Wednesday, 20 July 2022

ក្រុម​ឥស្សរជន​​ជំនិត​​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ធ្វើ​ជំនួញ​បែប​ឧក្រិដ្ឋកម្ម

 

ដោយ ទីន ហ្សាការីយ៉ា
2022.07.20
ក្រុម​ឥស្សរជន​​ជំនិត​​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ធ្វើ​ជំនួញ​បែប​ឧក្រិដ្ឋកម្ម  
 
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោកឧកញ៉ា​ ទ្រី ភាព ឈ្មួញកាប់​ព្រៃ​ឈើ​នៅ​កម្ពុជា។
 Photo Courtesy

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​អគារ​ពាណិជ្ជកម្ម​មួយចំនួន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ដែល​អាច​មាន​ករណី​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឺណិត (Internet) និង​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជម្រិត​ទារប្រាក់​។ ការ​លើកឡើង​នេះ កើតឡើង​ក្រោយ​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ល្បី​មួយ​ឈ្មោះ អាល់ហ្សា ហ្ស៊ីរ៉ា (Al Jazeera) ថ្មីៗ​នេះ​បាន​លាតត្រដាង​ពី​ក្រុម​ឧកញ៉ា​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ និង​ឥស្សរជន​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជំនួញ​រកស៊ី​បែប​ឧក្រិដ្ឋកម្ម​។ ក្នុង​នោះ អាល់ហ្សាហ្ស៊ីរ៉ា រកឃើញ​ថា ឧកញ៉ា ទ្រី ភាព សមាជិក​ព្រឹទ្ធសភា លោក កុក អាន និង​ក្រុម​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​ខ្សែស្រឡាយ​ត្រកូល «​ហ៊ុន​» រួម​ទាំង​មន្ត្រី​នៃ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​មួយ​ចំនួន​ទៀត សុទ្ធ​តែ​មាន​ទំនាក់ទំនង​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ចិន​ក្នុង​ការ​កំណត់​គោលដៅ​ចាប់​ជម្រិត​មនុស្ស​ជុំវិញ​ពិភព​ដើម្បី​ឆបោក និង​ជម្រិត​ទារប្រាក់​តាម​វិធីសាស្ត្រ​បែប​ទំនើប។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ស៊ើបអង្កេត​ដោយ​អព្យាក្រឹត្យ​ឥត​លម្អៀង និង​ត្រូវ​បង្ហាញ​របាយការណ៍​ដោយ​តម្លាភាព ដើម្បី​ជម្រះ​មន្ទិល​ពី​មហាជន​ចំពោះ​ករណី​ជនជាតិ​ចិន និង​ក្រុម​ឈ្មួញ​ដែល​រង​ការ​ចោទប្រកាន់​ថា កំពុង​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើ​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម នៅ​តាម​វិស័យ​សហគ្រាស​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នៅ​កម្ពុជា។


នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត លើកឡើង​ថា របាយការណ៍​ដែល​លាតត្រដាង​ដោយ​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្ស៊ី​រ៉ា (Al Jazeera) និយាយ​អំពី​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា តាមរយៈ​ឯកសារ​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​មួយ​នេះ អាជ្ញាធរ​កម្ពុជា​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់ បើក​ការស៊ើបអង្កេត​ដោយ​យុត្តិធម៌ ដើម្បី​ស្វែងរក​ការពិត ផ្តល់​ទំនុកចិត្ត​ដល់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា។

ទោះបីជា​យ៉ាងណា លោក អំ សំអាត កត់សម្គាល់​ថា ករណី​ចាប់​ជម្រិត ឬ​បង្ខាំង​មនុស្ស​ក្នុង​អគារ​នៅ​កម្ពុជា​កន្លង​មក​នេះ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សព្វផ្សាយ​ព្រោងព្រាត​។ ក៏ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​តែងតែ​ច្រានចោល ដោយ​លើក​ហេតុផល​ថា ព័ត៌មាន​ទាំងនោះ​បែប​បំភ្លៃ បំផ្លើស​ខុស​ពី​ការពិត និង​មាន​ចេតនា​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ណាមួយ៖ «​ដូចជា​នៅ​ប្រទេស​ថៃ នៅ​ចិន​អី ដែល​គេ​បាន​ចុះ​នៅ​សារព័ត៌មាន​នៃ​ប្រទេស​គេ​ហ្នឹង វា​ធ្វើ​ឱ្យ​ប៉ះពាល់​សម្រាប់​កម្ពុជា​យើង​។ ឥឡូវ​ហ្នឹង​គឺ​ទូរទស្សន៍ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បាន​ចាក់​ផ្សាយ​រឿង​អ៊ីចឹង​ទៀត វា​ធ្វើ​ឱ្យ​ប៉ះពាល់​សម្រាប់​កម្ពុជា​យើង​។ ណាមួយ​យើង​ឃើញ​ថា កន្លងមក​សហរដ្ឋ​អាមេរិក (US) នៅតែ​ដាក់​ចំណាត់ថ្នាក់​នៃ​ការ​ជួញដូរ​មនុស្ស​សម្រាប់​កម្ពុជា​នៅ​លំដាប់​លេខ ២ ស្ថិតនៅ​តាមដាន»

របាយការណ៍​ស៊ើបអង្កេត​ស្ដីពី ទាសករ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) នៅ​កម្ពុជា​របស់​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ដែល​បាន​ផ្សព្វផ្សាយ​ថ្មីៗ​នេះ បាន​លាតត្រដាង និង​រៀបរាប់​យ៉ាង​លម្អិត​ចំពោះ​ក្រុមហ៊ុន​ចិន​កំពុង​ប្រតិបត្តិការ​យ៉ាង​ក្ដៅ​គគុក​ក្នុង​ការ​ចាប់​ជម្រិត​ជន​ជាតិចិន​ដូចគ្នា និង​បង្ខាំង​បរទេស​រាប់​រយ​ពាន់​នាក់ ដើម្បី​ឱ្យ​ពួកគេ​ធ្វើ​ការងារ​ផ្នែក​វិស័យ​បន​ល្បែង​ឆបោក​មនុស្ស​តាម​លើ​ប្រព័ន្ធ​អនឡាញ (Online) នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជុំវិញ​ពិភពលោក​។​

អាល់ហ្សា ហ្ស៊ីរ៉ា ឱ្យ​ដឹង​ថា បណ្ដាញ​របស់​ឧក្រិដ្ឋជន​ចិន​ទាំងនោះ កំពុង​ដំណើរ​ចាប់​ជម្រិត​បង្ខាំង​មនុស្ស​ដោយ​បង្ខំ​ឱ្យ​ការ​ខុស​ច្បាប់​ដែល​ភាគច្រើន​ស្ថិតនៅ​តំបន់​អគារ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ និង​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន​ទៀត​ដូចជា ខេត្ត​ពោធិ៍សាត់ ខេត្ត​តាកែវ ក្រុង​ប៉ោយប៉ែត និង​នៅ​រាជធានី​ភ្នំពេញ​ជាដើម។

ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ដដែល បញ្ជាក់​ទៀត​ថា ជនរងគ្រោះ​ដែល​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ចិន​មាន​ច្រើន​ទម្រង់​។ ក្នុង​នោះ មាន​ជនរងគ្រោះ​ខ្លះ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ចិន​ចាប់​ផ្តើម​បង្កើត​ទំនាក់ទំនង​លើ​បណ្ដាញ​សង្គម​។ បន្ទាប់​មក ជន​ឆបោក​ដែល​ជា​អ្នក​ហែកឃើក (Hacker) ជន​ជាតិចិន​ព្យាយាម​រក​តម្រុយ​ក្នុង​ការ​លួច​លុយ​ពី​ក្នុង​គណនី​ធនាគារ​ជនរងគ្រោះ។

ដោយឡែក ជនរងគ្រោះ​ដទៃទៀត គឺ​ត្រូវ​បាន​ក្រុម​ឆបោក​ជនជាតិ​ចិន រៀបចំ​ឃោសនា​ការងារ​លើ​បណ្ដាញ​សង្គម​នានា ដោយ​ល្បួង​ប្រាប់​ថា មានការ​ងារ​អាច​រកប្រាក់​ចំណូល​បាន​ខ្ទង់ ១​ពាន់ ៥​រយ ដុល្លា (,៥០០) ក្នុង​មួយ​ខែ​។ ក្រោយ​មក​ទៀត នៅ​ពេល​ដែល​ជនជាតិ​ចិន ឬ​ជនបរទេស​ណា​សម្រេច​ដាក់ពាក្យ​ចូល​ធ្វើ​ការ​នោះ ពួកគេ​ត្រូវ​បាន​ក្រុម​ឆបោក​ជនជាតិ​ចិន​ដែល​ប្រតិបត្តិការ​ក្នុង​ខេត្ត​ព្រះសីហនុ ដកហូត​លិខិតឆ្លងដែន ព្រម​ធ្វើ​កិច្ចសន្យា​ការងារ និង​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន ១​ពាន់ ២​រយ ដុល្លា (,២០០) ជាមុន។

ក្នុង​ឃ្លីប​វីដេអូ​របស់ អាល់ហ្សា ហ្ស៊ី​រ៉ា បាន​បង្ហាញថា ជន​ដែល​ត្រូវ​បាន​ជនជាតិ​ចិន​ឆបោក​ទាំងនោះ គឺ​ត្រូវ​បាន​បង្ខាំង​ក្នុង​អគារ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​ដោយមាន​ព័ទ្ធ​របង​ខ្ពស់ អម​ដោយ​បន្លា​លួស​នៅ​ជុំ​កន្លែង​ដែល​ក្រុម​ឧក្រិដ្ឋ​ចិន​ធ្វើ​ទារុណកម្ម​ពួកគេ​។ ជនរងគ្រោះ​ខ្លះ ត្រូវ​បាន​ក្រុម​ឆបោក​ជនជាតិ​ចិន​សម្រាត​សម្លៀកបំពាក់​វាយ​ខ្នោះ​ដៃ ឆក់​ខ្សែភ្លើង វាយ​នឹង​ដំបង ដោយសារតែ​ពួកគេ​មិនអាច​រក​អតិថិជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ជម្រិត​ទារប្រាក់​តាម​តម្រូវការ​របស់​ពួកគេ។

ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ អាល់ហ្សា ហ្ស៊ីរ៉ា រកឃើញ​ថា ក្រុមហ៊ុន​ឆបោក​របស់​ចិន​នៅ​កម្ពុជា ដំណើរការ​ទៅ​បាន​ដោយ​សេរី គឺ​ដោយសារតែ​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​មន្ត្រី​គ្រាក់ៗ​នៃ​របប​ក្រុងភ្នំពេញ រួម​ទាំង​ក្រុម​ឧកញ៉ា​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ សុទ្ធ​សឹង​តែ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរមួត​ជាមួយ​ក្រុមហ៊ុន​ចិន​ឆបោក​នៅ​កម្ពុជា​។ លើស​ពី​នេះ​ទៀត ក្រុម​វិនិយោគិន​ជន​ជាតិចិន​មួយ​ចំនួន​ទៀត ដែល​ជា​ម្ចាស់​អគារ​សម្រាប់​ឃុំឃាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ សុទ្ធសឹងតែ​មានកេរ្តិ៍ឈ្មោះ​អាក្រក់ និង​មាន​ប្រវត្តិ​ជា​អ្នកទោស​ក្នុង​ប្រទេស​ចិន​ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កង្វក់ និង​អំពើពុករលួយ​ខ្នាត​អន្តរជាតិ។

ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ដដែល បាន​រាយការណ៍​ថា បរិវេណ​តំបន់​អគារ ក្រោន អ៊ីនដាស្ទ្រៀល ផាក (Crown Industrial Park) នៅ​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​ម្ចាស់​ក្រុមហ៊ុន​ក្រោន រីសត (Crown Resorts) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​របស់ លោក កុក អាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៥ នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ជនរងគ្រោះ​ដែល​រួចខ្លួន​ចេញ​ដែល​ត្រូវ​គេ​បង្ខាំង​ក្នុង​អគារ​នោះ បាន​ឱ្យ​ដឹង​ថា នៅ​មាន​ជនរងគ្រោះ​ចំនួន ២​ពាន់ (.០០០) ទៅ ៣​ពាន់​នាក់ (.០០០) ត្រូវ​គេ​បង្ខាំង​ក្នុង​បរិវេណ​នៃ​អគារ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​របស់ លោក កុក អាន​។ ប្រភព​ដដែល បញ្ជាក់​ថា ក្រុម​ឆបោក​យក​ជនរងគ្រោះ​ទាំងនោះ​ទៅ​ឃុំ​ក្នុង​អគារ​នេះ ត្រូវ​បាន​ឆ្មាំ​សន្តិសុខ​ដែល​ឯកសណ្ឋាន​មាន​ផ្លាក​សញ្ញា​ផ្គត់ផ្គង់​ទឹក​ឈ្មោះ អាន កូ (Andco Water Supply Co.,LTD) របស់​លោក កុក អាន ត្រូវ​បាន​យាមកាម​យ៉ាង​តឹងរ៉ឹង មិន​ឱ្យ​ពួកគេ​អាច​ចុះ​បាន​សូម្បីតែ​ជាន់​ផ្ទាល់​ដី។

