ដោយ ថា ថៃ
2022-04-10
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន អុចធូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកលើបាតុករគណបក្សប្រឆាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
រូប៖ លោក ថាច់ សេដ្ឋា
ប្រជាពលរដ្ឋដែលភាគច្រើនជាសកម្មជនគណបក្សសង្គ្រោះជាតិរស់នៅតំបន់ស្ព្រីងវែល (Springvale) ជាយក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលីនៅថ្ងៃទី១០ ខែមេសា បានឆ្លៀតពេលទំនេរពីការងារ ជួបជុំគ្នាប្រារព្ធខួប២៥ឆ្នាំនៃព្រឹត្តិការណ៍បោកគ្រាប់បែកលើហ្វូងបាតុករអហិង្សា នៅមុខអគាររដ្ឋសភាចាស់ បើទោះបីជាថ្ងៃខួបបានកន្លងផុតជាង១០ថ្ងៃហើយក្តី។ ពួកគាត់អះអាងថា ការប្រារព្ធខួបនេះ គឺដើម្បីបង្ហាញពីការចងចាំ និងបន្តទាមទារយុត្តិធម៌ ខណៈ តុលាការប្រទេសបារាំងបានចេញដីកានាំខ្លួនមេកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដោយចោទថា ជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មបោកគ្រាប់បែកដៃនេះ។
បើទោះបីជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី មមាញឹកនឹងការងារប្រចាំថ្ងៃបែបណាក្តី ក៏ពួកគាត់ មិនអាចបំភ្លេចព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃទៅលើហ្វូងបាតុករអហិង្សា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះដែរ។ ពួកគាត់ បានលៃលកពេលវេលាជួបជុំគ្នាប្រារព្ធខួបនេះ នៅថ្ងៃទី១០ ខែមេសា នៅមជ្ឈមណ្ឌលមួយស្ថិតនៅក្រុងស្ព្រីងវែល រដ្ឋវិចតូរីយ៉ា (Victoria)។ ពិធីនេះ ដឹកនាំរៀបចំដោយមន្ត្រីគណបក្ស សង្គ្រោះជាតិប្រចាំប្រទេសអូស្ត្រាលី។
ពិធីចាប់ផ្តើមដោយការប្រគេនចង្ហាន់ព្រះសង្ស៤អង្គ និងសូត្រធម៌បង្សុកូល ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធក្រុមបាតុករដែលបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកដៃនោះ និងអ្នកស្នេហាជាតិដទៃទៀត រួមមាន លោក បណ្ឌិត កែម ឡី លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើម។ ក្រោយពិធីបង្សុកូលរួច មន្ត្រីគណបក្សសង្គ្រោះជាតិ បានឡើងថ្លែងសារទាមទារយុត្តិធម៌ដល់ជនរងគ្រោះ។
ប្រធានសាខាគណបក្សសង្រោះជាតិនៅប្រទេសអូស្ត្រាលីលោក អ៊ិន ហេមរា សោកស្តាយដែលឧក្រិដ្ឋជនបោកគ្រាប់បែកដៃបណ្តាលឲ្យជនស្លូតត្រង់ស្លាប់បាត់បង់ជីវិត ដោយគ្រាន់តែចូលរួមតវ៉ាជាមួយលោក សម រង្ស៊ី ដើម្បីទាមទារឲ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅគ្រានោះ។ ទោះជាយ៉ាងណា លោក បន្តថា សំណុំរឿងដ៏រសើបនេះ ចាប់ផ្តើមមានពន្លឺយុត្តិធម៌វិញហើយដោយតុលាការប្រទេសបារាំង រកឃើញ ថា ឧក្រិដ្ឋជនពាក់ព័ន្ធក្នុងអំពើបោកគ្រាប់បែនេះ គឺជាក្រុមមេកងអង្គរក្សរបស់លោក ហ៊ុន សែន និងកំពុងចេញដីកាចាប់ខ្លួនពួកគេ។ លោកយល់ថា ព្រឹត្តិការណ៍បោកគ្រាប់បែកដៃនេះ និងព្រឹត្តិការណ៍រដ្ឋប្រហារ បង្ហូរឈាមលើមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិច ការកាប់សម្លាប់លើសកម្មជននយោបាយ សង្គមស៊ីវិល និងអ្នកវិភាគ ព្រមទាំងការធ្វើទុក្ខបុកម្នេញលើសកម្មជននានា គឺជាផែនការរបស់លោក ហ៊ុន សែន ក្នុងការកម្ចាត់អ្នកប្រជាធិបតេយ្យ ដើម្បីរក្សាអំណាចតាមបែបផ្តាច់ការ៖ «ពន្លឺយុត្តិធម៌គឺយើងមិនអាចទទួលបាននៅស្រុកខ្មែរទេ គឺយើងទទួលបានពីប្រទេសបារាំងមកវិញ។ការគប់គ្រាប់បែកថ្ងៃទី៣០ ខែមីនាឆ្នាំ១៩៩៧ មិនមែនជាការគប់បែកតែលើបាតុករទេ គឺជាការប៉ុនប៉ងបំបាត់អ្នកនយោបាយប្រឆាំង»។
ជាមួយគ្នានេះ ប្រធានគណបក្សសង្គ្រោះជាតិក្រៅប្រទេស(CNRPO) លោក ម៉ែន វណ្ណា លើកឡើងថា ការប្រារព្ធខួប២៥ឆ្នាំនៃព្រឹត្តិការណ៍បោកគ្រាប់បែកដៃនេះ គឺដើម្បី រំលឹកដឹងគុណចំពោះក្រុមបាតុករដែលលោកចាត់ទុកថា ជាក្រុមវីរជន ដែលបានលះបង់នវសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុយុត្តិធម៌សង្គម សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ លោកជឿថា យុត្តិធម៌ពេលលេញនឹងកើតមាន ហើយអាចបញ្ចប់អំពើនិទណ្ឌភាព និងបញ្ឈប់អំពើកាប់សម្លាប់បាន ប្រសិនបើពលរដ្ឋ រួមសាមគ្គីគ្នាបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំសព្វថ្ងៃចេញ៖ «ថ្នាក់ដឹកនាំសព្វថ្ងៃនេះ គឺគ្មានយុត្តិធម៌សម្រាប់ពលរដ្ឋ ទាល់តែសោះ។ តែដោយសារអំពើឃោឃៅប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូទៅ គឺមានអន្តរជាតិដែលគេស្រលាញ់លទ្ធិប្រជាធិបតេយ្យហើយជាពិសេសមានជនជាតិរបស់គេរស់នៅប្រទេសបារាំងហ្នឹង ដូចលោកប្រធានស្តីទីសម រង្ស៊ី នេះ ដូច្នេះប្រទេសគេជឿនលឿនផង គេត្រូវតែរកយុត្តិធម៌ជូនប្រជាពលរដ្ឋរបស់គេ»។
ប្រជាពលរដ្ឋដែលចូលរួមប្រារព្ធខួបនេះ បង្ហាញការឈឺចាប់ដែលឃើញជនស្លូតត្រង់ ត្រូវបានសម្លាប់ដោយគ្មានយុត្តិធម៌ និងបានហៅលោក ហ៊ុន សែន ថា ជាមេដឹកនាំផ្តាច់ការ។
ព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះ បានបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៦នាក់ និងប្រមាណ ១៥០នាក់ទៀត រងរបួសធ្ងន់ និងស្រាល ក្នុងនោះក៏រួមមាន កុមារ និងជនជាតិអាមេរិកាំងម្នាក់ផង។
តុលាការបារាំង បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតមេកងអង្គរក្ស លោក ហ៊ុន សែន និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ គឺលោកហ៊ុយ ពិសិដ្ឋ និងមេកងអង្គរក្សបច្ចុប្បន្ន គឺលោក ហ៊ីង ប៊ុនហៀង ក្រោមបទចោទ «ប៉ុនប៉ងសម្លាប់មនុស្ស» ដោយសារតែតួនាទីរបស់ពួកលោកនៅពីក្រោយផែនការ និងការរៀបចំអំពើវាយប្រហារដោយគ្រាប់បែកនោះ។ តុលាការបារាំងក៏បញ្ជាក់ដែរថា ខ្លួនបានចេញដីកាកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមកឆ្លើយបំភ្លឺជុំវិញតួនាទីរបស់លោកក្នុងអំពើវាយប្រហារដោយគ្រាប់បែកនេះ តែរដ្ឋាភិបាលបារាំងបានជំទាស់មិនបញ្ជូនបន្តមកឱ្យកម្ពុជា ក្រោមហេតុផលថា លោក ហ៊ុន សែន ជាថ្នាក់ដឹកនាំរដ្ឋមួយដែលមាន «អភ័យឯកសិទ្ធិ»។ ការចេញដីកាដោយតុលាការបារាំងនេះ ក្រោយពីមានបណ្តឹងរបស់លោក សម រង្ស៊ី និងភរិយា អ្នកស្រី ជូឡុង សូមូរ៉ា ដែលជាជនរងគ្រោះនៅសំណុំរឿងគប់គ្រាប់បែកនេះក្នុងពេលលោកដឹកនាំបាតុកម្មទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ព្រះសង្ឃមួយអង្គដែលឈឺឆ្អាលបញ្ហាសង្គម នយោបាយ និងធនធានធម្មជាតិ គឺព្រះ តេជព្រះគុណ ស៊ឹម សុវណ្ណឌី ដែលទើបភៀសព្រះកាយមកដល់ប្រទេសអូស្ត្រាលី ដើម្បីគេចពីតាមចាប់របស់អាជ្ញាធរក្រុងភ្នំពេញនោះ មានថេរដីកាក្នុងពិធីថា លោក ហ៊ុន សែន និងមេកងអង្គរក្សរបស់លោក គឺជាឧក្រិដ្ឋជនពាក់ព័ន្ធក្នុងអំពើបោកគ្រាប់បែកដៃលើហ្វូងបាតុក ដូច្នេះពួកគាត់ មិនអាចគេចផុតពីសំណាចច្បាប់ឡើយ៖ «យើងទាំងអស់គ្នាចង់រស់នៅសុខក្សេមក្សាន្តទាំងអស់គ្នា ហេតុអ្វីបានជាយកគ្រាប់បែកសម្លាប់ប្រជាជនខ្លួនឯងជាខ្មែរ។សំណួរ ៖ ឥឡូវនេះ មានរយៈពេលជិត៣០ឆ្នាំហើយ មិនទាន់ឃើញមានយុត្តិធម៌ទេ តើតាមច្បាប់កម្មផល ក្នុងព្រះពុទ្ធសាសនាបែបណាដែរ ព្រះអង្គ? ចម្លើយ៖ កម្មអកុសលរបស់មនុស្សដែលធ្វើ គឺត្រូវតែមានមុននិងក្រោយ។ប៉ុន្តែឥឡូវនេះ តាមអាត្មាស្តាប់ទៅឃើញថា តុលាការ ប្រទេសបារាំង បានកាត់ក្តីមនុស្សពីរនាក់ហើយគឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល នៅថ្ងៃទី១០ ខែមេសា។ ប៉ុន្តែកន្លងមក លោក ថ្លែងថា សំណុំរឿងនេះមិនទាន់បិទបញ្ចប់នៅឡើយទេ។ លោកជំរុញឲ្យគណបក្សប្រឆាំង និងគ្រួសារជនរងគ្រោះស្វែងរកភស្តុតាងដោយខ្លួនឯង បើចង់បានយុត្តិធម៌។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថែមទាំងចោទថា ការធ្វើបុណ្យឧទ្ទិសកុសលជូនជនរងគ្រោះ គឺជាការកេងចំណេញនយោបាយ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំង និងគ្រួសារជនរងគ្រោះ ចាត់ទុកសម្តីរបស់លោក ផៃ ស៊ីផាន បែបនេះថា គ្មានការទទួលខុសត្រូវ និងជាការប្រមាថដល់វិញ្ញាណក្ខន្ធជនរងគ្រោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី សង្កេតឃើញថា ពលរដ្ឋនៅក្រៅ ប្រទេសនៅតែរួបរួមគ្នាដើម្បីជួយជ្រោមជ្រែងអ្នកប្រជាធិបតេយ្យដែលកំពុងតែតស៊ូ ទាមទារយុត្តិធម៌និងលិទ្ធិប្រជាធិបតេយ្យ។ លោក ជំរុញឲ្យពលរដ្ឋ រក្សាក្តីសង្ឃឹម និងចូលរួមផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យដើម្បីកុំឲ្យមានឈាមខ្មែរបន្តហូរតទៅទៀត៖ «ការស្វែងរកយុត្តិធម៌ និងការទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ ពិតជាត្រូវការពេលវេលា។ ប្រទេសនីមួយៗត្រូវការ ពេលវេលាផ្សេងៗគ្នា។កម្ពុជា ក៏មិនដូចប្រទេសដទៃដែរ តែក៏មិនទាន់ហួសពេលដែរ។ទិដ្ឋភាពថ្ងៃនេះ គាត់មកជួបជុំគ្នា វាជាការបង្ហាញក្តីសង្ឃឹមដែរថា ផ្លូវដែលយើងកំពុង តែដើរដើម្បីបានយុត្តិធម៌ និងប្រជាធិបតេយ្យពេញលេញនេះគឺអត់ទាន់បាត់បង់ទៅណាទេ។ពួកគាត់នៅមានភាពរឹងមាំ និងសាមគ្គីគ្នាល្អ»។
កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ដែលជាជនរងគ្រោះមួយរូប ពន្យល់ប្រាប់ វិទ្យុអាស៊ីសេរី ថា តុលាការបារាំងបានចេញសេចក្តីសន្និដ្ឋាននេះ ដោយផ្អែកតាមភស្តុតាង និងសាក្សីជាច្រើន។ លោកអះអាងថា ក្រៅពីលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ អ្នកដែលនៅពីក្រោយបញ្ជាឱ្យជនដៃដល់បោកគ្រាប់បែក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការលើកឡើងរបស់លោក សម រង្ស៊ីនេះ គឺស៊ីសង្វាក់គ្នានឹងរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិនានា។
ទំនងជាដោយសារតែសំណុំរឿងនេះ ជាប់ពាក់ព័ន្ធនឹងក្រុមលោក ហ៊ុន សែន បែបនេះ ហើយ ទើប២៥ឆ្នាំក្រោយអំពើវាយប្រហារដោយគ្រាប់បែកនេះ គ្មានឡើយយុត្តិធម៌សម្រាប់ជនរងគ្រោះនៅកម្ពុជា។ ក៏ប៉ុន្តែដីកាបង្គាប់ឱ្យចាប់ខ្លួនមេកងអង្គរក្សលោក ហ៊ុន សែន ចេញដោយតុលាការបារាំងនាពេលនេះ គឺជាចំណុចរបត់ថ្មីមួយ ដែលថាពន្លឺនៃយុត្តិធម៌អាចនឹងមាននៅពេលណាមួយក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់អំណាច៕
No comments:
Post a Comment