Saturday 9 April 2022

លោក ស ខេង ឯកភាព​ឲ្យ​សិក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពពោះ​ជំនួស​វិញ​ក្រោយ​ពី​ផ្អាក​៥​ឆ្នាំ


Khmer Circle: Anything to get the hard currency, eh? 

$$$

ដោយ ទីន ហ្សាការីយ៉ា
2022-04-09

លោក ស ខេង ឯកភាព​ឲ្យ​សិក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ពពោះ​ជំនួស​វិញ​ក្រោយ​ពី​ផ្អាក​៥​ឆ្នាំ
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។
Photo Courtesy

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ យក​សេ​ក្ដី​ព្រាង​ច្បាប់​ស្ដីពី ពពោះ​ជំនួស​មក​ពិនិត្យ​សិក្សា​ឡើងវិញ ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​៥​ឆ្នាំ​កន្លង​មក។

លោក ស ខេង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពេល​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ទី៧ ខែ​មេសា។


មន្ត្រី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើកឡើង​ថា កម្ពុជា​បច្ចុប្បន្ន​កំពុង​ក្លាយជា​កន្លែង ជនល្មើស​ប្រើប្រាស់​ដើម្បី​ឲ្យ​ស្រី​ពពោះ​ជំនួស ហើយ​បញ្ជូន​ឲ្យ​ទៅ​កើត​នៅ​ប្រទេស​ជិតខាង​កម្ពុជា។ មាតា​ដែល​កើត​ទារក​ហើយ​ក៏បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស ដោយសារតែ​ជនល្មើស​បាន​ដកហូត​លិខិត​ឆ្លងដែន និង​លិខិត​សំគាល់​ខ្លួន មុន​បញ្ជូន​ពួកគេ​ទៅ​ក្រៅ​ប្រទេស។

លោក ស ខេង មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស​នេះ លោក​ធ្លាប់​បាន​ស្នើ​ឲ្យ​ផ្អាក​ការ​ជជែក​ពី​ច្បាប់​នេះ​កាល​ពី​មុន ហើយ​បច្ចុប្បន្ន​នេះ​អាច​លើក​យក​មក​ជជែក​ឡើង​វិញ​បាន ប៉ុន្តែ​ដោយសារ​ច្បាប់​នេះ​ថ្មី​សម្រាប់​កម្ពុជា ដូច្នេះ​ត្រូវការ​ពេលវេលា និង​ត្រូវការ​សិក្សា​បន្ថែម។

លោក ស ខេង ក៏​ស្នើ​សិក្សា​ពី​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ប្រទេស​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ ដោយសារ​ប្រទេស​ទាំងនោះ បាន​ធ្វើ​ច្បាប់​នេះ​ហើយ ប៉ុន្តែ​ក្រោយមក​ក៏​មាន​ប្រទេស​ខ្លះ​លុបចេញ​វិញ ដូច្នេះ​កម្ពុជា​ត្រូវតែ​សិក្សា​ឲ្យ​ច្បាស់​ពី​មូលហេតុ​ទាំងនេះ។

​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៧ បន្ទាប់​មក​ក្រសួង​យុត្តិធម៌​ពិនិត្យ​បាន​ពិនិត្យ​រួចរាល់​កាលពី​ឆ្នាំ​២០១៨​។ ច្បាប់​នេះ មាន ៩​ជំពូក និង​៦២​មាត្រា​។ រដ្ឋាភិបាល​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស​នេះ ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវាកម្ម​ពពោះ​ជំនួស​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៦៕

No comments: