Friday, 8 April 2022

តុលាការខេត្ត​កំពង់ចាម​កោះហៅ​សកម្មជន​ពីរ​នាក់ ក្រោយ​ពួកគេ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ភ្លើងទៀន


ដោយ មួង ណារ៉េត
2022-04-08
តុលាការខេត្ត​កំពង់ចាម​កោះហៅ​សកម្មជន​ពីរ​នាក់ ក្រោយ​ពួកគេ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ភ្លើងទៀន 

សាលាដំបូង​ខេត្ត​កំពង់ចាម។
RFA

 

សកម្មជន​ពីរ​នាក់ នៅ​ខេត្តកំពង់ចាម ថា តុលាការ​កោះហៅ​ពួកគាត់ ក្រោយ​ឈរឈ្មោះ​ឲ្យ​គណបក្ស​ភ្លើងទៀន​។ ពួកគាត់​ចាត់ទុក​ដីកា​តុលាការ​នៅ​ពេល​នេះ ថា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

បេក្ខជន​ក្រុម​ប្រឹក្សាឃុំ​ឲ្យ​គណបក្ស​ភ្លើងទៀន នៅ​ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម គឺ​លោក វ៉ាន់ ម៉ាច និង​លោក ពៅ ខន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តុលាការខេត្ត​កំពង់ចាម​បាន​ចេញ​ដីកា​ឲ្យ​ពួក​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ចាស់​កាលពី​ឆ្នាំ​២០១៩ នោះ។

ពួកគេ​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស អស់​ជាង​មួយ​ខែ កាល​ពី​ខែ វិច្ឆិកា ដោយសារតែ​អាជ្ញាធរ​តាម​ធ្វើទុក្ខបុកម្នេញ រឿង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ ២០១៩​នោះ ដែល​ជា​គម្រោង​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី។


ប៉ុន្តែ ពួក​លោក​ទាំងពីរ បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ កាល​ពី​ចុង​ឆ្នាំ ២០១៩ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ប្រកាស​ថា​មិន​តាម​រករឿង​ពួកគាត់​។ ពួកគាត់​មក​នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត ដូច​ធម្មតា បាន​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

លោក វ៉ាន់ ម៉ាច ឆ្ងល់​ថា​ហេតុអ្វី​បានជា​ទើបតែ​ពេល​នេះ នៅ​ពេល​ដែល​ដឹង​ថា​លោក​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុម​ប្រឹក្សាឃុំ ទើប​តុលាការ​ចេញ​ដី​បង្គាប់​ឲ្យ​ចូលខ្លួន​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​អះអាង​ថា មន្ត្រី​ប៉ូលិស​ឃុំ​ឈ្មោះ សាក់ និស្ស័យ ដែល​យក​ដីកា​មក​ប្រគល់​ជូន​លោក​នោះ ប្រាប់​លោក​ថាបើ​លោក​កុំ​ចូល​បក្ស​ភ្លើងទៀន តែ​ចូល​បក្ស​កាន់អំណាច​វិញ គឺ​អាច​រួចខ្លួន និង​បាន​ប្រាក់ខែ​ថែម​ទៀត​ផង​។ រឿង​នេះ​រឹតតែ​ធ្វើ​ឲ្យ​លោក វ៉ាន់ ម៉ាច ឆ្ងល់​កាន់តែ​ខ្លាំង៖ «បើ​ចោទ​ថា​យើង​មានទោស តុលាការ​កោះហៅ ចុះបើ​ចូល​ទៅ [​បក្ស​កាន់អំណាច​] ម៉េច​បាន​ជា​រួចខ្លួន​ទៅវិញ​? ខ្ញុំ​ចង់​ឆ្ងល់​អ៊ីចឹង​! កន្លង​មក​ខ្ញុំ​ចំណាំ​ថា​ឲ្យ​តែ​ដែល​គេ​ចោទ​ថា​ក្បត់ជាតិ​អីហ្នឹង ក្រោយ​ចូល​ទៅ​ស្រាប់តែ​រួចខ្លួន​។ ខ្ញុំ​អត់​យល់​! ខ្ញុំ​ឆ្ងល់​បញ្ហា​ហ្នឹង​! អ្នក​មានទោស ដែល​ចូល​ទៅ​បែរជា​រួចខ្លួន​ទៅវិញ?»។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ ប៉ូលិស​ឃុំ​ផ្ទះ​កណ្តាល អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី៧ ខែ មេសា ថា​លោក​ពិតជា​បាន​យក​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ចាម ទៅ​ប្រគល់​ផ្ទាល់​ដៃ​ដល់​លោក វ៉ាន់ ម៉ាច មែន ប៉ុន្តែ លោ​ក​ថា លោក​មិនបាន​និយាយ​ដូច​អ្វី​ដែល​លោក វ៉ាន់ ម៉ាច លើកឡើង​នោះ​ឡើយ។ លោក សាក់ និស្ស័យ ថា លោក​បាន​បំពេញ​ត្រឹម​តួនាទី​ក្នុង​នាម​ជា​ប៉ូលិស ដែល​ត្រូវ​យក​ដីកា​ទៅ​ភាគី​ពាក់ព័ន្ធ​តែប៉ុណ្ណោះ៖ «ការងារ​ហ្នឹង​ខ្ញុំ​អត់​ដឹង​រឿង​អ្វី​នោះ​ដែរ ប៉ុន្តែ​តុលាការ​គាត់​ចេញ​ដីកា​ហើយ​! ដូច្នេះ​តួនាទី​ខ្ញុំ​គ្រាន់តែ​ថា តុលាការ​ចេញ​ដីកា​មក​ឲ្យ​ប៉ុស្តិ៍ ដូច្នេះ​ប៉ុស្តិ៍ គ្រាន់តែ​ជូនដំណឹង​ទៅ​គាត់ ឲ្យ​គាត់​ទទួល​ចុងសន្លឹក​ដីកា​ហ្នឹង​ទេ»។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយ​តុលាការ​កម្ពុជា បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន ដោយសារតែ​សារ​គាំទ្រ​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នោះ មាន​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន បាន​រត់​ភៀសខ្លួន​ទៅ​ស្រុក​ថៃ ឬ​ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្តែ ជាង​មួយ​ខែ​ក្រោយមក​លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ពួកគេ​ចូល​មក​វិញ ដោយ​ហាម​ធ្វើ​ទុក្ខបុកម្នេញ​ពួកគាត់៖ «ក្នុងនាម​ខ្ញុំព្រះករុណា​ខ្ញុំ​ជា​ប្រធាន​នីតិប្រតិបត្តិ ខ្ញុំ​ព្រះករុណា​ខ្ញុំ​អំពាវនាវ​ឲ្យ​មនុស្ស​ទាំងអស់​ដែល​កំពុង​រត់គេច​ខ្លួន ត្រឡប់​មក​ភូមិកំណើត​វិញ​។ កុំ​លាក់ខ្លួន​នៅ​កន្លែង​នេះ លាក់ខ្លួន​នៅ​កន្លែង​នោះ​តទៅទៀត​។ ហើយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និយាយ​រួម​កម្លាំង​មាន​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់ ជាពិសេស​នគរបាល និង​អាវុធហត្ថ ក៏ដូចជា​មន្ត្រី​នៅ​មូលដ្ឋាន​ទាំងអស់ កុំ​ធ្វើ​អី​ឲ្យ​សោះ​! ឲ្យ​គេ​មក​ផ្ទះ​យ៉ាង​ស្រួល​! រាប់អាន​គ្នា​ទៅ​។ ធ្វើការ​ជាមួយគ្នា​ទៅ»។

ប៉ុន្តែ ក្រោយ​សកម្មជន​ទាំងនោះ ស្ម័គ្រចិត្ត​ចូល​គណបក្ស​ភ្លើងទៀន ដើម្បី​ចូលរួម​ប្រកួត​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ ខែ​មិថុនា ខាងមុខ​នេះ ស្រាប់តែ​តុលាការ​គាស់​កកាយ​សំណុំរឿង​ចាស់​របស់​ពួកគាត់​ជា​បន្តបន្ទាប់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់ទុក​ទង្វើ​បែបនេះ ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ នាយក​ប្រតិបត្តិ​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស (CHRAC) លោក រស់ សុដ្ឋា ថា​ទង្វើ​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដែល​សុទ្ធតែ​អះអាង ថា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន កុំ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​គណបក្ស​ប្រឆាំង​។ លោក​ថា​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​គណបក្ស​ភ្លើងទៀន​នេះ ហាក់​បង្ហាញ​ឲ្យ​ឃើញថា​គណបក្ស​កាន់អំណាច ខ្លាច​ឥទ្ធិពល​បក្ស​នេះ៖ «ដូច​ខ្លាច​ឥទ្ធិពល​គណបក្ស​ភ្លើងទៀន​យ៉ាងម៉េច​ទេ​? ខ្ញុំ​ពិនិត្យ​មើលទៅ ឃើញ​ដូចជា​ខ្លាច​ឥទ្ធិពល​គណបក្ស​ភ្លើងទៀន​។ ដូច្នេះហើយ​បានជា​បញ្ហា​រឿង​រឹតត្បិត​ហ្នឹង ចេះតែ​មាន​ជា​បន្ត​បន្ទាប់​បែប​នេះ»។

លោក រស់ សុដ្ឋា ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ ថា ជា​ការ​រំលោភសិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ដែល​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​។ លោក​បន្ថែម​ថា បើ​ស្ថានភាព​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង នៅតែ​បន្ត​កើត​មាន​បែប​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​កាន់​តែ​មាន​មន្ទិល​លើ​បរិយាកាស​នយោបាយ នៅមុន​ការបោះឆ្នោត ដែល​អាច​នាំ​ឲ្យ​ការបោះឆ្នោត​ខាងមុខ នឹង​មិនអាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃទី៧ ខែ​មេសា។

ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ថ្ងៃទី ០៥ ខែ មិថុនា ខាងមុខនេះ មាន​គណបក្ស​នយោបាយ​ចំនួន ១៧ បាន​ដាក់​បេក្ខជន​ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត​នោះ​។ នៅក្នុង​គណបក្ស​ភ្លើងទៀន រៀប​បេក្ខជន​បាន​ប្រដំប្រសង​នឹង​គណបក្សកាន់អំណាច គឺ​រៀប​បាន​ជាង ១៦០០ ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​។ គណបក្ស​ភ្លើងទៀន​ដែល​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី នេះ រង​ការ​ធ្វើទុក្ខបុកម្នេញ​ច្រើន​ជាងគេ ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំងអស់៕

1 comment:

Anonymous said...

Thank You peace for having a free and fair election. Killing and incarcerating people are part of the free and fair election in Cambodia.