Sunday, 27 March 2022

អាជ្ញាធរ​​ប្រើអំពើ​​ហិង្សា​​កាន់​​តែ​​ខ្លាំង​​លើ​​ក្រុ​ម​កូដករ​​ណាហ្គាវើលដ៍​​រួច​​ដឹក​​ទម្លាក់​​នៅ​​តំបន់​​ជាយក្រុង


ដោយ មាន ឫទ្ធិ
2022-03-27
អាជ្ញាធរ​​ប្រើអំពើ​​ហិង្សា​​កាន់​​តែ​​ខ្លាំង​​លើ​​ក្រុ​ម​កូដករ​​ណាហ្គាវើលដ៍​​រួច​​ដឹក​​ទម្លាក់​​នៅ​​តំបន់​​ជាយក្រុង

បុគ្គលិក​ណាហ្គាវើលដ៍ (NagaWorld) បន្ត​ធ្វើកូដកម្ម​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូហ្គាវើលដ៍ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


 

អាជ្ញាធរក្រុងភ្នំពេញ​​ប្រើអំពើហិង្សា​កាន់​តែ​​ខ្លាំង​​លើ​ក្រុម​កូដករ​​ណាហ្គាវើលដ៍​ (Naga World)​ ដែល​បន្ត​ចេញ​ទាមទារ​រក​​ដំណោះស្រាយ​​ដោយ​​សន្តិវិធី​។ អាជ្ញាធរក៏​បាន​រាំងខ្ទប់​អ្នកសារព័ត៌មាន​ឯករាជ្យ​ដូចសព្វដង​មិន​ឱ្យ​ចូលយកព័ត៌​មាន​ស្ដីពី​ការ​បង្ក្រាបកូដកម្ម​នេះ​ និងបានចាប់ទាញក្រុមកូដករ​ឱ្យ​ឡើងរថយន្ត​ដឹក​ទៅ​ទម្លាក់​នៅតំបន់​ជាយក្រុង​។

កម្លាំងអាជ្ញាធរចម្រុះ​រាប់រយនាក់​បាន​ឡោមព័ទ្ធក្រុមកូដករ​ណាហ្គាវើលដ៍​ (NagaWorld)​ ជាង១០០នាក់​ មិនឱ្យធ្វើការ​តវ៉ា​នៅក្បែរអគារ​ក្រុមហ៊ុន​ឡើយ​។ អាជ្ញាធរ​បាន​​ព្យាយាមបំបែក​ក្រុមកូដករ​ដោយ​ចាប់ក្រៀក​ អូសសែង​ រុញច្រាន​ឱ្យពួកគាត់​ឡើងរថយន្ត​រួចដឹកទម្លាក់​នៅតំបន់​ជាយក្រុងភ្នំពេញ​ជាថ្មីម្ដងទៀត​នៅថ្ងៃទី២៧ ខែ​មីនា​។


កូដករ និងជាបុគ្គលិកក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍​កញ្ញា ឡាយ សុភ័ក្ដ្រា​ ប្រាប់វិទ្យុអាស៊ីសេរី​ថា កញ្ញាសោកស្ដាយ​ ចំពោះ​អាជ្ញាធរ​ដែល​ប្រឹងប្រែង​​ការពារ​ក្រុមហ៊ុន​ ហើយ​​មក​បង្រ្កាប​ពលរដ្ឋ​កំពុង​ទទួល​រងភាព​អយុត្តិធម៌​។ កញ្ញារិះគន់​ថា​ អាជ្ញាធរ​និងភាគី​ក្រុមហ៊ុន​ពិត​ជា​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ចប់វិវាទ​ការងារ​នេះ៖ «ខ្ញុំឈឺចាប់ខ្លាំងមែនទែន​ដែលអាជ្ញាធរ​លម្អៀងទៅ​ខាងក្រុមហ៊ុន​។ ពួកខ្ញុំគ្រាន់តែ​ទាមទារសិទ្ធិសេរីភាព​សោះ ប៉ុន្តែពួក​គាត់បែរជារាំរាំង​មិនឱ្យពួកខ្ញុំ​ឈរក្បែរ​​របង​ក្រុមហ៊ុន ព្រោះដោយសារ​ក្នុង​ក្រុមហ៊ុន​ មាន​ជនជាតិចិន​ទៅលេងល្បែង​ច្រើនមានបុគ្គលិក ​និងថៅកែ​និយាយ​ភាសាចិន​ និង​ម៉ាឡេស៊ី​ជាដើម​ បញ្ជាក់​ឱ្យ​ថៅកែ​ និង​ជនជាតិចិន​ឈរ​ក្បែរ​ហ្នឹង​ឃើញ​ពី​ការ​ទាមទារពួកខ្ញុំ​យ៉ាង​ម៉េច​។ ទិដ្ឋភាព​ដែលខ្ញុំឃើញ​អាជ្ញាធរ​គំរាម​រារាំង​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ អ្នកសារព័ត៌​មានខាងក្រុមហ៊ុន​ទើប​ចូល​បាន»។

