Monday, 21 March 2022

អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ជាង​១០០​នាក់​ដែល​បន្ត​ទាមទារ​ដំណោះស្រាយ

Khmer Circle

Despotic regimes do not "resolve" society's problems - most of which are of their doings or creations; they are in fact themselves society's worst problem! - but only know how to 'dissolve' them by one means or another.

🔺🔺🔺

ដោយ មាន ឫទ្ធិ
2022-03-20
អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ជាង​១០០​នាក់​ដែល​បន្ត​ទាមទារ​ដំណោះស្រាយ 

ទិដ្ឋភាព​កូដករ​ណាហ្គាវើលដ៍តវ៉ា​លើក​បដា ខាង​មុខក្រុមហ៊ន នៅ​ថ្ងៃទី២០ មីនា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


អាជ្ញាធរ​ក្រុងភ្នំពេញ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ ណាហ្គា វើលដ៍ (NAGAWorld) ដែល​បន្ត​ទាមទារ​សិទ្ធ​សេរីភាព​ក្នុង​កន្លែងធ្វើការ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​ វើលដ៍​នៅ​ថ្ងៃទី​២០​មីនា​។ អាជ្ញាធរ​បាន​រុញច្រាន ស្រែក​សម្លុត និង​ចាប់បង្ខំ​ក្រុម​កូដ​ករ​ឱ្យ​ឡើង​រថយន្តក្រុង​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ជាថ្មី​ម្ដងទៀត។

កម្លាំង​អាជ្ញាធរ​រាប់​រយ​នាក់​បន្ត​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដ​ករ​បុគ្គលិក​ណាហ្គាវើលដ៍​ជាង​១០០​នាក់ ដោយ​អាជ្ញាធរ​រារាំង​បំបែក​ការ​ប្រមូលផ្តុំ​ពួកគាត់​មិន​ឱ្យ​ឈរ​ក្បែរ​អគារ​ក្រុមហ៊ុន​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ឡើយ​។ អាជ្ញាធរ​បាន​រុញច្រាន និង​ស្រែក​សម្លុត​ដោយ​បង្ខំ​ឱ្យ​ពួកគាត់​ឡើង​រថយន្តក្រុង និង​ដឹក​ពួកគាត់​ទម្លាក់​នៅ​តាម​ជាយៗ​ក្រុង​រាជធានី​ភ្នំពេញ។

កូដ​ករ និង​ជា​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​លោកស្រី ចាន់ បូរ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០​មីនា ថា អាជ្ញាធរ​បាន​ដឹក​ក្រុម​កូដ​ករ​ទម្លាក់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​បង្ខាំង​ពួកគាត់​មិន​ឱ្យ​ចុះ​ចេញពី​រថយន្ត​ឡើយ​។ លោកស្រី​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​ប្រឹងប្រែង​ព្យាយាម​កាង​អំណាច​ឱ្យ​ក្រុមហ៊ុន​ធ្វើបាប​កូដ​ករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ដែល​គ្រាន់តែ​ប្រើ​សិទ្ធ​ជា​មូលដ្ឋាន​ទាមទារ​ឱ្យ​ថៅកែ​គោរព​សិទ្ធ​សហជីព​នៅ​កន្លែងធ្វើការ៖ «ឈឺចាប់​ណាស់​! ពួកយើង​គ្រាន់តែ​ទាមទារ​ដំណោះស្រាយ​ទេ ហេតុ​អី​អាជ្ញាធរ​គិតតែ​ចាប់​កូដ​ករ​ដាក់​ឡាន​រហូត​អ៊ីចឹង​? កូដ​ករ​នៅតែ​រក្សា​ជំហរ​ដដែល ឱ្យ​ក្រុមហ៊ុន​ទម្លាក់​បទ​ចោទ​ចូល​តុ​ចរចា​បញ្ចប់​វិវាទ​ការងារ​នេះ ប៉ុន្តែ​ពិបាក​ក្នុង​ការ​ទទួលយក​នោះ កូដ​ករ​ធ្វើ​កូដកម្ម​ស្រប​នឹង​របង​ក្រុមហ៊ុន តើ​ហេតុ​អី​អាជ្ញាធរ​រុញ​ពួក​យើង​ឡើង​ឡាន​រហូត»។


លោកស្រី​រិះគន់​អាជ្ញាធរ​ថា​នៅតែ​បន្ត​លម្អៀ​ល​ទៅ​ខាង​ក្រុមហ៊ុន និង​ព្យាយាម​គេចវេះ​មិន​ព្រម​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ​ឱ្យ​ក្រុម​កូដ​ករ​ទទួល​បាន​យុត្តិធម៌​នោះ​ទេ​។​

ក្រុម​កូដ​ករ​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​បាន​បញ្ជា​តៃកុង​ដឹក​ពួកគាត់​ពាសពេញ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​តាំង​ម៉ោង ២រសៀល រហូតដល់​ម៉ោង​5​ល្ងាច ទើប​ទម្លាក់​កូដ​ករ​ក្នុង​ចំណត​ឡាន​ស្ថិតនៅ​ទីតាំង​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។ អាជ្ញាធរ​ក៏បាន​រារាំង​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​(UN) មិន​ឱ្យ​ឈរ​ក្បែរ​ឬ​ឃ្លាំមើល​សកម្មភាព​អាជ្ញាធរ​ដែល​ប្រើ​ហិង្សា​លើ​កូដករ​នោះ​ឡើយ។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​លោក កត្តា អ៊ន បាន​ចោទ​ថា​ក្រុម​កូដករ​តែងតែ​ព្យាយាម​បង្ក​ភាព​ប្រទូស្ត​សារ៉ាយ​ជាមួយ​សមត្ថកិច្ច ដើម្បី​បង្វែរ​សាច់រឿង​ក្នុងការ​ចោទប្រកាន់​ឬ​បំបាក់​កិត្តិយស​សមត្ថកិច្ច​នៅ​តាម​បណ្ដាញ​សង្គម​។ លោក​បន្ត​ថា បើ​ក្រុម​កូដ​ករ​នៅតែ​បន្ត​​​​​​​​ធ្វើ​កូដកម្ម អាជ្ញាធរ​នឹង​មាន​វិធាន​ក្នុង​ការ​បញ្ជូន​ពួកគាត់​ឱ្យធ្វើ​ការ​ទាមទារ​នៅ​ទីលាន​ប្រជាធិបតេយ្យ៖ «ប៉ុន្តែ​នេះ​ជា​ចេតនា​បញ្ហា​ដែល​កើតឡើង​ភាព​ប្រទូស្ត​សារ៉ាយ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ថតរូប​ភាព​ហ្នឹង ឱ្យ​គេ​ឃើញថា​សមត្ថកិច្ច​មានការ​បំពាន​លើ​ពួកគាត់​។ ដំណោះស្រាយ​កំពុងតែ​ដំណើរការ​ទៅមុខ បើ​កូដករ​នៅតែ​បន្ត​បង្ក​បញ្ហា​ហានិភ័យ​នៅ​តាម​ដងផ្លូវ​ទៀត​នោះ​ជា​ទម្ងន់​បទល្មើស​សម្រាប់​កូដករ​ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ»។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​អង្គ​ការសង់​ត្រា​ល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា​អាជ្ញាធរ​គួរតែ​លុប​បំបាត់​ទម្រង់​ហិង្សា​លើ​ក្រុម​កូដករ​ដើម្បី​ឱ្យ​ពួកគាត់​មាន​ជំនឿ​លើ​ភាគី​ក្រុមហ៊ុន​ចូល​តុ​ចរចា​ជាមួយ​តំណាង​សហជីព។

លោក ឃុន ថារ៉ូ រំពឹង​ថា​គណៈកម្មាធិការ​ក្នុង​សម្របសម្រួល​វិវាទ​ការងារ​នេះ​នឹង​ឈរ​លើ​ភាព​អព្យាក្រឹត្យ​ជួយ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​ត្រឹមត្រូវ​តាម​បំណង​របស់​កូដ​ករ៖​ «​រឿង​ខ្លះ​ដែល​មាន​ការតានតឹង​យើង​សម្បទាន​គ្នា​ទៅវិញទៅមក​អាច​ដោះស្រាយ​ទៅរួច​ហើយ​។ ប៉ុន្តែ​បើ​និយោជក​គ្មាន​ឆន្ទៈ ឬ​មាន​ចេតនា​មិន​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ចូល​ធ្វើ​ការ​វិញ ខ្ញុំ​ថា​វិវាទ​នេះ​មិនអាច​ដោះស្រាយ​បានទេ​ទោះបី​ភាគី​ទាំង​២​ចូល​តុ​ចរចា​ក្ដី​។ នេះ​មិនមែន​សម្បទាន​ក្នុង​គោលការណ៍​សមធម៌​អី​ទេ វា​ជា​ការ​សម្បទាន​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់»។

ក្រសួង​ការងារ​បាន​ចេញ​សេចក្ដីប្រកាស​កោះហៅ​តំណាង​សហជីព​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​ភាគី​ក្រុមហ៊ុន​ជួប​ចរចា​គ្នា​ម្ដងទៀត​នៅ​ថ្ងៃទី​២១​មីនា​។ ក្នុង​សេចក្ដីប្រកាស​នោះ បញ្ជាក់​ថា​ប្រសិនបើជា​ការចរចា​នៅតែ​គ្មាន​ដំណោះស្រាយ​តាម​នីតិវិធី ភាគី​ទាំងពីរ​អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ដើម្បី​រក​ដំណោះស្រាយ​ចុងក្រោយ។

ទោះជា​យ៉ាងណា ក្រុម​កូដ​ករ​បញ្ជាក់​ថា​ពួកគាត់​នៅតែ​ប្រកាន់​ជំហរ​ចេញ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ថ្នាក់ដឹកនាំ​សហជីព​ដើម្បី​ចូល​តុ​ចរចា​ដោយ​ស្មើភាព​គ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន​។ ក្រុម​កូដករ​ជាង​១០០​នាក់​ដែល​អាជ្ញាធរ​ដឹក​ទម្លាក់​ពួកគាត់​នៅ​កន្លែង​ទីលាន​ប្រជាធិបតេយ្យ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២០​មីនា អាជ្ញាធរ​មិនទាន់​អនុញ្ញាត​ឱ្យ​ពួកគាត់​បាន​ត្រឡប់​ទៅ​​​​​​ផ្ទះ​វិញ​នៅ​ឡើយ​ទេ៕

No comments: