ដោយ នៅ វណ្ណារិន
2023.02.22
(រូបទី១រាប់ពីស្តាំទៅឆ្វេង) លោក ស៊ូ យាន មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ
មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ គឺលោក ស៊ូ យាន ចោទអាជ្ញាធរមូលដ្ឋានដែលដេញចាប់លោកដល់ផ្ទះថា ជារឿងនយោបាយដើម្បីគំរាមកំហែង និងបំភិតបំភ័យលើសកម្មជននយោបាយច្រើនជាងហេតុផលភាន់ច្រឡំ។ ប៉ុន្តែអាជ្ញាធរស្រុកច្រានចោលការចោទប្រកាន់នេះ។
មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំសោកស្តាយចំពោះអាជ្ញាធរដែលបង្កឱ្យសកម្មជននយោបាយភិតភ័យ និងរងសម្ពាធផ្លូវចិត្តខ្លាំងនៅមុនការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ មន្រ្តីរូបនោះក៏ស្នើដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យជះឥទ្ធិពលមិនល្អដល់ប្រជាពលរដ្ឋ ជាពិសេសសកម្មជននយោបាយដែលកំពុងអនុវត្តសិទ្ធិសេរីស្របតាមច្បាប់។
មន្រ្តីគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដែលសកម្មចូលរួមសកម្មភាពនយោបាយគឺលោក ស៊ូ យាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែកុម្ភៈថា ប៉ូលិសឃុំទ្រៀក និងប៉ូលិសស្រុកមេមត់ស្លៀកពាក់ឯកសណ្ឋាននិងប្រដាប់ដោយកាំភ្លើងជាច្រើននាក់ចុះពីលើឡានពីរគ្រឿងសម្រុកចូលផ្ទះរបស់លោកទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី២០ ខែកុម្ភៈ។ លោកឱ្យដឹងថា ប៉ូលីសទាំងនោះបានដេញតាមចាប់លោកភ្លាមៗ បន្ទាប់ពីលោកបានរត់គេចខ្លួនចូលក្នុងព្រៃក្រោយផ្ទះរាប់គីឡូម៉ែត្រ។ ប៉ុន្តែលោក ស៊ូ យាន បានវិលត្រឡប់មកផ្ទះវិញ ក្រោយពេលប៉ូលីសចាប់ខ្លួនប្អូនជីដូនមួយរបស់លោកដែលមានផ្ទះនៅក្បែរនោះទាក់ទងការប្រើប្រាស់គ្រឿងញៀន។ លោកចាត់ទុកទង្វើរបស់សមត្ថកិច្ច គឺជារឿងនយោបាយដើម្បីបំបាក់ស្មារតីលើសកម្មជនបក្សភ្លើងទៀន៖
«ប៉ូលីសរត់ដេញចាប់ខ្ញុំប៉ផាប់ចាប់ពភីងហើយស្រែកថាបាញ់ៗហ្នឹង យើងមើលទៅវាជារូបភាពអាក្រក់មែនទែន ដោយអត់យកយន្តការច្បាប់មកប្រើ ខ្ញុំមើលទៅរូបភាពកំរោលតែម្តង ប៉ូលីសចេញពីឡានដេញខ្ញុំតែម្តង ខ្ញុំរត់រាប់គីឡូម៉ែត្រនេះធ្វើឱ្យខ្ញុំបាក់កម្លាំងហើយជើងពង ខ្ញុំកំពុងព្រួយបារម្ភ តែបងប្អូនមួយចំនួនឱ្យគេចខ្លួនសិនទៅ ហើយប្រពន្ធរបស់ខ្ញុំឈឺជាប់ជាប្រចាំ បើសិនខ្ញុំគេចខ្លួនដូចឱ្យគាត់ស្លាប់ឈរតែម្តង ពីព្រោះគាត់ពិបាកចិត្តច្រើនអត់មានខ្នងបង្អែក»។
លោក ស៊ូ យាន រៀបរាប់ថា ក្រៅពីហេតុការណ៍នេះ គ្រួសាររបស់លោកតែងរងការបំភិតបំភ័យ និងព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំងពីសំណាក់ជនមិនស្គាល់គោះទ្វារ និងគប់ដុំថ្មចូលផ្ទះជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកជនប្រព្រឹត្តយកមកផ្តន្ទាទោសនៅឡើយ។
ឆ្លើយតបរឿងនេះ អធិការនគរបាលស្រុកមេមត់ លោក ហុក គឹមហឿន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា សមត្ថកិច្ចបានចុះចាប់ជនសង្ស័យម្នាក់នៅជិតផ្ទះលោក ស៊ូ យាន តាមដីការបស់តុលាការពាក់ព័ន្ធករណីលួច និងប្រើប្រាស់គ្រឿងញៀន។ លោកអះអាងថា មូលហេតុដែលសមត្ថកិច្ចដេញចាប់លោក ស៊ូ យាន គឺជារឿងយល់ច្រឡំតែប៉ុណ្ណោះ ដោយលោកថាមិនមែនជាការគំរាមកំហែងផ្នែកនយោបាយនោះទេ៖
«ជាការយល់ច្រឡំទេ ក្រោយមកចាប់មុខសញ្ញាបាននៅជាប់ផ្ទះគាត់ អាមុខសញ្ញានឹងអត់រត់ទេ មុខសញ្ញាមានដីកាត្រឹមត្រូវ គ្មានការគំរាមកំហែងនយោបាយអ្វីនោះទេ»។
ទោះយ៉ាងណាលោក ស៊ូ យាន ឆ្ងល់ថាតើហេតុអ្វីបានជាសមត្ថកិច្ចសម្រុកចូលផ្ទះរបស់លោកបែបនេះ ខណៈសមត្ថកិច្ចមូលដ្ឋានសុទ្ធតែស្គាល់ផ្ទះលោកយ៉ាងច្បាស់នោះ។
ជុំវិញរឿងនេះ មន្រ្តីអង្កេត និងឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន កត់សម្គាល់ថាសកម្មជនបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ មួយចំនួនជាពិសេសលោក ស៊ូ យាន តែងរងការបំភិតបំភ័យជាបន្តបន្ទាប់។ លោកយល់ថាការដែលសមត្ថកិច្ចចូលចាប់មនុស្សដល់ផ្ទះដោយមិនបានកំណត់មុខសញ្ញាច្បាស់លាស់ គឺមិនគួរកើតឡើងចំពោះលោក ស៊ូ យាន នោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញទៅសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធគួរចូលរួមទប់ស្កាត់សម្មភាពគំរាមកំហែងលើសកម្មជននយោបាយ និងស្វែងរកជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីការបោះឆ្នោតអាចដំណើរការបានរលូន៖
«វាមិនគួរមានសកម្មភាពហ្នឹងកើតឡើងចំពោះលោក ស៊ូ យាន ទៀតនោះទេ ឬអ្នកផ្សេងឯទៀតមិនគួរមានការច្រឡំអ៊ីចឹងទេ។ ឧទារហណ៍ថា សម្មភាពហ្នឹងគាត់រត់ទៅប៉ះ ឬបុកអ្វីមួយ អាហ្នឹងគាត់នៅក្មេង។ ចុះបើមនុស្សចាស់វិញ គាត់ភ័យស្លុន់ស្លោ គាត់ខ្សោយផង តើគាត់មានបញ្ហានរណាជាអ្នកទទួលខុសត្រូវ? គាត់ជាសកម្មជនគណបក្សនយោបាយ លើកមុនគាត់ធ្វើ១០ យ៉ាងហោចណាស់គាត់បន្ថយក្រោម ១០ដែរ ដោយសារគាត់ភ័យ គាត់បារម្ភពីសុវត្ថិភាព»។
លោក ស៊ូ យាន អាយុ ៥១ឆ្នាំ គឺជាអតីតអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នលោកជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនដ៏លេចធ្លោប្រចាំខេត្តនេះ។ លោក ស៊ូ យាន បានជាប់ពន្ធនាគារចំនួនពីរដងពីបទញុះញង់ កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ ប៉ុន្តែលោកនៅតែបន្តសកម្មភាពនយោបាយដដែល ទោះបីជាប់ពន្ធនាគារ ឬរងការគំរាមកំហែងក៏ដោយ។
កម្ពុជាបោះឆ្នោតប្ដូរមេដឹកនាំរបស់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យដឹងថា ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត មានជាង៩លាន៧សែននាក់។ ទោះជាយ៉ាងណាក្ដី ស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់មេដឹកនាំ សកម្មជនគណបក្សភ្លើងទៀននៅតាមបណ្តាខេត្តមួយចំនួនត្រូវបានអាជ្ញាធរគណបក្សកាន់អំណាចរារាំង និងគំរាមកំហែងជាបន្តបន្ទាប់។ គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលនៅមិនទាន់ឃើញរដ្ឋាភិបាល លោក ហ៊ុន សែន បង្កភាពងាយស្រួលដល់គណបក្សនយោបាយ ឬពលរដ្ឋ ដើម្បីអាចចូលរួមការបោះឆ្នោតនេះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ៕
No comments:
Post a Comment