Monday, 21 February 2022

"ការងារ​នៅ​កម្ពុជា​ជាង ៩០​ភាគរយ ជា​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ"


ដោយ មួង ណារ៉េត
2022-02-21
"ការងារ​នៅ​កម្ពុជា​ជាង ៩០​ភាគរយ ជា​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ" 

សកម្មភាព​លក់ដូរ​របស់​អាជីវករ​នៅ​ផ្សារ​ឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១៦។
RFA

 

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​ជា​រូបភាព​មួយ ដើម្បី​ប្រារព្ធ​ទិវា​យុត្តិធម៌​សង្គម​របស់​ពិភពលោក ថ្ងៃទី ២០ ខែ កុម្ភៈ ដោយ​រំលេច​នូវ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ការងារ នៅ​កម្ពុជា ជាពិសេស​បញ្ហា​ការងារ​នៅ​កម្ពុជា​ជាង ៩០ ភាគរយ (៩៣ ភាគរយ​) ជា​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ នេះ​មានន័យថា អ្នក​ធ្វើ​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ មាន​មិន​ដល់ ១០ ភាគរយ (៧ ភាគរយ​)​។ ស្រប​ពេល​ដែល​នៅ​លើ​ពិភពលោក អ្នក​ធ្វើ​ការងារ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​នេះ មាន​ជិត ៤០ ភាគរយ (៣៩​ភាគរយ)។ តួលេខ​ទាំងនេះ ផ្អែកលើ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សម្រាប់​ឆ្នាំ ២០២០។

នៅ​កម្ពុជា កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួមមាន​អ្នក​លក់ដូរ​នៅ​តាម​ផ្សារ អ្នក​លក់ដូរ​តាម​ដងផ្លូវ បុគ្គលិក​បម្រើការ​ផ្នែក​សេវា​កម្សាន្ត អ្នក​ប្រមូល​សំរាម អ្នក​រត់​ម៉ូតូ​ឌុប អ្នក​បើកបរ​រថយន្ត​ឈ្នួល អ្នក​ធាក់​ស៊ីក្លូ កសិករ កម្មករ​សំណង់ កម្មករ​ឡឥដ្ឋ អ្នកបម្រើ​តាម​ផ្ទះ និង​អ្នក​រើស​អេតចាយ​ជាដើម​។ ខុសពី​អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ អ្នកធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មិន​ទទួល​បាន​ប្រាក់​ចំណូល​ស្ថិតស្ថេរ មិន​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ពុំ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​និង​សេដ្ឋកិច្ច និង​គ្មាន​តំណាង​សហជីព។



មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្ហាញ​ថា ការបាត់បង់​អត្ថប្រយោជន៍ សិទ្ធិ និង​ឱកាស​ទាំងអស់​នេះ ធ្វើ​ឲ្យ​កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​គេ​មើល​រំលង ឬ​មើល​មិន​ឃើញ និង​បន្ត​ស្ថិត​ក្នុង​ភាព​ក្រីក្រ ព្រមទាំង​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច​ការងារ​ខ្ពស់។ ទាំងនេះ​ប៉ះពាល់​ដល់​យុត្តិធម៌​សង្គម ព្រោះ​យុត្តិធម៌​សង្គម គឺ​សំដៅលើ​ការ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ឱកាស​ទទួល​បាន​ការងារ​ស្មើភាព​គ្នា ការ​គោរព​សេរី​ភាពជា​មូលដ្ឋាន សមភាព​និង​ការ​មិន​រើសអើង ការ​លុប​បំបាត់​ភាព​ក្រីក្រ និង​ការ​គោរព​សិទ្ធិមនុស្ស​ពី​សំណាក់​ធុរកិច្ច។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ទៀត​ថា ជាទូទៅ​កម្មករ​មិន​ចង់​ជ្រើស​រើស​យក​ការងារ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទេ។ ប៉ុន្តែ មាន​កត្តា​ផ្សេងៗ​ជាច្រើន ដែល​នាំ​ឲ្យ​ពួកគេ​ធ្វើ​ការងារ​ក្នុង​ផ្នែក​នេះ។ កត្តា​ទាំងនោះ រួម​មាន ភាព​ក្រីក្រ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​មាន​កម្រិត កា​រអប់រំ​ថ្នាក់​ឧត្តម​សិក្សា​មាន​កម្រិត ឱកាស​ទទួល​បាន​ការ​ងារ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​កម្រិត ដោយសារ​កំណើន​សេដ្ឋកិច្ច​មិន​គ្រប់គ្រាន់ និង​នីតិវិធី​ចុះបញ្ជី​អាជីវកម្ម​ស្មុគស្មាញ និង​ចំណាយ​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចុះបញ្ជី​អាជីវកម្ម​ក្នុង​ប្រព័ន្ធ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បន្ថែម​ថា ការ​ផ្លាស់ប្ដូរ​ការងារ​ពី​ក្រៅ​ប្រព័ន្ធ​ទៅ​ក្នុង​ប្រព័ន្ធ មាន​សារសំខាន់​ខ្លាំង ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ និង​វឌ្ឍនភាព​យុត្តិធម៌​សង្គម​កម្ពុជា​។ ដើម្បី​សម្រេច​បាន កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវការ​កិច្ចការពារ​ផ្នែក​សង្គម និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​។​

ទិវា​យុត្តិធម៌​សង្គម​ពិភពលោក ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ តាំង​ពី​ឆ្នាំ ២០១៧។ ប្រធានបទ​ឆ្នាំនេះ គឺ​ផ្តោត​លើ​ការ​សម្រេច​បាន​យុត្តិធម៌​សង្គម​តាមរយៈ​ការងារ​ក្នុង​ប្រព័ន្ធ៕

No comments: