Thursday, 7 April 2022

CPP៖ លោក ហ៊ុន សែន ចុះ​សម្ពោធ​​សមិទ្ធផល​​ដើម្បី​ចំណេញ​នយោបាយ


ដោយ យន់ សាមៀន
2022-04-06
CPP៖ លោក ហ៊ុន សែន ចុះ​សម្ពោធ​​សមិទ្ធផល​​ដើម្បី​ចំណេញ​នយោបាយ 

លោក ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់រចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP


តំណាង​គណបក្ស​កាន់អំណាច​ឱ្យ​ដឹង​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទៅ​មូលដ្ឋាន​ញឹកញាប់​ដើម្បី​សម្ពោធ​សមិទ្ធផល​នានា​នោះ គឺ​ដើម្បី​ផលប្រយោជន៍​​ផ្នែក​នយោបាយ។ អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​កិច្ចការ​បោះឆ្នោត​រិះគន់​ថា ករណី​នេះ​ជា​ការ​បំពាន​ច្បាប់។

ប្រមុខ​រដ្ឋាភិបាល​ឯក​បក្ស និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាលោក ហ៊ុន សែន បាន​ចុះ​ទៅ​សម្ពោធ​សមិទ្ធផល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជា​បន្តបន្ទាប់ ស្រប​ពេល​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មកដល់។ សកម្មភាព​បែបនេះ​ត្រូវ​បាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ទម្លាយ​ថា គឺ​ដើម្បី​ផលប្រយោជន៍​ផ្នែក​នយោបាយ។


មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាចលោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៦ ខែមេសា​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ទៅ​សម្ពោធ​​សមិទ្ធផល​នានា​កាន់តែ​ញឹកញាប់​នៅ​មុន​ការ​បោះឆ្នោត​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​មើលឃើញ​ពី​គុណសម្បត្តិ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​ប្រមូល​ផល​ប្រយោជន៍​ផ្នែក​នយោបាយ ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បន្ត​ទៀត៖ «កេង​ចំណេញ​មានន័យថា វា​មាន​គំនិត​មិន​ល្អ។ មាន​តែ​គណបក្ស​ប្រឆាំង​ទេ​ដែល​កេង​ចំណេញ។ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់អំណាច អត់​កេង​ទេ គឺ​យក​ចំណេញ​តែម្ដង ព្រោះ​ធ្វើ​ពិត បាន​សមិទ្ធផល​ពិត ហើយ​សម្ដេច​ប្រធាន​គណបក្ស​ក៏ដូចជា​នាយករដ្ឋមន្ត្រី ដើរ​ទៅ​សម្ពោធ​តាម​មូលដ្ឋាន​នានា​ទូទាំង​ប្រទេស​ហ្នឹង គឺ​យក​សមិទ្ធផល​ពិត​មក​បង្ហាញ​ប្រជាជន»។

រយៈពេល​ជាង​មួយ​ខែ​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ចុះ​ទៅ​សម្ពោធ និង​ពិនិត្យ​សមិទ្ធផល​នានា យ៉ាងហោចណាស់​ចំនួន ១២ ទីតាំង​ផ្សេង​គ្នា ជាមួយនឹង​ការ​ថ្លែង​សុន្ទរកថា​ជាច្រើន​ម៉ោង។ ក្នុង​វេទិកា​ទាំងនោះ លោក​តែងតែ​រំឭក​ពី​គុណបំណាច់ និង​លើក​សរសើរ​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ពេលខ្លះ​លោក​ថែមទាំង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​របស់​លោក​ទៀត​ផង។

លោក សុខ ឥសាន ថ្លែង​ការពារ​សកម្មភាព​របស់​លោក ហ៊ុន សែន នេះ​ថា មិន​បាន​រំលោភ​តួនាទី ឬ​បំពាន​លើ​ច្បាប់​ណាមួយ​ឡើយ លើកលែង​តែ​ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត។ ម្យ៉ាងវិញទៀត លោក​ថា តួនាទី​ជា​នាយករដ្ឋមន្ត្រី និង​ប្រធាន​គណបក្ស​មិន​អាច​ញែក​ដាច់​ពី​គ្នា​នោះ​ទេ។

ទោះជាយ៉ាងណា អ្នកជំនាញ​ផ្នែក​កិច្ចការ​បោះឆ្នោត​ច្រានចោល​ការ​បកស្រាយ​ទាំងនេះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស សោកស្ដាយ​ដែល​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​បកស្រាយ​រឿង​នេះ​ដោយ​មិន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់។ លោក​ពន្យល់​ថា ការ​ប្រើប្រាស់​វេទិកា​សម្ពោធ​សមិទ្ធផល​នានា​ដើម្បី​លើក​សរសើរ ឬ​ឃោសនា​ឱ្យ​គណបក្ស​របស់​ខ្លួន​បែបនេះ ជា​ករណី​បំពាន​ច្បាប់៖ «មិន​គួរណា​ដែល​មន្ត្រី​រាជការ ហើយ​ជា​អ្នកនយោបាយ យើង​បកស្រាយ​ដោយ​មិន​គិត​ពី​ច្បាប់​ដែល​មាន​ទេ។ អាហ្នឹង​គួរតែ​យក​ច្បាប់​ជា​ធំ ហើយ​ពិនិត្យ​មើល​ឡើងវិញ។ បើ​មិន​អ៊ីចឹង​ទេ គណបក្ស​តូចៗ​ដែល​អត់​មាន​តួនាទី​ហ្នឹង គ្នា​មាន​លទ្ធភាព​ឯណា​ទៅ​ប្រកួតប្រជែង។ បើ​យើង​មាន​តួនាទី យើង​មាន​លទ្ធភាព ហើយ​យើង​យក​អាហ្នឹង​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​គណបក្ស​ខ្លួន​ហើយ​ហ្នឹង អ៊ីចឹង​អាហ្នឹង​ហើយ​គេ​ហៅ​ថា ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​នោះ»។

ស្រដៀងគ្នា​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត ថ្លែង​ថា ការ​ចុះ​ទៅ​សម្ពោធ​សមិទ្ធផល​នានា​នេះ គឺ​ជា​ទម្លាប់​ដដែលៗ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត។ លោក​រិះគន់​ថា ករណី​នេះ ក្រៅពី​ខ្ជះខ្ជាយ​ពេលវេលា និង​ថវិកាជាតិ​ហើយ​នោះ វា​ក៏​ប្រាស់​ចាក​ពី​បញ្ញត្តិច្បាប់​ដែរ៖ «នៅពេល​ដែល​យើង​ប្រើប្រាស់​ពេលវេលា​ទៅ​សម្ពោធ ឬ​ក៏​ចូលរួម​កម្មវិធី​ដែល​វា​មិន​សូវ​សំខាន់ ឬ​ក៏​វា​ដូចជា​មិន​សំខាន់​សោះ​ក្នុង​នាម​ជា​អ្នកដឹកនាំ​កំពូល​ដែល​ត្រូវ​ចូលរួម​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា ទីមួយ​វា​ជា​ការ​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ។ ទីពីរ​ការ​យក​ពេលវេលា ការងារ​របស់​រដ្ឋ​របស់​ជាតិ ឬក៏​ប្រយោជន៍​សាធារណៈ ដើម្បី​កេង​ចំណេញ​ដល់​ផល​ប្រយោជន៍​នយោបាយ វា​ជា​ការ​រំលោភ​បំពាន​ទៅ​ដល់​ការប្រកួតប្រជែង​ការបោះឆ្នោត​ដោយ​សេរី យុត្តិ​ធម៌ និង​ត្រឹមត្រូវ»។

ច្បាប់បោះឆ្នោត និង​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល បាន​ហាម​ឃាត់ មិន​ឲ្យ​មន្ត្រី​សាធារណៈ ដូច​ជា​នាយករដ្ឋមន្ត្រី​ជាដើម ប្រើប្រាស់​តួនាទី​របស់​រដ្ឋ ដើម្បី​កេង​​ចំណេញ​ប្រយោជន៍​បក្ស​របស់​ខ្លួន​នោះ​ឡើយ​។ មាត្រា ៨០ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ហាម​ប្រើប្រាស់​ថវិកា សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន ដែល​ជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត ឲ្យ​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់។

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៥ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ខាងមុខ។ ស្របពេល​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ដោយ​សេរី សកម្មជន​គណបក្ស​នយោបាយ​មួយចំនួន​បែរ​ជា​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ ក្រោម​រូបភាព​ជា​ការ​ចាប់ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ទៅវិញ៕

No comments: