Monday, 28 March 2022

ក្រុមហ៊ុនចិន​វិនិយោគ​ដំណាំ​ចេក​នៅ​កម្ពុជា កេងប្រវ័ញ្ច​កម្លាំងពលកម្ម និង​ប្រើប្រាស់​សារធាតុគីមី​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​កម្មករ​ខ្មែរ


ដោយ មាន ឫទ្ធិ
2022-03-27
ក្រុមហ៊ុនចិន​វិនិយោគ​ដំណាំ​ចេក​នៅ​កម្ពុជា កេងប្រវ័ញ្ច​កម្លាំងពលកម្ម និង​ប្រើប្រាស់​សារធាតុគីមី​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​កម្មករ​ខ្មែរ 

កម្មករដាំចេករបស់ក្រុមហ៊ុនវៀតណាមមួយនៅក្នុងខេត្តរតនគិរីកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
រូប៖ កម្មករ

 

ក្រុមហ៊ុនចិន​ដែល​មក​វិនិយោគ​ដំណាំ​ចេក​នៅ​កម្ពុជា កំពុង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម រំលោភ​យក​ដីធ្លី និង​ប្រើប្រាស់​សារធាតុគីមី​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព​​កម្មករ​​ខ្មែរ។ នេះបើយោង​តាម​សេចក្តីរាយការណ៍​មួយ​របស់​សារព័ត៌មាន​ផ្សាយជា​ភាសាអង់គ្លេស ឈ្មោះ សោដ៍ ឆាយណា មរនីង ប៉ុស្តិ៍ ​(South China Morning Post)​ ដែល​មាន​​មូលដ្ឋាន​នៅក្រុងហុងកុង ​(Hong Kong) ផ្សាយ​កាលពី​ថ្ងៃទី២៧ ខែមីនា ដាក់ចំណងជើងថា «ចិន​ចង់បាន​ចេក»។

«កម្មករ​ដំណាំចេក​នៅកម្ពុជា​សម្រាប់​នាំចេញ​ទៅចិន កំពុងធ្លាក់ខ្លួនឈឺ​ដោយសារ​ការប្រើប្រាស់​សារធាតុ​គីមី ក៏ប៉ុន្តែ គ្មាន​នរណាម្នាក់​ស្តាប់​ពី​ទុក្ខលំបាក​របស់​ពួកគេ​ទេ»។


សេចក្តីរាយការណ៍​នេះ បាន​សម្ភាសន៍​ជាមួយ​កម្មករ​ខ្មែរ​ជាច្រើននាក់​ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុនចិនមួយ ឈ្មោះ​ក្រុមហ៊ុន ឡងម៉េត អេហ្គ្រីខលឈ័រ​ (Longmate Agriculture)​ ដែល​វិនិយោគ​លើ​ដំណាំចេក​នៅ​ខេត្តកំពត។ កម្មករ​ខ្មែរ​ទាំងនោះ​លើកឡើង​ស្រដៀងគ្នា​ថា ក្រុមហ៊ុន​ចិន​នេះ​ដែល​មាន​គណៈគ្រប់គ្រង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​កាន់អំណាច បាន​រំលោភ​យកដីធ្លី​របស់​ពួកគាត់ ជាថ្នូរ​នឹង​ឱកាស​ផ្តល់ឱ្យ​ពួកគាត់​ធ្វើការងារ​ «ពេញមួយ​ជីវិត» ជា​កម្មករ​មើលថែទាំ​ដំណាំ​ចេក​ឱ្យ​ខ្លួន​ និង​ប្រាក់ឈ្នួល​ចំនួន ២៣០ ដុល្លារ​ក្នុង​មួយខែ ចំពោះ​ការមើលថែទាំ​ដើមចេក​ចំនួន ២ពាន់ដើមក្នុងម្នាក់ៗ។

ក្រុមកម្មករខ្មែរ​ទាំងនោះ បាន​ប្រាប់​កាសែត​នេះថា ក្រុមហ៊ុន​ចិន​មួយនេះ មិនបាន​បើកប្រាក់ឈ្នួល​ប្រចាំខែ​ឱ្យពួកគាត់​គ្រប់ចំនួន​ដូចតាម​ការសន្យា​នោះទេ ហើយ​ថែម​ទាំង​​តម្រូវ​ឱ្យ​ពួកគាត់​ធ្វើការ​ក្នុងថ្ងៃឈប់សម្រាក​ទៀតផង។ លើសពីនេះទៀត ក្រុមហ៊ុនចិននេះ​ក៏មិនបាន​ផ្តល់​ឧបករណ៍​ការពារខ្លួន​ឱ្យ​ពួកគាត់​ពាក់​នៅពេល​​ប្រើ​សារធាតុ​គីមី​បាញ់​ថែទាំ​ដើមចេក​ទាំងនោះទេ។ ក្រុមកម្មករ​ខ្មែរ​ទាំងនោះ បាន​ត្អូញត្អែរ​ថា ពួកគាត់​បាន​ធ្លាក់ខ្លួនឈឺ ពិបាក​ដកដង្ហើម ចុកសន្លាក់ ឈឺ​ឆ្អឹងឆ្អែង វិលមុខ ក្រោយ​ពី​ធ្វើការ​នៅក្នុង​កសិដ្ឋាន​ដំណាំ​ចេក​ឱ្យ​ក្រុមហ៊ុនចិន​នេះ ដោយសារ​ពួកគេ​បាន​​បាញ់​សារធាតុ​គីមី​ថែទាំ​ស្លឹក ផ្លែ និង​គល់ចេក​រួចមក។

កាសែត​ដដែល​នេះ បាន​អះអាង​ថា អ្នករាយការណ៍​របស់ខ្លួន​​បាន​ប្រទះឃើញ​សំណល់​សារធាតុគីមី​ដែល​ក្រុមហ៊ុន​ចិននេះ​បាន​ប្រើប្រាស់​នៅក្នុង​កសិដ្ឋាន​របស់​ខ្លួន ដែល​សារធាតុ​គីមី​ទាំងនោះ​ត្រូវ​បាន​ហាមប្រាម​មិនឱ្យ​ប្រើប្រាស់​ដោយ​សហភាពអឺរ៉ុប និង​អង្គការ​សុខភាពពិភពលោក (WHO)។

មិនមែន​មាន​តែក្រុមហ៊ុនចិន​ឈ្មោះ ឡងម៉េត អេហ្គ្រីខលឈ័រ នេះមួយ​ទេ ដែល​រង​ការរិះគន់​ថា កំពុងកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កម្មករខ្មែរ។ កាសែត​ដដែល​នេះ​​ក៏​បាន​សម្ភាស​ន៍ជាមួយ​កម្មករ​ខ្មែរ​ធ្វើការឱ្យ​ក្រុមហ៊ុន​វៀតណាម​នៅក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​វិនិយោគ​ដំណាំចេក​សម្រាប់​នាំចេញ​ទៅចិន ហើយ​​ក៏បាន​រកឃើញ​បញ្ហា​ស្រដៀងគ្នា​នេះ​កំពុងកើតឡើង​ទៅលើ​កម្មករខ្មែរ​ដូចគ្នា។ ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ដំណាំចេក​នៅកម្ពុជា​ទាំងនេះ មាន​ដូចជា ក្រុមហ៊ុន អង្គរ បាណាណា (Angkor Banana) នៅខេត្តស្ទឹងត្រែង និង​ក្រុមហ៊ុន ថាគ្រីកូ (Thagrico) នៅខេត្តក្រចេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កសិកម្ម​កម្ពុជា (CAWF) ដែលមាន​សមាជិកជាង ១ពាន់​នាក់ ក្នុងនោះ ៤០០នាក់​ជា​កម្មករ​ដំណាំចេក​នៅខេត្ត​កំពត និង​ខេត្តក្រចេះ លោក ហេង ជឿន ថ្លែងប្រាប់​កាសែត​ដដែល​នេះ​ថា ក្រសួងពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ហាក់​មិនបានអើពើ​សិក្សា​វាយតម្លៃ​ពីផលប៉ះពាល់​នៃ​ការប្រើប្រាស់​សារធាតុ​គីមី​ដល់​សុខភាព​របស់​កម្មករ​ខ្មែរ​ទាំងនោះទេ។

កន្លងទៅ ក្រសួង​កសិកម្ម​ធ្លាប់​អះអាង​ថា ការនាំចេញ​កសិផលចេកពី​កម្ពុជា​ទៅ​ក្រៅប្រទេស​បាន​កើនឡើង​ខ្លាំង​ចាប់តាំង​ពីឆ្នាំ២០១៨មក គឺកើនឡើង​ពីជាង ៣ម៉ឺតោន​ក្នុង​ឆ្នាំ២០១៨ រហូតដល់ជាង ៤សែន​២ម៉ឺន​តោន​នៅក្នុង​ឆ្នាំ២០២១ ក្នុងនោះ​ស្ទើតែ៩០ភាគរយ​នាំទៅ​ប្រទេសចិន។ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១៦​ក្រុមហ៊ុន ទទួល​បាន​អាជ្ញាបណ្ណ​សម្រាប់​នាំចេញ​ផលិតផល​ចេក​ទៅលក់​នៅ​ប្រទេសចិន៕

No comments: