Sunday, 14 August 2022

អាជ្ញាធរ​ជាតិ​៖ បទល្មើស​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ


Khmer Circle:

Well, it certainly has takem them time to realise human-trafficking is damaging to the nation's reputation and image. 

The country has in fact been put for sale for some decades now, and it's not just its natural resources like land and timber, but also human beings [mostly young women from rural areas] offered as 'maids' and 'brides' to other countries in the region where they end up facing grave risks of being sexually exploited, physically tortured and treated as modern slaves.

^^^

ដោយ ឡេង ម៉ាលី
2022.08.12
អាជ្ញាធរ​ជាតិ​៖ បទល្មើស​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ 

(រូបខាងឆ្វេង) ជនជាតិថៃ ដែល​ត្រូវ​បាន​ជនជាតិ​ចិន​បោក​បញ្ឆោត​ឱ្យ​ធ្វើការ​ឱ្យគេ ហើយត្រូវ​បានជនជាតិចិន​បង្ខាំង​ទុក នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២១។
រូបភាពពីពលរដ្ឋ និង​ហ្វេសប៊ុក​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល


អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លើក​ឡើង​ថា អំពើ​ជួញដូរ​មនុស្ស​បាន​កើត​មាន​ឡើង​ទូទាំង​ពិភពលោក​ក្នុង​នោះ​រួមមាន​ទាំង​កម្ពុជា​ផង។ អាជ្ញាធរ​អះអាង​ថា របាយការណ៍​នានា ដែល​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ក៏​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ធានា​ដល់​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ​ស៊ើប​អង្កេត​លើ​ករណី​ជួញដូរ​មនុស្ស​នេះ ដោយ​ឈរ​លើ​ភាព​អព្យាក្រឹត្យ និង​តម្លាភាព ដើម្បី​ឱ្យ​មហាជន​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​អ្នកស្រី ជូ ប៊ុនអេង លើក​ឡើង​ថា ករណី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា​បាន​ប្រតិបត្តិការ​ចាប់​ជំរិត​មនុស្ស​ដោយ​មាន​កលល្បិច​ជា​ច្រើន​ទម្រង់។ អ្នកស្រី​ថា ការ​ជួញដូរ​មនុស្ស​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន ពីព្រោះ​ពួក​គេ​បាន​ប្រើប្រាស់​វិទ្យាសាស្ត្រ​បែប​ទំនើប​ក្នុង​ការ​ជួញដូរ​មនុស្ស​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នកស្រី​អះអាង​ថា អាជ្ញាធរ​កម្ពុជា នឹង​នៅ​តែ​បន្ត​សហការ​ជាមួយ​អង្គការ​ជំនាញ និង​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​រួម​គ្នា​ប្រឹងប្រែង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នៅ​លើ​ទឹកដី​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​នៅ​កម្ពុជ៖ «ប៉ុន្តែ ដោយសារ​តែ​យើង​ឃើញ​ថា វា​មាន​សកម្មភាព​ថ្មី​ទៀត​របស់​ជន​ល្មើស។ យើង​បាន​ឃើញ​បាន​ទទួល​យក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង ដែល​បាន​លើក​ឡើង បទល្មើស​ថ្មីៗ ដែល​បាន​កើត​មាន​ឡើង​នៅ​លើ​ទឹក​ដី​កម្ពុជា។ ចំពោះ​យើង​ខ្ញុំ ដែល​ជា​អ្នក​ធ្វើ​ការងារ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពិតជា​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់ ព្រោះ​យើង​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ មិន​ឱ្យ​រង​គ្រោះ​ពី​អំពើ​ជួញ​ដូរ​មនុស្ស។ ប៉ុន្តែ​ ទីបំផុត​គេ​នៅ​តែ​យក​ទឹក​ដី​កម្ពុជា ដើម្បី​មក​ធ្វើ​បទល្មើស​ឱ្យ​យើង​ប្រឈម»។



អ្នកស្រី លើក​ឡើង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី១២ ខែសីហា។

អ្នកស្រី ជូ ប៊ុនអេង ក៏​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក ដែល​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជាមកកម្រិតទី៣ ដែល​មាន​ន័យ​ថា ស្ថានភាព​ការ​ជួញដូរ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​អាក្រក់។ អ្នកស្រី​ថា កម្ពុជា​មិន​បាន​បដិសេធ​របាយការណ៍​សហរដ្ឋ​អាមេរិក និង​ហើយ​ស្រី​ទទួល​យក​របាយការណ៍​របស់​អាមេរិក​ដោយ​សារតី​ទទួល​ខុសត្រូវ និង​បន្ត​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

ក្រៅ​ពី​នេះ អ្នកស្រី​បន្ថែម​ថា របាយការណ៍​របស់​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ ដែល​បាន​ត្រលាង​ត្រដាង​អំពី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ដែល​កំពុង​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នកស្រី​ស្វាគមន៍​ក្នុង​ការ​ផ្តល់​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា។ អ្នកស្រី​អះអាង​ទៀត​ថា អាជ្ញាធរ​ជំនាញ​ក៏​កំពុង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទីតាំង និង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​តាម​បែប​បច្ចេកវិទ្យា​នៅ​លើ​ទឹក​ដី​កម្ពុជា​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICAHDO) លោក អំ សំអាត សាទរ​ចំពោះ​ចំណាត់​អាជ្ញាធរ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ជួញដូរ​មនុស្ស ដែល​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ស្ថាប័ន​អន្តរជាតិ​អំពី​ការ​ឆបោក​ចាប់​ជំរិត​មនុស្ស​តាម​បែប​ទំនើប។ លោក​បន្ថែម​ថា ទន្ទឹម​នឹង​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​ដោយ​ប្រើ​មធ្យោបាយ​កាន់តែ​ទំនើប​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ក៏​គួរតែ​មាន​ការ​វិវត្តន៍​យន្តការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​លើ​ជន​ល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ​ដែរ៖ «សំខាន់​ការ​ប្រឹងប្រែង និង​ការ​ស៊ើប​អង្កេត របស់​រដ្ឋាភិបាល​ បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់ស្កាត់ និង​ការ​បង្ក្រាប។ ពិសេស មាន​តែ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ការ​ស៊ើបអង្កេត បង្ហាញ​ជា​របាយការណ៍​ទេ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ជំនឿ​ទុក​ចិត្ត ដូចជា ការពារ​មុខ​មាត់​រដ្ឋាភិបាល​នោះ»។

សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​អាជ្ញាធរ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​បាន​រាយការណ៍​មក​ជា​បន្តបន្ទាប់ ចំពោះ​ករណី​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​ការ​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឹណែត (Internet) ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ចិន​នៅ​លើ​ទឹកដី​ខ្មែរ។ ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន បាន​លាត​ត្រដាង​ថា ក្រុមហ៊ុន​ចិន​ឆបោក​នៅ​កម្ពុជា​ដំណើរ​ការ​ទៅ​បាន​សេរី ដោយ​សារ​ក្រុមហ៊ុន​ចិន​ទាំង​នោះ សុទ្ធ​សឹង​តែ​មាន​ទំនាក់ទំនង​គ្នា​ស្អិតល្មួត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​មន្ត្រី ព្រម​ទាំង​ឧកញ៉ា ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

របាយការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ២០២២ ចេញ​ផ្សាយ​កាល​ពី​ខែកក្កដា បាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​ចុះ​មក​លំដាប់​ទី៣ ដែល​មាន​ន័យ​ថា អាក្រក់​បំផុត និង​ពុំ​ធ្លាប់​មាន​ទេ ចាប់​តាំង​ពី​ឆ្នាំ២០១៥ មក។ របាយការណ៍​អាមេរិក​បង្ហាញ​ថា កម្ពុជា​ដើរ​ថយ​ក្រោយ និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស ដោយសារ​តែ​បញ្ហា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ បាន​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​លើ​ក្រុម​ជន​ល្មើស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

No comments: