Friday, 17 February 2023

ពលរដ្ឋ​រងគ្រោះ​ពី​ការ​លុប​បឹង​តាមោក​ស្នើ​ដល់​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់


ដោយ ជីវិតា
2023.02.17
ពលរដ្ឋ​រងគ្រោះ​ពី​ការ​លុប​បឹង​តាមោក​ស្នើ​ដល់​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់ 

ពលរដ្ឋរងគ្រោះដោយជម្លោះដី នៅបឹងតាមោក ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ចូលរួម​តវ៉ានាពេល​កន្លងទៅ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

ពលរដ្ឋ​រងគ្រោះ​ពី​ការ​លុប​បឹង​តាមោក​ស្នើ​ដល់​តុលាការទម្លាក់​បទចោទប្រកាន់​លើ​ពួកគាត់ ។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តុលាការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់ និង​កុំ​លម្អៀង​ទៅរក​ភាគី​មាន​អំណាច​ណាមួយ​ដើម្បី​ផ្ដល់​យុត្តិធម៌​ពិត​ជូន​ពលរដ្ឋ​រងគ្រោះ និង​បញ្ឈប់​អំពើ​និទ្ទណ្ឌភាព។

ពលរដ្ឋ​រងគ្រោះ​ពី​ការ​លុប​បឹង​តាមោក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ខណៈ​ឃើញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ខាងមុខនេះ។

លោកស្រី គង់ តឿ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោកស្រី​ពិតជា​ព្រួយបារម្ភ​មិនដឹង​ថា រឿងនេះ​នឹង​ទៅជា​យ៉ាងណា​នោះទេ​។ លោកស្រី​យល់ឃើញថា ការ​ចោទប្រកាន់​ពួកលោក​ស្រី​ដែលជា​អ្នកភូមិ​រស់នៅ​បឹង​តាមោក​ថា ប្រើ​ហិង្សា​ប្រឆាំង​នឹង​រាជការ​សាធារណៈ ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ។ លោកស្រី​ស្នើ​ដល់​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំងនេះ​លើ​ពលរដ្ឋ​រងគ្រោះ​ទាំង​៩​នាក់។



    លោកស្រី គង់ តឿ៖ «ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​កុំ​ឲ្យ​ធ្វើបាប លើក​បទ​ចោទ​ទៅ​កុំ​ឲ្យ​ធ្វើ​បុកទុក្ខម្នេញ​ប្រជាពលរដ្ឋ​អ៊ីចឹង​ហើយ​បើ​ដី​ហ្នឹង បើ​ចង់បាន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​មក​តាម​តម្លៃ​ទីផ្សារ​ចុះ ខ្ញុំ​សូម​ឲ្យ​សម្ដេច​ជួយ​ប្រជាជន​ផង​ព្រោះ​ប្រជាជន​សុំ​តែ​ថា ២៥០​គ្រួសារ​ហ្នឹង​មាន​ដី​តែ​៥​ហិកតា​ទេ ហេតុ​អ៊ី​គេ​នៅ​បុរី​ប៉ុន​ចេស សាងសង់​បាន​ទើប​ក្រោយ​ខ្ញុំ​ផង ២០១៥​ទេ ហើយ​គេ​រស់​នៅបាន ហើយ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ គេ​មាន​ប្លង់​កម្មសិទ្ធិ​សងខាង ខ្ញុំ​នៅ​កណ្ដាល​អត់​មាន​ប្លង់​កម្មសិទ្ធិ​ទេ សូម​ឲ្យ​សម្ដេច​ជួយ»។

ការ​ព្រួយបារម្ភ​របស់​លោកស្រី គង់ តឿ នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​លោកស្រី ចូលខ្លួន​ដើម្បី​សារ​សួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ស្ថាន​ទម្ងន់ទោស​នៃ​បទ​ប្រឆាំងនឹង​រាជការ​សាធារណៈ​ប្រ​ព្តឹ​ត្ត​ទៅ​នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០២២​កន្លងទៅ​។ ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​នេះ តម្រូវឱ្យ​អ្នកភូមិ​ពីរ​នាក់​ក្នុងចំណោម ៩​នាក់​ដែល​ត្រូវ​ចោទ គឺ​លោកស្រី គង់ តឿ និង លោកស្រី តាន់ ខ្នី ចូលទៅ​បំភ្លឺ​តុលាការ។

លោកស្រី គង់ តឿ បញ្ជាក់​ថា គាត់​នឹងមិន​ចូលខ្លួន​តាម​ដីកា​កោះហៅ​នេះ​ទេ ព្រោះ​មេធាវី​របស់លោក​ស្រី​ជាប់រវល់ ហើយ​មេធាវី​សុំ​ពន្យា​ពេល​ចូលខ្លួន​ទៅ​ផ្ដល់​ចម្លើយ​នៅពេល​ក្រោយ។

ពាក់ព័ន្ធ​នឹង​ករណីនេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា លោក​សង្កេតឃើញ​ថា នៅ​ពេល​មាន​ជម្លោះ​រវាង​ភាគី​អាជ្ញាធរ​អនុវត្ត​ច្បាប់​ជាមួយ​ពលរដ្ឋ មានតែ​ភាគី​ពលរដ្ឋ​រងគ្រោះ​ទេ ដែល​ត្រូវបាន​រង​ពាក្យបណ្ដឹង​ផ្សេងៗ​ពី​តុលាការ ហើយ​ភាគី​អាជ្ញាធរ​ដែល​ប្រើ​អំពើហិង្សា​លើ​ពលរដ្ឋ​វិញ មិន​ដែល​ឃើញ​រង​ទោស​ទណ្ឌ​ណាមួយ​ទេ។ លោក​ថា ទាំងនេះ​ជា​អំពើ​និទ្ទណ្ឌភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ទៅលើ​ពលរដ្ឋ។

    លោក វណ្ណ សុផាត៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋ​ធ្វើ​ម៉េច​អនុវត្ត​ទៅតាម​នីតិវិធី​ទី​១ ហើយ​ទី​២ សូម​ឲ្យ​ខាង​តុលាការ​ហ្នឹង គាត់​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​មាន​ល្អៀង​ទៅលើ​អ្នកមានអំណាច ឬមួយ​ក៏​ក្រុមហ៊ុន ឬក៏​ភាគី​ម្ខាង​ទៀត​ដែលមាន​សមត្ថភាព មានលទ្ធភាព​ជាង​ប្រជាពលរដ្ឋ​ហ្នឹង​ហា៎ គួរតែ​គិតពី​សមធម៌​សង្គម​ផង​បាទ កុំ​ឲ្យ​តែ​គាត់​ផ្អែក​តែ​ទៅលើ ប្រយោជន៍ ឬមួយ​ក៏​ការរាយការណ៍​ពី​ថ្នាក់ក្រោម ព្រោះ​រឿង​ខ្លះ​ហ្នឹង ថ្នាក់ក្រោម​ហ្នឹង សុទ្ធតែជា​ការដាក់​ភស្តុតាង​ដាក់​ទម្ងន់​បន្ថែម ដាក់​បន្ទុក​បន្ថែម​ទៅលើ​ប្រជាពលរដ្ឋ អ៊ីចឹង​គួរតែ​តុលាការ​មានការ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​ឲ្យ​មាន​តម្លាភាព​សម្រាប់​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ផង​ហា៎​បាទ»។

ពលរដ្ឋ​រងគ្រោះ​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ទំនាស់​ថា កាល​ល្ងាច​ថ្ងៃទី​០១ តុលា ឆ្នាំ​២០២២ ថា ដំបូង​ឡើយ​ពលរដ្ឋ​នៅ​បឹង​តាមោក បាន​ទៅ​សាលាខណ្ឌ ស្នើ​ជួសជុលផ្ទះ​សម្បែង​របស់​ពួកគាត់​។ ពេល​ត្រឡប់​មក​វិញ សាលាខណ្ឌ​បាន​ឲ្យ​ជា​អង្ករ ទឹកត្រី និង​សម្ភារៈ​មួយចំនួន​មកជា​មួយ​។ ពេលដែល​ពលរដ្ឋ​នាំគ្នា​ធ្វើការ​ជួសជុល​ទ្វា​ផ្ទះ​ពួកគេ ស្រាប់តែ​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​ធ្វើ​ទេ។ បន្ទាប់​មក ខាង​អាជ្ញាធរ​ក៏បាន​កាត់​ខ្សែ​ចង​ទ្វារ​បណ្ដាល​ឲ្យ​ធ្លាក់​ទ្វារ​ចុះមក​ក្រោម​នាំ​ឲ្យ​បាក់​ទ្វារ​ផ្ទះ​នោះ​ទៅ ។ ភ្លាមនោះ​ពលរដ្ឋ​ក៏​ខឹងសម្បារ ហើយ​នាំគ្នា​យក​អំណោយ​ទាំងនោះ​ដុតចោល​តែម្ដង​ទៅ ។ ពេល​ឃើញ​ពលរដ្ឋ​ដុត​អំណោយ​ចោល​បែប​នោះ អាជ្ញាធរ​បាន​ស្ទុះ​មក​ទាត់​ភ្នក់ភ្លើង​នោះ​ទៅលើ​ពលរដ្ឋ ហើយ​ទំនាស់​កើតឡើង​នៅ​ពេលនោះ​មក៕

No comments: