Khmer Circle: Well, this is what one can do when one has sold his soul to Hanoi and Beijing...
^^^
2023.02.13
ការបញ្ជាយ៉ាងតក់ក្រហល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) នៅរយៈពេលមិនដល់ជាង ៥ខែ មុនការបោះឆ្នោតជាតិអាណត្តិទី៧នេះ រងនូវការថ្កោលទោស និងរិះគន់ជុំទិសពីសហគមន៍ជាតិ និងអន្តរជាតិ លើកលែងតែក្រុមប្រទេសនិយមលទ្ធិកុម្មុយនិស្ត និងរបបផ្ដាច់ការ។
តើក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ បញ្ចេញប្រតិកម្មយ៉ាងណាខ្លះជុំវិញចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ?
ប្រតិកម្ម និងការថ្កោលទោសជាអន្តរជាតិ ធ្លាក់មកជាបន្តបន្ទាប់ភ្លាមៗក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើចំណាត់ការកណ្តាប់ដៃដែកកម្ទេចប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាដែលនៅសេសសល់ចុងក្រោយ ដែលលោកអះអាងថា ដើម្បីការពារកិត្តិយសឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ថា ចំណាត់ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី គឺជាការបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នឹងមិនសេរី ឬយុត្តិធម៌ឡើយ។ លោកហៅហេតុផលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកប្រើជាសំអាងដើម្បីឈានទៅបិទ វីអូឌី ថា ជាហេតុផលដ៏«ឆ្កួតលីលាបំផុត»។ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះបន្តថា ចេតនាពិតប្រាកដរបស់រដ្ឋាភិបាលកម្ពុជា គឺគាបសង្កត់បន្ថែមទៀតមកលើសេរីភាពសារព័ត៌មាន។ លោក ហ្វីល រ៉ូបឺតសុន សរសេរក្នុងទំព័រទ្វីតធ័រ (Twitter) របស់លោកថា ប្រសិនបើលោក ហ៊ុន សែន ពិតជាគិតគូរខ្លាំងពីគណនេយ្យភាព ឬការទទួលខុសត្រូវមែននោះ នោះលោកគួរបណ្តេញលោក ផៃ ស៊ីផាន ដែលជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ចេញពីមុខតំណែង ហើយលើកលែងការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុវីអូឌី។
លោក ហ្វីល រ៉ូបឺតសុន ជំរុញឱ្យសហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែធ្វើយុទ្ធនាការជាបន្ទាន់មួយតាមរយៈការដាក់សម្ពាធជាសាធារណៈមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ឱ្យងាកមកគោរពសិទ្ធិមនុស្ស និងធានាថា ការផ្តល់ជំនួយ និងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជាធ្វើឡើងដោយផ្អែកលើការគោរពសិទ្ធិមនុស្សជាចម្បង។
ដោយឡែក អង្គការបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) ដែលមានមូលដ្ឋាននៅក្រុងបាងកក (Bangkok) ប្រទេសថៃ (Thailand) បានថ្កោលទោសចំពោះការបិទវិទ្យុវីអូឌី នេះ។ អង្គការប្រចាំតំបន់នេះ ចាត់ទុកទង្វើនេះថាគឺជាការវាយប្រហារដោយ«ឥតលាក់លៀម»មកលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងជាការរំលោភធ្ងន់ធ្ងរចំពោះសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជនកម្ពុជា។ ANFREL ថា ការបិទវិទ្យុ វីអូឌី នេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយបង្កើតបានជាទម្លាប់ដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសនេះ។ អង្គការប្រចាំតំបន់នេះគូសបញ្ជាក់ថា ការណ៍នេះ រឹតតែគួរឱ្យព្រួយបារម្ភថែមទៀតនៅមុនការបោះឆ្នោតជាតិខាងមុខ នៅពេលដែលពលរដ្ឋត្រូវតែមានសិទ្ធិទទួលបានប្រភពព័ត៌មានឯករាជ្យ និងចម្រុះ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ អង្គការនេះអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យកែប្រែសេចក្តីសម្រេចចិត្តរបស់ខ្លួនឡើងវិញជាបន្ទាន់ និងធានាថា រាល់អង្គភាពព័ត៌មានទាំងអស់ត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការដោយសេរី និងដោយគ្មានការភ័យខ្លាចពីការតាមធ្វើទុក្ខបុកម្នេញ។
ដោយឡែកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថា ការបិទវិទ្យុ វីអូឌី គឺជាការប៉ុនប៉ងបិទទ្វារមិនឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចដំណើរការនៅកម្ពុជាបាន។ នាយិការងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ អ្នកនាង ហាណា យ៉ាង (Hana Young) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ថា នេះគឺជាការប៉ុនប៉ងដោយឥតលាក់លៀមក្នុងការបិទទ្វារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា និងជាការព្រមានយ៉ាងជាក់ច្បាស់ទៅលើសំឡេងរិះគន់ដទៃទៀត នៅរយៈពេលប៉ុន្មានខែមុនពេលបោះឆ្នោតជាតិខាងមុខ។ នាយិការងប្រចាំតំបន់នៃអង្គការនេះជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដកចេញវិញជាបន្ទាន់នូវបទបញ្ជាដែលមានលក្ខណៈធ្ងន់ធ្ងរ និងមិនសមាមាត្រយ៉ាងដូច្នេះ។
ក្រៅពីក្រុមអង្គការអន្តរជាតិទាំងនេះ ស្ថានទូតក្រុមប្រទេសលោកខាងលិចក៏បញ្ចេញប្រតិកម្មជាបន្តបន្ទាប់ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបិទវិទ្យុ វីអូឌី នាពេលនេះដែរ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តនេះ។ ស្ថានទូតថា សហរដ្ឋអាមេរិកមានការរំខានចិត្តជាខ្លាំងចំពោះហេតុការណ៍នេះ។ ស្ថានទូតសង្កត់ធ្ងន់ថា សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ចាំបាច់នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឱ្យសាធារណជន និងអ្នកសម្រេចចិត្ត ឱ្យដឹងការពិត ហើយធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ។
រីឯ ស្ថានទូតអូស្ត្រាលីវិញ ស្ថានទូតនេះថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏សកម្ម អូស្ត្រាលីដឹងអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ ជាពិសេសក្នុងការឈានទៅរកការបោះឆ្នោតអាណត្តិថ្មី។ អូស្ត្រាលី ព្រួយបារម្ភអំពីការបិទដំណើរការវិទ្យុ វីអូឌី នេះ។ អូស្ត្រាលី សង្ឃឹមថា វិទ្យុ វីអូឌី នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
ប្រតិកម្មចុងក្រោយ គឺចេញមកពីប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងស្ថានទូតនៃប្រទេសនៅអឺរ៉ុបមួយចំនួនដូចជា ប៊ែលហ្សិក (Belgium) សាធារណរដ្ឋឆេក (Czechia) ដាណាម៉ាក (Denmark) ហ្វាំងឡង់ (Finland) បារាំង (France) អាល្លឺម៉ង់ (Germany) អ៊ីតាលី (Italy) ហូឡង់ (The Netherlands) អេស្បាញ (Spain) ស៊ុយអែត (Sweden) ប៉ូឡូញ (Poland) និងព័រទុយហ្គាល់ (Portugal) ជាដើម។ ក្រុមប្រទេសអឺរ៉ុបទាំងនេះ ព្រួយបារម្ភយ៉ាងខ្លាំងអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុ វីអូឌី មិនឱ្យបន្តប្រតិបត្តិការជាប្រព័ន្ធផ្សព្វផ្សាយដោយឯករាជ្យនៅកម្ពុជា។ ក្រុមប្រទេសអឺរ៉ុបទាំងនេះ គូសបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឱ្យអន់ថយធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងភាពពហុនិយម ដែលមានសារសំខាន់សម្រាប់សង្គមមួយដែលបើកចំហ និងសេរី។ ក្រុមប្រទេសអឺរ៉ុបទាំងនេះថា សិទ្ធិទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យ និងមូលដ្ឋានសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ខណៈសិទ្ធិទាំងនេះមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្រុមប្រទេសអឺរ៉ុបទាំងនេះគូសបញ្ជាក់ថា សិទ្ធិទាំងនេះគួរតែត្រូវបានការពារពេញលេញ។ រីឯ ស្ថានទូតចក្រភពអង់គ្លេសឯណោះវិញ ស្ថានទូតនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ និងការពារសេរីភាពប្រព័ន្ធផ្សព្វផ្សាយ។ ស្ថានទូតនេះថា ចក្រភពអង់គ្លេសជឿជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានដែលឯករាជ្យ និងរឹងមាំ គឺពិតជាចាំបាច់សម្រាប់សង្គមប្រជាធិបតេយ្យ ហើយដើរតួនាទីសំខាន់មួយក្នុងការគាំទ្រដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភណ្ឌ និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបជុំវិញការថ្កោលទោស និងប្រតិកម្មជាអន្តរជាតិទាំងនេះបានទេ គិតត្រឹមយប់ថ្ងៃទី១៣ ខែកុម្ភៈ។ ទោះយ៉ាងណា ជាទម្លាប់ទៅហើយដែលស្ថាប័នរដ្ឋក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ និងញត្តិគាំទ្រដូចទឹកបាក់ទំនប់រៀងរាល់ពេលដែលលោក ហ៊ុន សែន ចេញបញ្ជាឱ្យចាត់វិធានការលើរឿងរ៉ាវអ្វីមួយ រួមទាំងការសម្រេចបិទវិទ្យុ វីអូឌី នេះផង បើទោះជាការសម្រេចចិត្តយ៉ាងដូច្នេះរងនូវការថ្កោលទោសជុំទិសពីសហគមន៍ជាតិ និងអន្តរជាតិក៏ដោយ។ មិនតែប៉ុណ្ណោះ កន្លងទៅ ក្រសួងព័ត៌មានដែលជាស្ថាប័នរដ្ឋ ថែមទាំងធ្លាប់បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន និងការចាប់ខ្លួនលោក ថាច់ សេដ្ឋា ដោយគ្មានការទទួលខុសត្រូវទៀតផង។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ សេចក្ដីសម្រេចចិត្តដកអាជ្ញាប័ណ្ណសារព័ត៌មាន និងបិទវិទ្យុ វីអូឌី នេះ គឺជាអំពើបំពានច្បាប់ជាតិស្ដីពីរបបសារព័ត៌មាន ត្រង់មាត្រា៤ និងមាត្រា១០ របស់កម្ពុជាខ្លួនឯងទៀតផង។
របាយការណ៍របស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលមានមូលដ្ឋាននៅក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) កាលពីឆ្នាំ២០១៨ បានចាត់ទុកប្រព័ន្ធឃោសនាស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ Fresh News ថាជា «រោងចក្រផលិតព័ត៌មានក្លែងក្លាយ» ដ៏ធំជាងគេបង្អស់មួយនៅកម្ពុជា។
កម្ពុជាជាប់លេខ ១៤២ ក្នុងចំណោម ១៨០ប្រទេសនិងដែនដី ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២២ របស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន។ ស្ថាប័នអន្តរជាតិនេះ បានកត់សម្គាល់ថា ដោយសារតែភ័យខ្លាចនឹងលទ្ធភាពដែលថាលោក ហ៊ុន សែន អាចបាត់បង់អំណាចដែលលោកបានកាន់កាប់អស់រយៈពេលជាង ៣០ឆ្នាំមកនោះ លោក ហ៊ុន សែន បានចាត់វិធានការមកលើស្ថាប័នសារព័ត៌មានដោយឥតត្រាប្រណី នៅមុនការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨។ ស្ថាប័ននេះ បន្តថា ស្ថានីយវិទ្យុ និងកាសែតជាច្រើនត្រូវបានបំបិទមាត់ បញ្ឈប់ការផ្សាយ ខណៈអ្នកសារព័ត៌មានទទួលរងនូវការធ្វើទុក្ខបុកម្នេញ។ ការណ៍នេះបណ្តាលឱ្យវិស័យសារព័ត៌មានឯករាជ្យនៅកម្ពុជាត្រូវខ្ទេចខ្ទី៕
No comments:
Post a Comment