Wednesday, 25 January 2023

ក្រុម​កូដករ​ណាហ្គាវើលដ៍ (NAGA World) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះ​ស្រាយ​​ក្នុង​វិវាទ​ការងារ


ដោយ យ៉ង ចាន់តារា
2023.01.24
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NAGA World) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះ​ស្រាយ​​ក្នុង​វិវាទ​ការងារ  
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៥០នាក់ នាំ​គ្នា​បន្ត​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន ទាមទារ​រក​ដំណោះស្រាយ​រឿង​វិវាទ​ការងារ និង​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ តំណាង​សហជីព​ពួក​គាត់ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែមករា​ ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ក្រុម​កូដករ​ណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៥០នាក់ នៅ​រសៀល​ថ្ងៃ​ទី២៤ មករា​នេះ បន្ត​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះ​ស្រាយ​ការងារ​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ចូល​តុ​ចរចា និង​ទទួល​យក​បុគ្គលិក​ទាំង​អស់​ចូល​ធ្វើ​ការ​វិញ។ ពួក​គេ​ស្លៀក​សំលៀក​បំពាក់​អាវ​ស ខោ​ខ្មៅ នាំ​គ្នា​លើក​បដា ដែល​មាន​លើក​រូប​ថត កញ្ញា ឈឹម ស៊ីថរ ខ្លះ​វាយ​ស្គរ ខ្លះ​ផ្លុំ​ប៉ី​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ទាមទារ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​មួយ​នេះ​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ។

តំណាង​សហជីព​ម្នាក់​គឺ អ្នកស្រី សុខ រតនា​ប្រាប់ វិទ្យុ​អាស៊ី​សេរី​ថា ពួកគាត់​បង្ហោះ​ខ្លែង​ឯក​ពណ៌​ខ្មៅ និង​មាន​ពាក់​សំបក​ក្រដាស​នៅ​លើ​ក្បាល​គឺ​ដើម្បី​បង្ហាញ​ថា​ក្រសួង​មិន​គួរ​ធ្វើ​មិន​ដឹង​មិន​លឺ​រឿង​វិវាទ​ការងារ​របស់​ពួកគេ​នោះ​ទេ។

 

អ្នកស្រី សុខ រតនា៖ «និយាយ​ទៅ​បើ​និយាយ​ពី​ការ​ខក​ចិត្ត​វិញ​ បង​ខក​ចិត្ត​ខ្លាំង​ណាស់ ​ព្រោះ​ក្នុង​នាម​យើង​ជា​កម្មករ​ខ្មែរ​ យើង​ធ្វើ​ការ​លើ​ទឹក​ដី​ខ្មែរ ហើយ​ត្រូវ​ថៅកែ​បរទេស​គាត់​មក​រំលោភបំពាន​សិទ្ធិ​ការងារ​យើង រំលោភបំពាន​សិទ្ធិ​កម្មករ​ខ្មែរ រំលោភបំពាន​ទាំង​សិទ្ធិ​សហជីព​ទៀត បែរ​ជា​ក្រសួង​ការងារ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ បែរ​ជា​របៀប​ថា ដូច​លំអៀង​ហើយ​អូន លំអៀង​ទៅ​ណាហ្គាវើលដ៍​ពេក។ ដល់​ពេល​អ៊ីចឹង​យើង​មាន​អារម្មណ៍​ថា យើង​មាន​ចិត្ត​មួយ​ថា ខក​ចិត្ត​ខ្លាំង​ជាមួយ​ពួក​គាត់​ខ្លាំង​ណាស់ ដែល​គ្រាន់​តែ​ពួក​យើង​មាន​វិវាទ​ការងារ​មួយ​សោះ បែរ​ជា​មិន​ដោះ​ស្រាយ ហើយ​បែរ​ជា​ទៅ​ជា​លាប​ពណ៌​យើង​ទៅ​ជា​រឿង​ផ្សេងៗ អ៊ីចឹង​ណ៎ា ទៅ​ជា​រឿង​មួយ ដែល​ថា រំលាយ​នៅ​រាល់​រដ្ឋាភិបាល​អី​ជា​ដើម»

ក្រុម​កូដករ​តវ៉ា​ឱ្យ​ថៅកែ​ក្រុមហ៊ុន ដោះស្រាយ​វិវាទ​ការ​របស់​ពួកគេ ក្រោយ​ពេល​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ជាង ១ពាន់​នាក់ ដែល​គេ​មើល​ឃើញ​ថា ជា​ចេតនា​ចង់​រំលាយ​សហជីព​ឯករាជ្យ។ វិវាទ​ការងារ​មួយ​នេះ​បាន​អូស​បន្លាយ​ជាង ១ឆ្នាំ​មក​ហើយ។ពួកគេ​នៅ​តែ​ប្រកាន់​ជំហរ​ថា​នឹង​បន្ត​ការ​តវ៉ា​រហូត​តុលាការ​ដោះលែង​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​កូដករ​ដោយ​ឥត​លក្ខខ័ណ្ឌ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​របស់​ពួកគេ៕

 

No comments: