ដោយ មាន ឫទ្ធិ
2022-02-28
(ឆ្វេង) លោក ប្រេដ អាដាមស៍ (Brad Adams) នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងលោក ហ៊ុយ ពិសិដ្ឋ អតីតមេបញ្ជាការរងកងអង្គរក្ស និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ។
រូប៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិថា នឹងជំរុញឱ្យស្ថាប័នប៉ូលិសអន្តរជាតិ ឬ អាំងទែរប៉ូល (Interpol) ចេញនិវេទន៍ក្រហមតាមចាប់ខ្លួនមេកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមដីការបស់តុលាការបារាំងក្នុងសំណុំរឿងគប់គ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី កាលពីឆ្នាំ១៩៩៧។ មន្ត្រីរូបនោះបន្ថែមថា ដីកានេះនឹងធ្វើឱ្យលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងផង អាចប្រឈមនឹងទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ។
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្ដាប់ ភាគទី ១ នៃបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងនាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាមស៍ ជុំវិញករណីតុលាការបារាំងចេញដីកាចាប់ខ្លួនមេកងអង្គរក្សលោក ហ៊ុន សែន ក្នុងសំណុំរឿងគប់គ្រាប់បែកលើក្រុមបាតុករកាលពីឆ្នាំ១៩៩៧ ដូចតទៅ៖
លោក មាន ឫទ្ធិ៖តើដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការបារាំងនេះ មានន័យយ៉ាងដូចម្ដេចដែរសម្រាប់មេកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ នោះ? ហើយតើវាមានន័យយ៉ាងម៉េចដែរសម្រាប់លោក ហ៊ុន សែន ខ្លួនឯងវិញ?
លោក ប្រេដ អាដាមស៍៖ បាទ! ខ្ញុំគិតថាសម្រាប់បុគ្គលទាំងពីររូប គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ពួកគេនឹងមិនអាចធ្វើដំណើរមកកាន់អឺរ៉ុប និងនៅទ្វីបអាមេរិកខាងជើងបានទៀតឡើយ។ គួរតែមានដីកាបង្គាប់ឱ្យចាប់ខ្លួនពួកគេតាមរយៈនីតិវិធីរួមរបស់សហភាពអឺរ៉ុប។ គួរតែមាននិវេទន៍ក្រហមតាមចាប់ខ្លួនពួកគេ ចេញដោយស្ថាប័នប៉ូលិសអន្តរជាតិ ឬ អាំងទែរប៉ូល ដែលមានន័យថា ពួកគេប្រឈមនឹងការចាប់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ក្រៅតែពីប្រទេសកម្ពុជា។
តាមពិតទៅ បុគ្គលទាំងពីររូបនេះគួរតែប្រឈមនឹងការចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ យើងដឹងហើយថា រដ្ឋាភិបាលកម្ពុជាបានបដិសេធការចាប់ខ្លួនពួកគេ។ ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការបារាំងនេះ ក៏អាចបើកផ្លូវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមមកលើពួកគេដែរ។ លោក ហ៊ីង ប៊ុនហៀង ត្រូវបានដាក់ទណ្ឌកម្មរួចមកហើយ កាលពីពេលកន្លងទៅ។ ខ្ញុំរំពឹងថា ពួកគេទាំងពីររូប នេះ នឹងប្រឈមនូវការដាក់ទណ្ឌកម្មបន្ថែមមកលើពួកគេ ដែលអាចនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដែលពួកគេមាននៅបរទេស ឬក៏ប៉ះពាល់ដល់ក្រុមហ៊ុនណាមួយដែលពួកគេពាក់ព័ន្ធជាមួយ។ ដូចដែលយើងដឹងហើយថា លោក ហ៊ីង ប៊ុនហៀង គឺជាមនុស្សដែលប្រព្រឹត្តអំពើពុករលួយខ្លាំងមែនទែន។ ដូច្នេះ លោកនឹងប្រឈមទៅនឹងការដាក់ទណ្ឌកម្មយ៉ាងទាន់ពេលវេលា។ វានឹងក្លាយជាអំពើខុសច្បាប់ក្នុងការរកស៊ី ឬធ្វើជំនួញជាមួយពួកគេ ប្រសិនបើអ្នកជាក្រុមហ៊ុនបរទេស អាស្រ័យទៅតាមយុត្តាធិការជាក់លាក់មួយចំនួន។
ដោយឡែក សម្រាប់លោក ហ៊ុន សែន វិញ ដីការបស់តុលាការបារាំងបានគូសបញ្ជាក់ច្បាស់ណាស់ថា បើកុំតែលោកមានអភ័យឯកសិទ្ធិទេ កុំអីលោក ហ៊ុន សែន ខ្លួនឯង ក៏ត្រូវប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនដែរ។ ដូច្នេះ ថាតើលោក ហ៊ុន សែន នឹងត្រូវចាប់ខ្លួនដែរ ឬទេ? ចម្លើយ គឺទេ។ មិនមែននៅពេលឥឡូវនេះទេ លុះត្រាណាតែអភ័យឯកសិទ្ធិរបស់គាត់ត្រូវបានដកហូត ដោយតុលាការបារាំង ឬតុលាការដទៃទៀត។ ក៏ប៉ុន្តែ ខ្ញុំគិតថា វានឹងពិបាកខ្លាំងសម្រាប់សហភាពអឺរ៉ុប និងក្រុមប្រទេសនិយមប្រជាធិបតេយ្យដទៃទៀត ក្នុងការអញ្ជើញគាត់ឱ្យមកចូលរួមកិច្ចប្រជុំទ្វេភាគី ឬកិច្ចប្រជុំពហុភាគីផ្សេងទៀត ដោយសារតែយើងមានតុលាការឯករាជ្យនៅក្នុងប្រទេស ដែលមានប្រជាធិបតេយ្យរឹងមាំ ដែលបានសន្និដ្ឋានថា មានភស្តុតាងបង្ហាញឱ្យឃើញថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ បានរៀបចំ និងបានបញ្ជាឱ្យវាយប្រហារដោយគ្រាប់បែកទៅលើក្រុមបាតុករ និងថា មានតែបុគ្គលមួយរូបទេ ដែលអាចអនុញ្ញាតឱ្យពួកគេធ្វើដូច្នេះបាន ហើយបុគ្គលនោះគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នុងឯង។
លោក មាន ឫទ្ធិ៖ តើលោកគិតថា អាចទៅរួចទេដែលតុលាការបារាំងនឹងឈានទៅជំរុញឱ្យប៉ូលិសអន្តរជាតិចេញនិវេទន៍ក្រហមតាមចាប់ខ្លួនបុគ្គលទាំងនេះដែរ ឬទេ នាពេលអនាគតនោះ?
លោក ប្រេដ អាដាមស៍៖ របៀបរបបក្នុងប្រព័ន្ធយុត្តិធម៌បារាំង គឺវាអាស្រ័យទៅលើរដ្ឋអាជ្ញាជាអ្នកធ្វើសំណើនេះ។ ប៉ុន្តែ រដ្ឋអាជ្ញាគួរតែស្នើឡើងដូច្នេះ។ តែបញ្ហាគឺថា មិនមានព័ត៌មានប្រកបដោយតម្លាភាពនោះទេ។ ដូច្នេះ យើងទាំងអស់គ្នា រួមទាំងលោកជាអ្នកកាសែតផង ចាំបាច់ត្រូវពិនិត្យមើលលើរឿងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីចង់ដឹងថា តើនៅពេលណាដែលរដ្ឋអាជ្ញាបារាំងអាចនឹងធ្វើសំណើនេះឡើង។ រដ្ឋអាជ្ញាបារាំងពុំមានកាតព្វកិច្ចធ្វើសំណើនេះជាសាធារណៈទេ។ ពួកគេអាចធ្វើដូច្នេះបាន តែពួកគេមិនចាំបាច់ត្រូវតែធ្វើនោះទេ។ ដូច្នេះ យើងមិនដឹងថា ការណ៍នេះនឹងកើតឡើងនៅពេលណានោះឡើយ។ ប៉ុន្តែ ខ្ញុំមិនអាចមិនជឿថា វានឹងមិនកើតឡើងនោះទេ ពីព្រោះថា នេះជាសំណុំរឿងធ្ងន់ធ្ងរណាស់ គឺពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាត និងការសម្លាប់មនុស្ស។ នេះបើផ្អែកតាមតុលាការបារាំង។ ពោលគឺ ប៉ុនប៉ងធ្វើឃាតលោក សម រង្ស៊ី និងបានសម្លាប់មនុស្សដល់ទៅ ១៦នាក់ឯណោះ។ ដូច្នេះ ប្រាកដណាស់ នេះគឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមែនទែន។
លោក មាន ឫទ្ធិ៖ ដូច្នេះ តើអង្គការរបស់លោកនឹងជំរុញឱ្យប៉ូលិសអន្តរជាតិចេញនិវេទន៍ក្រហមតាមចាប់ខ្លួនបុគ្គលទាំងនេះដែរឬទេ?
លោក ប្រេដ អាដាមស៍៖ បាទ! ប្រាកដណាស់ យើងនឹងជំរុញរឿងនេះកាន់តែខ្លាំងបន្ថែមទៀត។ ប៉ុន្តែ ទីបំផុតទៅ អ្វីៗ គឺអាស្រ័យទៅលើអាជ្ញាធរបារាំងជាអ្នកធ្វើដូច្នេះ។ ខ្ញុំអាចនិយាយបានថា អាជ្ញាធរបារាំងធ្លាប់បានបញ្ជូនការទាមទារ និងដីកាបង្គាប់ឱ្យលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មកបង្ហាញខ្លួននៅមុខតុលាការបារាំង ដែលចេញដោយចៅក្រមបារាំងបញ្ជូនទៅរដ្ឋមន្ត្រីយុត្តិធម៌បារាំង និងទៅក្រសួងការបរទេសបារាំង។ រួចហើយបញ្ជូនទៅស្ថានទូតបារាំងប្រចាំនៅភ្នំពេញ ដើម្បីបញ្ជូនបន្តទៅដល់ដៃរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ ប្រព័ន្ធយុត្តិធម៌នៅបារាំងដំណើរទៅបានយ៉ាងប្រសើរក្នុងការចាត់ការសំណុំរឿងនេះ...។ ក៏ប៉ុន្តែសំណើនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធមិនឱ្យលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ចូលរួមការសួរដេញដោល ឬបង្ហាញខ្លួនឡើយ។ នេះហើយ គឺជាមូលហេតុដែលនាំឱ្យឈានទៅដល់ការចេញដីកាចាប់ខ្លួន។ ពោលគឺចៅក្រមចេញដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ដោយសារតែបុគ្គលទាំងពីររូបនេះខកខាន មិនបានបង្ហាញខ្លួនក្នុងតុលាការបារាំងដូចតាមការស្នើឡើង។
លោក មាន ឫទ្ធិ៖ តើពួកគេអាចប្ដឹងទាស់នឹងដីកាបង្គាប់ឱ្យចាប់ខ្លួននេះទៅតុលាការកំពូលរបស់បារាំងបានដែរឬទេ?
លោក ប្រេដ អាដាមស៍៖ ទេ! ពួកគេមិនអាចប្ដឹងទាស់ប្រឆាំងនឹងដីកាបង្គាប់ឱ្យចាប់ខ្លួននេះទៅតុលាការកំពូលបានទេក្នុងពេលនេះ។ សំណុំរឿងនេះនឹងត្រូវបញ្ជូនទៅសវនាការលើអង្គសេចក្ដី ក្នុងតុលាការជាន់ទាបសិន ដែលអាចនឹងធ្វើឡើងនៅពេលណាមួយនៅឆ្នាំក្រោយ។ នៅពេលនោះ តុលាការនឹងលើកយកភស្តុតាងមកពិចារណា ហើយសាក្សីដូចជារូបខ្ញុំជាដើម ក៏នឹងត្រូវអញ្ជើញឱ្យទៅផ្តល់សក្ខីកម្មដែរ។ តុលាការក៏នឹងតម្រូវឱ្យលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មានវត្តមាន និងផ្តល់សក្ខីកម្មដែរ ប្រសិនបើពួកគេជ្រើសរើសធ្វើដូច្នេះ។ ពេលនោះ តុលាការនឹងចេញសេចក្ដីសម្រេចថា តើមានភស្តុតាងគ្រប់គ្រាន់ ដើម្បីផ្ដន្ទាទោសពួកគេដែរឬយ៉ាងណានោះ។
លោក មាន ឫទ្ធិ៖ អញ្ចឹង ប្រសិនបើតុលាការបារាំងផ្ដន្ទាទោសពួកគេក្នុងសវនាការលើអង្គសេចក្តីនាពេលខាងមុខនេះ តើទោសទណ្ឌរបស់ពួកគេនឹងធ្ងន់ធ្ងរប៉ុណ្ណាដែរ?
លោក ប្រេដ អាដាមស៍៖ ខ្ញុំមិនអាចអត្ថាធិប្បាយបាន ថាយ៉ាងណានោះទេ។ តែខ្ញុំរំពឹងថា សំណុំរឿងដែលមានមនុស្សស្លាប់ និងរបួសដល់ជាងមួយរយនាក់បែបនេះ... នឹងមានការផ្ដន្ទាទោសដាក់គុកច្រើនឆ្នាំមែនទែន...។ ប្រសិនបើពួកគេត្រូវបានផ្ដន្ទាទោសមែននោះ នោះមានន័យថា តុលាការជឿជាក់ថា ពួកគេពិតជាបានរៀបចំ និងមានផែនការសម្លាប់មនុស្សប្រាកដមែន។ ដូច្នេះ វានឹងក្លាយជាបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ...។ ពុំទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយទេ ជុំវិញកាលបរិច្ឆេទសវនាការលើអង្គសេចក្ដី។ តែមេធាវីក្នុងសំណុំរឿងនេះ បានប្រាប់ខ្ញុំថា អាចត្រូវការពេលពី ១២ខែ ទៅ ១៨ខែ ក្រោយពីចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់ឱ្យចាប់ខ្លួន៕
សូមលោកអ្នកនាងរង់ចាំស្ដាប់ ភាគទី ២ នៃបទសម្ភាសន៍នេះដែលលោក ប្រេដ អាដាមស៍ នឹងរៀបរាប់លម្អិតលើហេតុការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី ២៥ឆ្នាំមុននោះ។ សូមអរគុណ!
1 comment:
Jammin' Jars Casino Resort & Spa opens at 10 a.m. - JTR
Jammin' Jars Casino Resort & 오산 출장마사지 Spa 세종특별자치 출장안마 is a hotel in Atlantic 삼척 출장안마 City, NJ, United States with a total of 945 rooms and suites. It offers a total 전라북도 출장안마 of 김천 출장샵
Post a Comment