ដោយ យន់ សាមៀន
2022.08.16
សមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួន យុវជនខ្មែរថាវៈ ៤នាក់ និងអ្នកសារព័ត៌មានVOD ៣នាក់
រូប៖ ពលរដ្ឋ
សមត្ថកិច្ចស្រុកបាទី ខេត្តតាកែវ បានដោះលែង យុវជនខ្មែរថាវៈ ៤នាក់ និងអ្នកសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) ៥នាក់ទៀត សរុប ៩នាក់ នៅល្ងាចថ្ងៃទី១៦ សីហានេះ ក្រោយពីឃាត់ខ្លួន យកទៅសួរនាំនៅអធិការស្រុកបាទីអស់ច្រើនម៉ោង។ ក្នុងពេលឃាត់ខ្លួន យុវជនម្នាក់ និងអ្នកកាសែតម្នាក់ទៀត ត្រូវបានកងអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្លៀកពាក់ស៊ីវិល វាយ និងដកហូតទូរស័ព្ទដៃ។
ក្រុមយុវជនខ្មែរថាវរៈ ឱ្យដឹងថា ការឃាត់ខ្លួននេះ ក្នុងពេលដែលក្រុមយុវជនខ្មែរថាវរៈ កំពុងប្រមូលស្នាមមេដៃពីប្រជាសហគមន៍ រស់នៅតំបន់ភ្នំតាម៉ៅ ដើម្បីដាក់ញត្តិ ស្នើឱ្យមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ខេត្តតាកែវ បំភ្លឺរឿងខួងដីធ្វើរបងព័ទ្ធជុំវិញព្រៃ ដែលគេឈូសឆាយ ទំហំប្រមាណ ៦០០ហិកតារ កាលពីពេលកន្លងទៅ។
សមាជិកក្រុមយុវជនខ្មែរថាវរ: ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន គឺលោក ហ៊ុន វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងពេលឃាត់ខ្លួនពួកលោក បុរសមាឌធំជិត ១០នាក់ ដោយអះអាងថា ពួកគេជាកងអង្គរក្សលោក ហ៊ុន សែន បានមកឃាត់ខ្លួន និងដកហូតទូរស័ព្ទដៃពីពួកលោក និងអ្នកសារព័ត៌មានវីអូឌី (VOD) ៥នាក់ទៀត កាលពីព្រឹកថ្ងៃទី១៦ សីហា។
លោក ហ៊ុន វណ្ណៈ បន្ថែមថា កងអង្គរក្សទាំងនោះ មិនបាននិយាយសួរនាំទាញហេតុផលនោះទេ គឺប្រើអំពើហិង្សាតែម្តង ដោយដាល់លោក ចំផ្ទៃមុខ ៣ដៃ ខ្លាំងៗ និងធាក់មួយជើងដាច់ផ្ងារក្រោយដួលទៅដី។ រីឯអ្នកសារព័ត៌មានវីអូឌី (VOD) ម្នាក់ឈ្មោះ ហ៊ី ឆាយ ក៏ត្រូវកងអង្គរក្សទាំងនោះ ទះមួយកំផ្លៀងពេញទំហឹង ហើយរុញចូលរថយន្ត ដឹកទៅសាកសួរនៅកន្លែងនគរបាល។
លោកបន្ថែមថា បច្ចុប្បន្នតំបន់ភ្នំតាម៉ៅមានគ្រឿងចក្រជាច្រើនគ្រឿង កំពុងកាយដី ទំនងជាសាងសង់សំណង់អ្វីមួយ។ លោកថា គម្រោងសាងសង់នោះ មានកងអង្គរក្សរាប់សិបនាក់ ជិះរថយន្តជាច្រើនគ្រឿង បោះទីតាំង និងយាមល្បាតនៅតំបន់នោះ៖ «ពួកយើងអត់មានអីនិយាយ ព្រោះតំបន់នោះ ជាតំបន់របស់គេ ហើយអត់មានពីណាជួយពីណាទេ? ដូចមានអារម្មណ៍ថា យើងនៅក្នុងចំណោមហ្វូងមនុស្សព្រៃ អត់មានច្បាប់ អត់មានជជែកអីមួយម៉ាត់ គឺគេប្រើអំពើហិង្សាយកតែម្តង ត្រូវចាប់ៗ ត្រូវវាយៗ ស្រេចតែចិត្តគេ។
លោក ហ៊ុន វណ្ណៈ បន្ថែមថា ក្នុងពេលនគរបាលសាកសួរពួកលោក សមត្ថកិច្ចបានអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ក្រុមយុវជន និងតំណាងអង្គការ UN ចូលទៅឃ្លាំមើលដល់ការិយាល័យនគរបាល។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរ ហាក់បង្កប់អាថ៌កំបាំង និងលាក់លៀមពលរដ្ឋ ព្រោះតំបន់ភ្នំតាម៉ៅ មានការយាមកាមយ៉ាងប្រុងប្រយ័ត្ន ដោយកងអង្គរក្ស៖ «អង្គរក្សប្រចាំការនៅហ្នឹង សុទ្ធតែឡានទាហាន ៣០គ្រឿង មានបន្ទាយ សុទ្ធតែសម្ភារៈយោធាទាំងអស់។ ឮព័ត៌មានមកថា តំបន់នោះ អង្គរក្សកាន់កាប់ ពីណាចូលមិនបានទេ សូម្បីតែអាជ្ញាធរចូលក៏សុំការអនុញ្ញាតពីកងអង្គរក្សដែរ។
ក្រុមយុវជនខ្មែរថាវរៈ ឱ្យដឹងថា ខ្លឹមសារញត្តិរបស់ពួកគាត់ គឺអំពាវនាវរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ជួយអន្តរាគមន៍ រក្សាទុកតំបន់ភ្នំតាម៉ៅ ជាតំបន់អភិរក្ស និងផ្អែកតាមខ្លឹមសាររដ្ឋធម្មនុញ្ញ មាត្រា ៣៥។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអធិការស្រុកបាទី លោក ឆាយ កែវមុនី និង ស្នងការខេត្តតាកែវ លោក ឈាង ផាន់ណារ៉ា បាននៅឡើយទេ នៅថ្ងៃទី១៦ សីហា ដោយសារទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ នាយកប្រតិបត្តិសមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូជា (CamboJa) លោក ណុប វី ចាត់ទុកទង្វើរបស់អាជ្ញាធរខេត្តតាកែវថា ជាការរឹតត្បិត គំរាមកំហែង និងរំលោភបំពាន លើការអនុវត្តការងាររបស់អ្នកសារព័ត៌មាន និងក្រុមយុវជន ដែលបំពេញតួនាទីស្របតាមរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា សមត្ថកិច្ចខេត្តតាកែវ មិនបានយកច្បាប់ជាមូលដ្ឋានក្នុងការអនុវត្តតាមតួនាទី និងភារកិច្ចនោះទេ គឺតែងតែគោរពបទបញ្ជាពីថ្នាក់លើ ធំជាងច្បាប់៖ «គឺយើងច្រើនតែប្រើប្រាស់ ការបង្គាប់បញ្ជាជាមូលដ្ឋាន ខ្ញុំយល់ឃើញថា កន្លែងហ្នឹង គឺយើងអនុវត្តមិនបានត្រឹមត្រូវ។ ការហាមឃាត់ អ្នកសារព័ត៌មាន និងក្រុមយុវជន គឺជាការអនុវត្តប្រាសចាក ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី គឺលោកមានតែកៀរគរ ដាំដើមឈើឡើងវិញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ពន្យល់ថា ការប្រើអំពើហិង្សា លើក្រុមយុវជន និង អ្នកសារព័ត៌មាន ជាអំពើល្មើសច្បាប់ ដែលទាមទារឱ្យមានការស៊ើបអង្កេត ដើម្បីផ្តន្ទាទោសតាមច្បាប់។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរខេត្តតាកែវ និងកងអង្គរក្សថា ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
No comments:
Post a Comment