2022-03-22
(ជួរខាងក្រោយរាប់ពីឆ្វេងទី២) លោក កើត សារ៉ាយ ដែលបានជាប់ជាប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
សមាគមនិស្សិតបញ្ញវន្តខ្មែរបានប្ដូរក្បាលម៉ាស៊ីនថ្មីដោយជ្រើសរើសអតីតសង្ឃធ្លាប់ជាប់ពន្ធនាគារឲ្យធ្វើជាប្រធានសមាគមនេះ និងមានចូលរួមពីយុវជនជាយុវជនមួយចំនួនទៀតជាអ្នកធ្វើការងារ បរិស្ថាន និងសង្គម។ អ្នកនាំពាក្យបក្សកាន់អំណាច ព្រមានថា បើអ្នកទាំងនោះបន្តធ្វើការងារដូចមុនពួកគេក៏នឹងប្រឈមការចោទប្រកាន់តាមផ្លូវតុលាការសាជាថ្មី។
អ្នកធ្វើការងារសង្គមគាំទ្រការបំពេញការងាររបស់ក្រុមយុវជនក្នុងចូលរួមក្នុងដឹកនាំសមាគម និងការងារសង្គម។ ការលើកឡើងបែបនេះ ក្នុងសមាជលើកទី២ នៃសមាគមនិស្សិតបញ្ញវន្តខ្មែរ ដែលបានជ្រើសរើសមេដឹកនាំថ្មីនៃសមាគមនេះនៅថ្ងៃទី២២ ខែមីនា។
អតីតសង្ឃធ្វើការងារសង្គម លោក កើត សារ៉ាយ ដែលបានជាប់ជាប្រធានសមាគមនេះ លើកឡើងថា ការងាររបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ ដើម្បីបម្រើផលប្រយោជន៍ សង្គម និស្សិតកសិករ និងពលរដ្ឋជាដើម។ លោកបន្តថា គោលដៅរបស់សមាគម ជំរុញឲ្យនិស្សិតបញ្ញវន្តខ្មែរចូលរួមធ្វើសកម្មភាពនានា ដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៍ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងទំនាក់ទងល្អជាមួយអង្គការសង្គមស៊ីវិល និងអង្គទូតនានា៖ «សមាគមនិស្សិតបញ្ញវន្តខ្មែរគឺជំរុញឲ្យនិស្សិតបញ្ញវន្តខ្មែរចូលរួមក្នុងសកម្មភាពនានាដើម្បីបម្រើផលប្រយោជន៍សង្គមនិងការរីកចម្រើនរបស់ប្រទេសជាតិតាមរយៈការអប់រំបណ្ដុះបណ្ដាល ចំណេះដឹង ជំនាញ លើកតម្កើងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ចូលរួមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ»។
ការជ្រើសរើសក្បាលម៉ាស៊ីនថ្មីនៃសមាគមនិស្សិតបញ្ញវន្តខ្មែរនេះក៏មានការចូលរួម ពីសកម្មជនការពារសិទ្ធិកម្មករ និងសង្គម លោក រ៉ុង ឈុន ក្រុមយុវជនធ្វើការងារបរិស្ថាន ក្រុមយុវជនខ្មែរថាវរៈ យុវជនធ្វើការងារសង្គម លោក សាន់ ម៉ាឡា និងយុវជនសកម្មជាង១០នាក់ផងដែរ។
ប្រធានថ្មីនៃសមាគមនេះ គឺលោក កើត សារ៉ាយ គឺអតីតសង្ឃធ្លាប់ជាប់ពន្ធនាគារ ក្នុងពេលទាមទារ តវ៉ាដោយអហិង្សាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីឆ្នាំ២០២០។ ក្រោយមកលោក កើត សារ៉ាយ ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យនៅក្រៅឃុំវិញជាបន្តបន្ទាប់ក្រោយពីការទាមទារពីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាទូតនៃប្រទេសសេរី កាលពីចុងឆ្នាំ២០២១។
សកម្មជនការងារសង្គម លោក រ៉ុង ឈុន ដែលបានចូលរួមក្នុងពិធីនេះដែរ ថ្លែងថា សមាគមនេះមើលទៅឃើញជាទ្រង់ទ្រាយតូចក្ដី ប៉ុន្តែ មានតួនាទីសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ។ លោកបន្តទៀតថា អង្គការសមាគមសព្វថ្ងៃកំពុងប្រឈមការ ធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល។ លោកបន្តថា ទោះការងារទាំងនេះដើរផ្លូវលំបាកបែបណាក្ដី ប៉ុន្តែ លោកស្នើឱ្យយុវជនកុំបោះបង់ផ្លូវនេះចោល៖ «ទោះបីសមាគមមើលទៅទ្រង់ទ្រាយតូចក៏ដោយតែជាកោសិកានៃលទ្ធិប្រជាធិបតេយ្យ អង្គការសមាគម សហជីព ដើរតួនាទីសំខាន់ណាស់ហើយបើសិនជាបាត់ឬអវត្តមាន អង្គការសមាគម ហើយ ប្រទេសជាតិរបស់យើងនឹងបាត់បង់ប្រជាធិបតេយ្យដែរហើយបាទ»។
ទាក់ទង ការបំពេញការងាររបស់ក្រុមយុវជននេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការបង្កើតសមាគម និងដឹកនាំសមាគមជាសិទ្ធិរបស់យុវជនទាំងនោះ សម្របតាមច្បាប់ និងគោលការណ៍របស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាលោកក៏ព្រមានដែរថា ប្រសិនបើក្រុមយុវជនធ្វើការងារខុសច្បាប់ពួកនឹងប្រឈមការចោទប្រកាន់ជាថ្មីតាមផ្លូវតុលាការ៖ «ជាប់គុកមុនជារឿងមុន បើមកក្រោយគាត់កែហើយ គាត់បង្កើតសមាគម គេទទួលស្គាល់ចុះបញ្ជីឲ្យស្រប់ច្បាប់ បើគាត់ធ្វើខុសច្បាប់គឺជាប់ទៀតហើយ»។
ជុំវិញការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចបែបនេះ មន្ត្រីសម្របសម្រួលគម្រោង ការផ្តល់សិទ្ធិអំណាចដល់យុវជន និងអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម និងបរិស្ថាន នៃ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់ថា សំដីលោក សុខ ឥសាន បែបនេះ ជាការព្រមានលើក្រុមយុវជន ប៉ុន្តែ លោក យល់ថា ក្រុមយុវជនដែលបានយល់ដឹងពីសិទ្ធិ និងតួនាទីរបស់ខ្លួន ពួកគេមិនខ្លាចការព្រមាននេះឡើយ។ យុវជនរូបនេះ យល់ថា ការចូលរួមរបស់យុវជន នៅក្នុងសង្គម ជារឿងសំខាន់ដើម្បីបំពេញភាពខ្វះចន្លោះរបស់ការដឹកនាំអាជ្ញាធរ៖ «ខ្ញុំយល់ឃើញថា ក្រុមយុវជនគាត់មានឆន្ទៈក្នុងការស្រលាញ់សង្គម គាត់មានឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ សង្គមការព្រមាន នេះគ្រាន់តែជាការព្រមានទេ ព្រោះគាត់ទាំងអស់ហ្នឹង បានប្រើសិទ្ធិរបស់គាត់ដែលមានចែងក្នុងចែងធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ផ្សេងៗ អញ្ចឹង ការប្រើប្រាស់សិទ្ធិសេរីភាពរបស់គាត់គឺនៅក្នុងដែនសមត្ថកិច្ចរបស់គាត់គាត់មិនបានយកសិទ្ធិគាត់ទៅបំពានសិទ្ធិលើបុគ្គលណាម្នាក់ទេ»។
សមាគមនិស្សិតបញ្ញវន្តខ្មែរបង្កើតឡើងកាលពីឆ្នាំ២០១៤ និងបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។ សមាជិកនៃយុវជននៃសមាគមនេះ ភាគច្រើនជាយុវជន ធ្វើការងារសង្គម បរិស្ថាន រឿងព្រំដែន និងបន្តយុទ្ធនាការរបស់បណ្ឌិតកែម ឡី ជាដើម។ សមាគមនេះមានគោលដៅ គាំទ្រលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ប្រឆាំងអំពើហិង្សា សម្របសម្រួលជាមួយអង្គការជាតិ អន្តរជាតិ ស្ថានទូត និងអាជ្ញាធរ ដើម្បីដើម្បីដោះស្រាយបញ្ហាសង្គមអហិង្សា៕
1 comment:
Thank You for your perseverance and your determination to help Khmer people and Cambodia.
Post a Comment