ដោយ សុជីវី
2022-04-05
ក្រុមយុវជនខ្មែរថាវរៈ យុវជនបរិស្ថាន និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតនៅមុខស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដើម្បីស្នើសុំឱ្យប្រធានាធិបតីរស្ស៊ីលោក វ្ល៉ាឌឺមៀ ពូទីន (Vladimir Putin) បញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន និងស្តារសន្តិភាពឡើងវិញ។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រុមយុវជនខកចិត្តជាខ្លាំងចំពោះមន្រ្តីស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញ ដែលបដិសេធទទួលញត្តិដោយគ្មានមូលហេតុទាក់ទងសំណើឱ្យប្រធានាធិបតីរស្ស៊ីលោក វ្ល៉ាឌឺមៀ ពូទីន (Vladimir Putin) បញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន និងស្តារសន្តិភាពឡើងវិញ រួមទាំងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលដែលរងគ្រោះ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលថា សកម្មភាពទាំងនោះ មិនតំណាងរដ្ឋាភិបាលនិងពលរដ្ឋខ្មែរទាំងមូលនោះទេ។
ស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី៥ ខែមេសា បដិសេធទទួលញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល រួមមានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)សហភាពសហជីពកម្ពុជា (CCU) សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) និងយុវជនខ្មែរថាវៈ (KT) ដែលទាមទារឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌឺមៀ ពូទីន (Vladimir Putin) បញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន។ ក្រុមយុវជនខកចិត្តយ៉ាងខ្លាំងនឹងការដែលស្ថានទូតប្រទេសមួយនេះមិនទទួលញត្តិរបស់ពួកគេ ដើម្បីផ្ញើសារទៅលោក ពូទីន ឱ្យបញ្ឈប់សង្គ្រាមឈ្លានពានប្រទេសជិតខាងខ្លួន។
ខ្លឹមសារញត្តិលើកឡើងថា ពួកគេក្នុងនាមពលរដ្ឋដែលបានឆ្លងកាត់សង្គ្រោមជិតពីរទសវត្សកន្លងមកនេះ បានស្គាល់ច្បាស់អំពីទុក្ខលំបាកនេះ ដោយពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រោមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលបានអូសបន្លាយរយៈពេលជាងមួយខែមកនេះ ដែលបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ បាត់បង់មនុស្សជាទីស្រឡាញ់ ការភ័យខ្លាច វិបត្តិមនុស្សធម៌ និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសក្រីក្រដូចជាកម្ពុជាជាដើម។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាអតីតអ្នកទោសមនសិការលោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីថា សកម្មភាពរបស់យុវជន និងសង្គមស៊ីវិលពេលនេះចង់បង្ហាញថា ពលរដ្ឋខ្មែរមិនត្រូវការសង្គ្រោះដែលនាំឱ្យប្រទេសណាមួយរងគ្រោះដល់ជនស៊ីវិលស្លូតត្រង់នោះទេ។ លោកបញ្ជាក់ថា ទោះមន្រ្តីស្ថានទូតរុស្ស៊ីបដិសេធទទួលញត្តិដោយមិនបញ្ជាក់មូលហេតុយ៉ាងណាក្តី ក៏ក្រុមយុវជននៅតែរក្សាគោលជំហរទទូចដល់មេដឹកនាំរុស្ស៊ីបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន ដើម្បីស្តារសន្តិភាពសកលឡើងវិញដដែល៖ «វាជារឿងឈឺចាប់សម្រាប់ប្រជាជាតិកម្ពុជា ព្រោះកម្ពុជាឆ្អែតឆ្អន់ជាមួយសង្គ្រោម ដោយមិនចង់ឃើញប្រទេសណាមួយក្នុងសកលលោកស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រោមនោះទេ ដឹងហើយថាលទ្ធផលចុងក្រោយនៃសង្គ្រោមគ្មានអ្វីក្រៅពីធ្វើឱ្យប្រជាពលដ្ឋស្លូតត្រង់លំបាក ស្រ្តីមេម៉ាយ ក្មេងកំព្រាគ្រប់បែបយ៉ាង ជាសោកនាកម្មសម្រាប់មនុស្សជាតិក្នុងនាមមនុស្សដូចគ្នា យើងចង់ឃើញប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយស្តារឡើងវិញនូវស្ថិរភាពនយោបាយនិងសន្តិភាពសកល»។
ស្រដៀងគ្នានេះដែរ យុវជនស្រឡាញ់បរិស្ថាន និងជាអតីតអ្នកទោសមនសិការលោក ថុន រដ្ឋា ថ្លែងថា ពលរដ្ឋខ្មែរខ្វល់ខ្វាយពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយញត្តិនេះបង្ហាញពីសាមគ្គីរបស់យុវជនខ្មែរជាមួយប្រជាជនអ៊ុយក្រែន និងប្រជាជននៅលើពិភពលោកដែលមិនត្រូវការសង្គ្រោម។ លោកសង្ឃឹមថា មេដឹកនាំរុស្ស៊ីនឹងជ្រើសរើសការចរចាជាមួយមេដឹកនាំអ៊ុយក្រែនដើម្បីបញ្ឈប់សង្គ្រោមឈ្លានពានឱ្យបានឆាប់៖ «ខ្ញុំយល់ថាចង់មិនចង់ជាមនុស្សជាតិដូចគ្នា ចឹងទោះបីស្លាប់ប្រជាជនអ៊ុយក្រែន ឬស្លាប់ប្រជាជនរុស្ស៊ីក៏ជាមនុស្សដូចគ្នាដែរ ចឹងយើងអត់ចង់ឃើញសោកនាកម្មទាំងអស់នោះទេ ហើយយើងសង្ឃឹមថាអ្វីដែលយើងធ្វើនៅថ្ងៃនេះនឹងឮទៅដល់លោកពូទីន ដោយឱ្យរុស្ស៊ីបញ្ឈប់ឈ្លានពានអ៊ុយក្រែន»។
ក្រៅពីយុវជននៅក្នុងប្រទេសកម្ពុជាដាក់ញត្តិ ចំណែកពលរដ្ឋខ្មែរនៅរស់នៅក្រៅប្រទេសវិញ ពួកគេក៏បានបន្តចូលរួមសកម្មភាពតវ៉ាឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន និងរៃអង្គៀសថវិកាតាមលទ្ធភាពដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែនដែរ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន លើកឡើងថា ញត្តិដែលក្រុមយុវជនយកដាក់នៅស្ថានទូតរស្ស៊ីនោះ មិនតំណាងឱ្យរដ្ឋាភិបាល ឬតំណាងពលរដ្ឋខ្មែរទាំងមូលនោះទេ។ លោកបញ្ជាក់ថា បញ្ហារវាងរស្ស៊ីនិងអ៊ុយក្រែននេះ រដ្ឋាភិបាលបានបញ្ជាក់ជំហររបស់ខ្លួននៅក្នុងមហាសន្និបាតរស់អង្គការសហប្រជាជាតិរួចហើយទាក់ទងនឹងសេចក្តីសម្រេចទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធាវិញ៖ «រដ្ឋាភិបាលគឺតំណាងអំណាចគ្រប់គ្រងប្រទេសមួយ ដូច្នេះរដ្ឋាភិបាលបានសម្តែងរួចហើយក្នុងការបោះឆ្នោតនៅមហសន្និតអង្គការសហប្រជាជាតិទាក់ទងទៅនឹងបញ្ហាអ៊ុយក្រែន រុស្ស៊ីនេះ ហើយបុគ្គលមូយចំនួនដើរដាក់ញត្តិនេះញត្តិនោះ គឺជាករណីផ្ទាល់ខ្លួន ដូច្នេះវាមិនអាចភ្ជាប់ទៅនឹងរដ្ឋាភិបាល ឬភ្ជាប់ទៅនឹងករណីផ្សេងៗទៀតទេ»។
កាលពីដើមខែមីនា រដ្ឋាភិបាលកម្ពុជាបានគាំទ្រសេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិដែលទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់ចំពោះការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន និងដកកងកម្លាំងយោធាវិញ បន្ទាប់មករដ្ឋាភិបាលក៏បានចេញសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋាភិបាលជប៉ុនកាលពីចុងខែមីនា ដោយថា ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេអ៊ុយក្រែន គឺការរំលោភបំពានលើរដ្ឋអធិបតេយ្យ និងបូរណភាពទឹកដីទៅលើប្រទេសនោះ ដែលជាការរំលោភធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណ មានប្រសាសន៍ថា លោកគាំទ្រសកម្មភាពដាក់ញត្តិរបស់ក្រុមយុវជនដែលឈឺឆ្អាល និងយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ជនជាតិអ៊ុយក្រែនដែលកំពុងរងគ្រោះពីសង្គ្រោមឈ្លានពានពីសំណាក់មេដឹកនាំរស្ស៊ី។ លោកយល់ថា សកម្មភាពនោះ ស្របតាមឆន្ទៈរបស់ពលរដ្ឋដែលស្អប់ខ្ពើមមេដឹកនាំបង្កសង្គ្រោម និងស្របតាមជំហររបស់រដ្ឋាភិបាលកម្ពុជាកន្លងមកដែរ។ ទោះយ៉ាងណា លោកចង់ឃើញរដ្ឋាភិបាលមានឆន្ទៈដោះស្រាយវិបត្តិនយោបាយ គោរពគោរពសិទ្ធិមនុស្ស និងស្តារលទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ ដើម្បីជៀសវាងបញ្ហាសង្គ្រោមដូចអតីតកាល៖ «យើងឃើញថាពលរដ្ឋច្រើនណាស់គេស្អប់នូវសង្គ្រោម និងស្អប់នូវទង្វើរបស់លោក វ្ល៉ាឌឺមៀ ពូទីន ដែលជាមេដឹកនាំបង្កសង្គ្រោមទៅលើអ៊ុយក្រែនឈ្លានពានប្រទេសជិតខាង សុទ្ធតែជាអំពើមិនល្អសម្រាប់មនុស្សជាតិទេ ហើយជាអំពើដែលពលរដ្ឋស្អប់ខ្ពើមអំពើអាក្រក់នេះ»។
ប្រទេសរុស្ស៊ីបានបើកការវាយប្រហារ និងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលនាំឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់បានភៀសខ្លួន។ យោងតាមអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបញ្ជាក់ថា គិតត្រឹមថ្ងៃ២៩ ខែមីនា ពលរដ្ឋអ៊ុយក្រែនប្រមាណ៤លាននាក់ (៤.០០០.០០០) ហើយ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងមួយចំនួនដូចជាប៉ូឡូញ រ៉ូម៉ានី ហុងគ្រី ស្លូវ៉ាគីជាដើម។
អង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសលោកខាងលិចបានហៅការឈ្លានពាននេះថា ជាអំពើ «ឃោរឃៅ» និងបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបានជួយផ្ដល់អាវុធឲ្យប្រទេសអ៊ុយក្រែន ហើយមានពលរដ្ឋចម្រុះជាតិសាសន៍នៅទូទាំងពិភពលោក ជាងរាប់ម៉ឺននាក់ហើយ ដែលបានស្ម័គ្រចិត្តកាន់អាវុធជួយច្បាំងបណ្តេញទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន៕
No comments:
Post a Comment