ដោយ សុជីវី
2022-03-22
អាជ្ញាធររាជធានីភ្នំពេញបន្តរុញច្រានកូដករណាហ្គាវើលដ៍ (NagaWorld) ឱ្យឡើងរថយន្តក្រុង ខណៈពួកគេចេញតវ៉ារកដំណោះស្រាយវិវាទការងារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ (Naga World)ដែលបន្តចេញតវ៉ាទាមទារដោយសន្តិវិធីរកដំណោះស្រាយពីថៅកែក្រុមហ៊ុន។ អាជ្ញាធរស្រែកសម្លុតរុញច្រានកូដករឱ្យបញ្ឈប់ការប្រមូលផ្ដុំតវ៉ាក្រោយពីថៅបនល្បែងមួយនេះបដិសេធមិនព្រមទទួលយកសហជីពនិងបុគ្គលិកចូលធ្វើការវិញ។
កម្លាំងអាជ្ញាធររាប់រយនាក់បង្កើនការប្រើអំពើហិង្សារុញច្រានបង្ខំឱ្យក្រុមកូដករបុគ្គលិកណាហ្គាវើលដ៍ជាង១រយនាក់ (១៤០) ឡើងរថយន្តក្រុង ហើយដឹកយកទៅទម្លាក់នៅតាមតំបន់ជាយៗរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមីនា។
កូដករ និងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា អាន ស្រីពី ប្រាប់វិទ្យុអាស៊ីសេរីថា នាងត្រូវកម្លាំងអាជ្ញាធរប្រើហិង្សារុញខ្ទប់បោកធ្វើឱ្យជើងកញ្ញាកៀបនឹងទ្ធាររថយន្តបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ កញ្ញាបន្ត ក្រុមអាជ្ញាធរដែលខ្លះពាក់ឯកសណ្ឋានស៊ីវិលទាំងនោះ ក៏បានបៀតបៀនលើរូបរាងកាយនិងប្រើពាក្យសម្ដីជេរម្រមាថលើរូបនាងនិងកូដករដទៃទៀតដែលភាគច្រើនសុទ្ធតែជាស្រ្តី៖ «អាជ្ញាធរមកទាំងកម្រោល ប្រើពាក្យសម្តី កាយវិការ អាកប្បកិរិយា និយាយស្ដាប់គ្នាអត់បាន។ អាជ្ញាធរបានវាយ និងមានទាំងពាក្យជេរ ប្រើអំពើហិង្សាមកលើពួកខ្ញុំជាកូដករជាស្រ្តី។ ឆន្ទៈរបស់ក្រុមកូដករនៅតែរក្សាជំហរដដែល លុះត្រាតែទទួលបានដំណោះស្រាយបានពួកខ្ញុំបញ្ឈប់ការធ្វើកូដកម្ម»។
កូដករម្នាក់ទៀត កញ្ញា ស្រីណូ ប្រាប់ថាអាជ្ញាធរបានសម្រុកមកវាយកញ្ញាទាំងកម្រោលចំកណ្តាលមុខបណ្ដាលឱ្យមានស្នាមជាំលើភ្នែក។ កញ្ញា សោកស្ដាយចំពោះក្រុមអាជ្ញាធរដែលអនុវត្តតួនាទីគ្មានវិជ្ជាជីវៈ ដោយប្រើអំពើហិង្សារារាំងក្រុមស្ត្រីទន់ខ្សោយដែលគ្រាន់តែទាមទារសិទ្ធិសេរីភាពក្នុងកន្លែងធ្វើការ៖ «មួយដៃៗរបស់អាជ្ញាធរមិនមែនជាការរារាំងធម្មតាទេ។ ខ្ញុំគិតថាពួកគាត់ មានបំណងព្យាយាមប៉ុនប៉ងមកវាយពួកខ្ញុំជាស្រ្តីតែម្ដង។ ខ្ញុំសោកស្ដាយចំពោះអាជ្ញាធរដែលពួកគាត់ព្យាយាមរារាំងពួកខ្ញុំដែលជាស្រ្តីគ្រាន់តែតវ៉ាដើម្បីឆ្នាំងបាយ»។
កញ្ញាបន្ថែមថា អាជ្ញាធរបានបញ្ជារឱ្យអ្នកបើករថយន្តក្រុងដឹកក្រុមកូដករពាសពេញគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ រហូតដល់ម៉ោង៦ល្ងាចទើបទម្លាក់ក្រុមកូដករនៅចំណតឡានក្បែរទីលានប្រជាធិតេយ្យដោយឱ្យកូដកររកមធ្យោបាយត្រឡប់ទៅផ្ទះរៀងខ្លួន។ កញ្ញាចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះ ថាបានរំលោភបំពានសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ក្រុមកូដករ និងជាអ្នកឈរកាងអំណាចឱ្យក្រុមហ៊ុនធ្វើបាបពលរដ្ឋ។
វិទ្យុអាស៊ីអាសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃទី២២ ខែមីនា។
កាលពីថ្ងៃទី២១ ខែមីនា តំណាងសហជីព៥រូប និងក្រុមកូដករជាង២០០នាក់ សម្ដែងការសោកស្ដាយដែលភាគីក្រុមហ៊ុនបដិសេដមិនព្រមទទួលយកកម្មករជាង២០០នាក់និងសហជីពឱ្យចូលធ្វើការវិញ។ ក្រសួងការងារថា ក្រុមហ៊ុននឹងមិនជជែកលើសំណើសុំទទួលយកបុគ្គលិកចូលធ្វើការងារវិញនោះទេ ដោយសារចំណុចនេះពាក់ព័ន្ធជាមួយក្រុមបុគ្គលិកមួយចំនួនតូចប៉ុណ្ណោះ។
ក្រុមកូដករថា ពួកគាត់នឹងមិនគាំទ្រឱ្យតំណាងបន្តចរចាលើចំណុចផ្សេងទៀតឡើយ ប្រសិនបើភាគីក្រុមហ៊ុនមានចេតនារំលាយសហជីពក្នុងកន្លែងការងារ។ ក្រុមកូដករ ថាការបដិសេធរបស់ភាគីក្រុមហ៊ុនមិនព្រមទទួលយកសហជីព និងកម្មករជាង២០០នាក់ឱ្យចូលធ្វើការនេះ ក្រុមហ៊ុនមិនបានគោរពតាមលក្ខខណ្ឌក្នុងការទាមទារទាំង៩ចំណុច និងគ្មានឆន្ទៈដោះស្រាយវិវាទការងារត្រឹមត្រូវតាមច្បាប់ឡើយ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ការណ៍ដែលក្រុមកូដករបន្តចេញធ្វើកូដកម្មបែបនេះ ដោយសារតែការចរចាមានភាពចម្រូងចម្រាសមិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយ។ លោកបន្ត បើភាគីក្រុមហ៊ុននៅតែចរចារកដោះស្រាយខ្វែងគំនិតគ្នាជាមួយថ្នាក់ដឹកនាំសហជីព វិវាទការងារនេះនឹងកាន់តែអូសបន្លាយពេលបន្ថែមទៀត៖ «ចំណុចដែលយើងព្រួយបារម្ភថា ការដោះស្រាយមិនបានទេ កូដករនៅតែបន្តធ្វើកូដកម្ម។ យើងបារម្ភទាក់ទងនឹងបញ្ហាការចាប់ខ្លួនអាចមានការកើតឡើងម្ដងទៀត»។
ទោះជាយ៉ាងណាក្ដី ថ្នាក់ដឹកនាំសហជីពនិងភាគីក្រុមហ៊ុននឹងវិលចូលតុចរចាជាថ្មីទៀតនៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា។ ក្រសួងការងារ ក៏បន្តជំរុញភាគីទាំងពីរឱ្យដាក់ពាក្យប្ដឹងទៅតុលាការប្រសិនបើការចរចានេះនៅតែមិនអាចដោះស្រាយបាន។
ក្រុមកូដករយល់ថា បញ្ហាក្រសួងជំរុញឱ្យដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការនេះឆ្លុះបញ្ចាំងថាក្រសួងការងាមិនបានឈរលើភាពអព្យាក្រឹត្យ និងគ្មានឆន្ទៈជួយរកយុត្តិធម៌ជូនបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ។ ក្រុមកូដករប្រកាន់ជំហរថា បើទោះបីមានធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ពួកគាត់នឹងនៅបន្តតស៊ូចេញធ្វើកូដកម្មរហូតមានដំណោះស្រាយដែលអាចទទួលយកបាន និងទាមទារឱ្យថៅកែបញ្ឈប់ការរើសអើងសហជីពក្នុងកន្លែងធ្វើការ៕
No comments:
Post a Comment