Thursday, 9 February 2023

បក្ស​កាន់​អំណាច​ថា សម្ដី​អសុរោះ និង​មិន​មេត្តា​ដល់​អ្នក​ប្រឆាំង ពុំ​មែន​ជា​អំពើ​អសីលធម៌​ទេ


Khmer Circle

Of course not since morality and ethics are at best irrelevant and at worst non-existent in the Vietcong mindset...

Where else could all the crooks and blood-thirsty criminals prosper if not in the Kingdom of Wonder after having borrowed Pol Pot's hands to finish off what was worthy and an asset to Cambodian society? 

^^^

ដោយ សុជីវី
2023.02.09

បក្ស​កាន់​អំណាច​ថា សម្ដី​អសុរោះ និង​មិន​មេត្តា​ដល់​អ្នក​ប្រឆាំង ពុំ​មែន​ជា​អំពើ​អសីលធម៌​ទេ 

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន។
AFP


គណបក្ស​កាន់​អំណាច​ចាត់​ទុក​ថា ការ​ពោល​ពាក្យ​អសុរោះ និង​គ្មាន​មេត្តា​ចំពោះ​អ្នក​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល មិន​មែន​ជា​អំពើ​អសីលធម៌​នោះ​ឡើយ។ ការ​លើក​ឡើង​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ របស់​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ដែល​រៀប​ចំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ម្សិលមិញ​នេះ។ គណបក្ស​ភ្លើង​ទៀន គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ នឹង​ត្រូវ​ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​លើក​កម្ពស់​សាមគ្គី​ជាតិ និង​រស់​នៅ​ដោយ​សុខដុមរមនា​ជាមួយ​គ្នា។

មន្ត្រី​គណបក្ស​កាន់​អំណាច​ថ្លែង​ការពារ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា មិន​បាន​ធ្វើ​សកម្មភាព​អសីលធម៌​នៅ​ក្នុង​សង្គម ដូច​ការ​លើក​ឡើង​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ឡើយ។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី៨ ខែ​កុម្ភៈ ថា ការ​ខឹង​ក្រោធ និង​ប្រើ​ពាក្យ​សម្ដី​វាយ​ប្រហារ​ទៅ​លើ​អ្នក​ដែល​ប្រឆាំង​រដ្ឋាភិបាល ពី​សំណាក់​ថ្នាក់​ដឹកនាំ​ប្រទេស​លោក ហ៊ុន សែន នេះ មិន​មែន​ជា​អំពើ​អសីលធម៌​នោះ​ឡើយ។ លោក​បន្ថែម​ថា ការ​ខឹង និង​ពាក្យ​សម្ដី​មិន​សមរម្យ​ទាំង​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់ និង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរោះ​មក​លើ​ថ្នាក់​ដឹកនាំ​មុន​តែ​ប៉ុណ្ណោះ។ ដោយឡែក ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់ ឱ្យ​មាន​សេរីភាព លោក សុខ ឥសាន លើក​ឡើង​ថា គឺជា​រឿង​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ ព្រោះ​លោក​ថា ជា​ការ​អនុវត្ត​ច្បាប់ និង​មិន​ពាក់ព័ន្ធ​ជា​មួយ​ការ​លើក​កម្ពស់​សីលធម៌​អ្នក​ដឹកនាំ​ប្រទេស​នោះ​ទេ។

    លោក សុខ ឥសាន៖ «ពាក្យ​សម្ដី​អសុរោះ​ណាមួយ ដែល​ពាក់ព័ន្ធ​ទៅ​ដល់​បុគ្គល ដល់​ក្រុម​គ្រួសារ អា​ហ្នឹង​មិន​អាច​អត់​ឱន​បាន​ទេ ត្រូវ​តែ​មាន​ការ​ឆ្លើយតប។ បញ្ហា​សំខាន់ យើង​ទៅ​រក​ធាតុ​ដើម​នរណា​អ្នក​បង្កើត​បញ្ហា​ហ្នឹង? អ្នក​ណា​បង្កើត​អំពើ​ហិង្សា ដោយ​ពាក្យ​សម្ដី អា​ហ្នឹង​ត្រូវ​យល់ ហើយ​ដូច្នេះ​មិន​ត្រូវ​ចោទ​ប្រកាន់​អ្នក​ដែល​ឆ្លើយ​តប​ទេ ព្រោះ​គ្រាន់​តែ​ជា​កន្ទុយ»។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភិរិទ្ធ គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​របស់​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ព្រោះ​ការ​ស្នើ​សុំ​នេះ គឺ​ដូចគ្នា​ទៅ​នឹង​បាវចនា​របស់​គណបក្ស​ភ្លើង​ទៀន ដែល​យក​សីលធម៌ សច្ចធម៌ យុត្តិធម៌ ជាគោល នៅ​ក្នុង​ការ​ដឹកនាំ​គណបក្ស និង​ប្រទេស​ជាតិ។ លោក​បន្ថែម​ថា គណបក្ស​ភ្លើង​ទៀន​មាន​គោលការណ៍​ធ្វើ​នយោបាយ ដោយ​មិន​ចាត់​ទុក​នរណា​ម្នាក់​ជា​សត្រូវ​នោះ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ គណៈ​ពង្រឹង​បក្ស ក៏​កំពុង​តែ​ផ្សព្វផ្សាយ​គោលការណ៍​ធ្វើ​នយោបាយ​ប្រកប​ដោយ​សីលធម៌​ខ្ពស់ និង​មិន​ប្រើប្រាស់​សម្ដី​អសុរោះ ឬ​ស្អប់​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ខុស​ពី​ខ្លួន​ឡើយ។

    លោក គឹមសួរ ភិរិទ្ធ៖ «យើង​តែងតែ​ចង់​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេស មិន​ថា​តែ​នៅ​ក្នុង​គណបក្ស​ភ្លើង​ទៀន​ទេ គឺ​អ្នក​នយោបាយ​ទាំង​អស់​នៅ​ស្រុក​ខ្មែរ​ហ្នឹង ធ្វើ​ការងារ ធ្វើ​សកម្មភាព​នយោបាយ ប្រកប​ទៅ​ដោយ​ការ​អត់​ឱន​ឱ្យ​គ្នា ទាំង​កាយ ទាំង​ចិត្ត ធ្វើ​ម៉េច​ឱ្យ​ចិត្ត​ហ្នឹង​កុំ​ក្ដៅ កុំ​ហិង្សា​ដាក់​គ្នា ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ យើង​ត្រូវ​ចាត់​ទុក​ថា​ជា​ខ្មែរ​តែ​មួយ ហើយ​យើង​ត្រូវ​ការ​ពួតដៃ​គ្នា​ដើម្បី ស្ដារ​ឡើង​វិញ កសាង​ឡើង​វិញ នូវ​ខឿន​សីលធម៌​សម្រាប់​សង្គម​ជាតិ​យើង ព្រោះ​ឥឡូវ​យើង​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ(សីលធម៌) មិន​ថា​តែ​អ្នក​នយោបាយ មិន​ថា​តែ​ពលរដ្ឋ​សាមញ្ញ​ទេ យើង​ឃើញ​ថា​មាន​ការ​មិន​សូវ​អត់​ឱន​គ្នា»។

ការ​ឆ្លើយ​តប​ពី​គណបក្ស​នយោបាយ​ទាំង​២នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ ចេះ​ចែក​រំលែក​ក្ដី​ស្រលាញ់​ឱ្យ​គ្នា និង​ផ្ដល់​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​កសាង​ជាតិ​ឱ្យ​រឹងមាំ​ឡើង​វិញ នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​កម្មវិធី​ធម្មយាត្រា​រយៈ​ពេល​៧ថ្ងៃ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ខាង​មុខ​រូប​សំណាក​អ្នកតា​ឃ្លាំងមឿង កាល​ថ្ងៃ​ទី៧ ខែកុម្ភៈ។ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​ធម្មយាត្រា​នេះ​ឡើង ក្នុង​គោល​បំណង​លើក​កម្ពស់​សីលធម៌​សង្គម ដោយ​បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេស ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​អសុរោះ និង​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បង្កើត​សាមគ្គីភាព​ជាតិ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ដែល​ធ្លាប់​បាន​បួស​២០វស្សា​ដែរ​នោះ យល់​ឃើញ​ថា នៅ​ពេល​អ្នក​នយោបាយ​បង្ហាញ​សេចក្ដី​ខឹង​ក្រោធ គុំកួន មិន​មាន​មេត្តា​ចិត្ត នឹង​ធ្វើ​ឱ្យ​មាន​ផល​អាក្រក់​ធំៗ៣យ៉ាង ទី១. គឺ​បុគ្គល​ដែល​ខឹង​ក្រោធ​ខ្លួន​ឯង​ផ្ទាល់ បាន​បាត់បង់​ក្ដី​សុខ​ផ្ទាល់​ខ្លួន ព្រោះ​ភ្លើង​កំហឹង​បាន​ដុត​រោល​ខាង​ក្នុង​ខ្លួន​បុគ្គល​ដែល​គ្មាន​មេត្តា​ចិត្ត។ ទី២. បុគ្គល​ដែល​ខឹង​ក្រោធ នឹង​បាត់បង់​កិត្តិយស និង​ការ​គាំទ្រ ព្រោះ​បាន​បង្ហាញ​ពី​ភាព​ឆោត​ល្ងង់ មិន​ចេះ​គ្រប់គ្រង​អារម្មណ៍​នៅ​ទី​សាធារណៈ និងទី៣. គឺ​ផ្ដល់​គំរូ​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​បាន​ចាត់​ទុក​សេចក្ដី​ខឹង​ក្រោធ គុំកួន​គ្នា​ជា​រឿង​ធម្មតា និង​នាំ​ឱ្យ​បែក​បាក់​សាមគ្គី​ជាតិ។ លោក កើត សារ៉ាយ បន្ថែម​ថា ការ​ប្រកាន់​ឥរិយាបថ​ប្រកប​ដោយ​សីលធម៌ មាន​តម្លៃ​ជា​សកល ដូច្នេះ បុគ្គល​ដែល​អាច​រក្សា​សីលធម៌​បាន​ពេល​ណា បុគ្គល​នោះ​ផ្ទាល់​ជា​អ្នក​បាន​ក្ដី​សុខ និង​កិត្តិយស។

    លោក កើត សារ៉ាយ៖ «បើ​និយាយ​នៅ​ក្នុង​ទ្រឹស្ដី​ព្រះ​ពុទ្ធសាសនា បុគ្គល​នៅ​ពេល​ដែល​ខឹង​នរណា​ម្នាក់ គឺ​ប្រៀប​បាន​ដូចជា​យក​ដុំ​ភ្លើង មក​ដាក់​នៅ​ក្នុង​ខ្លួន តែងតែ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ឆាប​ឆេះ ក្ដៅ​ក្រហាយ ដេក​មិន​លក់ បក់​មិន​ល្ហើយ ហូប​មិន​ឆ្ងាញ់​ទៅ​ណា»។

អ្នក​នយោបាយ ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​រាជការ​ដែល​មាន​តួនាទី​គ្រាក់ៗ ភាគ​ច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាន់​តែ​បាត់​បង់​សីលធម៌ ក្នុង​ការ​បំពេញ​កិច្ចការ​ផ្ទាល់​ខ្លួន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​ឡើង​វិញ ថ្នាក់​ដឹក​នាំ​ប្រទេស និង​អ្នក​នយោបាយ ត្រូវ​ចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា និង​មិន​ត្រូវ​ធ្វើ​នយោបាយ​ដោយ​ចង់​កម្ចាត់​ដៃ​គូរ​ប្រកួត​ប្រជែង​ឡើយ ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​និរន្តរភាព និង​សន្តិភាព​ពិត​ប្រាកដ៕

No comments: