Saturday, 19 February 2022

បក្ស​កាន់អំណាច​នឹង​មិន​ឱ្យ​អតីត​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ចុះចូល បាន​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី​ឡើយ


ដោយ ខែ សុណង
2022-02-18
បក្ស​កាន់អំណាច​នឹង​មិន​ឱ្យ​អតីត​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​ចុះចូល បាន​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី​ឡើយ 

រថយន្តក្បួន​ឃោសនា​​របស់​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក


គណបក្ស​កាន់អំណាច​នឹង​មិន​អនុញ្ញាត​ឱ្យ​អតីត​សមាជិក​ក្រុម ប្រឹក្សា​ឃុំ/សង្កាត់ បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​បាន​ចុះចូល​ជាមួយ​បក្ស​នេះ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទៀត​ទេ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២២។ អ្នក​ឃ្លាំមើល​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ជា​ទម្លាប់​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​នេះ​តែងតែ​ផ្ដល់​ប្រយោជន៍​រយៈ​ពេល​ខ្លី​ឲ្យ​មនុស្ស​មក​ពី​បក្ស​ផ្សេង​ដែល​មក​ចុះ​ចូល​ជាមួយ​បក្ស​របស់​ខ្លួន។

តំណាង​គណបក្ស​កាន់អំណាច​អះអាង​ថា មូលហេតុ​ដែល​គណបក្ស​មិន​ឱ្យ​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​មួយ​ចំនួន ដែល​បាន​ចុះចូល​ឈរ​ឈ្មោះ​ជា​ថ្មី​ទៀត​នោះ ព្រោះ​ពួក​គេ​បំពេញ​ការងារ​របស់​ខ្លួន​មិនបាន​ល្អ។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ថា អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ គឺជា​មន្ត្រី​ថ្មី​របស់​បក្ស​កាន់​អំណាច ដែល​​មិនសូវ​សកម្ម​នឹង​ការងារ​ និង​មិន​បាន​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ដិតដល់។ ទោះ​ជា​បែប​នេះ​ក្ដី លោក​ថា ក៏​មាន​អតីត​មន្ត្រី​​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ឈរ​ឈ្មោះ​បន្ត ដើម្បី​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ដដែល ព្រោះ​អ្នក​ទាំង​នោះ បាន​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បំពេញ​ការងារ​យ៉ាង​សកម្ម​ ដែល​ធ្វើ​ឲ្យ​ក្រុម​ការងារ​មូលដ្ឋាន​ និង​ខេត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជឿ​ទុកចិត្ត៖ «យើង​អត់​មាន​រើសអើង​ អត់​មាន​បែងចែក​ទេ ទោះបី​បង​ប្អូន​ទើប​ចូល​មួយ​ថ្ងៃ​ក៏​ដោយ​ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​ដែរ​ អញ្ចឹង​បេក្ខភាព​បង​ប្អូន ដែល​ជាប់​ក្នុង​បញ្ជី​បេក្ខភាព​អាណត្តិ​ថ្មី អាស្រ័យ​លើ​គុណសម្បត្តិ​បង​ប្អូន​​ម្នាក់ៗ​ អញ្ចឹង​ខ្ញុំ​យល់​ថា អាច​មាន​មួយ​ចំនួន ហើយ​ក៏​អាច​អត់​មាន​មួយ​ចំនួន​​មិន​មាន​ទាំង​អស់​ហើយ​ក៏​មិន​អត់​ទាំង​អស់​ទេ​បាទ»។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ​អះអាង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ ២៨.២៥៧នាក់ សម្រាប់​ឃុំ​សង្កាត់​ចំនួន១.៦៥២ ទូទាំង​​ប្រទេស។

ទោះ​យ៉ាង​ណា​ក្ដី លោក សុខ ឥសាន បដិសេធ​ មិន​ផ្ដល់​តួលេខ​ជាក់លាក់​​របស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង ដែល​មិន​ត្រូវ​អនុញ្ញាត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឲ្យ​បក្ស​កាន់​អំណាច​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នោះ​ទេ។

លោក សុខ ឥសាន បញ្ជាក់​ថា អតីត​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ឆ្នាំ២០១៧ មាន ២.៦០០នាក់។

ជុំវិញ​រឿង​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ឲ្យ​ដឹង​ថា អតីត​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ខេត្ត​របស់​លោក​ភាគ​ច្រើន​មិន​ត្រូវ​គណបក្ស​កាន់​អំណាច​ដាក់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ទៀត​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អតីត​មន្ត្រី​បក្ស​មួយ​ចំនួន​តូច ដែល​បាន​ឈរ​ឈ្មោះ​បន្ត​ពួក​គេ ក៏​មិន​ទទួល​បាន​លេខ​រៀង​ល្អ​នោះ​ដែរ គឺ​ត្រឹម​លេខ​បម្រុង៖ «មក​ដល់​ពេល​នេះ​យើង​ឃើញ​លទ្ធផល​ជាក់ស្ដែង​តែម្ដង នៅ​ស្រុក​កំពង់លែង ឃុំ​ជន្លក គឺ​យើង​បាន​មេឃុំ ឥឡូវ​នេះ​គាត់​ចុះចូល​ជាមួយ​គេ (គណបក្ស​ប្រជាជន​កម្ពុជា) ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ មក​ដល់​ពេល​នេះ​មិនទាន់​ឃើញ​គាត់​ឈរ​លេខ​ល្អ​ទេ គឺ​គេ​ដាក់​លេខ​បម្រុង​ទៅ​វិញ»។

ទាក់ទង​រឿង​នេះ អ្នក​សិក្សា​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី យល់​ថា ករណី​នេះ អាច​មាន​ពាក់ព័ន្ធ​​ចំណុច​សំខាន់​ពីរ​យ៉ាង។ ទី​មួយ​គឺ គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​បង្ហាញ​ថា ខ្លួន​មាន​ធនធាន​គ្រប់គ្រាន់​​​ក្នុង​ការ​ដឹកនាំ​កិច្ច​ការងារ​នៅ​មូលដ្ឋាន។ ឯ​ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺ​មន្ត្រី​អតីត​​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នោះ ជា​មនុស្ស​ឱកាស​និយម ហើយ​ក្រុម​មនុស្ស​ប្រភេទ​នេះ មិន​សូវ​មាន​សមត្ថភាព ដែល​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ប្រើប្រាស់​ត្រឹម​មួយ​ពេលៗ ក៏​បោះបង់​ចោល​ទៅ៖ «គណបក្ស​ប្រជាជន​អាច​មិន​ទុក​ចិត្ត​លើ​ភាព​ស្មោះត្រង់​​អ្នក​ដែល​ចុះចូល​​ ទីពីរ​អាច​មក​ពី​សមត្ថភាព​អ្នក​ដែល​ចុះចូល​ដែរ​ ដោយសារ​យើង​ឃើញ​ថា​ អ្នក​ដែល​ចុះចូល​ហ្នឹង​ភាគ​ច្រើន​ជា​អ្នក​ឱកាស​និយម​ធម្មតា​ ដូច​យើង​មើល​ក្នុង​ច្បាប់​សង្គ្រាម​អញ្ចឹង​ ​ជា​ឈ្លើយ​សឹក​គេ​មិន​សូវ​ឲ្យ​តួនាទី​អី​ទេ​​គេ​ទុក​ប្រើ​យក​មក​ប្រើ​នៅ​ក្នុង​សមរភូមិ​ក្នុង​ការ​ប្រយុទ្ធ​លើ​គ្នា​ឯង​ អញ្ចឹង​ក្នុង​តម្លៃ​នយោបាយ​ អត់​អាច​យក​ប្រើ​អី​កើត​ទេ»។

នៅ​សល់​តែ​ជាង ៣ខែ​ទៀត​ប៉ុណ្ណោះ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នឹង​ចូល​មក​ដល់។ គណបក្ស​មួយ​ចំនួន​កំពុង​រៀបចំ​ជ្រើសរើស និង​ដាក់​បេក្ខជន​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នេះ។ ក្រោយ​រដ្ឋាភិបាល លោក​ ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាជិកសភា ៥៥រូប និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥.០០០ (ប្រាំ​ពាន់) នាក់ កាល​ពី​ចុង​ឆ្នាំ២០១៧ នោះ មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ចុះចូល​ជា​មួយ​គណបក្ស​​ប្រជាជន​កម្ពុជា​ ដោយ​គណបក្ស​កាន់​អំណាច​ សន្យា​រក្សា​តួនាទី​របស់​អ្នក​ទាំង​នោះ​ដដែល។

អ្នក​ឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​មិន​សូវ​ផ្ដល់​តម្លៃ​​ ឬ​ការងារ​ល្អ​ធំដុំ​ ដល់​មន្ត្រី​គណបក្ស​នានា​ដែល​​មក​ចុះចូល​ជាមួយ​គណបក្ស​ខ្លួន​នោះ​ទេ។ ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​បក្ស​កាន់​អំណាច​ត្រឹម​បញ្ចេញ​ប្រើ​យូរៗ ម្ដង ឬ​អំឡុង​ពេល​បោះឆ្នោត​ដើម្បី​ឲ្យ​វាយប្រហារ​លើ​អតីត​មេដឹកនាំ​របស់​ពួកគេ៕

No comments: