Thursday, 16 February 2023

អូស្ត្រាលី​ព្រមាន​​មិន​លើកលែង​ដល់​យុទ្ធនាការ​ជ្រៀតជ្រែក​បរទេស​មក​លើ​ពលរដ្ឋ​ខ្លួន​ឡើយ

Khmer Circle

Yes, for far too long Canberra has placed foreign interference and human rights in the shadows in favour of cynical diplomatic gains. So much so, in fact, that Australian foreign policy is undistinguishable from any found in South East Asia!

If there is a name to this approach, it's called: rub my back and I'll rub yours...


$$$

ដោយ មាន ឫទ្ធិ
2023.02.15

រដ្ឋាភិបាល​អូស្ត្រាលី​ព្រមាន​ថា នឹង​មិន​លើកលែង​ដល់​យុទ្ធនាការ​ជ្រៀត​ជ្រែក​របស់​បរទេស ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង ដែល​បាន​ដាក់​គោលដៅ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ យាយី និង​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី។

ការ​ព្រមាន​របស់​រដ្ឋាភិបាល​អូស្ត្រាលី​បែបនេះ កើតមានឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​របស់​លោក កំពុង​បង្កើន​យុទ្ធនាការ​បំបែក​បំបាក់​សហគមន៍​ខ្មែរ ក្រុម​អ្នក​ប្រឆាំង និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​អូស្ត្រាលី។

រដ្ឋមន្ត្រី​មហាផ្ទៃ​អូស្ត្រាលី អ្នកស្រី ក្លែ អូនៀល (Clare O'Neil) ថ្លែង​ក្នុង​សុន្ទរកថា​មួយ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ នៅ​ឯ​មហាវិទ្យាល័យ​សន្តិសុខ​ជាតិ នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU National Security College) ផ្តោត​លើ «ការ​ជ្រៀតជ្រែក​របស់​បរទេស​ក្នុង​ប្រទេស​អូស្ត្រាលី» ថា យុទ្ធនាការ​ជ្រៀតជ្រែក​របស់​បរទេស​កំពុង​បង្ក​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ដល់​ប្រទេស​អូស្ត្រាលី។ អ្នកស្រី​ព្រមាន​ថា អូស្ត្រាលី នឹង​មិន​អត់ឱន​ឱ្យ​របប​បរទេស​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ធ្វើ​ទុក្ខ​បុក​ម្នេញ យាយី និង​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី​ឡើយ៖

 

អ្នកស្រី ក្លែ អូនៀល៖ «វា​ជា​ការ​ស្រប​ច្បាប់​ទាំង​ស្រុង​សម្រាប់​អ្នក​ណាម្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក្នុង​ការ​និយាយ​រិះគន់​របប​បរទេស។ ជនជាតិ​អូស្ត្រាលី​រាប់​ម៉ឺន​នាក់ បាន​ធ្វើ​រឿងរ៉ាវ​ប្រកប​ដោយ​ភាព​ក្លាហាន ចេញ​តវ៉ា និង​ធ្វើ​ដូច្នេះ​នៅ​ក្នុង​ប្រទេស​របស់​យើង។ អ្វី​ដែល​យើង​នឹង​មិន​អត់​ឱន​ឱ្យ​ជា​ដាច់​ខាត​នោះ ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​ការ​ប៉ុនប៉ង​នានា ពី​សំណាក់​របប​បរទេស ក្នុង​ការ​រារាំង​កុំ​ឱ្យ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាំង​នោះ ឬក៏​ព្យាយាម​ពន្យុះ​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​ណាមួយ ឬក៏​ព្យាយាម​រាំង​ខ្ទប់ ចំពោះ​ទស្សនៈ​ជាក់លាក់​ណាមួយ​ដែល​ពលរដ្ឋ​អូស្ត្រាលី​ចង់​សម្ដែង​ចេញ។ យើង​ក៏​នឹង​មិន​អត់ឱន​ឱ្យ ចំពោះ​ទង្វើ​បែបជា​សត្រូវ​ក្រោម​រូបភាព​នៃ​ការ​តាមដាន​ឈ្លប​យក​ការណ៍ ការ​យាយី ឬ​ការ​បំភិតបំភ័យ​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​ណា ឬ​សមាជិក​គ្រួសារ​របស់​ជនជាតិ​អូស្ត្រាលី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឡើយ។ រដ្ឋាភិបាល​អូស្ត្រាលី និង​ភ្នាក់ងារ​សន្តិសុខ​របស់​យើង​កំពុង​ឃ្លាំមើល​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​យើង​នឹង​ចាត់​វិធានការ​ដើម្បី​ការពារ​ជនជាតិ​អូស្ត្រាលី និង​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ»។​

សារព័ត៌មាន​អូស្ត្រាលី អេប៊ីស៊ី ញូស៍ (ABC News) ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ រាយការណ៍​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​អំពី​វិធី​ដែល​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន ក្នុង​នោះ​មាន​ដូចជា ចិន (China) អ៊ីរ៉ង់ (Iran) រ្វាន់ដា (Rwanda) និង​កម្ពុជា កំពុង​បំភិតបំភ័យ និង​តាមដាន​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី។

ប្រធាន​សមាគម​ខ្មែរ​នៅ​រដ្ឋវិចតូរីយ៉ា (Victoria) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហន ចង់​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់វិធានការ​តឹង​បន្តឹង​មិន​ផ្តល់​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​ឡាយ​ណា ដែល​ចង់​មក​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី៖

លោក ជា យូហន៖ «ជួនកាល​គឺ​មក​បំបែកបំបាក់ គឺ​ថា​វត្ត​ខ្លះ គឺ​មាន​ការ​បែកបាក់​គ្នា​ទៅ​ហើយ។ រឿង​ហ្នឹង​ហើយ ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ ដែល​យើង​មាន​ការ​ភ័យ។ យើង​ទាំង​អស់​គ្នា​តែងតែ ជា​ពិសេស គឺ​ប្រជាជន​អូស្ត្រាលី ដែល​មិន​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​យើង គឺ​គេ​ចាត់​ទុក​អ្នក​អស់​ហ្នឹង​ដូចជា Target របស់​គេ​អ៊ីចឹង ជា​មុខ​ព្រួញ​របស់​គេ ថា​នែក​ពួក​ហ្នឹង គឺ​ពួក​ប្រឆាំង​ជាមួយ​អញ។ គឺថា​សូម​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី មើល​ឱ្យ​ច្បាស់​ទៅ អ្នកណា​ដែល​មក​បង្កើត​សន្តិសុខ បង្កើត​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​ខ្មែរ​អូស្ត្រាលី​ហ្នឹង សូម​កុំ​ឱ្យ​មក គឺ​ហាម​កុំ​ឱ្យ​មក​ឱ្យ​សោះ​មនុស្ស​ធន់​ហ្នឹង។ គឺថា​ទុក​ឱ្យ​គេ​រស់នៅ គេ​សប្បាយ​ចិត្ត​ណាស់​ដែល​រស់នៅ ធ្វើ​បាប​ចាប់​គេ​ដាក់គុក»

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា គណបក្ស​កាន់អំណាច​មិនបាន​បញ្ជូន​មនុស្ស​ទៅ​បំភិតបំភ័យ បំបែកបំបាក់ ឬ​តាម​យាយី​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ឡើយ។ លោក​ជំរុញ​ឱ្យ​អូស្ត្រាលី​ចាត់វិធានការ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ល្មើស​ច្បាប់​របស់​អូស្ត្រាលី៖

លោក សុខ ឥសាន៖ «អ្នកណា​ធ្វើ​ខុស​ច្បាប់​អូស្ត្រាលី ឱ្យ​គាត់​ចាប់​ទៅ គាត់​មាន​វិធានការ​ផ្លូវច្បាប់​ទៅ ពីព្រោះ​អា​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ វិសាលភាព ឯករាជភាព អធិបតីភាព របស់​អូស្ត្រាលី​ហើយ។ គាត់​ចាំបាច់​និយាយ​ធ្វើ​អី បើ​ឥត​ប្រយោជន៍​ទេ...។ រដ្ឋាភិបាល​អូស្ត្រាលី​ភ្លើ​ជាង​បង​ប្អូន​អ្នក​ប្រឆាំង​ខ្មែរ​នៅ​អូស្ត្រាលី ឬ​យ៉ាង​ម៉េច? នេះ​បើ​និយាយ​ឱ្យ​ស្រួល​ស្ដាប់។ ខ្ញុំ​មិន​ជឿ​ថា អូស្ត្រាលី​គេ​ល្ងង់​ជាង​បងប្អូន​អាណិកជន​ខ្មែរ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ហ្នឹង ចេះ​ជាង​គេ​ទេ។ គេ​គ្រប់គ្រង​ស្រុក​ទេស​គេ គេ​ដឹង អ្នក​ណា​ធ្វើ​ខុស អ្នក​ណា​ធ្វើ​ត្រូវ។ អ៊ីចឹង​ទេ ក្រែង​យើង​ធ្វើ​នយោបាយ ធ្វើ​សកម្មភាព​វា​អន់​ជាង​គេ ចាញ់​គេ យើង​ចេះ​តែ​លាប​ពណ៌​គេ? ខ្មែរ​អី ដូច​ជា គឹម សន្តិភាព ទៅ​ពី​ស្រុកខ្មែរ​ទៅៗ ជា​មាន​ឥទ្ធិពល​អី​សម្បើម​ម្ល៉េះ រហូត​ដល់​ទៅ​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ទី​នោះ​បាន

ផ្ទុយពី​ការ​អះអាង​នេះ កាលពី​ដើម​ឆ្នាំ២០១៨ កន្លងទៅ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​សញ្ជាតិ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ៤នាក់ ក្នុង​នោះ​មាន​លោក ជា យូហន លោក តាក់ ម៉េងហ៊ាង លោក ហុង លីម និង​ប្រពន្ធ​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​រង​នូវ​ការ​គំរាម​សម្លាប់​​តាមរយៈ​លិខិត​អនាមិក​មួយ​ច្បាប់។ ដោយឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ ធ្លាប់​បាន​គំរាម​តាម​វាយ​ដល់​ផ្ទះ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ដុត​ទីងមោង​រូបលោក​ ក្នុង​ពេល​ដែល​លោក​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​នៅ​ប្រទេស​អូស្ត្រាលី។

លោក ហ៊ុន សែន៖ «សូម​ផ្កាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាប់​ជា​មាន​រឿង​ហើយ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ប្រាប់​ឲ្យ​ហើយ។ អា​នេះ​និយាយ​ឲ្យ​ច្បាស់! សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​អ្នក​ឯង​មាន​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នក​ឯង​វិញ មាន​ទាស់​ខុស​អី? អា​ហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក។ អ្នក​ឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ អ្នក​ឯង​ចាត់​ទុក​ថា​អា​ហ្នឹង​រូប ហ៊ុន សែន រួច​ហើយ​យក​ទៅ​​ដុត។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែម្ដង»

ចាប់តាំង​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជាតិ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា «ក្លែងក្លាយ» កាលពី​ឆ្នាំ២០១៨ រួច​មក គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​យុទ្ធនាការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប ជាដើម។ យុទ្ធនាការ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ដាក់​គោលដៅ​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​ទាំងនោះ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ឈប់​គាំទ្រ​គណបក្ស​ប្រឆាំង៕

No comments: