Khmer Circle: What's good for Vietnam is more often than not catastropic for Kampuchea.
^^^
ដោយ មាន ឫទ្ធិ
2023.02.19
លោក ហ៊ុន សែន និងលោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ជួបគ្នានៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក SPM
បក្សប្រឆាំង និងអ្នកឃ្លាំមើលរិះគន់ថា ទំនាក់ទំនងជាប្រពៃណីរវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាមនឹងជះឥទ្ធិពលមិនល្អដល់ជោគវាសនា និងផលប្រយោជន៍កម្ពុជានៅថ្ងៃខាងមុខ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជួបប្រជុំជាមួយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។
អ្នកវិភាគនយោបាយ និងមន្រ្តីគណបក្សប្រឆាំងព្រួយបារម្ភថា បើគណបក្សប្រជាជនកម្ពុជាបន្តដឹងគុណវៀតណាមមិនចេះចប់នឹងធ្វើឱ្យកម្ពុជាបាត់ដីនៅតាមព្រំដែនតទៅទៀត ហើយជនអន្តោប្រវេសន៍វៀតណាមក៏បន្តចូលមកដីកម្ពុជាកាន់តែច្រើនថែមទៀត ដែលបញ្ហានេះគឺជាគ្រោះថ្នាក់របស់ជាតិនាពេលខាងមុខ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ថ្លែងថា បក្សកុម្មុយនីស្តវៀតណាមកំពុងពង្រីកយុទ្ធសាស្រ្តដំណើរឆ្ពោះទៅទិសខាងលិចរបស់លោក ហូ ជីមិញ ដែលជាអ្នកបង្កើតគណបក្សកុម្មុយនីស្តនៅឥណ្ឌូចិនដើម្បីគ្រប់គ្រងកម្ពុជានិងឡាវទាំងមូល។ លោកមើលឃើញថា បច្ចុប្បន្នវៀតណាមនៅតែបន្តមហិច្ឆតាឱបក្រសោបកម្ពុជាយកទៅត្រួតត្រាដដែលតាមរយៈគណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយមេដឹកនាំវៀតណាមកាលពីអតីតកាល។ ទន្ទឹមនឹងនេះ លោករំឮកថា វៀតណាមបានជួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដឹកនាំប្រទេសដែលធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវដឹងគុណវៀតណាម។ លោកកត់សម្គាល់ថា ទំនាក់ទំនងក្នុងឋានៈជាចៅហ្វាយនាយនិងកូនចៅនេះមិនបានផ្តល់ផលចំណេញកម្ពុជានោះទេ។ លោក អ៊ំ សំអាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតនៅខែកក្កដា ខាងមុខនេះដើម្បី ផ្លាស់ប្តូរគណបក្សប្រជាជនកម្ពុជាទើបកម្ពុជារួចផុតពីគ្រោះថ្នាក់៖
«លោក ហ៊ុន សែន ទោះបីចាប់យកចិនក៏មិនចោលវៀតណាមដែរ ពីព្រោះវៀតណាមក៏ជាអតីតចៅហ្វាយរបស់គាត់ហើយគាត់បានអំណាចដោយសារវៀតណាមលើកបន្តុប ដូច្នេះគាត់ត្រូវផ្តល់ផលប្រយោជន៍ដល់វៀតណាមវិញដើម្បីស្អំចិត្តវៀតណាមនៅពេលគាត់ស្និទ្ធស្នាលជាមួយចិនដែលជារឿងលោក ហ៊ុន សែន ទៅយកចិត្តវៀតណាម និងដឹងគុណវៀតណាមមិនចេះចប់ហ្នឹង គឺកម្ពុជាកាន់តែបាត់បង់ទឹកដី ហើយជនអន្តោប្រវេសន៍នៅកម្ពុជាកាន់តែកើនឡើង»។
ប្រតិកម្មរបស់មន្រ្តីគណបក្សប្រឆាំងបន្ទាប់ពីលោក ហ៊ុន សែន ដឹកនាំថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជួបប្រជុំជាមួយមេដឹកនាំបក្សកុម្មុនីស្តវៀតណាមកាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ។ គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថាកិច្ចប្រជុំកំពូលនេះបានបង្កើននូវទំនាក់ទំនងភាពជាដៃគូ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សរដ្ឋ និងប្រជាជនទាំងពីរថែមទៀត។ ប្រភពដដែលថា មេដឹកនាំគណបក្សនៃប្រទេសទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លើសពីនេះមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាមក៏បានឯកភាពក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ជំនួបមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាមួយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមនិងឡាវតែងតែធ្វើឡើងតាមកាលកំណត់ ដើម្បីរាយការណ៍អំពីស្ថានការណ៍គណបក្ស និងកិច្ចសហប្រតិបត្តិការល្អរវាងបក្សនិងរដ្ឋនៃប្រទេសទាំងពីរ។ លោកអះអាងថា ជំនួបទាំងនោះ គឺធ្វើឡើងដោយស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយមិនមែនធ្វើឡើងក្នុងនាមកូនចៅនិងចៅហ្វាយដូចការលើកឡើងនោះទេ៖
«យើងជួបនេះមិនមែនក្នុងនាមកូនជឹងនិងចៅហ្វាយនាយទេ គឺយើងជួបក្នុងនាមប្រទេសនឹងប្រទេស ក្នុងនាមគណបក្សមួយនឹងគណបក្សមួយដោយស្មើភាពគ្នា ស្មើសិទ្ធិគ្នា អ៊ីចឹងគ្មានរឿងអ្វីត្រូវថាខាងនេះខាតខាងនោះចំណេញទេគឺថាសុទ្ធតែចំណេញ
ជុំវិញរឿងនេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា គណបក្សប្រជាជនកម្ពុជាបង្កើតឡើងដោយសារមេដឹកនាំវៀតណាម ហើយលោក ហ៊ុន សែន អាចគ្រប់គ្រងអំណាចក្នុងរយៈពេលជិត៤០ឆ្នាំមកនេះក៏ដោយសារវៀតណាមជួយជ្រោមជ្រែង។ លោកមើលឃើញថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលអនុវត្តផែនការឈ្លានពានរបស់បក្សកុម្មុយនីស្តវៀតណាមទទួលបានជោគជ័យច្រើនជាងគេ កន្លងមកទាក់ទងផែនការ «ក៥» ដែលបានសម្លាប់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ការចុះសន្ធិសញ្ញាធ្វើឲ្យកម្ពុជាបាត់កោះ និងទឹកដីរាប់ម៉ឺនគីឡូម៉ែត្រទៅឱ្យវៀតណាមជាដើម។ លោកបន្ថែមថា រឿងទាំងនេះបើអ្នកណាហ៊ាននិយាយប៉ះពាល់ដល់វៀតណាមវិញពួកគេតែងតែជាប់គុកជាបន្តបន្ទាប់៖
«ទំនាក់ទំនងប្រពៃណី គឺមានន័យច្បាស់ណាស់ថា ប្រពៃណីដែលវៀតណាមនៅតែត្រួតត្រាលើបក្សកុម្មុយនីស្តឡាវនិងបក្សកុម្មុយនីស្តកម្ពុជាគឺគណបក្សប្រជាជនកម្ពុជាដដែល ហើយនេះជាអាថ៌កំបាំងដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកំចាត់អ្នណាក៏ដោយដែលហ៊ាននិយាយស៊ីជម្រៅទៅដល់ទំនាក់ទំនងរបស់គាត់ជាមួយបក្សកុម្មុយនីស្តវៀតណាម ព្រោះបើបែកខ្ញែកសាច់រឿងទាំងអស់ហ្នឹង គាត់ត្រូវប្រឈមមុខនឹងឧក្រិដ្ឋកម្មធំណាស់»។
គណបក្សប្រឆាំង អ្នកវិភាគ និងយុវជនសង្គមលើកឡើងថា វៀតណាម គឺជាប្រជាជាតិដែលកម្ពុជាគួរប្រុងប្រយ័ត្នចំពោះការធ្វើចំណងមិត្តភាព និងទំនាក់ទំនងផ្សេងៗ ពីព្រោះតាមប្រវត្តិសាស្រ្តរហូតដល់បច្ចុប្បន្ន វៀតណាមមិនដែលបោះបង់ចោលមហិច្ឆតាឈ្លានពានកម្ពុជាឡើយ។ ជាឧទាហរណ៍ ការបាត់បង់ធនធាន ទឹកដី ទ្រព្យសម្បត្តិជាតិជាច្រើន ដូចជា កម្ពុជាក្រោម និងកោះត្រល់ រួមទាំងការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរមិនស្មើភាពគ្នាជាដើម។ ពួកគេក៏ព្រួយបារម្ភពីរបៀបគ្រប់គ្រងដោយមនោគមន៍វិជ្ជា និងចិត្តសាស្រ្តដោយប្រយោលមកលើកម្ពុជា ដូចជា ការផ្តល់ដី៤០ហិកតារឱ្យជនជាតិវៀតណាមសង់លំនៅដ្ឋានស្របពេលពលរដ្ឋខ្មែរម្ចាស់ស្រុកទទួលរងនូវវិបត្តិដីធ្លី ព្រមទាំងការផ្តល់ដីសម្បទាននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងការបង្កើតតំបន់ត្រីកោណ (ឡាវ កម្ពុជា វៀតណាម) ដោយវៀតណាមជាអ្នកទទួលគ្រប់គ្រង និងទទួលផលប្រយោជន៍ជាដើម៕
1 comment:
Ah Norouk Hun Sen has sold his soul to Yuon before Yuon put him in power.
Ah Chos Kauot Hun Sen wanted to make sure that Cambodia will become a part of the evil Vietnam before he goes to hell.
Post a Comment