ចំណែកឯ តំបន់​មួយទៀត​ឈ្មោះ Town Victory Paradise Resort and Casino ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥​គីឡូម៉ែត្រ​ចេញពី​ក្រុមហ៊ុន​របស់ លោក កុក អាន ក្នុង​នោះ​ជនរងគ្រោះ​ដែល​ត្រូវ​គេ​បង្ខាំង​ធ្វើ​ការ​ខុស​ច្បាប់​បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​នោះ​ឈ្មោះ ហេង ស៊ិន (Heng Xin)​។ លោក ហេង ស៊ិន គឺជា​អ្នក​វិនិយោគិន​ជនជាតិ​ចិន​វ័យក្មេង​ម្នាក់​តែងតែ​បរិច្ចាគ​ថវិកា​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា រហូត​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​របស់​លោក ហ៊ុន សែន ផ្ទាល់​។ រីឯ ម្ចាស់​អគារ និង​កាស៊ីណូ ឈ្មោះ វ៉ាយថ៍ ស៊ែន ហូថែល (White Sands Hotel and Casino) នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែរ។ ប្រភព​ដដែល​បាន​រក​ឃើញ​ថា ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​កម្មសិទ្ធ​ឈ្មោះ យូ លីងជុង (YU Ling Zhong) តែងតែ​សហការ​គ្នា​រកស៊ី​ជាមួយ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន​។ អាល់ហ្សាហ្ស៊ីរ៉ា រាយការណ៍​ថា ក្មេងស្រី​ជនជាតិ​ចិន​អាយុ ១៦​ឆ្នាំ​ម្នាក់ នាង​ត្រូវ​បាន​លក់​ទៅ​ឱ្យ​សណ្ឋាគារ White Sand Palace កាលពី​ខែ​សីហា ឆ្នាំ​២០២១​។ ក្មេងស្រី​ម្នាក់​នោះ​ថា នាង​ត្រូវ​បាន​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​ផ្លូវភេទ និង​បំរើ​សេវាកម្ម​ដល់​អតិថិជន​ក្នុង​សណ្ឋាន​គារ​នោះ។

សារព័ត៌មាន​ដដែល ក៏បាន​រក​ឃើញ​ទៀត​ថា អ្នកជំនួញ​ម្នាក់​ដែល​មាន​ឥទ្ធិពល​ក្នុង​របប​លោក ហ៊ុន សែន គឺ​ឧកញ៉ា ទ្រី ភាព ក៏​មាន​អគារ​សហគ្រាស​សម្រាប់​ឲ្យ​ជនជាតិ​ចិន​ប្រតិបត្តិការ​អាជីវកម្ម​បែប​ឧក្រិដ្ឋកម្ម ដោយ​ចាប់​ជម្រិត​មនុស្ស​ធ្វើ​ទារុណកម្ម​ក្នុង​អគារ​ដែល​មាន​សភាព​ងងឹត ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ដែរ។ ពលរដ្ឋ​ដែល​ត្រូវ​បាន​ឧកញ៉ា​ទ្រី ភាព រំលោភ​ដីធ្លី ដើម្បី​ធ្វើជា​តំបន់​ឧក្រិដ្ឋកម្ម​នៅ​កន្លែង​នោះ អះអាង​ថា ពួកគាត់​ធ្លាប់​ឃើញ​មានការ​ចាប់​បញ្ជូន​មនុស្ស​ចូល​បរិវេណ​អគារ​របស់ លោក ទ្រី ភាព និង​មាន​សំឡេង​ស្រែក​ចេញ​ពី​ក្នុង​បរិវេណ​នោះ ដោយសារ​តែ​ការ​ធ្វើ​ទារុណកម្ម​ទៀត​ផង។

លោក ទ្រី ភាព គឺជា​អ្នកជំនួញ​ម្នាក់​ដែល​ស្និទ្ធ​នឹង លោក ហ៊ុន សែន​។ ចំណែកឯ ការ​ធ្វើ​ជំនួញ​របស់​លោក​រង​ការចោទប្រកាន់​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​មេ​ឈ្មួញ​ជួញដូរ​កាប់​ឈើ​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​ដែល​ប្រឡូកប្រឡាក់​ទៅ​ដោយ​អំពើពុករលួយ​។ ក្រសួង​រតនាគារ​អាមេរិក កាលពី​ឆ្នាំ​២០១៩ សម្រេច​ចេញ​ច្បាប់​ដ៏​មាន​ឥទ្ធិពល​ដាក់ទណ្ឌកម្ម (Global Magnitsky Act) និង​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ លោក ទ្រី ភាព ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សារព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ក៏បាន​រក​ឃើញ​ទៀត​ថា សណ្ឋាគារ​កាស៊ីណូ​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​សុទ្ធ​សឹង​តែ​មាន​ក្រុម​អ្នក​មានអំណាច​នៃ​របប​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន តូ និង​ឧកញ៉ា ឬទ្ធី សំណាង មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​ជនជាតិ​ចិន​ដែល​មាន​ប្រវត្តិ​រឿងរ៉ាវ​អាស្រូវ​ជា​អ្នក​ជាប់ទោស ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​អន្តរជាតិ។

លោក ហ៊ុន តូ ត្រូវជា​ក្មួយបង្កើត​លោក ហ៊ុន សែន ដែល​សារព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្ស៊ី​រ៉ា បាន​លាតត្រដាង​ថា មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​។ ចំណែក ឧកញ៉ា ឬ​ទ្ធី សំណាង ត្រូវជា​កូនប្រសា​រលោក កុក អាន សមាជិក​ព្រឹទ្ធសភា ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ចិន​ប្រតិបត្តិការ​ឆបោក​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ម្ចាស់​អគារ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ទាំងនោះ សុទ្ធ​សឹង​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កង្វក់​នៅ​ប្រទេស​ចិន។ លោក ឬទ្ធី សំណាង ស្លាប់​កាល​ពី​ថ្ងៃខែ​ឧសភា ឆ្នាំ​២០២២។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​៥ លោក កុក អាន ឧកញ៉ា ទ្រី ភាព និង​ក្មួយបង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​។ ចំណែក​ឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង និង​អភិបាល​ខេត្ត​ព្រះសីហនុ​លោក គួច ចំរើន ក៏​មិន​អាច​ទាក់ទង​ដើម្បី​សាកសួរ​បញ្ហា​នេះ​បន្ថែម​បាន​ដែរ។

វិទ្យុ​អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័ក និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​លាតត្រដាង​អំពើពុករលួយ​របស់​អ្នក​មាន​អំណាច​នៅ​កម្ពុជា​នេះ​ដែរ ក៏ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​កាល​ពី​ថ្ងៃទី​១៩ កក្កដា។

រីឯ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា វិញ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ ដោយ​លោក​បាន​ចុច​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​ភ្លាមៗ៖ «បញ្ហា​អស់ហ្នឹង ទៅ​លើ​ថ្នាក់​ជាតិ សួរនាំ​ទៅលើ​ថ្នាក់​ជាតិ»

ទោះបីជា​យ៉ាងណា លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​កន្លង​មក​ថា ករណី​ចាប់​ជម្រិត​មនុស្ស​ជា​បទល្មើស​ទូទៅ​លើ​សកលលោក​។ លោក​ទទួលស្គាល់​ថា ការ​ចាប់​ជម្រិត​មនុស្ស​នៅ​កម្ពុជា គឺជា​វប្បធម៌​មួយ​សម្រាប់​ក្រុម​ឧក្រិដ្ឋជន តែ​ពួកគេ​ចាប់​ជម្រិត​ជនជាតិ​បរទេស​ដើម្បី​ជម្រិត​ទារប្រាក់​។ លោក​អះអាង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​។​

បន្ថែម​ពី​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ក៏​ធ្លាប់​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ដែរ​ថា ករណី​បង្ខាំង​មនុស្ស ជាពិសេស​ជនជាតិ​ថៃ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក​នេះ គឺជា​រឿង​មិន​ពិត។ លោក​អះអាង​ថា ជនជាតិ​ថៃ​ទាំងនោះ​តែង​ចូល​កម្ពុជា​ធ្វើ​ការ​ដោយ​ខុសច្បាប់ និង​មាន​ទំនាស់​លើ​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន​ចិន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​តែប៉ុណ្ណោះ។

លោក​ថា រាល់​ករណី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ថា មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ថៃ​នៅ​ខេត្ត​ព្រះសីហនុ​នា​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​តែង​ចុះ​ស៊ើបអង្កេត​ដោយ​មិន​មាន​រក​ឃើញ​ដូចជា​ការ​ចោទប្រកាន់​ពី​សំណាក់​សារព័ត៌មាន​ថៃ​ឡើយ៖ «ហើយ​នៅ​ការណ៍​យើង​ទៅ​សហការ​ជាមួយ​កន្លង​គាត់ [​ជនជាតិ​ថៃ​] ធ្វើការ​ហ្នឹង​គាត់​ធ្វើការ​ធម្មតា ហើយ​ក៏​មាន​ជនជាតិ​ថៃ​មួយចំនួន​នៅ​ជាមួយ​គាត់​ដែរ​។ ចូល​ទៅ​ថា មាន​បង្ខាំង​មានអី ដល់​ចូល​ទៅ​នេះ​គឺ​មាន​ជនជាតិ​ថៃ​កំពុងតែ​ធ្វើ​ការងារ។ មិន​មាន​បង្ខាំង​ទេ គាត់ [​ជនជាតិ​ថៃ​] ចេះតែ​ច្នៃប្រឌិត​ការ​បង្ខាំង​ការ​ធ្វើ​ទារុណកម្ម​ដល់​ធាតុ​ពិត​គាត់​ចង់​ចាក​ចេញ​ពី​កន្លង​ធ្វើ​ការងារ»

ទោះបីជា​យ៉ាងណា ជនជាតិ​ថៃ​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​កន្លង​មក​នេះ សារព័ត៌មាន​ថៃ​រាយការណ៍​ថា ពួកគាត់​ត្រូវ​បាន​ជនជាតិ​ចិន​បង្ខំ​ឱ្យធ្វើ​ការ​ខុសច្បាប់​នៅ​កម្ពុជា ព្រមទាំង​មាន​ស្លាកស្នាម​ជាំ​លើ​ដងខ្លួន​ដោយសារតែ​រង​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​ចិន។

អ្នកវិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ សម្គាល់​ថា ឯកសារ​ស៊ើបអង្កេត​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្ស៊ី​រ៉ា ធ្វើឡើង​មាន​ការ​ស្រាវជ្រាវ​បង្ហាញ​អត្តសញ្ញាណ​ជនឧក្រិដ្ឋ និង​មាន​មូលដ្ឋាន​ច្បាស់លាស់​គួរ​ឱ្យ​ទុកចិត្ត។

លោក​បន្ត​ថា ការ​លាតត្រដាង​ក្រុម​បក្ស​ពួក​លោក ហ៊ុន សែន ដែល​ធ្វើ​ជំនួញ​អាជីវកម្ម​បែប​ឧក្រិដ្ឋកម្ម​បែប​នេះ កាន់តែ​រង​ភាព​អាម៉ាស់៖ «ហើយ​ប្រព័ន្ធ​រដ្ឋបាល​ឆបោក​បែបនេះ​គួរ​ហៅ​ថា ជា​ប្រព័ន្ធ​ចោរ​ឧក្រិដ្ឋ ហើយ​ប្រព័ន្ធ​ចោរ​ឧក្រិដ្ឋ​បើ​យើង​ប្រើ​ពាក្យ​ថា ជា​រដ្ឋាភិបាល​ដែល​អាម៉ាស់មុខ​បំផុត​តែ​ប៉ុណ្ណឹង​ខ្ញុំ​គិតថា​ដូចជា​នៅ​ស្ទើរ​ណាស់»

ជុំវិញ​រឿង​នេះ​ដែរ អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នកស្រី​តែង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​អគារ​ក្រុមហ៊ុន​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ​។ ពួកគាត់​លើក​ឡើង​ថា តែងតែ​ឮ​សំឡេង​ស្រែក​ចេញពី​ក្នុង​អគារ​។ អ្នកស្រី​ឱ្យដឹង​ទៀត​ថា កាលពី​អំឡុង​ឆ្នាំ​២០១៩ កន្លងទៅ​ពិតជា​មាន​ករណី​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​ក្នុង​អគារ ដោយ​ត្រូវ​បាន​សារព័ត៌មាន​ផ្សព្វផ្សាយ​ជាច្រើន​ដែរ​។ អ្នកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​រស់នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ចិន ទូទៅ​មិន​ហ៊ាន​និយាយ​ពី​ករណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណ​កម្ម​នេះ​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ​។ អ្នកស្រី​ថា មូលហេតុ​ដែល​ពលរដ្ឋ​មិន​ហ៊ាន​ផ្តល់​ព័ត៌មាន​ទាំងនេះ​ជូន​សមត្ថកិច្ច ដោយសារតែ​ការ​នាំ​ពាក្យ​ពី​ពលរដ្ឋ​លើ​ករណី​បង្ខាំង​មនុស្ស​នេះ​គ្មាន​ការ​គាំទ្រ​ពី​សមត្ថកិច្ច និង​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​របស់​ពួកគាត់៖ «ហើយ​ជា​ការ​ទទូច​យើង​នៅតែ​សុំ​ឱ្យ​រដ្ឋាភិបាល​លោក​មេត្តា​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ចុះ​ធ្វើការ​ស្រាវជ្រាវ ហើយ​គួរតែ​មានការ​បោសសំអាត​ដែរ បើសិនជា​មានការ​ឃុបឃិត​គ្នា​។ ព្រោះ​និយាយ​ទៅ​ថា​វា​ទាក់ទង​ទៅ​នឹង​មុខមាត់​ប្រទេស​របស់​យើង​ដែរ ព្រោះ​ប្រទេស​របស់​យើង​និយាយ​ទៅ​ថា ជា​ប្រទេស​មួយ​មាន​ធនធានធម្មជាតិ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បើកឱកាស​ឱ្យ​អ្នក​វិនិយោគ​សុចរិត​ចុះ​មក​ដាក់​ទុក​ដើម្បី​រកស៊ី»

ទាក់ទង​នឹង​រឿង​នេះ​ដែរ អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថ្មីៗ​នេះ​ថា ការ​ជួញដូរ​មនុស្ស គឺជា​បញ្ហា​រំលោភសិទ្ធិ​មនុស្ស យ៉ាងធ្ងន់ធ្ងរ ដែល​វា​កើតឡើង​នៅ​ទូទាំង​ពិភពលោក​ក្នុង​នោះ​រួមមាន​ទាំង​កម្ពុជា​ផង​ដែរ។ អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ការ​ជួញដូរ​មនុស្ស​អាច​ធ្វើឡើង​តាម​ទម្រង់​ផ្សេងៗ​គ្នា ប៉ុន្តែ​វា​អាច​រំលោភ​ទៅ​លើ​សិទ្ធិ​មាន​សេរីភាព និង​សុវត្ថិភាព សិទ្ធិ​មិន​ទទួលរង​ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ អំពើ​អមនុស្សធម៌ ឬ​ការ​បន្ទាបបន្ថោក ឬ​សិទ្ធិ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ដើម្បី​ទប់ស្កាត់​បង្ក្រាប និង​ដាក់​ទណ្ឌកម្ម​លើ​ការ​ជួញដូរ​មនុស្ស។

ទោះបីជា​យ៉ាងណា សារព័ត៌មាន​អន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បាន​រាយការណ៍​ឱ្យ​ដឹង​ទៀត​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​ផ្សេងទៀត​នៅតែ​រង់ចាំ​ការ​ដោះលែង​ចេញ​ពី​កន្លែង​ឃុំឃាំង​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ឆបោក​របស់​ចិន​ធ្វើ​សកម្មភាព​ឆបោក ស្របពេល​កម្ពុជា​នៅ​មាន​អំពើ​និទ្ទណ្ឌភាព និង​មាន​អំពើពុករលួយ​គ្មាន​ដែន​កំណត់​ផង​នោះ៕

2 comments:

Anonymous said...

It is time for Khmer people to stage a nationwide peaceful protest to stop the crazy dog Hun Sen's plan to amend the constitution to ease his son of the bitch Hun Manet to succeed him.

In addition, the protest for the NEC's comprehensive reform must be done at this time too.

And the law of Kdor Ah Hun Sen, which emanate from his stinky mouth, must be stopped if Khmer people want to see Cambodia alive in the future.

Anonymous said...

These brownies have giant noses.