កញ្ញា ឡាយ សុភ័ក្ដ្រា​ បន្ថែមថា​ ពេលអាជ្ញាធរ​ទម្លាក់​កូដករ​នៅតំបន់ដាច់​ស្រយាល​ក្នុងខណ្ឌព្រែកព្នៅ​ ពួកគាត់​ក៏​នៅតែបន្ត​ទាមទារ​ដំណោះ​ស្រាយ​ដោយ​ថតលើក​បដា​​មាន​​អក្សរចិន​ផុស​លើ​បណ្ដាញ​សង្គម​។ កញ្ញាបន្តថា​ ក្នុងបដា​ជា​អក្សរចិន​នោះ​ មាន​ន័យជា​អាទិ៍ថា​ ការ​ធ្វើកូដកម្ម​នេះកើតឡើង​ដោយសារ​តែ​ភ្ញៀវបរទេស​ភាគច្រើន​ជា​ជនជាតិចិន​ និងថៅកែបនល្បែងណាហ្គាវើលដ៍​មិន​បាន​គោរពសិទ្ធកម្មករ​ខ្មែរ​ និងមាន​ការរើសអើង​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​កន្លែងធ្វើការ។

រយៈពេលប៉ុន្មាន​ថ្ងៃចុងក្រោយជាប់​គ្នា​នេះ​ អាជ្ញាធរ​បានប្រើហិង្សាលើក្រុមកូដករ​កាន់តែខ្លាំង​ ដោយបង្ខំ​ឱ្យ​ឡើង​រថយន្ត​ និង​ដឹកពួកគាត់​ទៅបង្ខាំង​ទុកនៅក្នុងរថយន្ត​តាំងពីម៉ោង៣​ រហូតដល់ម៉ោង៥​ នៅឯជាយ​ក្រុង​ភ្នំពេញ​ ទើបដឹកកូដករ​ទម្លាក់នៅ​ទីលានប្រជាធិបតេយ្យ​ឱ្យ​រកមធ្យោបាយធ្វើដំណើរ​ទៅផ្ទះរៀងៗ​ខ្លួន​។ លើសពី​នេះ​ ក្រុមកូដករ​ថា​អាជ្ញាធរក៏​បាន​រឹតត្បិតអ្នកសារព័ត៌​មានឯករាជ្យ​កាន់​តែខ្លាំង​មិន​ឱ្យចូល​ទៅឈរ​ក្បែរ​ក្រុមកូកដរ​ឡើយ​។

វិទ្យុអាស៊ីសេរីមិន​អាចទាក់ទង​ អ្នកនាំពាក្យស្នងការ​ដ្ឋាននគរបាលរាជធានី​ភ្នំពេញ​លោក សាន សុខសីហា ដើម្បី​បំភ្លឺបញ្ហានេះបានទេ​នៅថ្ងៃទី២៧ ខែមីនា​។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាលលោក កត្តា អ៊ន​ ព្រមានថា ​បើកូដករ​នៅតែបន្ត​ចេញតវ៉ា​តាមសាធារណៈ​ វិវាទការងារ​នេះនឹង​មិនអាច​បញ្ចប់​បាន​ឡើយ​។ លោកបន្ត​ថា​ ការបដិសេធមិន​ទទួលយក​ថ្នាក់ដឹកនាំសហជីព​ឱ្យចូលធ្វើវិញ​នោះ​ គឺជាសិទ្ធិរបស់ភាគី​ក្រុមហ៊ុន​ ដោយ​ក្រសួង​ការងារ​មិនអាច​សម្រេច​បញ្ហានេះ​បានឡើយ៖ «ក្រសួងការងារ​គ្រាន់ជា​អ្នកសម្របសម្រួល​ ជួយធ្វើយ៉ាងណា​ឱ្យភាគីទាំងពីរ​ទទួលយក​បាន។ ដូច្នេះ​ ការចរចាអ្វីមួយ​យើងត្រូវការ​ពេលវេលា​ លើកហេតុផល​ដើម្បីឱ្យ​មានការ​យោគយល់​គ្នាទើបយើង​ឈានទៅរក​ការព្រមព្រៀងគ្នា​ដោះស្រាយបញ្ហា។ ប៉ុន្តែ​ បើភាគីទាំងសង​ខាង​ នៅតែ​ពង្រឹងជំហរ​រ៉ឹងទទឹង​ទិសបែបនេះ បញ្ហា​នឹងមិនអាច​ដោះស្រាយ​បានទេ»។

ជុំវិញរឿងនេះ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូលោក អំ សំអាត មាន​ប្រសាសន៍​ថាអាជ្ញាធរគួរតែបើកលំហ​សេរី​ឱ្យកូដករតវ៉ា​ដោយសន្តិវិធី​ និងត្រូវ​បញ្ឈប់រាល់ទម្រង់​នៃអំពើហិង្សា​លើ​ពួកគាត់​តទៅទៀត។ លោក អំ សំអាត​ យល់ថាការ​បន្តចេញតវ៉ា​របស់​ក្រុមកូដករ​បែបនេះ​ គឺដោយសារ​ជំនួបចរចា​រវាងភាគីទាំងពីរ​កន្លងមក​នៅមិនទាន់​ទទួល​ផលជាវិជ្ជមាន​នៅឡើយ៖ «រហូតដល់មានបុគ្គលិក​ខ្លះសុខចិត្ត​ឈប់ពីការងារ​ ហើយ​ប្តូរបុគ្គលិក​ដែលក្រុមហ៊ុន​បញ្ឈប់​ហ្នឹង​ឱ្យចូល​ធ្វើការ​វិញ​ទៅទៀត។ ប៉ុន្តែបញ្ហាទាំងអស់​នេះ​ ហាក់​មិនទាន់​បាន​ជាផ្សះ​នឹងគ្នា។ ចំណុចទាំងអស់​ហ្នឹងហើយ​ដែលត្រូវបន្ត​ដោះស្រាយ​ដើម្បីឈាន​ទៅដល់​ចំណុចរួម។ ម្យ៉ាងវិញទៀត​ អ្នកដែល​មានកិច្ចការពារ​ពិសេស​ប្រធានសហជីព​ មេដឹកនាំសហជីព​ត្រូវតែ​មានការ​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់»។

កាលពីពេលថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល​មក​ពី​ច្រើន​វិស័យរួម​ទាំង​សហគមន៍​មូលដ្ឋាន​ស្ទើរ​គ្រប់​ខេត្តសរុប៧៣ ស្ថាប័ន និង​សហគមន៍ បានចេញសេចក្ដីថ្លែងការណ៍​រួម​គ្នា ​ថ្កោលទោស​ទង្វើរំលោភ​បំពាន​របស់​អាជ្ញាធរ ដែល​បានប្រើអំពើហិង្សា បំភិតបំភ័យ និងបៀតបៀនកេរ្តិ៍ខ្មាស់លើក្រុម​កូដករដែល​ភាគច្រើន​ជាស្ត្រី។ ពួក​គេ​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការប្រើ​អំពើហិង្សាលើ​ក្រុមកូដករ​ និងត្រូវជំរុញ​ឱ្យភាគីក្រុមហ៊ុន​ដោះស្រាយវិវាទ​ការងារ​នេះដោយ​ស្មោះត្រង់​ស្របតាម​ច្បាប់​ស្ដីពីការងារ​។

ទោះជាយ៉ាងណា​ ក្រសួងការងារ​បានប្រកាសឱ្យភាគីទាំងពីរ​ជួបចរចាជា​ថ្មីទៀត​នៅថ្ងៃទី២៩មីនា​ខាងមុខ​។ ក្រុមកូដករ​រំពឹងជាថ្មី​ថា​ ភាគីក្រុមហ៊ុន​នឹងដោះស្រាយ​ដោយគោរព​តាមលក្ខខណ្ឌ​ទាំង៩ចំណុច​ ក្នុង​នោះរួមទាំងការ​យល់ព្រមទទួល​សហជីព​និងបុគ្គលិកជាង២០០នាក់ឱ្យ​ចូលធ្វើការវិញ​និង​ត្រូវទម្លាក់បទចោទប្រកាន់​​លើថ្នាក់ដឹកនាំសហជីព​ដើម្បី​ឱ្យពួកគាត់​មានសេរីភាពពេញ​លេញ​ឡើងវិញ​៕

No comments: