ដោយ មាន ឫទ្ធិ
2022-04-10
បុគ្គលិកណាហ្គាវើលដ៍ (NagaWorld) ពេលធ្វើកូដកម្មស្វែងរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូហ្គាវើលដ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) សម្រេចផ្អាកធ្វើកូដកម្មមួយរយៈពេលខ្លី ដើម្បីសន្សំប្រាក់បន្តិចបន្តួចជួបជុំសាច់ញាតិក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្រុមកូដករ ខនចិត្តចំពោះអាជ្ញាធរ និងភាគីក្រុមហ៊ុនដែលអូសបន្លាយពេលមិនព្រមទទួលកម្មករឱ្យចូលធ្វើការងារវិញ បណ្ដាលឱ្យកូដកររាប់រយនាក់បាត់បង់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រុមកូដករណាហ្គាវើលដ៍ (Naga World) លើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ពួកគាត់មិនមានសម្ភារៈប្រើប្រាស់ និងប្រាក់កាក់សម្រាប់យកជូនអ្នកមានគុណពួកគាត់ឡើយ ក្រៅពីមានស្លាកស្នាមជាំលើដងខ្លួនពីការបង្ក្រាបរបស់អាជ្ញាធរ។ កូដករថា ពួកគាត់មួយចំនួនទៀត ក៏មិនហ៊ានទៅលេងស្រុកកំណើតដែរ ដោយសារតែគ្មានសោហ៊ុយគ្រប់គ្រាន់ធ្វើដំណើរទៅមក។
កូដករម្នាក់ និងជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ លោកស្រី ចាន់ ស្រីម៉ុម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែមេសាថា គ្រួសារលោកស្រីពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំឪពុកម្ដាយ សាច់ញាតិបងប្អូនដូចគេគ្រប់គ្នាឡើយ។ លោកស្រីបន្តថា ក្រោយពីវិវាទការងារនេះអូសបន្លាយពេលជាងមួយឆ្នាំ លោកស្រីត្រូវចាយវាយត្បិតត្បៀតលើការចំណាយ ម្សៅទឹកដោះគោកូន និងម្ហូបអាហារប្រចាំថ្ងៃស្ទើតែមិនគ្រប់៖ «ពិបាកណាស់! ធម្មតាយើងអត់លុយអត់បានជួបជុំគ្រួសារ ហើយអាជ្ញាធរក៏អត់ឱ្យយើងឈរទាមទារសិទ្ធិការងារ។ ពិបាកខ្លាំងណាស់អាជ្ញាធរចាប់យើងដាក់ចូលឡានរហូត គ្រាន់តែយើងចង់មានសហជីពនៅកន្លែងធ្វើការ ហើយធ្វើការនៅកន្លែងដដែល។ រាល់ថ្ងៃនេះ ចំពោះម្ហូបអាហារ បងថ្លៃគាត់ឱ្យមួយមុខតិចៗហូបសិនទៅ។ ប៉ុន្តែ បើអាហារដែលត្រូវទិញខ្លួនឯង អត់សូវហ៊ានទិញទេ ដោយសារតែអត់សូវមានលុយ។ ពេលខ្លះទៀត ម៉ាក់ក្មេកក៏ជួយចំណាយផងដែរ»។
ស្រដៀងគ្នានេះ កូដករម្នាក់ទៀតលោកស្រី អាទីន សោកស្ដាយដែលចូលឆ្នាំខ្មែរឆ្នាំនេះលោកស្រីគ្មានលទ្ធភាពទិញសម្ភារៈប្រើប្រាស់ និងគ្មានលុយកាក់ជូនអ្នកមានគុណ។ លោកស្រី ខកចិត្តចំពោះអាជ្ញាធរដែលបង្ក្រាបឥតឈប់លើកូដករដែលប្រើសិទ្ធិស្របច្បាប់ទាមទារដំណោះស្រាយពីថៅកែ ដែលបានបញ្ឈប់បុគ្គលិកដោយមិនត្រឹមត្រូវតាមច្បាប់ស្តីពីការងារ៖ «រកតែបាយហូបគ្មានផង អ្នកផ្ទះក៏គាត់ដឹងដែរ។ តែអារម្មណ៍យើងធ្លាប់តែទិញសម្ភារៈជូនម្ដាយឪពុករាល់ឆ្នាំ តែឆ្នាំនេះអត់លទ្ធភាពមានអារម្មណ៍ថាពិបាកចិត្តដែរ។ ខ្ញុំក៏បានប្រាប់ម្ដាយឪពុកដែរ ថាខ្ញុំអត់មានលទ្ធភាពទិញអីជូនទេកុំប្រកាន់»។
រីឯ កូដករម្នាក់ទៀតដែលបម្រើការងារក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជាង១០ឆ្នាំ កញ្ញា សួន ជីវ៉ា បញ្ជាក់ថា កូដករទាំងអស់រងសម្ពាធទាំងផ្លូវកាយនិងផ្លូវចិត្ត។ កញ្ញាបន្ត កូដករខ្លះទៀតបានធ្លាក់ឈឺដោយសាររងការបង្ក្រាបពីក្រុមអាជ្ញាធរ ហើយពួកគាត់ក៏គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពឡើយ។ កញ្ញាថា គ្រួសារកញ្ញាប្រឈមបញ្ហាជីវភាព និងត្រូវការបន្ថយរាល់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ៖ «ពិបាកខ្លាំងមែនទែន ព្រោះធ្លាប់តែមានប្រាក់ខែ ទិញអីជូនអ្នកផ្ទះពិសា។ ប៉ុន្តែ ឥឡូវត្រូវកាត់បន្ថយការញ៉ាំ។ ដោយសារខ្ញុំអត់មានចំណូលជិតមួយឆ្នាំមកហើយ។ ពួកយើង កូដករគ្មានថវិកា អ្នកខ្លះក៏អត់ហ៊ានទៅស្រុកដែរព្រោះអត់មានលុយ។ កូដករខ្លះទៅស្រុក តែទៅយកសម្ភារៈប្រើប្រាស់មក ព្រោះតែពិបាកខ្លាំងមែនទែន ហើយពួកយើងក៏បានរាយអង្គាសឱ្យកូដករដែរគ្មានលទ្ធភាព»។
ការត្អូញត្អែររបស់ក្រុមកូដករណាហ្គាវើលដ៍នេះ គឺដោយសារតែពួកគាត់បាត់បង់ការងារជាច្រើនខែមកហើយ ដែលធ្វើឱ្យពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ។
ជាងនេះទៅទៀត ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរក្រុងភ្នំពេញបានប្រើអំពើហិង្សាពួកគាត់ដែលភាគីច្រើនជាស្រ្តីដោយអូសសែងរុញច្រានឱ្យឡើងរថយន្ត រួចដឹកទម្លាក់នៅតំបន់ជាយក្រុងភ្នំពេញក្នុងខណ្ឌព្រែកព្នៅ។ កូដករថា ពេលត្រឡប់មកវិញពួកគាត់ត្រូវរាយអង្គាសក្នុងម្នាក់ពី១ពាន់ ទៅ៣ពាន់រៀល ដើម្បីជិះម៉ូតូកង់បីទៅដល់កន្លែងផ្ញើម៉ូតូវិញ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្ដា អ៊ន ក៏សោកស្ដាយចំពោះក្រុមកូដករដែលបាត់បង់ប្រាក់ចំណូល ដោយសារតែវិវាទការងារត្រូវបានអូសបន្លាយពេលដែរ។ ប៉ុន្តែលោកថា មូលហេតុដែលការដោះស្រាយបញ្ហាវិវាទការងារនេះនៅតែគ្មានច្រកចេញ ព្រោះតែភាគីទាំងសងខាងមិនព្រមបន្ទន់ឥរិយាបថក្នុងការចរចា៖ «បើគ្មានការងារធ្វើបានចំណូលមកពីណា? ដើម្បីបន្តឱ្យជីវភាពយើងទៅមុខទៀតបានយើងត្រូវតែមានចំណូល។ បើភាគីទាំងអស់នៅតែរ៉ឹង នៅតែមានះ នៅតែចង់បង្កបញ្ហាដំណោះស្រាយមិនមានទេ។ ត្រូវតែមានការចរចាថា តើមានប៉ុន្មានចំណុច? អញ្ចឹងត្រូវពិភាក្សាគ្នាដោះស្រាយមួយចំណុចម្ដងៗ ដោយមានការធ្វើការសម្បទានទៅវិញទៅមក»។
ផ្ទុយពីការអះអាងរបស់មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលរូបនេះ ប្រធានសម្ព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ក្រុមសហជីពបានបន្ទន់ឥរិយាបថយ៉ាងច្រើនក្នុងជំនួបចរចាជាមួយភាគីក្រុមហ៊ុន។ អ្នកស្រី មើលឃើញថា អាជ្ញាធរមិនបានស្វះស្វែងរកដំណោះស្រាយពិតប្រាកដដើម្បីឱ្យកូដករទទួលបានយុត្តិធម៌នោះឡើយដែលធ្វើឱ្យកម្មករជួបបញ្ហាខ្វះខាតជីវភាពកាន់តែខ្លាំង៖ «ក្រុមកូដករទាំងអស់ គ្រាន់តែប្រើប្រាស់សិទ្ធក្នុងការតស៊ូមតិ ទាមទារសហជីពដែលពួកគាត់ស្រឡាញ់ពេញចិត្ត គាំទ្រជួយពួកគាត់។ បន្ទាប់មកទៀតកូដករក៏ចង់បានថ្នាក់ដឹកនាំល្អ និងការពារក្នុងសហគ្រាស»។
ក្រុមកូដករឱ្យដឹងថា ពួកគាត់នឹងមិនបោះបង់ការទាមទារសិទ្ធិសេរីភាពក្នុងកន្លែងការងារនេះឡើយ ដរាបណាថៅកែនៅតែមានចេតនារំលាយសំឡេងសហជីពក្នុងកន្លែងការងារ។ ពួកគាត់ថា នឹងជួបជុំប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅថ្ងៃ១៧មេសា ឡើងវិញក្រោយពីចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។
ក្រុមកូដកររំពឹងថា ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីខាងមុខនេះ អាជ្ញាធរនឹងផ្លាស់ប្តូរឥរិយាបថ ដោយឈរលើភាពអព្យាក្រឹត្យឡើងវិញ ព្រមទាំងបញ្ឈប់ប្រើអំពើហិង្សាលើកូដករដែលចេញទាមទារដំណោះស្រាយ។ ពួកគាត់ ក៏សង្ឃឹមថា ក្រសួងការងារនឹងជួយជំរុញឱ្យភាគីក្រុមហ៊ុនដោះស្រាយវិវាទឱ្យបានឆាប់ស្របតាមច្បាប់ពីការងារដែរ៕
No comments:
Post a Comment