ្ឋ​ទូទៅ​។​ ​រីឯ​ការសិក្សា​វិញ​ ​ក្រោយពេល​សិស្ស​បាន​ចូលរៀន​ហើយ​ ​សូម្បីតែ​នៅ​សាលា​ហា​វើដ​ ​(​Harvard​)​ ​ក៏​សិស្ស​មិន​ចាំបាច់​ប្រឹង​រៀន​ខ្លាំង​ ​ទើបបាន​សញ្ញាប័ត្រ​នោះ​ដែរ​៖ «ខ្ញុំ​មិន​ដឹង​ថា ​នៅ​សាលា​បណ្ឌិតសភា​យោធា​យ៉ាងម៉េច​ទេ​ ​ប៉ុន្តែ​បើ​នៅ​ហា​វើដ​​ (​Harvard​)​ ​សិស្ស​រៀន​ត្រឹម​និទ្ទេស​ ​D​ ​ក៏បាន​សញ្ញា​ប័ត្រដែរ​។​ ​ជា​រួម​បើ​អ្នក​បាន​ចូលរៀន​នៅ​ហា​វើដ​ ​គឺ​ដឹង​តែ​បាន​សញ្ញាប័ត្រ​ហើយ​ ​ព្រោះ​សិស្ស​អាច​​​យក​មុខវិជ្ជា​ងាយ​ៗ​ ​ដើម្បី​គ្រាន់​តែ​ម៉ា​ជាប់»។​

លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចូលរៀន​នៅ​សាលា​បណ្ឌិត​យោធា​អាមេរិក​ ​កាលពី​ឆ្នាំ​១៩៩៥​ ​ពោល​គឺ​ពីរ​ឆ្នាំក្រោយ​លោក​សរសេរ​លិខិត​ទៅ​លោក​ ​ហ៊ុន​ ​សែន​ ​អំពី​ការ​មាន​ខ្សែ​ ​ឬ​ក៏​អ្នកមានអំណាច​នៅ​អាមេរិក​ ​ទើប​អាច​ចូលរៀន​នៅ​ទីនោះ​បាន​។​

លោក​គឺជា​កូនខ្មែរ​ដំបូង​គេ​បំផុត​ ​ដែល​បាន​ចូលរៀន​នៅ​សាលា​យោធា​របស់​អាមេរិក​នេះ​។​ ​លោក​រៀនចប់​ ​និង​ទទួល​បាន​សញ្ញាប័ត្រ​ពីសា​លា​នេះ​ ​នៅ​ឆ្នាំ​១​៩​៩​៩​។​ ​ក្នុង​​ឆ្នាំ​នោះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ទិដ្ឋាការ​ (​ឬ​វី​សា​) ​មក​អាមេរិក​ ​ដើម្បី​ចូលរួម​ពិធី​ប្រគល់​សញ្ញាប័ត្រ​ឲ្យ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។

ប៉ុន្តែ​ ​មានរឿង​ចម្រូងចម្រាស​ ​និង​ការ​តវ៉ា​ជាច្រើន​ក្នុង​រដ្ឋសភា​អាមេរិក​​ ​ក្នុង​ការ​ចេញទិដ្ឋាការ​ឲ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ជាន់​ទឹកដី​អាមេរិក​នេះ​ទេ ព្រោះ​តំណាង​រាស្ត្រអាមេរិក​មិន​ចង់ឃើ​ញ​លោក ហ៊ុន សែន ជាន់​ទឹកដី​អាមេរិក​នោះទេ ដោយ​សារ​កាល​ពី​ពីរ​ឆ្នាំមុន​នោះ ពោល​គឺ​នៅ​ឆ្នាំ១៩៩៧ មាន​រដ្ឋប្រហារ​បង្ហូឈាម​នៅ​កណ្តាលរាជធានី​ភ្នំពេញ រវាង​ក្រុម​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រីទី២ និង​ក្រុម​ដែល​ស្មោះត្រង់​ជាមួយ​សម្តេ​ច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​នាយករដ្ឋមន្ត្រី​ទី១។ ក៏​ប៉ុន្តែ​នៅទីបំផុត តំណាង​រាស្ត្រសហរដ្ឋ​អាមេរិក​យល់​ថា លោក ហ៊ុន សែន ក្នុងនាម​ជាឪពុក​គួរ​តែ​មាន​សិទ្ធិចូលរួម​អបអរសាទរ​កូន​ប្រុស​ នៅ​ក្នុង​ថ្ងៃទទួលសញ្ញាបត្រ​នោះ៕

No comments: