ដោយ យន់ សាមៀន
2022-03-19
ប្រធានស្ដីទីគណបក្សសង្រោះជាតិ លោក សម រង្ស៊ី។
Photo Courtesy
គណបក្សភ្លើងទៀនចាត់ទុកការព្រមានពីសំណាក់ មន្ត្រីក្រសួងមហាផ្ទៃថា គណបក្សអាចជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី គឺជាអំពើគំរាមកំហែង បំបាក់ស្មារតី ផ្នែកនយោបាយលើសកម្មជន និងអ្នកគាំទ្រមុនការបោះឆ្នោត។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាងជុំវិញទំនាក់ទំនងគណបក្សភ្លើងទៀនជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដោយសង្ស័យថា អាចរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ។ មន្ត្រីសង្គមស៊ីវិលថា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងជំហរគាំទ្ររបស់អ្នកនយោបាយនៅក្រៅប្រទេសដែលតុលាការផ្ដន្ទាទោស មិនប៉ះពាល់ដល់គណបក្សភ្លើងទៀននោះទេ។
គណបក្សភ្លើងទៀនចាត់ទង្វើរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថា មានចេតនាបង្កបរិយាកាសនយោបាយអាប់អួលបន្ថែមទៀត មុនការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់។ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សរបស់លោកកំពុងធ្វើសកម្មភាពស្របតាមច្បាប់ ដោយមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ពីសំណាក់អាជ្ញាធររបស់ក្រសួងមហាផ្ទៃនោះទេ។ ទោះយ៉ាងណាហើយលោកបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិបញ្ចេញមតិ គាំទ្រគណបក្សនយោបាយទាំងអស់ដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោក ថាច់ សេដ្ឋា យល់ថាបើអាជ្ញាធរប្រមូលភស្តុតាងដើម្បីរំលាយគណបក្សភ្លើងទៀន ក្រោមហេតុផលនៃការប្រើប្រាស់សិទ្ធិសេរីបញ្ចេញមតិ គឺជារឿងមិនត្រឹមត្រូវក្នុងសង្គមប្រជាធិបតេយ្យ ហើយលោកអំពាវនាវឱ្យមន្ត្រីក្រសួងមហាផ្ទៃរូបនោះបញ្ឈប់ការប្រើប្រាស់សារ ឬរូបភាពគំរាមកំហែង បំបាក់ស្មារតីសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀនតទៅទៀត៖ «បើគ្រាន់តែនិយាយហើយយកហេតុផលទាំងអស់ហ្នឹងមកគំរាមកំហែង មករំលាយគណបក្សវាអត់ត្រឹមត្រូវ ពីព្រោះមិនមែនជាការរៀបចំរបស់គណបក្ស ហើយបុគ្គលម្នាក់ៗមានសិទ្ធិប្រកាសគាំទ្រគណបក្សនយោបាយ បើអ្នកនោះនៅឯណានោះប្រកាសគាំទ្រ ហើយយកហេតុផលរំលាយគណបក្សនោះវាអយុត្តិធម៌ខ្លាំង សូមឱ្យពិចារណាឡើងវិញចំពោះអ្នកគំរាមកំហែង ជាពិសេសអាជ្ញាធរប្រើប្រាស់ពាក្យទាំងហ្នឹង»។
ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានក្នុងស្រុកដែលចុះផ្សាយកាលថ្ងៃទី១៧ ខែមីនាថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាងជុំវិញទំនាក់ទំនងគណបក្សភ្លើងទៀនជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដោយសង្ស័យថា អាចរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ។ បន្ថែមពីនេះលោកថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដឹងច្បាស់អំពីខ្លឹមសារច្បាប់ ដូច្នេះមិនគួរមានទំនាក់ទំនងជាមួយទណ្ឌិតនោះទេ ដើម្បីជៀសវាងផលវិបាកនៃការរំលាយគណបក្សខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័គ ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមីនានេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័គ ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមីនានេះ។
ទោះបីជាយ៉ាងណាមាត្រា៦ ថ្មី (ពីរ) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ចែងថាគណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចជា«ប្រើប្រាស់ សារ ជាសំឡេង រូបភាព ឯកសារ ជាលាយលក្ខណ៍អក្សរ ឬ សកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់ គណបក្សរបស់ខ្លួន»។ គណបក្សនយោបាយណាដែល បានប្រព្រឹត្តល្មើសនឹងច្បាប់នេះ នឹងត្រូវតុលាការអាចផ្អាកសកម្មភាពមិនលើសពី ៥ ឆ្នាំ ឬរំលាយគណបក្សនយោបាយនោះចោល។ កន្លងទៅការវិសោធនកម្មច្បាប់គណបក្សនយោបាយដោយរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន នេះ ត្រូវបានមតិជាតិ និងអន្តរជាតិចាត់ទុកថា មានចរិតនយោបាយគាបសង្កត់លើសិទ្ធិបុគ្គល និងគណបក្សនយោបាយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ជាក់ស្តែងរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រើប្រាស់ច្បាប់នេះ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស កាលពីចុងឆ្នាំ២០១៧ រួចរៀបចំការបោះឆ្នោតដោយប្រមូលយកអាសនៈសភាទាំងស្រុងមកកាន់កាប់តែម្នាក់ឯង។ តុលាការបានបំបិទសិទ្ធិថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ និងដកហូតយកអាសនៈពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិរបស់បក្សសង្គ្រោះជាតិទៅចែកគ្នាកាន់កាប់។ មកដល់ពេលនេះ ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាច្រើនរូប កំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទញុះញង់ និងរួមគំនិតក្បត់ ក្នុងនោះមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារ និងភៀសខ្លួននៅក្រៅប្រទេស។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថា សង្គមស៊ីវិលតែងតែស្នើឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញពាក់ព័ន្ធទៅនឹងខ្លឹមសារនៃច្បាប់វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលប៉ះពាល់សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត។ លោកឱ្យដឹងថាច្បាប់នេះមិនអនុញ្ញាតឱ្យទណ្ឌិតពាក់ព័ន្ធជាមួយគណបក្សនយោបាយនោះទេ ប៉ុន្តែលោកថា សកម្មភាពរបស់អ្នកនយោបាយត្រឹមតែបញ្ចេញមតិ ឬគាំទ្រមិនអាចចោទប្រកាន់រំលាយគណបក្សភ្លើងទៀនបានទេ ព្រោះវាមិនពាក់ព័ន្ធស៊ីជម្រៅទៅនឹងអង្គហេតុ និងអង្គច្បាប់៖ «ការគាំទ្រក្នុងការបង្ហើបចោលដើម្បីជួយប្រជាប្រិយភាពហ្នឹងមិនមែនជាភស្តុតាងថា គាត់ហ្នឹងពាក់ព័ន្ធស៊ីជម្រៅទៅនឹងគណបក្ស។ វាមិនមានហានិភ័យខ្ពស់អ្វីទេគ្រាន់តែនិយាយចោល បើអ៊ីចឹងស្អប់គណបក្សណា ទណ្ឌិតនិយាយគាំទ្រគណបក្សនោះ អ៊ីចឹងគណបក្សរងគ្រោះដោយសារនិយាយចោលក៏មិនដល់ថ្នាក់ហ្នឹងដែរ»។
ទន្ទឹងនឹងនេះ កាលពីថ្ងៃទី១៨ ខែមីនា ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានពាក់ស្ដីពីលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន១៣ របស់ពលរដ្ឋ ដែលប្តឹងជំទាស់ពាក់ព័ន្ធទៅនឹងបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន។ អង្គជំនុំជម្រះ គ.ជ.ប បានប្រកាសក្នុងសវនាការសង្ខេបនៃកិច្ចប្រជុំពេញអង្គជាស្ថាពរ និងបិទផ្លូវតវ៉ា ដោយលុបឈ្មោះបេក្ខជនចំនួន២០នាក់ចេញពីបញ្ជីបេក្ខជនឈរឈ្មោះដំបូងរបស់គណបក្សភ្លើងទៀន មូលហេតុពួកគេមិនចេះអាន និងសរសេរអក្សរខ្មែរ មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់ដៃ និងមួយចំនួនមិនមានឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនឈរឈ្មោះ។
ជុំវិញរឿងនេះ លោក ថាច់ សេដ្ឋា ថ្លែងថា ការសម្រេចគ.ជ.ប មិនប៉ះពាល់ដល់បញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀននៅតាមឃុំសង្កាត់ទាំងនោះទេ ហើយខាងលោកនឹងបំពេញតាមនីតិវិធីច្បាប់។ គណបក្សភ្លើងទៀន បានប្ដូរឈ្មោះពីរលើករួចមកហើយ ដោយពីដំបូងមានឈ្មោះថា គណបក្សជាតិខ្មែរ និងក្រោយមកជាគណបក្ស សម រង្ស៊ី។ ការប្ដូរឈ្មោះពីរលើកមកនេះ គឺដោយសាររដ្ឋាភិបាល ហ៊ុន សែន បានកែប្រែច្បាប់ចាប់បង្ខំឲ្យបក្សនេះប្ដូរឈ្មោះ ដែលទំនងជាការប៉ុនប៉ងលុបឈ្មោះ និងមរតកលោក សម រង្ស៊ី ចេញពីគណបក្សនេះ ត្បិតបក្សនេះត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី កាលពីឆ្នាំ ១៩៩៥៕
1 comment:
Nobody is cheaper than Ah Chker Chkuot Yuon's slave Hun Sen.
Post a Comment