ដោយ សុជីវី
2023.02.14
ម្ចាស់ទំព័ហ្វេសប៊ុក Pheng Vannak News លោក ផែង វណ្ណៈ។
រូប៖ ពីហ្វេសប៊ុក
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិស្រ្តីជាង ៤០រួមគ្នាចេញលិខិតចំហទៅរដ្ឋមន្ត្រីក្រសួងចំនួន៤ ទាមទារឱ្យមានចំណាត់ការទៅលើ លោក ផែង វណ្ណៈ ជាម្ចាស់ទំព័ហ្វេសប៊ុក Pheng Vannak News ចំពោះការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន។
សំណើរបស់ក្រុមអង្គការទាំងនេះធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបានប្រមាថ មាក់ងាយ និងបៀតបៀនស្ត្រីអ្នកសារព័ត៌មាន វីអូឌី (VOD) នៅស្របពេលដែលលោក ហ៊ុន សែន បានចោទប្រកាន់ថា នាងបានសរសេរព័ត៌មានបំភ្លៃការពិត ធ្វើឱ្យប៉ះពាល់កិត្តិយស លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាល។
ក្រុមអង្គការសង្គមស៊ីវិលទាំងជាង៤០ ចង់ឃើញរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់តឹងរឹង លើលោក ផែង វណ្ណៈ និងបង្គាប់ឱ្យកែតម្រូវពាក្យពេចន៍ និងសុំទោសស្ត្រីអ្នកកាសែតវីអូឌីជាសាធារណៈ និងសាធារណជនទូទៅ ពោលគឺព្រមទួលកំហុសចំពោះការប្រមាថមាក់ងាយ បៀតបៀនស្ត្រីភេទ។
រដ្ឋមន្ត្រីក្រសួងចំនួន៤ ដែលក្រុមអង្គការសង្គមស៊ីវិល ស្នើឱ្យមានចំណាត់ការលើ លោក ផែង វណ្ណៈ នោះរួមមានរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត។
(ពីឆ្វេង) រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី។ រូប៖ គេហទំព័រ cpp.org
លិខិតចំហរបស់ក្រុមអង្គការសង្គមស៊ីវិលចេញកាលពីថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញឱ្យដឹងថា ការចាត់វិធានការផ្លូវច្បាប់ទៅលើទង្វើរបស់លោក ផែង វណ្ណៈ គឺដើម្បីផ្ដល់កិត្តិយសដល់ស្ត្រីរងគ្រោះ ពីការប្រមាថ និងបៀតបៀនផង និងដើម្បីកែប្រែការអនុវត្តឱ្យស្របតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងទប់ស្កាត់រាល់មាតិកា ដែលបង្កប់ខ្លឹមសារប្រមាថមាក់ងាយស្ត្រី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រ។ ជាមួយគ្នានេះក្រុមអង្គការសង្គមស៊ីវិលក៏ស្នើឱ្យក្រសួងបង្គាប់ឱ្យ លោក ផែង វណ្ណៈ ចូលខ្លួនទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីរាយការណ៍ព័ត៌មាន ដែលយល់ដឹងត្រឹមត្រូវអំពីយេនឌ័រក្នុងវិស័យសារព័ត៌មាន។
នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា អ្នកស្រី អេង ចាន់ឌី ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈថា ការប្រមាថមាក់ងាយស្ត្រីក្នុងវិស័យសារព័ត៌មានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើកិច្ចប្រឹងប្រែងនានា របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្ត្រី។
អ្នកស្រី អេង ចាន់ឌី៖ «អ្វីដែលគាត់បានលើកឡើងហ្នឹងវាប៉ះពាល់ខ្លាំង ពួកយើងមើលឃើញថាប្រសិនបើមិនមានចំណាត់ការណាមួយបើក្រសួងទេ ឬក៏ពីអ្នកពាក់ព័ន្ធផ្សេងៗទេ ឬក៏គាត់មិនបានចេញមុខសុំទោសជាសាធារណៈទេ គាត់មិនបានដឹងកំហុសទេវានឹងធ្វើឱ្យចំនួនស្ត្រីក្នុងវិស័យសារព័ត៌មាន ពិសេសស្ត្រីវ័យក្មេងនឹងធ្លាក់ចុះគឺធ្លាក់ចុះរហូត។ រាល់ថ្ងៃនេះ បើគិតចាប់តាំងពីឆ្នាំ២០១៩ មក ស្ថិតិរបស់ក្រសួងព័ត៌មានបង្ហាញថា ស្ត្រីជាអ្នកសារព័ត៌មានមានចំនួនតែ ៩,៤ ភាគរយទេក្នុងចំណោមសរុបចំនួន ៥.០០០ នាក់ គឺមានតែជាង ៤៧០នាក់ទេ។ អ៊ីចឹងបើស្ត្រីវ័យក្មេងនៅតែរងការវាយប្រហារទាំងរឿងនៅអូហ្វឡាញ (Offline) និងអនឡាញ (Online) នៃអំពើហិង្សានឹងធ្វើឱ្យចំនួនស្ត្រីក៏ធ្លាក់ថយចុះ»។
នៅពេល លោក ហ៊ុន សែន ចោទប្រកាន់សារព័ត៌មានវីអូឌីថាផ្សាយព័ត៌មានមិនពិត មួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កូនប្រុស លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃទី១១ ខែកុម្ភៈ លោក ផែង វណ្ណៈ ជាម្ចាស់ហ្វេសប៊ុក Pheng Vannak News បានផូសហ្វេសប៊ុក ដោយប្រើសារមានន័យប្រមាថ មាក់ងាយ និងបៀតបៀន ស្ត្រីអ្នកយកព័ត៌មានវីអូឌី ដែលបានរាយការណ៍ព័ត៌មាននោះ។ ព័ត៌មានដែលស្រ្តីអ្នកព័ត៌មាន វីអូឌី កញ្ញា ប៉ាង សុខខេង បានរាយការណ៍កាលពីថ្ងៃទី៩ ខែកុម្ភៈ ដែលមានចំណងជើងថា មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួគី (Turkey) មិនមែនជារឿងខុសឆ្គង គឺជាព័ត៌មានដែលលោក ហ៊ុន សែន ប្រើជាលេសឈានទៅបង្ខំបិទសារព័ត៌មាន វីអូឌី ទាំងបំពានច្បាប់កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីរដ្ឋមន្ត្រីនៃក្រសួងទាំង ៤នោះ បាននៅឡើយទេ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ។ ចំណែកលោក ផែង វណ្ណៈ ក៏មិនអាចទាក់ទងបាននៅឡើយដែរ។
បើទោះជាយ៉ាងណាលោក ផែង វណ្ណៈ បានចេញវីដេអូនៅលើហ្វេសប៊ុក កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្លើយតបនឹងការរិះគន់លោកថា លោកចាំបាច់ត្រូវតបត នឹងអ្នកធ្វើខុសច្បាប់ និងអ្នកប្រមាថថ្នាក់ដឹកនាំ ពិសេសអ្នកប្រមាថ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ បើទោះជាមិនបានទទួលស្គាល់ថា លោកប្រមាថមាក់ងាយ បៀតបៀនលើស្ត្រីអ្នកយកព័ត៌មានវីអូឌីក្ដីក៏លោកទទួលស្គាល់ថាលោកនឹងប្រើពាក្យប្រមាថត្រឡប់ទៅអ្នកដែលលោកគិតថាបានប្រមាថមេដឹកនាំរដ្ឋាភិបាល ដែលលោកចាត់ទុកថាជាម៉ែឳរបស់លោក។
phengvannak1.JPG
សារលើហ្វេសប៊ុកលោក ផែង វណ្ណៈ រិះគន់អ្នកសារព័ត៌មានវីអូឌី (VOD)។ Screenshot
លោក ផែង វណ្ណៈ៖ «នាង ប៉ាង សុខខេង ហ្នឹងគាត់បានចោទឯកឧត្តម ហ៊ុន ម៉ាណែត ទាំងបំពានមួលបង្កាច់មនុស្សទាំងរស់ ធ្វើឱ្យមហាជន ដែលគេមិនដឹងរឿងជឿ ជេរគ្រប់គ្នា។ ជេរប្រមាថរាជរដ្ឋាភិបាល ជេរប្រមាថថ្នាក់ដឹកនាំជេរប្រមាថ ឯកឧត្តម ហ៊ុន ម៉ាណែត ជាហូរហែ។ អីចឹងក្នុងនាមជាអ្នកគាំទ្រគឺគ្មាននរណានៅស្ងៀមទេ ប្រៀបបានដូចជាយើងជាកូនគ្មានកូនណានៅស្ងៀមទេគឺត្រូវតែតបត។ ហើយតែតបតវាមានហើយ វាគ្មានអ្នកឯងជេរប្រមាថម៉ែឪខ្ញុំ ខ្ញុំទៅច្រៀងឱ្យអ្នកឯងស្ដាប់ទេ»។
លោក ផែង វណ្ណៈ បានបង្ហោះសារឆ្លើយតបនឹងក្រុមអង្គការសង្គមស៊ីវិលដែរថា លោកមិនបានមើលងាយស្ត្រីខ្មែរនោះទេ អ្វីដែលលោកសរសេរគ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះ។
បើទោះជាយ៉ាងណា អ្នកស្រី អេង ចាន់ឌី អ្វីដែលលោក ផែង វណ្ណៈ បានផូសកន្លងទៅគឺជាទាក់ទងនឹងសីលធម៌បុគ្គលមិនគួរផ្សាភ្ជាប់ទៅនឹងរឿងគាំទ្រមេដឹកនាំគណបក្សកាន់អំណាចនោះឡើយ។
អ្នកស្រី អេង ចាន់ឌី៖ «អ្វីដែលគាត់បញ្ចេញមតិមកហ្នឹងវាលើសពីការគាំទ្រវាបង្ហាញពីអត្តចរិត ពីសីលធម៌របស់គាត់។ យើងមើលឱ្យមែនទែនទៅទាំងរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល ទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗកំពុងជំរុញឱ្យមានចំនួនស្ត្រីកើនឡើងក្នុងវិស័យសារព័ត៌មាន ពិសេសស្ត្រីវ័យក្មេង ប៉ុន្តែទង្វើរបស់គាត់បែរជាជាបន្ទច់បង្អាក់ទាក់ទងនឹងចំនួនស្ត្រីអ្នកសារព័ត៌មានទៅវិញ»។
លោក ផែង វណ្ណៈ ត្រូវបានក្រសួងមហាផ្ទៃដកពីតំណែងជាអនុប្រធានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង កាលពីខែកញ្ញា ឆ្នាំ២០១៥ ដើម្បីស៊ើបអង្កេតពីបណ្ដឹងនានា និងករណីរំលោភច្បាប់បទបញ្ជាផ្ទៃក្នុងនគរបាលជាតិ។
កាលពីឆ្នាំ២០១៣ ហ្វេសប៊ុកដាក់ឈ្មោះ ផែង វណ្ណៈ បានគំរាមបាញ់ ៧ គ្រាប់លើលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោក ផែង វណ្ណៈ បានច្រានចោលការចោទប្រកាន់នេះដោយថ្លែងថា គណនីហ្វេសប៊ុករបស់លោកត្រូវបានគេលួចប្រើ។
កាលពីឆ្នាំ២០១៩ លោក ផែង វណ្ណៈ ដែលជាមន្ត្រីកងរាជអាវុធហត្ថបានជាប់ពន្ធនាគាររយៈពេល១៥ ថ្ងៃ បន្ទាប់ពីតុលាការបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ៤លានរៀល ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ប្ដឹងដោយលោក ហ៊ុន សែន។ ប៉ុន្តែលោកត្រូវដោះលែងឱ្យមានសេរីភាពវិញក្រោយពីបានសារភាព និងសុំទោស លោក ហ៊ុន សែន៕
No comments:
Post a Comment