ដោយ មាន ឫទ្ធិ
2022-03-29
(ឆ្វេង) លោក ប្រេដ អាដាមស៍ (Brad Adams) នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក SMP
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ មើលឃើញថា ដីកាបង្គាប់ឱ្យចាប់ខ្លួនមេកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងនៅពីក្រោយករណីគប់គ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី កាលពី២៥ឆ្នាំមុន ចេញដោយតុលាការបារាំង គឺជាចំណុចចាប់ផ្តើមមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីនាំយកអ្នកប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាមកទទួលខុសត្រូវតាមផ្លូវច្បាប់។ មន្ត្រីរូបនោះកត់សម្គាល់ថា លោក ហ៊ុន សែន អាចប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួន មិនខុសពីមេកងអង្គរក្សរបស់លោកដែរ ប្រសិនបើលោកមិនព្រមចូលឆ្លើយបំភ្លឺក្នុងសំណុំរឿងគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ នៅតុលាការបារាំងនាពេលអនាគតក្នុងពេលដែលលោកអស់អំណាច។ ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងស្តាប់បទសម្ភាសន៍ភាគបញ្ចប់រវាងលោក មាន ឫទ្ធិ និងនាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាមស៍ (Brad Adams) ជុំវិញរឿងនេះដូចតទៅ៖
លោក មាន ឫទ្ធិ៖ យើងបានដឹងតាមរយៈមេធាវីរបស់លោក សម រង្ស៊ី គឺលោក ព្យែរ អូលីវីយេ សៀរ (Pierre-Olivier Sur) ដែលលោកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ទាក់ទងនឹងការចេញដីកាឱ្យអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមេកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដោយតុលាការបារាំង។ មេធាវីរូបនោះបាននិយាយថា ប្រព័ន្ធយុត្តិធម៌របស់បារាំងកំពុងតែឈានជិតទៅសម្រេចសេចក្តីក្នុងរឿងនេះប្រឆាំងនឹងលោក ហ៊ុន សែន។ មេធាវីរូបនោះបន្តថា បើកុំតែដោយសារអភ័យឯកសិទ្ធិរបស់គាត់ទេ កុំអីលោក ហ៊ុន សែន ក្លាយទៅជាអ្នកដែលឈរនៅក្នុងរង្វង់ក្រចកសេះជំនួសឱ្យកូនចៅរបស់គាត់បាត់ទៅហើយ។ តើលោកមើលឃើញអំពីលទ្ធភាពនៃការកោះហៅលោក ហ៊ុន សែន មកឆ្លើយបំភ្លឺក្នុងសវនាការលើអង្គសេចក្តីនៃសំណុំរឿងគប់គ្រាប់បែកនេះ អាចទៅរួចប៉ុណ្ណាដែរនាពេលអនាគត?
លោក ប្រេដ អាដាមស៍៖ ខ្ញុំរំពឹងថា នៅថ្ងៃដែលលោក ហ៊ុន សែន ចុះចេញពីអំណាច ប្រសិនបើលោកនឹងធ្វើដូច្នេះមែន តែតាមពិតទៅយើងមិនដឹងទេ ថាតើគាត់ពិតជាមានផែនការចុះចេញពីតំណែង ហើយឱ្យកូនរបស់គាត់ឡើងកាន់តំណែងបន្តវេនពីគាត់ ឬក៏ថា តើគាត់នឹងនៅកាន់តំណែងនេះ រហូតដល់ពេលគាត់ស្លាប់ ឬយ៉ាងណានោះ គឺយើងពិតជាមិនដឹងនៅឡើយទេ គឺថា មេធាវីបារាំងរូបនេះនឹងត្រលប់មកតុលាការវិញ ហើយស្នើឱ្យតុលាការកោះហៅលោក ហ៊ុន សែន មកឆ្លើយបំភ្លឺជុំវិញរឿងនេះ។ ពេលនោះប្រសិនបើលោក ហ៊ុន សែន ខកខានមិនបានបង្ហាញខ្លួននៅតុលាការបារាំង នោះគាត់នឹងដើរតាមគន្លងមិនខុសពីករណីលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ នេះអញ្ចឹង។ មានន័យថា ពេលនោះហើយ លោក ហ៊ុន សែន នឹងត្រូវប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការបារាំង។ ខ្ញុំមើលពុំឃើញមានហេតុផលណាដែលថាមេធាវីបារាំងរូបនោះនឹងមិនស្នើឱ្យតុលាការធ្វើដូច្នេះនោះទេ។ ហើយក៏គ្មានហេតុផលណាដែលថា ហេតុអ្វីបានជាតុលាការបារាំងពេលនោះនឹងមិនចេញដីកាកោះហៅលោក ហ៊ុន សែន ដែរ ព្រោះថាតុលាការធ្លាប់លើកឡើងថាលោក ហ៊ុន សែន ពេលនេះកំពុងត្រូវបានការពារដោយអភ័យឯកសិទ្ធិការទូតរបស់លោកក៏ដោយ។
លោក មាន ឫទ្ធិ៖ អញ្ចឹង វាមានន័យថា លុះត្រាណាតែលោក ហ៊ុន សែន ចុះចេញពីតំណែង ទើបតុលាការបារាំងអាចចេញដីកាកោះហៅឱ្យលោកចូលបំភ្លឺក្នុងរឿងនេះបាន។ ចុះចំណែកឯកិច្ចសហការតាមផ្លូវច្បាប់ជាអន្តរជាតិវិញ តើតុលាការបារាំងអាចចេញដីកាកោះហៅលោក ហ៊ុន សែន នៅពេលដែលលោកធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅលើទឹកដីអាមេរិកនាពេលខាងមុខនេះ បានដែរឬទេ?
លោក ប្រេដ អាដាមស៍៖ ទេ មិនដូច្នេះទេ។ ខ្ញុំចង់ឃើញតុលាការបារាំងធ្វើដូច្នេះ ដោយសារតែខ្ញុំជឿថាគាត់ជាអ្នកទទួលខុសត្រូវចំពោះអំពើវាយប្រហារដ៏រន្ធត់នេះ។ ក៏ប៉ុន្តែ តុលាការបារាំងបាននិយាយច្បាស់ហើយថា ពួកគេនឹងមិនធ្វើដូច្នេះទេ។ ពួកគេគិតថា ឋានៈការទូតរបស់គាត់ផ្តល់ឱ្យគាត់នូវអភ័យឯកសិទ្ធិក្នុងអំឡុងពេលគាត់កាន់អំណាច។ ដូច្នេះ ខ្ញុំមិនគិតថា អាចនឹងមានរឿងដូច្នេះកើតឡើងទេ។ ក៏ប៉ុន្តែ ខ្ញុំក៏ចង់លើកឡើងដែរថា នេះគឺជាការបកស្រាយរបស់រដ្ឋាភិបាលបារាំង។ វាមិនមែនមានន័យទាំងស្រុងថា លោក ហ៊ុន សែន ពិតជាមានអភ័យឯកសិទ្ធិការទូតនោះទេ។ ការណ៍នេះ អាចប្តឹងទាស់បាននៅតុលាការបារាំងនៅថ្ងៃណាមួយ។ អ្នកដឹងទេ ប្រទេសនីមួយៗត្រូវតែសម្រេចថាតើត្រូវផ្តល់អភ័យឯកសិទ្ធិការទូតដល់ប្រមុខរដ្ឋាភិបាលនីមួយៗនៅពេលដែលពួកគេធ្វើដំណើរនៅក្រៅប្រទេស។ ហើយប្រទេសភាគច្រើនធ្វើដូច្នេះមែន ដោយសារតែពួកគេគិតថានៅពេលពួកគេចាប់ខ្លួននាយករដ្ឋមន្ត្រីនៃប្រទេសណាមួយ នោះមេដឹកនាំរបស់ពួកគេក៏អាចរងនូវការចាប់ខ្លួនវិញដែរនៅពេលដែលពួកគាត់ធ្វើដំណើរទៅក្រៅប្រទេស ។ល។ និង ។ល។ ប៉ុន្តែ មិនមែនមានន័យដូចគ្នាស្មើនឹងអ្នកការទូតដែលមានការទទួលស្គាល់ជាផ្លូវការ ដែលពួកគេមានអភ័យឯកសិទ្ធិការទូតនោះទេ។ នេះគឺជាជម្រើសដែលរដ្ឋាភិបាលសម្រេចក្នុងការផ្តល់អភ័យឯកសិទ្ធិការទូតដល់មន្ត្រីរដ្ឋាភិបាលដែលធ្វើដំណើរនៅក្រៅប្រទេស។
លោក មាន ឫទ្ធិ៖ អញ្ចឹង តើដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការបារាំងនេះអាចប៉ះពាល់យ៉ាងម៉េចខ្លះដល់រូបភាពរបស់លោក ហ៊ុន សែន ជាពិសេសនៅពេលដែលលោកចូលរួមកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន-អាមេរិក ដែលនឹងធ្វើនៅលើទឹកដីអាមេរិកនាពេលខាងមុខនេះ?
លោក ប្រេដ អាដាមស៍៖ យើងនឹងធ្វើឱ្យរឿងនេះត្រូវបានគេដឹងឮជាទូទៅក្នុងចំណោមអ្នកកាសែតដូចជារូបលោក ជាពិសេសក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា ប្រធានប្តូរវេនអាស៊ានត្រូវបានចោទប្រកាន់ដោយប្រយោលពីសំណាក់តុលាការបារាំងថាបានប្រព្រឹត្តអំពើសម្លាប់មនុស្សទ្រង់ទ្រាយធំ។ ប្រាកដណាស់ថា លោកធ្លាប់បានរងនូវការចោទប្រកាន់បែបនេះពីសំណាក់ក្រុមមនុស្សជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកហើយជុំវិញរឿងរ៉ាវជាច្រើន។ លោកធ្លាប់ត្រូវបានក្រុមអង្គការមិនមែនរដ្ឋាភិបាលចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងគប់គ្រាប់បែកនេះ។ លោកក៏ធ្លាប់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សយ៉ាងច្រើននៅក្នុងព្រឹត្តិការណ៍មុននិងក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ការសម្លាប់អ្នកកាសែត ការសម្លាប់សកម្មជនបរិស្ថាន ជាដើម។ល។ គឺមិនខ្វះភស្តុតាង និងការចោទប្រកាន់ប្រឆាំងនឹងលោក ហ៊ុន សែន នោះទេ។
ប៉ុន្តែ វាជារឿងខុសប្លែកពីលើកមុនៗដែលមានតុលាការបារាំងបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកូនចៅរបស់លោកនាពេលនេះ។ វាក៏មានទម្ងន់ខុសគ្នាពីរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬក៏អង្គការមិនមែនរដ្ឋាភិបាលកម្ពុជាកាលពីលើកមុនៗដែរ។ល។ ដូច្នេះ ខ្ញុំគិតថា ការណ៍នេះនឹងធ្វើឱ្យលោក ហ៊ុន សែន ទទួលបានការចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធនឹងរឿងសម្លាប់មនុស្សនេះ។ វានឹងក្លាយជារឿងរ៉ាវអាម៉ាស់សម្រាប់អាស៊ានទាំងមូល។ វានឹងធ្វើឱ្យកម្ពុជារឹតតែបាក់មុខមាត់ ហើយនឹងធ្វើឱ្យរដ្ឋាភិបាលប្រទេសនានាគិតគូរឡើងវិញកាន់តែខ្លាំងថាតើពួកគេត្រូវមានទំនាក់ទំនងបែបម៉េចជាមួយលោក ហ៊ុន សែន។ វាលែងជាទំនាក់ទំនងដូចប្រក្រតីទៀតហើយសម្រាប់រដ្ឋាភិបាលមួយចំនួន។ រដ្ឋាភិបាលមួយចំនួនទៀត យើងដឹងហើយមានដូចជា រដ្ឋសមាជិកអាស៊ាន ចិន ឥណ្ឌា អីជាដើម ពួកគេមិនសូវខ្វាយខ្វល់ពីបញ្ហាអស់ទាំងនេះទេ ហើយពួកគេនឹងមានទំនាក់ទំនងដូចប្រក្រតីជាមួយមេដឹកនាំកម្ពុជា។ ក៏ប៉ុន្តែ យើងសង្ឃឹមថា ក្រុមប្រទេសប្រជាធិបតេយ្យដទៃទៀត ដែលនិយាយថា ពួកគេយកសិទ្ធិមនុស្សធ្វើជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់ខ្លួន នឹងពិចារណាឡើងវិញថាតើពួកគេត្រូវមានទំនាក់ទំនងបែបម៉េចជាមួយលោក ហ៊ុន សែន។
លោក មាន ឫទ្ធិ៖ ចុងក្រោយនេះ តើលោកចង់បន្ថែមអ្វីទេក្រៅពីអ្វីដែលខ្ញុំបានសួរលោក?
លោក ប្រេដ អាដាមស៍៖ ទេ។ ខ្ញុំគ្រាន់តែចង់និយាយថា នេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកជនណាម្នាក់នៅកម្ពុជាក៏ដូចជានៅកន្លែងផ្សេងទៀតនៅលើពិភពលោកឱ្យមកទទួលខុសត្រូវចំពោះការប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ពួកគេ។ វាស្ទើតែអញ្ចឹងទៅហើយនៅកម្ពុជា ប្រសិនបើជនណាម្នាក់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ឬកងកម្លាំងសន្តិសុខ ជននោះអាចសម្លាប់ក្រុមអ្នកតវ៉ាអំពីសិទ្ធិការងារ សម្លាប់សកម្មជនបរិស្ថាន សម្លាប់អ្នកកាសែត សម្លាប់អ្នកនយោបាយគណបក្សប្រឆាំង ដោយរួចទោសទណ្ឌទាំងស្រុង ដរាបណាជននោះនៅក្នុងក្រុមនោះ គឺគេអាចធ្វើដូច្នេះបាន។ ការណ៍នេះ គឺផ្ទុយទៅនឹងនីតិរដ្ឋ។ ដូច្នេះ ទង្វើដូច្នេះត្រូវតែបញ្ចប់។ ប្រហែលជាករណីនេះអាចបើកផ្លូវឆ្ពោះទៅរកការទាមទារឱ្យមានការទទួលខុសត្រូវ និងយុត្តិធម៌នៅកម្ពុជាហើយ។ យើងនឹងបន្តរង់ចាំមើលតទៅទៀត៕
No comments:
Post a Comment