Saturday, 13 August 2022

ក្រុមសន្តិសុខ វាយ​កូដករ​ណាហ្គាវើលដ៍​ដល់​សន្លប់ ពេល​ពួក​គេ និង​សហជីពបន្តចេញ​ធ្វើ​កូដកម្មរកដំណោះស្រាយវិវាទការងារ


ដោយ សុជីវី
2022.08.11
ក្រុមសន្តិសុខ វាយ​កូដករ​ណាហ្គាវើលដ៍​ដល់​សន្លប់ ពេល​ពួក​គេ និង​សហជីពបន្តចេញ​ធ្វើ​កូដកម្មរកដំណោះស្រាយវិវាទការងារ  
ស្ត្រីកូដករម្នាក់នេះ និយាយ​ថា អាជ្ញាធរ​ដាល់​ចំ​ច្រមុះ​រហូត​ចេញ​ឈាម​ពេញ​មុខ និង​ដួល​សន្លប់មួយរយៈខ្លី ក្នុង​ពេល​ធ្វើ​កូដកម្ម​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
 រូបភាពពីពលរដ្ឋ

កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​សន្តិសុខ​ក្រុងភ្នំពេញ វាយដំ​ទាំង​កម្រោល​ទៅ​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ជា​ស្ត្រី​បណ្តាល​ឲ្យ​របួស​ជា​ច្រើន​នាក់​រហូត​បែកឈាម និង​សន្លប់ ក្នុង​ពេល​ពួក​គាត់ បន្ត​ចេញ​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ការ​កើត​មាន​អំពើ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​នេះ បន្ទាប​ពី​ក្រុម​កូដករ​ណាហ្គាវើលដ៍ និង​ក្រុម​តំណាង​សមាគម និង​សហជីព​ជាង ២០ស្ថាប័ន បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ទាមទារ​ឲ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់ ការ​លាប​ពណ៌ និង​ការ​គំរាម​កំហែង​លើ​តំណាង​សហជីព ដែល​ឈឺ​ឆ្អាល ចំពោះ​វិវាទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

កងកម្លាំងសមត្ថកិច្ចចម្រុះ និងសន្តិសុខ​ក្រុងភ្នំពេញ​ប្រមាណ ៨០នាក់ ដែលដាក់ពង្រាយ​ចាំ​ការពារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ដោយ​ហិង្សា​លើ​កូដករណាហ្គាវើលដ៍ជាស្ត្រី បណ្តាល​ឲ្យ​របួស​ជា​ច្រើននាក់ នៅ​រសៀលថ្ងៃ​ទី១១ ខែសីហា។ ក្នុងនោះ ស្ត្រីកូដករម្នាក់ ត្រូវអាជ្ញាធរ ដាល់​ចំ​ច្រមុះ​រហូត​ចេញ​ឈាម​ពេញ​មុខ និង​ដួល​សន្លប់មួយរយៈខ្លី។ ចំណែកស្ត្រីកូដករ​ផ្សេង​ទៀត មាន​ស្នាម​ជាំ​ជា​ច្រើន​កន្លែង ដោយសារ​អាជ្ញាធរ​ចាប់​ទាត់ធាក់ និងរុញច្រាន​ទាំង​កម្រោល។ 

អំពើហិង្សានេះ កើតឡើងក្នុង​ពេល ដែល​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានព្យាយាមដើរ​ឆ្លង​កាត់​របាំង​បិទ​ផ្លូវ ដែល​អាជ្ញាធរ​បាន​ដាក់ ដើម្បី​រារាំង​អ្នក​ទាំង​នោះ កុំឲ្យទៅឈរធ្វើកូដកម្ម​នៅ​មុខ​អគារ​កាស៊ីណូ។

 

ក្រុមកូដករណាហ្គាវើលដ៍ និងមន្ត្រី​សិទ្ធិមនុស្ស ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ ដែល​ប្រើ​ហិង្សា​លើ​កូដករ ដែល​ធ្វើកូដកម្មអហិង្ស​ស្រប​ច្បាប់។ ពួកគេ​ចាត់​ទុក​ទង្វើហិង្សា​របស់​ក្រុម​សមត្ថកិច្ច​នេះ​ថា ជាការអំលោភ​សិទ្ធិមនុស្ស និង​រំលោភបំពានច្បាប់។

កូដករណាហ្គាវើលដ៍ម្នាក់​លោកស្រី ប៊ុន ស៊ីណា រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា ពួកលោកស្រី ឈឺចាប់​ជា​ខ្លាំង នៅពេលក្រុមហ៊ុន និង​អាជ្ញាធរ គ្មាន​ក្ដី​មេត្តា​រក​ដំណោះស្រាយ តែបែរ ជាវាយ​ធ្វើ​បាប​ពួក​គាត់​ជា​ស្ត្រី​ទន់​ខ្សោយឲ្យរង​របួស​គ្រប់​ពេល​ដែល​ចេញ​តវ៉ា៖ «ឥឡូវ​នាង​ខ្ញុំ​មក​ទាមទារ​សិទ្ធិ មក​ទាមទាររក​យុត្តិធម៌ ដែលមិនទាន់បាន​ដំណោះស្រាយ តែ​នាង​ខ្ញុំ​ត្រូវ​សមត្ថកិច្ច​ធាក់ ១ជើង​ចំ​កំភ្លៅ​ទៀត។ សួរ​ថា តើវិវាទការងារហ្នឹងត្រូវ​ឲ្យ​ពួក​ខ្ញុំ​ទាំង​អស់​រង​ទារុណកម្ម​ពី​សមត្ថកិច្ចប៉ុន្មានដង​ទៀត ទើបវិវាទនេះ​ត្រូវ​បានដោះស្រាយចប់ អាជ្ញាធរ​ពាក់​អាវ​សុទ្ធតែ​ទង់​ជាតិ​ខ្មែរ​មក​វាយ​កូដកររាល់ថ្ងៃ»

ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យរដ្ឋបាល​សាលារាជធានី​ភ្នំពេញ បានអះអាងថា មូលហេតុនៃការ​ប៉ះទង្គិច គឺកើតចេញពីក្រុមកូដករបាន​កម្ទេច​បំផ្លាញ​រនាំង (បារ៉ាស) របស់អាជ្ញាធរឱ្យខូចខាតជិត ២០ផ្ទាំង និង​បាន​ជេរប្រមាថប្រើហិង្សា​លើ​សមត្ថកិច្ច ដែលបានឈរស្រាក់ដៃគ្នារារាំងក្រុមកូដករ ដែល​អ្នកនាំពាក្យចោទថាប៉ុនប៉ងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ សេចក្ដីប្រកាសព័ត៌មាន​របស់អ្នកនាំពាក្យ ចេញកាលពីថ្ងៃទី១១ ខែសីហា ដដែល បន្តថាអាជ្ញាធរមានភស្ដុតាងគ្រប់គ្រាន់​សម្រាប់​ចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ ប្រើហិង្សា និងប្រមាថមន្រ្តីរាជការ។

ជាមួយ​គ្នា​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី១១ ខែសីហា ក្រុមកូដករ​ណាហ្គាវើលដ៍ មួយចំនួន និងតំណាង​សមាគម សហជីព ចំនួន ២៤ស្ថាប័ន ដែលមានគ្នាប្រមាណ ៥០នាក់ បានជួបជុំដាក់ញត្តិជូន​ក្រសួង​ការងារស្នើសុំ ២ចំណុច។ ទី១ ស្នើទម្លាក់បទចោទលើតំណាង​សហជីព​ឯករាជ្យអ្នកស្រី យ៉ាង សុភ័ណ្ឌ ថា ជា​អ្នកនៅពីក្រោយការធ្វើកូដកម្ម ដូចក្រសួងបានចោទ​កន្លង​មក។ ទី២ ស្នើជួបរដ្ឋមន្ត្រី​ក្រសួង​ការងារ​ដោយ​ផ្ទាល់ ក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ការងារ ដែលអូសបន្លាយជាង ១០ខែ​មក​ហើយ។ ក្រុមកូដករបានបដិសេធទៅក្រសួងការងារ ដែលបានចោទប្រកាន់​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជាអ្នកស្រី យ៉ាង សុភណ្ឌ ជាអ្នកដឹកនាំឲ្យមានការធ្វើកូដកម្ម ជារឿងមួលបង្កាច់ និង​ទាមទារ​ឲ្យសងភាពស្អាតស្អំទៅអ្នកស្រីវិញ។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍លោក ណាំ ទីវ៉ន និយាយ​នៅ​មុខ​ក្រសួង​ការងារ​ថា ការធ្វើកូដកម្ម​របស់​បុគ្គលិកណាហ្គាវើលដ៍​កន្លង​មក​មិន​មានអ្នកណានៅពីក្រោយ ឬក៏មានអ្នកអុចអាលនោះ​ទេ គឺ​កើត​ឡើងដោយឆន្ទៈរបស់កូដករ ១.៣២៩នាក់ ដែលមិនសុខចិត្តនឹងការបញ្ឈប់បុគ្គលិក​ទាំង​បំពាន និងមិនមានការទូទាត់សំណងឲ្យបានសមរម្យពី​សំណាក់ថៅកែក្រុមហ៊ុនបនល្បែង​មួយ​នេះ។ លោក​បន្ថែមថា ក្រុមហ៊ុនមានបំណង​កាច់​បំបាក់សហជីពមិនឲ្យងើបតវ៉ាបាន ទើបសម្រេចដក​សិទ្ធិរបស់​សហជីពមិនឲ្យមានវត្តមានក្នុងក្រុមហ៊ុនទៀត ប៉ុន្តែទោះយ៉ាងណាលោកថា ក្រុមកូដករ​មិន​ចុះ​ញ៉ម និង​តវ៉ា​ទាមទារ​រក​យុត្តិធម៌ ឲ្យថៅកែព្រមទទួលយកបុគ្គលិកចូលធ្វើការវិញ៖ «អ្វី​ដែល​ពួក​យើង​ធ្វើ​បាន គឺ​ដាក់​លិខិត​ទៅ​គ្រប់​ក្រសួង​ទាំង​អស់ ដើម្បីឲ្យមានការដោះស្រាយប៉ុន្តែមុននឹង​យើង​ធ្វើ​កូដកម្ម​នេះ ប៉ុន្តែ​ភាគី​ក្រសួងអត់មានបានចេញមកដោះស្រាយទេ អ៊ីចឹង​ទើប​ពួក​យើង​បោះ​ឆ្នោត​ដោយ​សមាជិក​ទាំង​អស់ ដើម្បីធ្វើកូដកម្មនេះឡើង។ អីចឹងអ្វីដែលពួកយើងធ្វើតាមនីតិវិធីច្បាប់ពួក​យើង​ធ្វើ​បាន​អស់​ហើយ ហើយសិទ្ធិធ្វើកូដកម្មគឺបានចែងនៅក្នុងច្បាប់ គឺធ្វើនៅប្របរបងក្រុមហ៊ុន ប៉ុន្តែជាក់​ស្ដែង»

ស្រដៀងគ្នានេះដែរ កូដករក្រុមហ៊ុន​ណាហ្គាវើលដ៍​ម្នាក់​ទៀត អ្នកនាង ម៉ម សុវឌ្ឍិន ហៅ អាទីន ប្រាប់​ថា ករណីដែលក្រសួង​ការងារ​ចោទ​ប្រកាន់​លើ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភណ្ឌ ដោយគ្មានភស្តុតាង​ជាក់​លាក់​នោះ​ទេ។ កញ្ញា​បញ្ជាក់​ថា ក្រសួងពាក់ព័ន្ធមានបំណងធ្វើឲ្យ​យឺតយ៉ាវ និងគ្មានឆន្ទៈដើម្បី​រក​ដំណោះស្រាយ​ឲ្យ​កូដករ​ឲ្យបានទាន់ពេល៖ «តែចុង​បញ្ចប់​បែរ​អត់​មាន​សមត្ថភាពក្នុងការដោះស្រាយ បែរ​ជា​ចោទ​គេ​ចោទ​ឯង ដើម្បីអូសបន្លាយ​ពេល​វេលា។ កាល​ណា​អូស​បន្លាយពេលវេលាធ្វើឲ្យ​សេដ្ឋកិច្ច​របស់​កូដករ​គឺ គេ​ហៅ​ថា ក្ស័យធន យើង​និយាយ​ពាក្យ​ថា ក្ស័យ​ធន​ចុះ នៅ​ពេល​ដែល​ក្ស័យ​ធន គឺ​កូដករ​អាច​នឹង​បោះបង់​ការ​តស៊ូ​ហ្នឹង។អ៊ីចឹង​ការ​ចោទ​ប្រកាន់​ហ្នឹង គឺ​ជា​ចេតនា​នៅ​ក្នុង​ការ​មិន​ចង់​ដោះ​ស្រាយ ហើយ​ក៏​ពន្យារ​ពេល​នៅ​ការ​ដោះ​ស្រាយ»

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅល្ងាចថ្ងៃទី១១ ខែសីហា ដោយទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល។

ប្រធានសហជីពប្រចាំ ក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរ លើកឡើងថា កញ្ញាខកចិត្ត ចំពោះ​ទង្វើ​របស់​មន្ត្រីក្រសួងការងារ ដែលជាអ្នករកដំណោះស្រាយឲ្យជនរងគ្រោះ បែរជា​មក​គំរាម​បំបាក់​ស្មារតីអ្នកដែលចេញមុខទាមទារផលប្រយោជន៍ជូនកូដករទៅវិញ៖ «គាត់នៅជាមួយកម្មករនៅ​ពេល ដែលឃើញកម្មកររងភាពអយុត្តិធម៌ វាមិនមែនជារឿងអីខុសឆ្គង ឬក៏មិនមានច្បាប់ណាចែងថា មិន​ឲ្យគាត់ធ្វើបែបនេះទេ។ ក៏ប៉ុន្តែយើង​ឃើញ​ថា មាន​តែ​​រដ្ឋាភិបាល មានតាមរយៈសាលាក្រុង ក្រសួង​ការងារ តុលាការ ក្រសួងសុខាភិបាល អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ឈរពាំងពីមុខ​ក្រុមហ៊ុន​ណាហ្គា ដែលពួក​គាត់​ត្រូវ​មាន​តួនាទី​នៅ​ឯករាជ្យ ប៉ុន្តែពួកគាត់ទៅ​ឈរកាន់ជើង​ណាហ្គាតែម្ដង គាត់​ទៅ​ឈរពាំង​នៅ​មុខ​ណាហ្គា​តែ​ម្ដង ហើយ​អា​ហ្នឹង គឺ​ជា​ការ​ហាមដែលមានចែងនៅក្នុងច្បាប់ ពួក​គាត់​មាន​តួនាទី​ក្នុង​ការ​សម្របសម្រួល មិន​មែន​ទៅ​ការពារ​ភាគី​ម្ខាង​ទេ»

រដ្ឋាភិបាល លោក ហ៊ុន សែន និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រង​ការ​រិះគន់​ថា កំពុង​តែ​សហការ​គ្នា​រំលោភ​ទាំង​កម្រោល​ទៅ​លើ​សិទ្ធិ​របស់​បុគ្គលិក​ណាហ្គាវើលដ៍ ដែល​ភាគ​ច្រើន​ជា​ស្ត្រី។ ការតស៊ូធ្វើ​កូដកម្ម​អហិង្សា​របស់​កូដករ​ណាហ្គាវើលដ៍​មិន​ត្រឹម​តែ​គ្មាន​ដំណោះស្រាយ​ទេ ថែមទាំងទទួលរងការ​បង្ក្រាប​ដោយ​ហិង្សា​ជាបន្តបន្ទាប់នៅជាប់របងរដ្ឋសភា និងក្បែរភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតបណ្តាលឲ្យកូដករមួយចំនួន រងរបួងធ្ងន់និងមានស្ត្រីកូដករម្នាក់រលូតកូនក្នុងផ្ទៃ។ ក្រុម​កូដករយល់​ថា វិវាទ​ការងារ​នេះ ប្រហែល​ជាគ្មានដំណោះស្រាយទេ ប្រសិនបើគ្មានការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ប៉ុន្តែពួកគាត់ ក៏មិនបោះបង់ឆន្ទៈធ្វើកូដកម្មដែរ ប្រសិនបើគ្មាន​ដំណោះស្រាយ​សមរម្យ៕

2 comments:

Anonymous said...

Nothing has change. Protest all you want, but nothing will change unless you can hit back. You DON'T need to hit first but you definitely to hit back. An eye for an eye. The tyrants only know violence.

Anonymous said...

Pick one popular issue to fight with Ah Norouk Hun Sen.

Demanding for the NEC's comprehensive reform is the right thing to do at this time. If Ah Chker Chkuot Hun Sen violently suppressed the paeceful demonstrators, then we will achieve one fondamental step. We must persevere in our struggle.

Asking for Ah Kwack Hun Sen to step down is impractical whereas asking for NEC's reform is practical and will be supported by the international community.

Help ourselves first before others help us.