Thursday, 24 March 2022

ក្រុម​​សមាជិក​​ព្រឹទ្ធសភា​​​អាមេរិក​​ស្វាគមន៍​​ការ​សម្រេច​​ផ្ដល់​​តម្លៃ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស


ដោយ ម៉ៅ សុធានី
2022-03-23
ក្រុម​​សមាជិក​​ព្រឹទ្ធសភា​​​អាមេរិក​​ស្វាគមន៍​​ការ​សម្រេច​​ផ្ដល់​​តម្លៃ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស 

Capitol Hill វិមាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។
រូប៖ Leng Maly/RFA 06/27/20


ប្រធាន និង​សមាជិកអនុ​គណៈកម្មាធិការ​អាស៊ីខាងកើត នៃគណៈកម្មាធិការទំនាក់ទំនង​បរទេស​​នៃ​ព្រឹទ្ធសភា​អាមេរិក បានស្វាគមន៍គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​​នៃ​ព្រឹទ្ធសភាដែលបានសម្រេចឆ្លង​សេចក្តី​សម្រេចការរំលឹកឡើងវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីសឆ្នាំ១៩៩១ ដែល​ជា​មូលដ្ឋាន​គ្រឹះ​បញ្ចប់​សង្គ្រាម​ស៊ីវិល ដំណើរការ​ប្រជាធិបតេយ្យ និង​អធិបតេយ្យកម្ពុជា។

សេចក្ដីថ្លែងការណ៍​រួម​របស់​សមាជិក​ព្រឹទ្ធសភា​ចំនួន​ ៤​នាក់ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ​ឱ្យ​ដឹង​ថា​ ​ពួកគេ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​ឆ្ពោះ​ទៅ​មុខ​របស់​គណៈកម្មការ​ទំនាក់ទំនង​បរទេស​​នៃ​ព្រឹទ្ធសភា​អាមេរិក ក្នុង​ការជំរុញ​ការ​រំឭក​ឡើងវិញ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​អាយុ​កាល ​៣០​ឆ្នាំ​ហើយ មក​ដល់​ពេល​នេះ។


សេចក្ដី​សម្រេច​លេខ ៤២៧ ឬ S.RES. 427 បញ្ជាក់​ពី​ការរំឮក ឬ​ផ្ដល់​តម្លៃ​ទៅ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ១៩៩១។ សេចក្ដីសម្រេច​ដដែល​នេះ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ទាំង​អស់​ ត្រូវបំពេញ​ឱ្យ​បាន​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការធានា​ឱ្យ​កម្ពុជា​មាន​សន្តិភាព ភាព​រុងរឿង ប្រជាធិបតេយ្យ និង​អធិបតេយ្យ។

ប្រធានអនុ​គណៈកម្មាធិការ​អាស៊ីខាងកើត លោក អិត ម៉ាឃី (Ed Markey) និងសមាជិកព្រឹទ្ធសភាលោក មីត្ត រ៉ូមនី (Mitt Romney) លោក បុប មេណិនដេហ្ស៍ ​​(Bob Menendez)​ និង​​លោក ជីម រីសច៍ ​(Jim Risch) ​បាន​ដាក់​សេចក្តី​ស្នើ​សុំ​សេចក្ដី​សម្រេច​នេះ កាលពី​ខែ​តុលា ​ឆ្នាំ​២០២១​​​ ​​ហើយរំពឹងថា ​​​ព្រឹទ្ធសភា នឹងអនុម័ត​សេចក្តី​សម្រេច​នេះទាំង​ស្រុង​នៅពេលខាងមុខនេះ។ សេចក្ដី​សម្រេចមិនមែនជាច្បាប់នោះទេ។​ ​​​វាគ្រាន់តែជាការ​​បង្ហាញពីការចាប់អារម្មណ៍រួមរបស់សមាជិក​ព្រឹទ្ធសភាទៅលើបញ្ហាអ្វីមួយ។

លោក ម៉ាឃី លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាព​រុងរឿង ប្រជាធិបតេយ្យ និង​អធិបតេយ្យ​កម្ពុជា នៅ​ក្រោយ​សង្គ្រាម​ស៊ីវិល។ លោក​បន្ត​ថា លោក ហ៊ុន សែន បាន​រំលោភ​លើ​​គោលការណ៍​គ្រឹះ​ទាំង​នោះ ដែល​មិន​ត្រឹមតែ​គំរាម​កំហែង​ដល់​កិច្ចព្រមព្រៀង​នេះ​ទេ គឺ​គំរាម​កំហែង​ដល់​មូលដ្ឋាន​កសាង​សន្តិភាព ដែល​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។

ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​អំពាវនាវ​ដល់​រដ្ឋាភិបាលលោក ហ៊ុន សែន រក្សា​តម្លៃ​និង​អនុវត្ត​ទៅ​តាម​ការ​ប្ដេជ្ញា​ចិត្ត​ជា​សកល​របស់​ខ្លួន​ចំពោះ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​អព្យាក្រឹត​ភាព។

សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក អិត ម៉ាឃី (Ed Markey) កាល​ពី​ខែ​តុលា ឆ្នាំ២០២១ ដែរ​នោះ​ បាន​ដាក់​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ S.3052 ដែល​សេចក្ដី​ស្នើ​ច្បាប់​នេះ​ក៏​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក។ សេចក្ដី​ស្នើ​ច្បាប់​នេះ​មាន​គោលដៅ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ ទណ្ឌកម្ម​របស់​ច្បាប់​នោះ​ គឺ​ដៅ​ចំពោះ​បុគ្គល​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ដោយ​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​មិន​ឱ្យ​ចូល​ដី​អាមេរិក​ជាដើម៕

No comments: